ការរស់នៅដោយផ្លាស់ប្រែ៖ ឱបក្រសោបអត្តសញ្ញាណពិតរបស់អ្នកគំរូ

Living Changed: Embracing Identity

ថ្ងៃទី 1 ក្នុងចំណោម 6 ថ្ងៃ

ផ្លាស់ប្រែភាសាសន្ទនាក្នុងចិត្តគំនិតរបស់យើង

នៅពេលមាននរណាម្នាក់ស្នើឱ្យអ្នកណែនាំខ្លួន តើមានគំនិតអ្វីខ្លះចេញពីក្នុងចិត្តរបស់អ្នក? 

ភាសាសន្ទនាពីខាងក្នុងចិត្តរបស់ខ្ញុំ មិនតែងតែឆ្លុះបញ្ចាំងពីរូបស្ត្រី ដែលព្រះជាម្ចាស់សព្វព្រះទ័យឱ្យខ្ញុំបានក្លាយទៅជា នោះទេ។ បើគ្មានជំនួយពីព្រះអង្គដើម្បីបំផ្លាស់ប្រែភាសាសន្ទនានៅខាងក្នុង នោះចម្លើយរបស់ខ្ញុំគឺងាយណាស់នឹងថា៖ «ខ្ញុំគឺជាម្ដាយម្នាក់មានវ័យ ៤៥ ឆ្នាំ មានកូន ២ នាក់។ ខ្ញុំលែងនៅវ័យក្មេងដូចមុនទៀតហើយ ហើយក៏មានសក់ស្កូវច្រើនគួរសម ព្រមទាំងមានស្បែកជ្រាវជ្រួញតាំងជាភស្ដុតាងទៀត។ ខ្ញុំបានរៀបការហើយអស់រយៈពេល ២៥ ឆ្នាំ ហើយទាំងចេះរឿងស្រែកគំហកមិនណយប៉ុន្មានដែរ។ បើយោងតាមគ្រូពេទ្យរបស់ខ្ញុំ ខ្ញុំធាត់ពេក គឺលើសគីឡូរបស់ខ្ញុំហើយ។ ខ្ញុំពិបាកដកដង្ហើម នៅពេលដែលខ្ញុំរត់ ហើយបើឱ្យខ្ញុំរើស នោះខ្ញុំនឹងយកសារជាតិស្ករ និងចំណិតដំឡូងបារាំង ជាជាងទទួលទានបន្លែ។ ខ្ញុំក៏ជាគ្រូគង្វាលនៅឯក្រុមជំនុំរបស់ខ្ញុំ ប៉ុន្តែខ្ញុំពុំមានអារម្មណ៍ស្កប់ចិត្តចំពោះភារកិច្ចនេះ ដោយសារតែខ្ញុំធ្លាប់មានរឿងពីអតីតច្រើន ដែលការទាំងនោះវាពិបាកនាំមកនូវឥទ្ធិពលដល់ព័ន្ធកិច្ច»។ 

ក្នុងខណៈថាការឆ្លើយតបនេះ អាចគ្របដណ្ដប់ពីស្ថានភាពជីវិតក្រោយរៀបការ ទម្ងន់ ភេទ អាយុ មុខរបរការងារ និងរឿងកុហកមួយចំនួនដែលលោកិយធ្លាប់ប្រាប់មកខ្ញុំ នោះវាពុំបានពិពណ៌នាពីភាពពិតប្រាកដ ថារូបខ្ញុំជានរណាទេ។ ទោះថាអ្វីៗមួយចំនួនទាំងនោះ វាពិតជាត្រឹមត្រូវអំពីរូបខ្ញុំ តែវាមិនមែនជារឿងសំខាន់ទេ។ វាគ្រាន់តែជាស្ថានភាព ហើយវាមិនបានប្រាប់អំពីអត្តសញ្ញាណរបស់ខ្ញុំឡើយ។ 

សេចក្ដីពិតដែលសំខាន់និងចម្បង នោះគឺថា ខ្ញុំគឺជាបុត្រធីតារបស់ព្រះជាម្ចាស់។ ខ្ញុំបានបង្កើតមកតាមគម្រោងផែនការនិងសម្រាប់គោលបំណងជាក់លាក់មួយ។ ខ្ញុំគឺជាស្នាព្រះហស្ដដ៏ស្រស់សោភាមួយ ដែលព្រះអាទិករនៃសកលលោក បានសូន ឆ្នៃ និងត្បាញចេញមក។ ខ្ញុំដឹងពីការនេះឥឡូវ ប៉ុន្តែការឆ្លាស់ពីការឆ្លើយតបដំបូង មកកាន់ការឆ្លើយតបបន្ទាប់នេះ នោះមិនបានកើតឡើងតែមួយភ្លែតនោះឡើយ។ 

