ស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ - មករកប្រាជ្ញាគំរូ

Seeking Daily The Heart Of God - Wisdom

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

ប្រាជ្ញាដែលមកពីការបន្ទាបខ្លួន

ប្រាជ្ញាបានវេចខ្ចប់មកជាមួយនឹងការចេះបន្ទាបខ្លួន។ វាគឺជាផ្នែកមួយយ៉ាងចាំបាច់នៃការបន្ទាបខ្លួន។ ការបន្ទាបខ្លួនមានពេញទៅដោយរបស់ដ៏មានតម្លៃ។ ពិតប្រាកដមែនថា ប្រាជ្ញាគឺជាធនធានដែលមនុស្សឱ្យការគោរពយ៉ាងខ្ពង់ខ្ពស់។ ប្រសិនបើអ្នកចង់បានប្រាជ្ញា នោះអ្នកនឹងសម្របខ្លួនជាមួយការបន្ទាបខ្លួននៅក្នុងដួងចិត្តរបស់អ្នក។ ការបន្ទាបខ្លួនដឹកជញ្ជូនប្រាជ្ញាមកឱ្យអ្នក ដូចជាអ្នកបើកឡានដឹកជញ្ជូនអតិថិជនរបស់គេមកអញ្ចឹង។ ប្រាជ្ញាធ្វើដំណើររួមជាមួយការបន្ទាបខ្លួន។ នៅក្នុងរបៀបខ្លះ ប្រាជ្ញាទៅជិះពីក្រោយការបន្ទាបខ្លួនផង។ អ្នកចេះបន្ទាបខ្លួន គាត់យល់ពីតម្រូវការរបស់គាត់សម្រាប់ប្រាជ្ញានៃព្រះ។ ការគិតថាខ្លួនចេះសព្វគ្រប់នោះគឺជាទង្វើបញ្ឆោតចិត្តគំនិត ដោយមិនយល់ពីតម្រូវការពិតដែលខ្លួនមាន។ ការបន្ទាបខ្លួនប្រាប់យ៉ាងជាក់ច្បាស់ពីតម្រូវការដែលយើងត្រូវគិតពីគំនិតរបស់ព្រះគ្រីស្ទ នៅពេលយើងយកវាមកបែងចែកជាមួយនឹងវិជ្ជាជ្រៅជ្រះរបស់មនុស្ស។ ការបន្ទាបខ្លួនគឺជារឿងឆ្លាតវៃ ដែលយើងហ៊ានសារភាពថាមានរឿងអ្វីខ្លះដែលយើងពុំដឹង។ 

មានរឿងរ៉ាវជាច្រើនដែលវាហួសពីសមត្ថភាពនៃការគិតរបស់មនុស្ស ក្នុងកត្តាហេតុផលដែលគេអាចថ្លឹងថ្លែងទៅបាន។ និយាយមែន ប្រាកដជាលើសពីការអាចសញ្ជឹងគិតយល់បានរបស់មនុស្ស។ យើងជាមនុស្សដែលគិតបែបឯកតោសុទ្ធ ដោយមិនអាចពិចារណាឱ្យអស់ទៅលើជម្រើសដ៏ល្អបំផុត ដោយព្រោះយើងមានដែនកំណត់ក្នុងការយល់ដឹង។ យើងត្រូវការប្រាជ្ញារបស់ព្រះ ដើម្បីលាងជម្រះការគិតរបស់យើង ហើយឱ្យកំណកនៃក្ដីសុចរិតរបស់ព្រះស្ថិតស្ថេរនៅក្នុងចិត្តគំនិតនៃយើង។ ការបន្ទាបខ្លួនដាក់ដាំយើងឱ្យនៅទីទទួលបានប្រាជ្ញាមកពីព្រះនិងមនុស្សដទៃផ្សេងទៀត។ វាជាដំណើរអភិវឌ្ឍនៃការរីកចម្រើនលូតលាស់។ សូម្បីតែព្រះយេស៊ូវ ក៏ព្រះអង្គបានចម្រើនឡើងនៅក្នុងព្រះប្រាជ្ញា (លូកា ២៖៥២)។

អំនួតរុញច្រានអ្នកឱ្យចេញពីទីដែលបានដាក់ដាំឱ្យអ្នកទទួលនូវប្រាជ្ញា។ ដូចនៅក្នុងហ្គេមវាយគ្រាប់បាល់ (បេសបល-Baseball) ដែលអ្នកនៅដើមទីដំបូង នៅខណ្ឌខ្សែរត់ខាងឆ្វេងនៃទីលាន។ គាត់នឹងត្រូវរត់ចេញពីទីតាំងរបស់ខ្លួននៅពេលណាដែលអ្នកវាយគ្រាប់បាល់គេវាយប៉ះចំបាល់​។ បើគាត់នៅដើមទីហើយ ពេលគ្រាប់បាល់ត្រូវគេវាយ នោះគាត់ត្រូវចាកចេញភ្លាម។ បើគ្មានការបន្ទាបខ្លួនទេ នោះអ្នកមិនអាចស្ថិតនៅទីចាំទទួលពីព្រះប្រាជ្ញាបានឡើយ។ អ្នកប្រហែលជាមានចិត្តចង់បានប្រាជ្ញាណាស់ ប៉ុន្តែប្រសិនបើគ្មានការបន្ទាបខ្លួន នោះអ្នកមានការខ្វះចន្លោះលើកត្តាចម្បងមួយ ដែលជាលក្ខខណ្ឌណែនាំតម្រូវពីស្ថានសួគ៌។ ព្រះជាម្ចាស់កម្រប្រទានព្រះប្រាជ្ញាញាណរបស់ព្រះអង្គមកឱ្យមនុស្សដែលមានអំនួតណាស់។ នេះក៏ដោយសារតែព្រះអង្គជ្រាបថាមនុស្សបែបដូច្នោះពុំអាចទុកចិត្តបានឡើយ។ មិនគួរណាផ្ដល់ព័ត៌មានដ៏មានតម្លៃទៅឱ្យនរណាម្នាក់ដែលគេនឹងយកការណ៍នោះទៅជាន់ឈ្លី ឬប្រើប្រាស់គ្រាន់តែបានជាប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ព្រះជាម្ចាស់ជ្រាបពីដួងចិត្តអ្នកចេះបន្ទាបខ្លួន ព្រោះគេនឹងបានជាមនុស្សដែលចេះមានទំនួលខុសត្រូវខ្ពស់ចំពោះព្រះប្រាជ្ញា។ ពិតប្រាកដមែន ការបន្ទាបខ្លួនបានដាក់នៅក្នុងដួងចិត្តរបស់អ្នកដែលស្រែកឃ្លានចង់បានប្រាជ្ញា។ ការស្រែកឃ្លាននេះបង្កឱ្យគេកូរពោះព្រោះចង់បានភ្លក់ចំណិតនៃប្រាជ្ញា។ 

