ការកាន់ទុក្ខធ្វើឱ្យឈឺចាប់៖ ក្ដីសង្ឃឹមសម្រាប់ថ្ងៃហូលីដេគំរូ

Grief Bites: Hope for the Holidays

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

នៅពេលនរណាបាត់បង់មិត្តភាពដោយសារតែមរណៈភាពចំពោះមនុស្សជាទីស្រឡាញ់ ការលែងលះ ឬវិបត្តិគ្រួសារ នោះរឿងថ្ងៃហូលីដេអាចនាំឱ្យគេបាត់នូវក្ដីសង្ឃឹម អំណរ និងភាពរំភើបរបស់វា។

អ្វីមួយដែលលំបាកនិងនាំឱ្យអ្នកកាន់ទុក្ខឈឺចាប់យ៉ាងខ្លាំងនៅក្នុងអំឡុងពេលនៃគ្រាដ៏សោកសង្រេង នោះគឺជាសំណួរថា៖ «តើឱ្យខ្ញុំអាចអបអរសប្បាយក្នុងថ្ងៃហូលីដេយ៉ាងដូចម្ដេច ដោយខ្ញុំនៅចងចាំនិងកាន់ទុក្ខ មនុស្សដែលជាទីគោរពនិងជាទីស្រឡាញ់របស់ខ្ញុំ ដែលឥឡូវនេះ គាត់មិនមានវត្តមាននៅក្បែរខ្ញុំផងហ្នឹង?»។

សំណួរដ៏ចុកចាប់មួយទៀត ដែលអ្នកកំពុងរងការបាត់បង់នៃមនុស្សជាទីស្រឡាញ់ដោយសារមរណៈភាព ការលែងលះ ឬវិបត្តិគ្រួសារ នោះអាចជាសំណួរថា៖ «តើឱ្យខ្ញុំអាចទ្រាំឆ្លងថ្ងៃហូលីដេបានយ៉ាងណា ប្រសិនបើខ្ញុំនៅមានអារម្មណ៍សោកសៅយ៉ាងនេះ? ហើយតើឱ្យខ្ញុំអាចស៊ូទ្រាំឆ្លងថ្ងៃហូលីដេបានយ៉ាងដូចម្ដេចទៅ ប្រសិនបើនឹកមនុស្សជាទីស្រឡាញ់របស់ខ្ញុំសឹងអីនោះ?»។

ថ្ងៃហូលីដេអាចជារឿងឈឺផ្សាណាស់ សម្រាប់អស់អ្នកដែលកំពុងកាន់ទុក្ខដោយសារការបាត់បង់មនុស្សជាទីស្រឡាញ់ ព្រោះរឿងមរណៈភាព ការលែងលះ ឬវិបត្តិគ្រួសារ ឬការឃ្លាតចេញទៅឆ្ងាយរបស់គាត់នោះ។

អ្នកកាន់ទុក្ខនឹកមនុស្សជាទីស្រឡាញ់របស់គាត់ខ្លាំងណាស់ ហើយថ្ងៃហូលីដេទាំងឡាយ វានាំមកនូវការចងចាំជាច្រើន។ ប៉ុន្តែអនុស្សាវរីយ៍ពីអតីតកាលដ៏រីករាយទាំងនោះ អាចនាំមកនូវការឈឺចុកចាប់យ៉ាងខ្លាំងដែរ។
ទំនៀមទម្លាប់ដែលគេធ្លាប់ប្រកាន់រួមគ្នា ឥឡូវបែរជារឿងរំឭកទាំងឈឺចាប់ ដោយសារតែមនុស្សជាទីស្រឡាញ់របស់គាត់ មិននៅក្បែររូបគាត់តទៅទៀត ឬលែងហ៊ានចង់ធ្វើរួមជាមួយរូបគាត់តទៅទៀត។