នៅពេលខ្ញុំទទួលបានអារម្មណ៍ជាលើកដំបូងឱ្យចូលមកក្នុងព័ន្ធកិច្ចស្រ្តី នោះខ្ញុំពុំមានអារម្មណ៍ណាលើសពីថាយើងជាមនុស្សគួរឱ្យស្រឡាញ់ តែប៉ុណ្ណឹង។ ពេលខ្ញុំកំពុងឈរនៅលើឆាក ហើយប្រាប់ដល់ស្រ្តីៗ ថាពួកគេគឺជាស្រ្តីដ៏ស្រស់សោភា ដែលជាស្នាព្រះហស្ដព្រះបង្កើតមកក្នុងរូបអង្គទ្រង់ នោះវាពិតជាពិបាកមែនសម្រាប់រូបខ្ញុំ ដោយហេតុថា ខ្ញុំមិនបានទទួលអារម្មណ៍ថាការនេះ ជាសេចក្ដីពិតសម្រាប់រូបខ្ញុំ នៅឡើយ។ ខ្ញុំបានទូលសូមព្រះឱ្យរូបខ្ញុំសម្លឹងមើលឃើញពីខ្លួនឯង ដូចជាអ្វីដែលព្រះអង្គទតឃើញ នៅពេលព្រះអង្គសម្លឹងមើលមកកាន់រូបខ្ញុំ។ ហើយនៅពេលខ្ញុំដាក់ទំនុកចិត្តរបស់ខ្ញុំនៅក្នុងសមត្ថភាពរបស់ព្រះអង្គ នោះខ្ញុំក៏អាចផ្លាស់ប្រែនូវទស្សនៈរបស់ខ្ញុំដែរ។ 

អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីខ្ញុំបានហាត់រៀនចុះចូល និងរៀនទុកចិត្ត នោះខ្ញុំអាចសម្លឹងមើលមកខ្លួនឯង ថារូបខ្ញុំពិតជាស្រស់សោភាមែន។ ហើយភាពស្រស់ស្អាតនេះ វាមិនពឹងផ្អែកទៅលើអ្វីដែលខ្ញុំមើលឃើញនៅក្នុងកញ្ចក់ដែរ។ ភាពស្រស់សោភានេះ គឺជាភាពសុខសាន្ដដែលចេញមកពីខាងក្នុង ហើយនិងដឹងថាព្រះទទួលយករូបខ្ញុំ ហើយព្រះអង្គពិតជាព្រះ ដែលមិនបង្កើតខ្ញុំមក ដោយរឿងចៃដន្យ ឬចេញមកពីកំហុសទេ។ វាជាសេចក្ដីពិតគ្រប់គ្រាន់ដែលថាព្រះអង្គបានបង្កើតរូបខ្ញុំមក ហើយព្រះអង្គហៅខ្ញុំថា ជាកូន និងជាស្រ្តីដ៏ស្រស់ស្អាត។

ការឱបក្រសោបចំពោះអ្វីដែលព្រះមានបន្ទូលអំពីរូបយើង នឹងផ្ដល់ឱ្យយើងកាន់តែមានទំនុកចិត្ត។ ដោយដឹងថាព្រះអង្គទ្រង់ល្អ ហើយជឿថាយើងបានបង្កើតមកយ៉ាងជាក់ ទៅតាមអ្វីដែលព្រះអង្គគ្រោងទុក នោះនឹងនាំឱ្យយើងមានជីវិត និងអាចផ្ដល់ជីវិតដែរ។ នៅពេលយើងជ្រាបដឹងពីទំហំនៃក្ដីស្រឡាញ់ដែលព្រះមានចំពោះរូបយើង ក្នុងនាមជារូបយើងម្នាក់ៗ នោះយើងអាចរៀនស្រឡាញ់ខ្លួនឯងកាន់តែប្រសើរឡើងដូចគ្នា។ ការផ្លាស់ប្រែភាសាសន្ទនាដែលមាននៅខាងក្នុងយើង មិនមែនជារឿងអាចកើតឡើងភ្លាមៗទេ ហើយយើងក៏មិនអាចធ្វើវាបានដោយខ្លួនឯងដែរ។ យើងត្រូវតែទូលសូមជំនួយពីព្រះ។ 

