ការរស់នៅដោយផ្លាស់ប្រែ៖ ឱបក្រសោបអត្តសញ្ញាណពិតរបស់អ្នកគំរូ

Living Changed: Embracing Identity

ថ្ងៃទី 5 ក្នុងចំណោម 6 ថ្ងៃ

សិទ្ធិអំណាចដែលគ្របពីលើជីវិតយើង

ពេលយើងនៅវ័យកុមារ ឪពុកម្ដាយរបស់យើងមានសិទ្ធិ ឬអំណាចក្នុងការសម្រេចចិត្តសម្រាប់យើង។ សូម្បីតែក្នុងខណៈពេលដែលយើងធំលូតលាស់ឡើង ហើយក្លាយទៅជាម្នាក់ដែលឯករាជ្យ អាចសម្រេចធ្វើអ្វីមួយបានដោយខ្លួនឯង ក៏យើងនៅតែត្រូវគោរពតាមច្បាប់វិន័យ និងបទបញ្ជានានាដដែល។ មានការរំពឹងដែលយើងត្រូវធ្វើ នៅទីកន្លែងការងារ ក្នុងទំនាក់ទំនង និងនៅក្នុងវប្បធម៌សង្គមរបស់យើង។ ស្ដាប់ទៅគឺមានកិច្ចការច្រើនដែលតម្រូវឱ្យយើងត្រូវរៀនដាក់លំនឹងទៅលើវា ប៉ុន្តែនៅចុងបញ្ចប់នៃអ្វីៗអស់ទាំងនោះ យើងនៅតែមានជម្រើសក្នុងការសម្រេចចិត្ត ថាតើមតិយោបល់ណាមួយ ដែលមានសិទ្ធិអំណាចនៅលើជីវិតរបស់យើង។

នៅពេលខ្ញុំនៅក្មេង ខ្ញុំចងចាំពីអ្វីដែលប៉ារបស់ខ្ញុំគាត់ធ្លាប់និយាយ។ គាត់ថាខ្ញុំនេះមាន "ឆ្អឹងធំៗ"។ គាត់និយាយមកមិនមែនចង់មានន័យធ្វើឱ្យខ្ញុំឈឺចាប់នោះទេ ហើយខ្ញុំក៏ដឹងថាគាត់ស្រឡាញ់រូបខ្ញុំ ជាកូនសំណព្វចិត្តដែរ។ តែទោះជាយ៉ាងនេះក្ដី ពាក្យប៉ុន្មានម៉ាត់នោះ វាដូចជាចាក់ដោតបន្តិចចំពោះខ្ញុំ។ ខ្ញុំក៏បានយកពាក្យនោះមកដាក់នៅក្នុងចិត្ត ហើយអនុញ្ញាតឱ្យមតិនេះលាន់ឮនៅក្នុងចិត្តគំនិតរបស់ខ្ញុំអស់ជាច្រើនឆ្នាំ។ វារស់នៅជាមួយខ្ញុំ ដោយបានរំឭកខ្ញុំជារឿយៗ ថារូបខ្ញុំនឹងមិនអាចមានរាងតូចច្រឡឹង ហើយរូបខ្ញុំធ្វើអ្វីក៏ដោយ ក៏មិនល្មមគ្រប់គ្រាន់ដែរ។

ប្រហែលរូបអ្នក ដូចជាខ្ញុំ ធ្លាប់រងការឈឺចាប់ដោយសារតែពាក្យសម្ដី ដែលសាច់ញាតិ ឬក្រុមគ្រួសារជិតស្និទ្ធបានថ្លែងដោយមិនបានប្រុងប្រយ័ត្ន។ ប្រហែលជាម៉ាក់របស់អ្នកធ្លាប់និយាយទៅកាន់អ្នក ថាអ្នកពិបាកដល់ក ឬប្អូន/បងស្រីរបស់អ្នក មិនដែលចង់ឱ្យអ្នកនៅក្បែរគាត់។ ប្រហែលជាអ្នកតែងតែពឹងផ្អែកទៅលើពាក្យបញ្ជោរ និងពាក្យពិរោះរបស់ចៅហ្វាយ ដើម្បីឱ្យអ្នកអាចមានអារម្មណ៍ថាអ្នកធ្វើការបានល្អ។ ប្រហែលជាអ្នកអនុញ្ញាតឱ្យបណ្ដាញសង្គមប្រាប់អ្នក ថាអ្នកហួសហេតុពេក ឬនៅមិនទាន់គ្រប់គ្រាន់។ តើមាននរណាខ្លះ ដែលអ្នកបានអនុញ្ញាតឱ្យគេមានសិទ្ធិអំណាចកំណត់ថាអ្នកជានរណា និងថាអ្នកគួរតែធ្វើខ្លួនឱ្យដូចជានរណា? ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះអង្គគួរតែជាម្ចាស់នៃសិទ្ធិអំណាចតែមួយ ហើយលើសគេ នៅក្នុងជីវិតរបស់អ្នក។

នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ យើងអានអំពីជំនួបមួយ ដែលព្រះយេស៊ូវបានមានជាមួយនឹងមារសាតាំង។ មារសាតាំងព្យាយាមល្បងលព្រះយេស៊ូវ ដោយទាស់ប្រឆាំងនឹងអត្តសញ្ញាណរបស់ព្រះអង្គ។ «ប្រសិនបើអ្នកជាបុត្រានៃព្រះ» វាបានលើកឡើង។ ហើយខ្ញុំស្រឡាញ់ការឆ្លើយតបរបស់ព្រះយេស៊ូវ! ព្រះអង្គមិនទាស់ទាល់ ឬព្យាយាមជជែកវែកញែកនឹងអារក្សទេ។ ព្រះអង្គ ជ្រាប ថាទ្រង់គឺជានរណា៖ ព្រះអង្គគឺជាបុត្រានៃព្រះ ទ្រង់ជាម្ចាស់ស្នងរាជ្យ មានមរតកចំពោះបល្ល័ង្ក ទ្រង់គឺជាស្ដេចលើសអស់ទាំងស្ដេច និងជាព្រះអម្ចាស់លើសអស់ទាំងព្រះអម្ចាស់! ចូរសម្គាល់មើលពីរបៀបដែលអារក្សចោទសួរពីអត្តសញ្ញាណរបស់ព្រះយេស៊ូវ គឺវាវាយប្រហារដល់ទៅពីរដង មុននឹងវាបោះបង់ចោលយុទ្ធសាស្ត្រនេះ។ នេះក៏ដោយសារតែមារសាតាំងមិនមានភាពច្នៃប្រឌិត។ វានៅតែបន្តប្រឆាំងទាស់យើងដោយប្រើយុទ្ធសាស្រ្តប្រហារដដែលៗនេះ ក្នុងការចោទមានពេញដោយសេចក្ដីកុហក ក្នុងខណៈពេលវាព្យាយាមស្វែងរកមើលចំណុចខ្សោយក្នុងគ្រឿងសស្រ្តាវុធរបស់យើង។ ហេតុដូច្នេះហើយបានជាយើងត្រូវតែប្រុងចាំយាម ហើយដូចជាអង្គព្រះយេស៊ូវ យើងត្រូវតែវាយបកទៅវិញ ជាមួយនឹងអាវុធដ៏អស្ចារ្យបំផុតរបស់យើង។

អត្ថបទព្រះគម្ពីរត្រូវបានបរិយាយថាជាដាវនៃព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលយើងប្រើប្រាស់ព្រះបន្ទូល នោះព្រះបន្ទូលនឹងកាត់ផ្ដាច់រាល់សេចក្ដីកុហក ដែលហោះពួយសំដៅមកលើរូបយើង។ នៅគ្រាទាំងនោះ យើងកំពុងតែឱ្យព្រះជាម្ចាស់នូវសិទ្ធិអំណាចទៅលើអត្តសញ្ញាណរបស់យើង ទាំងបណ្ដាច់រាល់គ្រោងការណ៍អាក្រក់របស់មារកំណាច ឱ្យក្លាយទៅជាគ្មានអំណាចអ្វីទាំងអស់លើយើង។ យើងរាល់គ្នាមិនត្រូវដាក់អត្តសញ្ញាណរបស់យើងទៅក្នុង អាជីព រឿងអតីត ស្ថានភាពថាបានរៀបការឬមិនទាន់ ថាមានកូនឬមិនទាន់ ឬលើអ្វីដែលមនុស្សនិយាយអំពីយើង ឬសូម្បីតែអ្វីៗដែលយើងបានបម្រើនៅក្នុងក្រុមជំនុំ នោះឡើយ។ ចម្លើយនៃអត្តសញ្ញាណរបស់យើងមិនបានមកពីសហគមន៍ ក្រុមអ្នករិះគន់ ឬវប្បធម៌សង្គមរបស់យើងទេ។ មានតែព្រះជាម្ចាស់តែមួយប៉ុណ្ណោះ ដែលអាចមានសិទ្ធិអំណាចនៅលើអ្វីៗដែលយើងជឿចំពោះខ្លួនយើងផ្ទាល់។ អត្តសញ្ញាណពិតប្រាកដរបស់យើងគឺស្ថិតនៅក្នុងព្រះអង្គតែមួយ។ 