ខ្ញុំបានរកឃើញថារូបខ្ញុំអាចដើរឆ្លងកាត់ថ្ងៃដ៏លំបាកនិងថ្ងៃនាំឱ្យឈឺចាប់អស់ទាំងនោះបាន ក៏ដោយសារតែព្រះគុណនៃព្រះ... ដែលព្រះអង្គបានផ្ដល់ក្ដីស្រឡាញ់ ជំនួយ និងការលើកទឹកចិត្តជាប្រចាំមកដល់ខ្ញុំ។
ចូរទូលសូមដល់ព្រះឥឡូវនេះ ដើម្បីសូមព្រះអង្គបានកម្សាន្តចិត្តនិងព្យាបាលដួងចិត្តរបស់អ្នក។ ហើយចូរទូលសូមព្រះអង្គ ដើម្បីចាក់បង្ហូរនូវការលើកទឹកចិត្តដល់អ្នក ក្នុងខណៈពេលដែលរូបអ្នកកំពុងធ្វើដំណើរឆ្លងកាត់រដូវកាលនៃថ្ងៃហូលីដេ... ពីមួយជំហានម្ដងទៅមួយជំហានម្ដង... ពីមួយថ្ងៃទៅមួយថ្ងៃ... ពីមួយគ្រាទៅមួយគ្រា... ពីមួយព្រឹត្តិការណ៍ទៅមួយព្រឹត្តិការណ៍។ ព្រះអង្គគង់នៅក្បែររូបអ្នក ហើយព្រះអង្គនឹងបីរូបអ្នកឱ្យឆ្លងផុត។

ដូច្នេះ តើអ្នកកាន់ទុក្ខគួរធ្វើយ៉ាងម៉េចវិញជាមួយនឹងទម្លាប់ដែលគេធ្លាប់កាន់នោះ?

ប្រសិនបើអ្នកមានអារម្មណ៍ថាចង់បន្តកាន់ទម្លាប់ដែលខ្លួនធ្លាប់ធ្វើជាប្រចាំថ្ងៃហូលីដេ នោះចូរកុំខ្វល់ឡើយ ចូរធ្វើវាទៅ... ហើយពេលអ្នកប្រកាន់ធ្វើវា នោះចូរអ្នកកុំមានអារម្មណ៍ថាខ្លួនធ្វើខុស ជាប់ទោស ដោយសារតែអ្នកធ្វើវាទៅ វានាំឱ្យអ្នកមានអំណរសប្បាយនោះអី។ មនុស្សជាទីស្រឡាញ់របស់អ្នក គាត់ចូលចិត្ត ហើយក៏ចង់មើលឃើញថាអ្នកមានពេញដោយអំណរ ដូចពេលដែលគាត់ធ្លាប់ធ្វើឬនៅជាមួយរូបអ្នកនោះដែរ។ ហើយពួកគេក៏នឹងចង់មើលឃើញរូបអ្នកមានពេញដោយអំណរជាថ្មីម្ដងទៀតដែរ គឺសូម្បីតែនៅក្នុងគ្រាដែលអ្នកកំពុងតែឆ្លងកាត់នូវការកាន់ទុក្ខនេះ។

ប្រសិនបើអ្នកមិនមានអារម្មណ៍ធ្វើអ្វីតាមទម្លាប់ដែលអ្នកធ្លាប់កាន់ នោះចូរគោរពដល់ការកាន់ទុក្ខរបស់អ្នក ដោយអនុញ្ញាតឱ្យខ្លួនអ្នកទទួលអារម្មណ៍នៃសេរីភាព ដោយអ្នកអាចបញ្ចេញនិងមានអារម្មណ៍អ្វីតាមតម្រូវការរបស់អ្នក។ សូមចូរកុំមានអារម្មណ៍ថាអ្នកជាប់ទោស ដោយគ្រាន់តែថាអ្នកត្រូវការពេលនៅស្ងប់ស្ងៀម មិនអ៊ូអរ មិនធ្វើអីរំភើបពេកនៅក្នុងរដូវកាលនៃថ្ងៃហូលីដេនោះអី។

ទីប្រឹក្សាទាំងពីរខាងលើ សុទ្ធតែគួរសមសម្រាប់ការឆ្លើយតបចំពោះការកាន់ទុក្ខ។

សូមចូរកុំមានចិត្តបង្ខំថាត្រូវធ្វើ ឬត្រូវមានអារម្មណ៍ណាមួយ ឬអនុញ្ញាតឱ្យសម្ពាធនានា បង្កឱ្យអ្នកធ្វើអ្វីមួយដែលមិនគោរពលើការឈឺចាប់របស់អ្នកក្នុងដំណើរនៃការកាន់ទុក្ខរបស់អ្នកនេះ។

អ្នកកាន់ទុក្ខខ្លះ ប្រហែលជាចង់ធ្វើអ្វីតាមទម្លាប់ដែលគាត់តែងកាន់និងចូលចិត្តធ្វើជាមួយមនុស្សជាទីស្រឡាញ់របស់គាត់ ក្នុងរបៀបដែលគាត់ចង់ចងចាំនិងផ្ដល់ការគោរពទៅដល់ពួកគាត់។ ប៉ុន្តែទង្វើនេះក៏អាចជារឿងដែលអាចនាំឱ្យអ្នកផ្សេងទៀតមានការឈឺចាប់ខ្លាំង ប្រសិនបើធ្វើដូច្នេះ ក្នុងគ្រាដែលគេកំពុងតែកាន់ទុក្ខដែរ។

