ការរស់នៅដោយផ្លាស់ប្រែ៖ ឱបក្រសោបអត្តសញ្ញាណពិតរបស់អ្នកគំរូ
តែមឬពាក្យសម្ដីដែលគេថា ហើយយើងយកមករស់នៅតាម
គ្មាននរណាម្នាក់ចង់រស់នៅតាមតែពាក្យសម្ដីមនុស្ស ឬក្រោមតែមអ្នកដទៃឱ្យទេ។ នេះក៏ដោយសារតែតែមអស់ទាំងនោះ វាជារឿងហួសហេតុ រឹតបណ្តឹង និងមិនច្បាស់ជាក់លាក់។ តែមទាំងនោះ មានភ្ជាប់មកជាមួយនឹងការប៉ាន់ស្មាន ដែលអាចជាភាសាដ៏អវិជ្ជមាន ហើយជារឿយៗ វាគូសបង្ហាញពីចំណុចអាក្រក់ ឬពីកំហុសខុសឆ្គងដ៏ធំរបស់យើង។ តែមទាំងនោះ មិនអនុញ្ញាតឱ្យយើងមានទីសម្រាប់លូតលាស់ គ្មានការផ្លាស់ប្រែ ឬទទួលបានការរំដោះទេ។ ក្នុងខណៈថាមានមនុស្ស គេអាចព្យាយាមស្វែងរកតែមមកដាក់ពីលើយើង នោះយើងមានអំណាចជ្រើសរើស ថាមិនទៅរស់ជីវិតរបស់យើង តាមការថារបស់គេទាំងនោះឡើយ។
នៅពេលខ្ញុំមានវ័យប្រមាណជា ២០ ឆ្នាំអី ខ្ញុំធ្លាប់រស់នៅក្រោមតែមមួយ ដែលគេថា រូបខ្ញុំជាមនុស្សអារ៉ាត់អារាយ ឬជាមនុស្សមិនចេះស្មោះ។ ខ្ញុំបានមានអំណួត ដោយព្រោះតែរូបឆោម ហើយស្រឡាញ់រីករាយនឹងភាពដែលមានបុរសៗគេសម្លឹងមើលមករូបខ្ញុំ។ ខ្ញុំបានសម្រេចចិត្តខុសម្ដងហើយម្ដងទៀត ដោយសារតែខ្ញុំមើលមកខ្លួនឯងថាជាមួយមនុស្សមិនមានតម្លៃ ហើយមិនសក្តិសមទទួលបានក្ដីស្រឡាញ់ពិតទេ។ ខ្ញុំធ្លាក់ខ្លួនទៅជាមនុស្សបាក់បែក ដែលជារឿយៗតែងតែគិតថា បើធ្វើខ្លួនឱ្យស្រស់ស្អាត និងស៊ិចស៊ី នោះវាល្មមគ្រប់គ្រាន់ហើយសម្រាប់មួយគ្រាៗ។ ប៉ុន្តែអ្វីដែលខ្ញុំគួរតែធ្វើ នោះគឺទូលសូមព្រះយេស៊ូវឱ្យព្យាបាលរូបខ្ញុំ ហើយធ្វើឱ្យរូបខ្ញុំបានពេញលក្ខណៈទៅវិញទេ។
ខ្ញុំបន្តតយុទ្ធហើយជួបរឿងលំបាក ដោយមិនជឿថាខ្ញុំសក្តិសមទទួលបានក្ដីស្រឡាញ់ពិត ទោះបើខ្ញុំកំពុងដើរតាមព្រះយេស៊ូវក្ដី។ ក្នុងនាមជាម្ដាយថ្មោងថ្មី ខ្ញុំធ្លាប់ព្រួយបារម្ភ ដោយគិតថាខ្ញុំជាមនុស្សគ្មានន័យ ទាំងឡើងគីឡូធាត់ជ្រុល ហើយមិនអាចជួយអ្វីដល់ពិភពលោក (រស់ធ្ងន់តែផែនដី) ដោយហេតុម៉្យាងទៀតដែរ ព្រោះខ្ញុំពុំបានរៀនចប់សកលវិទ្យាល័យ។ នៅចុងសប្ដាហ៍ មានមេរៀននិងព្រះបន្ទូលលើកទឹកចិត្តដល់ខ្ញុំ ប៉ុន្តែខ្ញុំពិបាកយកសេចក្ដីពិតនៃព្រះ យកមកដាក់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្ញុំ។ សម្លឹងមើលទៅក្រោយវិញ ខ្ញុំពិតជាដឹងគុណដល់ព្រះណាស់ ដោយព្រះអង្គពុំបានបោះបង់ខ្ញុំចោល។ ព្រះអង្គបន្តផ្ដល់ឱកាសជាច្រើន ឱ្យខ្ញុំអាចបន្តធ្វើកិច្ចការផ្សេងៗសម្រាប់ព្រះរាជ្យរបស់ព្រះអង្គ សូម្បីតែពេលខ្ញុំមិនគិតថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្ដី។
យើងគ្រប់គ្នាសុទ្ធតែពាក់តែមដែលមនុស្សគេថាឱ្យ ទោះបើយើងមិនគិតពីតែមឬពាក្យសម្ដី គេថាឱ្យយើងទាំងនោះ ឬខ្លួនយើងផ្ទាល់ថាឱ្យខ្លួនឯងក្ដី។ ជារឿយៗ យើងបានអនុញ្ញាតឱ្យតែមអស់ទាំងនោះ ដាក់ព្រំដែនលើយើង ហើយប្រាប់ដល់ខ្លួនយើងថាយើងមិនល្អ មិនគ្រប់គ្រាន់ អសមត្ថភាព ជាដើម។ គ្រាន់តែ។ យើងបន្ថែមពាក្យខ្លីតែខ្លឹមពីរម៉ាត់នេះ នៅពេលយើងបរិយាយអំពីខ្លួនឯង ហើយអនុញ្ញាតឱ្យតែមនិងពាក្យសម្ដីខ្លះ មកបង្ខូចកិត្យានុភាព ឬបង្ខូចតម្លៃរបស់ខ្លួន។ អ្នកប្រហែលជាធ្លាប់ឮមនុស្សជាច្រើន គេនិយាយដូច្នេះចំពោះខ្លួនឯង៖ «ខ្ញុំ គ្រាន់តែ ជាសិស្សវិទ្យាល័យហ្នឹង» ឬ «ខ្ញុំ គ្រាន់តែ ជាមនុស្សម្នាក់ជាក់ក្នុងបញ្ហាញៀនប៉ុណ្ណោះ»។
សេចក្ដីពិតនោះគឺថា អ្នកមិនមែនមានតម្លៃដោយព្រោះ អាយុ ស្ថានភាពមានការងារឬអត់ការងារ រោគវិនិច្ឆ័យ រៀបការហើយឬក៏មិនទាន់ កំពុងតយុទ្ធរឿងអ្វីមួយ ឬដោយព្រោះតែរឿងអតីតរបស់អ្នកឡើយ។ តែមនិងពាក្យសម្ដីអស់ទាំងនោះ អាចជាសេចក្ដីពណ៌នាមួយអំពីស្ថានភាព ពីរដូវកាលនៃជីវិត ឬពីវិបត្តិបញ្ហារបស់អ្នក ប៉ុន្តែអត្តសញ្ញាណពិតរបស់អ្នក គឺស្ថិតនៅក្នុងព្រះបន្ទូលដែលព្រះអង្គបានថ្លែងអំពីអ្នក ហើយគ្មានអ្វីអាចយកមករាប់អ្នកឱ្យត្រូវពិត ក្រៅពីព្រះបន្ទូលនោះឡើយ។