នៅពេលណាអ្នកកែតម្រូវនូវរបបចំណីខាងវិញ្ញាណរបស់អ្នក ដើម្បីឱ្យបានសល់កន្លែងសម្រាប់ទទួលទានប្រាជ្ញា នោះអ្នកនឹងមិនវិលត្រឡប់ទៅរកអាហារដូចកាកសំណល់ ដែលជាប្រាជ្ញារបស់លោកិយ៍ទៀតដែរ (១ កូរិនថូស ១៖២០-៣០)។ ប្រាជ្ញារបស់លោកិយ៍ វាមានទីតាំងនៅក្នុងភាពមានអំនួត។ វាគឺជាការប្រឹងប្រែងប្រឡងប្រជែងទៅរកចំណុចកំពូល ដែលរាប់ចាត់ទុក ថានរណាឆ្លាតជាងគេ នរណាគិតបានលឿនជាងគេ នរណាអាចយកប្រៀបនិងឈ្នះលើគូបដិបក្ខរបស់ខ្លួនបាន។ រាល់គ្រប់រឿងទាំងអស់ សុទ្ធសឹងតែជារឿងប្រកួតប្រជែង សម្រាប់អស់អ្នកដែលមានអំនួត។ អ្នកប្រាជ្ញបែបដូច្នោះ គាត់ដាក់ខ្លួនទៅក្នុងទីតាំងដែលប្រឹងប្រែងតែប្រកួត ដោយអំណាចនិងកម្លាំងខ្លួន ទាំងមានភាពឆោតល្ងង់។ ចំពោះអ្នកមានចិត្តបន្ទាបខ្លួនវិញ គាត់មានការអត់ធ្មត់ ទាំងរង់ចាំចំពោះព្រះជាម្ចាស់។ គាត់មានគ្រឹះមាំក្នុងភាពឧស្សាហ៍និងការប្ដេជ្ញាចិត្ត បូករួមផ្សំដោយ ប្រាជ្ញា ដែលបានប្រសូតមកដោយដួងចិត្តបន្ទាបខ្លួននិងទុកចិត្តទៅលើព្រះ។ ភាពអាប់យសគឺជាដៃគូដំណើររបស់អំនួត។ អំនួតប្រហែលជាអាចឱ្យអ្នកបាននូវអ្វីដែលអ្នកចង់បាន ប៉ុន្តែអ្នកបានដោយនៅជាប់ដាននៃភាពអាប់យសនិងភាពអាម៉ាស់ បើអ្នកក្រឡេកមើលទៅតាមកញ្ចក់ក្រោយ។ 

ល្អប្រសើរជាង ប្រសិនបើអ្នកបន្ទាបខ្លួន ហើយដើរតាមមាគ៌ានៃប្រាជ្ញា។ ប្រាជ្ញាអនុញ្ញាតឱ្យអ្នកបានសម្រាកយ៉ាងសុខសាន្ត។ ប្រាជ្ញាប្រទានព្រះគុណ។ ប្រាជ្ញាផ្ដល់នូវលទ្ធផលដែលគ្មានភ្ជាប់មកជាមួយនូវវិប្បដិសារី។ ដូច្នេះ ចូរអញ្ជើញនិងស្វាគមន៍ទាំងបន្ទាបខ្លួន ចំពោះប្រាជ្ញាដ៏ពេញដោយព្រះគុណនៃព្រះវិញ។

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Seeking Daily The Heart Of God - Wisdom

ការស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ គឺជាគម្រោងអានមានរយៈពេល ៥ ថ្ងៃ ដែលមានបំណងចង់លើកទឹកចិត្ត ជំរុញឱ្យយើងប្រឹង និងជួយដល់យើង នៅតាមមាគ៌ានៃការរស់នៅជាប្រចាំថ្ងៃ។ ដូច លោក បូចដ៍ បេលី (Boyd Bailey) បានលើកឡើងថា៖ «ចូរស្វះស្វែងរកព្រះអង្គទោះបីជាអ្នកមិនមានអារម្មណ៍ក្ដី ឬនៅពេលដែលអ្នករវល់ពន់ពេក នោះព្រះអង្គនឹងប្រទានរង្វាន់ចំពោះភាពស្មោះត្រង់របស់អ្នក»។ ព្រះគម្ពីរបានចែងថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​កាន់​តាមសេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ ជា​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ដោយ​អស់​ពី​ចិត្ត» ទំនុកតម្កើង ១១៩៖២។

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ លោក បូចដ៍ បេលី (Boyd Bailey) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​https://www.wisdomhunters.com/