ចូរនិយាយទៅកាន់មនុស្សជាទីស្រឡាញ់ដទៃផ្សេងទៀត ដែលគាត់កំពុងតែនៅក្បែរអ្នក ហើយចែករំលែកពីដួងចិត្តរបស់អ្នក ដោយពន្យល់ដល់គេពីសុខទុក្ខនិងអារម្មណ៍របស់អ្នក។ ចូរសុំពីក្ដីស្រឡាញ់និងការគាំទ្រពីពួកគាត់ក្នុងអំឡុងពេលរដូវកាលនៃថ្ងៃហូលីដេ។
ចូរហ៊ុំព័ទ្ធខ្លួនអ្នកដោយការគាំទ្រមើលថែពីមនុស្សជាច្រើនចុះ!
ប្រសិនបើមានក្រុមជំនុំនៅក្បែរអ្នក ដែលគេមានក្រុមគាំពារសម្រាប់អស់អ្នកដែលកំពុងកាន់ទុក្ខ ដូចជាក្រុមលើកទឹកចិត្ត ឬក្រុមអ្នកថែទាំអ្នកកាន់ទុក្ខ នោះខ្ញុំសូមលើកទឹកចិត្តអ្នកយ៉ាងអស់ពីចិត្ត ឱ្យរូបអ្នកទៅចូលរួមក្រុមនោះ។

មានពេលវេលាសម្រាប់រាល់គ្រប់ស្ថានភាពទាំងអស់ រួមទាំងការគួរទៅស្វែងរកការលើកទឹកចិត្តនិងការគាំទ្រ។ ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់។ ព្រះអង្គកាន់ខាងអ្នក។ ព្រះអង្គអាចបីរូបអ្នកឱ្យដើរឆ្លងផុតរាល់រដូវកាលនៅក្នុងជីវិតរបស់អ្នក។ ចូរគោរពដល់ព្រះជាម្ចាស់ ហើយគោរពដល់ការកាន់ទុក្ខរបស់អ្នក។
ចូរអនុញ្ញាតឱ្យព្រះជាម្ចាស់ដឹកនាំរូបអ្នក ហើយត្រួសត្រាយនូវការកាន់ទុក្ខនិងការឈឺចាប់របស់អ្នក រួចហើយចូរទូលសូមព្រះអង្គពីរបៀបដែលអ្នកអាចបន្តប្រឈមយ៉ាងល្អបំផុតចំពោះទម្លាប់ដែលអ្នកធ្លាប់កាន់ និងតទល់ចំពោះរដូវកាលថ្មីនៃជីវិតនេះ។

នៅក្នុងរយៈពេលពីរថ្ងៃបន្តបន្ទាប់ខាងមុខ ខ្ញុំនឹងផ្ដល់ជាគំនិតយោបល់ ពីរបៀបដែលអ្នកមិនគ្រាន់តែអាចដើរឆ្លងផុតថ្ងៃហូលីដេ ប៉ុន្តែឱ្យអ្នកដឹងពីរបៀបដែលអ្នកអាចមានភាពសុខសាន្ដ ហើយនិងបង្កើតគ្រាដែលមានន័យមួយចំនួនក្នុងអំឡុងពេលថ្ងៃហូលីដេដែរ។

ចូរអញ្ជើញព្រះជាម្ចាស់ ឥឡូវនេះ ដើម្បីសូមព្រះអង្គធ្វើជាមិត្តដែលអ្នកស្វាគមន៍ និងឱ្យតម្លៃ នៅក្នុងអំឡុងពេលនៃថ្ងៃហូលីដេ ហើយនិងចំពោះថ្ងៃទាំងឡាយ ដែលនឹងមានជាបន្តបន្ទាប់។