ជំហានសកម្មភាព៖

ប្រសិនបើអ្នកកំពុងតែតយុទ្ធក្នុងការយល់ដឹងអំពីអត្តសញ្ញាណរបស់អ្នក នោះចូរទូលសូមព្រះជាម្ចាស់ឱ្យបង្ហាញដល់អ្នកពីរបៀបដែល ព្រះអង្គ សម្លឹងមើលឃើញពីរូបអ្នក។ ចូរទូលសូមព្រះអង្គឱ្យជួយដល់អ្នកសម្គាល់ឃើញពីសេចក្ដីកុហកនានាដែលអ្នកធ្លាប់ជឿអំពីខ្លួនឯង ហើយចាប់ផ្ដើមយកសេចក្ដីពិតមកដាក់ជំនួសនូវសេចក្ដីកុហកទាំងប៉ុន្មាននោះវិញ។ ព្រះអង្គនឹងមកជួយអ្នក និងនៅក្បែរអ្នក តាមតែអ្នកត្រូវការ មិនថាគ្រាណា ពេលណានោះទេ គឺម្ដងហើយម្ដងទៀត រហូតដល់អ្នកជឿប្រាកដ ថាអ្នកជាមនុស្សមានតម្លៃ ជាស្រ្តីដ៏ស្រស់ស្អាត ជាស្រ្តីមានសមត្ថភាព និងជាមនុស្សគួរឱ្យជាទីស្រឡាញ់។ មិនថាអ្នកធ្លាប់ដើរតាមព្រះយេស៊ូវអស់រយៈពេលប៉ុន្មានឆ្នាំមកហើយនោះឡើយ ប្រសិនបើការនិយាយទៅកាន់ខ្លួនឯង មិនស្របតាមអ្វីដែលព្រះមានបន្ទូលអំពីរូបអ្នកនោះទេ នោះអ្នកពិតជាត្រូវការឱ្យព្រះធ្វើការនៅក្នុងជីវិតរបស់អ្នកហើយ។ ចូរប្រឹងឡើង ហើយទូលសូមព្រះឱ្យជួយដល់អ្នក ឱ្យអ្នកអាចឱបក្រសោបនូវអត្តសញ្ញាណរបស់អ្នក ដែលមាននៅក្នុងអង្គព្រះគ្រីស្ទ។ 

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Living Changed: Embracing Identity

ដោយសារតែមានសំឡេងជាច្រើនប្រាប់ឱ្យយើង ធ្វើជាមនុស្សបែបនេះ មនុស្សបែបនោះ នោះវាមិនចម្លែកទេ ដែលយើងរងផលលំបាក ដោយមិនដឹងថាត្រូវដាក់អត្តសញ្ញាណរបស់ខ្លួននៅទីណាឱ្យពិតប្រាកដ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យឱ្យយើងកំណត់តម្លៃខ្លួន ដោយផ្អែកទៅលើមុខរបរការងារ ស្ថានភាពជីវិតគ្រួសារ ឬកំហុសរបស់យើងឡើយ។ ព្រះអង្គសព្វព្រះទ័យឱ្យគំនិតយោបល់ទ្រង់ចំពោះយើង បានក្លាយជាសិទ្ធិអំណាចធំជាងគេបង្អស់នៅក្នុងជីវិតរបស់យើងវិញ។ គម្រោងអានរយៈពេល ៦ ថ្ងៃនេះ នឹងជួយដល់អ្នកឱ្យស្វែងយល់យ៉ាងជាក់ក្នុងក្រអៅចិត្ត ទៅលើអ្វីដែលព្រះគម្ពីរមានបន្ទូល ថាអ្នកជានរណា ហើយនិងអាចឱ្យអ្នកឱបក្រសោបនូវអត្តសញ្ញាណពិតរបស់អ្នកនៅក្នុងអង្គព្រះគ្រីស្ទ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ព័ន្ធ​កិច្ចស្ដ្រីដែលផ្លាស់ប្រែ (Changed Women's Ministries) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​https://www.changedokc.com