ជំហានសកម្មភាព៖

ចូរទទួលយកនូវតម្រុយយុទ្ធសាស្រ្តទាំងឡាយពីព្រះយេស៊ូវ។ ចូរអនុញ្ញាតឱ្យការឆ្លើយតបរបស់ព្រះអង្គចំពោះការវាយប្រហាររបស់មារសាតាំង ក្លាយទៅជាគម្រោងផែនការតបតសម្រាប់សង្រ្គាមរបស់អ្នក។ ចូរកុំអនុញ្ញាតឱ្យមារសត្រូវរបស់អ្នកមានទីតាំងសម្រាប់ជាបន្ទាយ ដោយអ្នកអនុញ្ញាតឱ្យវានាំអ្នកសង្ស័យចំពោះខ្លួនឯង និងភាពដែលព្រះបានបង្កើតរូបអ្នកមក។ ចូររៀនប្រើប្រាស់ដាវនៃព្រះវិញ្ញាណ ដើម្បីទាស់ប្រឆាំងនឹងសេចក្ដីកុហករបស់មារកំណាច ក្ដីរំពឹងដ៏អយុត្តិធម៌នៃពិភពលោក ហើយនិងការនិយាយអាក្រក់ពីខ្លួនឯងរបស់អ្នកដែរ។ អ្នកគឺជាទីស្រឡាញ់។ អ្នកមានតម្លៃសក្ដិសម។ អ្នកជាមនុស្សដ៏គួរឱ្យប៉ងប្រាថ្នា។ ហើយអ្នកគឺជាទីសំណព្វនៃព្រះវរបិតា។ ចូរប្រកាសពីសេចក្ដីពិតទាំងនេះ ម្ដងហើយម្ដងទៀតៗ រហូតដល់សេចក្ដីពិតជួសរាល់ការបោកប្រាស់ទាំងឡាយ ដែលអ្នកបានអនុញ្ញាតឱ្យវាមានទីតាំងនៅក្នុងដួងចិត្តរបស់អ្នក។ អ្នកគឺជាបុត្រីនិងជាទីគាប់ហឫទ័យនៃព្រះជាម្ចាស់។

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Living Changed: Embracing Identity

ដោយសារតែមានសំឡេងជាច្រើនប្រាប់ឱ្យយើង ធ្វើជាមនុស្សបែបនេះ មនុស្សបែបនោះ នោះវាមិនចម្លែកទេ ដែលយើងរងផលលំបាក ដោយមិនដឹងថាត្រូវដាក់អត្តសញ្ញាណរបស់ខ្លួននៅទីណាឱ្យពិតប្រាកដ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យឱ្យយើងកំណត់តម្លៃខ្លួន ដោយផ្អែកទៅលើមុខរបរការងារ ស្ថានភាពជីវិតគ្រួសារ ឬកំហុសរបស់យើងឡើយ។ ព្រះអង្គសព្វព្រះទ័យឱ្យគំនិតយោបល់ទ្រង់ចំពោះយើង បានក្លាយជាសិទ្ធិអំណាចធំជាងគេបង្អស់នៅក្នុងជីវិតរបស់យើងវិញ។ គម្រោងអានរយៈពេល ៦ ថ្ងៃនេះ នឹងជួយដល់អ្នកឱ្យស្វែងយល់យ៉ាងជាក់ក្នុងក្រអៅចិត្ត ទៅលើអ្វីដែលព្រះគម្ពីរមានបន្ទូល ថាអ្នកជានរណា ហើយនិងអាចឱ្យអ្នកឱបក្រសោបនូវអត្តសញ្ញាណពិតរបស់អ្នកនៅក្នុងអង្គព្រះគ្រីស្ទ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ព័ន្ធ​កិច្ចស្ដ្រីដែលផ្លាស់ប្រែ (Changed Women's Ministries) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​https://www.changedokc.com