សូមអធិស្ឋាន៖
«ឱ ព្រះអម្ចាស់ដែលជាព្រះបិតាពេញដោយព្រះគុណ! ទូលបង្គំសូមអរគុណព្រះអង្គ ដែលទូលបង្គំមិនចាំបាច់ប្រឹងដើរឆ្លងកាត់ថ្ងៃហូលីដេដោយឯកឯងឡើយ។ ទូលបង្គំសូមអរគុណព្រះអង្គចេញអស់អំពីចិត្ត ទាំងដឹងគុណ ដ្បិតព្រះអង្គតែងតែគង់នៅក្បែរទូលបង្គំ ផ្ដល់ក្ដីស្រឡាញ់ ហើយព្រះអង្គមិនដែលគិតចាកចេញឆ្ងាយពីទូលបង្គំ ឬបោះបង់ចោលទូលបង្គំទាល់តែសោះ។ អ័ប្បា! ព្រះវរបិតាអើយ! សូមជួយដល់ទូលបង្គំ ជារៀងរាល់ថ្ងៃ ក្នុងខណៈពេលដែលទូលបង្គំដើរឆ្លង និងរិះរកផ្លូវក្នុងដំណើរកាន់ទុក្ខនិងចេញពីការឈឺចិត្តរបស់ទូលបង្គំផង។ សូមជួយដល់ទូលបង្គំឱ្យចងចាំទាំងស្រឡាញ់ និងគោរពមនុស្សជាទីស្រឡាញ់របស់ទូលបង្គំទាំងប៉ុន្មាន ហើយជួយឱ្យទូលបង្គំលែងរាល់អ្វីដែលទូលបង្គំបានដាក់វាជាប់ជាឈ្លើយនៅក្នុងដួងចិត្ត ហើយនិងជួយឱ្យទូលបង្គំមើលឃើញច្បាស់ពីការល្អ ភាពសប្បុរស និងព្រះពររបស់ព្រះអង្គ តាមរយៈព្យុះដែលទូលបង្គំកំពុងតែដើរឆ្លងកាត់នៅក្នុងជីវិតនេះផង។
ទូលបង្គំស្រឡាញ់ព្រះអង្គ។ ទូលបង្គំសរសើរតម្កើងព្រះនាមដ៏បរិសុទ្ធរបស់ព្រះអង្គ។ ទូលបង្គំទូលសូមក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។»

អត្ថបទស្មឹងស្មាធិ៍ជាមួយនឹងព្រះនេះ បានរក្សាសិទ្ធិឆ្នាំ © 2015 ដោយ លោកស្រី ឃីម ណែល (Kim Niles) ពីព័ន្ធកិច្ច ការកាន់ទុក្ខធ្វើឱ្យឈឺចាប់ (Grief Bites)។ សូមរក្សាសិទ្ធិទាំងឡាយ។ បានប្រើដោយមានការអនុញ្ញាត។
ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Grief Bites: Hope for the Holidays

សម្រាប់មនុស្សជាច្រើន ថ្ងៃហូលីដេ (ថ្ងៃឈប់សម្រាក) ពីការងារ ឬភារកិច្ចនានាៗ នោះគឺជាពេលវេលានៃអំណរដ៏អស្ចារ្យ... ប៉ុន្តែតើនឹងមានរឿងអ្វីកើតឡើងទៅវិញ ប្រសិនបើថ្ងៃទាំងនោះ បាត់បង់នូវភាពរំភើប និងក្លាយទៅជារឿងវិបត្តិដោយសារតែទុក្ខសោក ឬការបាត់បង់មនុស្សជាទីស្រឡាញ់? គម្រោងអានពិសេសមួយនេះ នឹងជួយដល់អស់អ្នកដែលកំពុងតែដើរឆ្លងកាត់ការកាន់ទុក្ខ ដើម្បីឱ្យគាត់អាចស្វែងរកការកំសាន្តចិត្តនិងក្ដីសង្ឃឹមសម្រាប់ពេលវេលានៃថ្ងៃឈប់សម្រាក ហើយអាចចែករំលែកពីរបៀបដែលគាត់អាចបង្កើតរដូវកាលហូលីដេដ៏មានន័យ ទោះបីជាថាគាត់កំពុងតែស្ថិតនៅក្នុងការកាន់ទុក្ខយ៉ាងធ្ងន់ធ្ងរនោះក្ដី។

More

យើងខ្ញុំសូមថ្លែងអំណរគុណទៅដល់ លោកស្រី ឃីម ណែល (Kim Niles) ដែលជាកវីនិពន្ធនៃសៀវភៅ «ការទទួលបានដង្ហើមរបស់អ្នកមកវិញ បន្ទាប់ពីរឿងជីវិតបានបំបាក់រូបអ្នក» (Getting Your Breath Back After Life Knocks It Out of You) សម្រាប់ការផ្ដល់ជាគម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.griefbites.com