អ្នកគឺជាបុត្រធីតាដ៏ស្រស់សោភា។ ជាស្រ្តីដ៏មានសមត្ថភាព។ ហើយជាមនុស្សដ៏មានតម្លៃ។ អ្នកបានបង្កើតជាថ្មីនៅក្នុងព្រះគ្រីស្ទ។ ព្រះមិនបានប្រទានឱ្យអ្នកនូវវិញ្ញាណនៃក្ដីភ័យខ្លាចទេ ប៉ុន្តែអ្នកបានប្រោសប្រទាននូវព្រះវិញ្ញាណនៃក្ដីស្រឡាញ់ អំណាចចេស្ដា និងគំនិតនឹងធឹងវិញ។ អ្នកគឺលើសពីមនុស្សមានជ័យជម្នះទៅទៀត ដោយព្រោះអ្នកស្ថិតនៅក្នុងព្រះគ្រីស្ទ ដែលជាព្រះប្រទានកម្លាំងដល់អ្នក។ អ្នកត្រូវបានបង្កើតមកតាមគម្រោងផែនការសម្រាប់គោលបំណងមួយច្បាស់លាស់។ អ្នកគឺជាទីគួរឱ្យស្រឡាញ់។ អ្នកជាមនុស្សដែលព្រះជ្រើសរើស។ អ្នកគឺល្មមគ្រប់គ្រាន់។
ជំហានសកម្មភាព៖
ចូរគិតអំពីតែមនិងពាក្យសម្ដីដែលអ្នកបានយកមកពាក់លើខ្លួន ដែលវាជាពាក្យផ្ទុយពីអ្វីព្រះមានបន្ទូលអំពីរូបអ្នក ដែលមិនពិតតាមព្រះបន្ទូលក្នុងព្រះគម្ពីរ។ តើមានផ្នែកណាខ្លះនៃជីវិតរបស់អ្នក ដែលកំពុងនាំឱ្យអ្នកធ្លាក់នៅក្នុងភាពអាម៉ាស់? តើមានអសន្តិភាព (ភាពមិនច្បាស់ពីខ្លួនឯង) ដ៏ធំបំផុតណាមួយនៅក្នុងចិត្តរបស់អ្នក? តើមានរឿងអ្វីពីអតីតរបស់អ្នក ដែលអ្នកកំពុងតែព្យាយាមលាក់បាំង ដោយព្រោះតែអ្នកភ័យខ្លាច ថានឹងមាននរណាម្នាក់គេស្វែងរកឃើញ? ចូរទូលសូមព្រះជាម្ចាស់ឱ្យបង្ហាញពីតែមនិងពាក្យសម្ដីទាំងនោះ ដែលកំពុងដាក់ទម្ងន់និងសម្ពាធទៅលើរូបអ្នក ហើយចូរសូមជំនួយពីព្រះអង្គ ដើម្បីឱ្យអ្នកអាចតម្រឹមអត្តសញ្ញាណរបស់អ្នកឱ្យស្របទៅនឹងសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះអង្គវិញ។
អំពីគម្រោងអាននេះ
ដោយសារតែមានសំឡេងជាច្រើនប្រាប់ឱ្យយើង ធ្វើជាមនុស្សបែបនេះ មនុស្សបែបនោះ នោះវាមិនចម្លែកទេ ដែលយើងរងផលលំបាក ដោយមិនដឹងថាត្រូវដាក់អត្តសញ្ញាណរបស់ខ្លួននៅទីណាឱ្យពិតប្រាកដ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យឱ្យយើងកំណត់តម្លៃខ្លួន ដោយផ្អែកទៅលើមុខរបរការងារ ស្ថានភាពជីវិតគ្រួសារ ឬកំហុសរបស់យើងឡើយ។ ព្រះអង្គសព្វព្រះទ័យឱ្យគំនិតយោបល់ទ្រង់ចំពោះយើង បានក្លាយជាសិទ្ធិអំណាចធំជាងគេបង្អស់នៅក្នុងជីវិតរបស់យើងវិញ។ គម្រោងអានរយៈពេល ៦ ថ្ងៃនេះ នឹងជួយដល់អ្នកឱ្យស្វែងយល់យ៉ាងជាក់ក្នុងក្រអៅចិត្ត ទៅលើអ្វីដែលព្រះគម្ពីរមានបន្ទូល ថាអ្នកជានរណា ហើយនិងអាចឱ្យអ្នកឱបក្រសោបនូវអត្តសញ្ញាណពិតរបស់អ្នកនៅក្នុងអង្គព្រះគ្រីស្ទ។
More