ស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ - មករកប្រាជ្ញាគំរូ

Seeking Daily The Heart Of God - Wisdom

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

ទៅស្រែករកប្រាជ្ញា

«ត្រង់​ហ្នឹង​ហើយ​ដែល​ត្រូវ​មាន​ប្រាជ្ញា​រិះគិត!» (វីវរណៈ ១៣៖១៨)។ ជារឿយៗ យើងត្រូវការប្រាជ្ញា ច្រើនជាងការយល់ឃើញរបស់យើងទៅទៀត។ ប្រាជ្ញាអាកាត់រឿងផ្លូវអារម្មណ៍ និងយល់ដឹងពីការពិតនៃស្ថានភាព។ «តាមគំនិតប្រាជ្ញា តើយើងគួរធ្វើយ៉ាងដូចម្ដេច?» នោះជាសំណួរដ៏មានប្រសិទ្ធភាព នៅក្នុងការធ្វើការសម្រេចចិត្ត។ «តើការចាប់ផ្ដើមធ្វើអ្វីមួយដ៏ល្អបំផុត នោះគឺជាអ្វី?» គឺជាសំណួរដ៏មានប្រាជ្ញា នៅពេលនរណាសួរ ក្នុងខណៈពេលគេគិតពីការបង្កើតអាជីវកម្មនិងព័ន្ធកិច្ច។ ជាច្រើនដង ព្រះជាម្ចាស់មានបន្ទូលតាមរយៈការមានថវិកា ឬការខ្វះថវិកា។ ដូច្នេះ ប្រសិនបើមិនសូវជាមានថវិកា នោះយើងត្រូវការប្រើប្រាជ្ញាឱ្យមែនទែន ជាមួយនឹងការចាយវាយ។ ប្រាជ្ញាប្រាប់ថា យើងគួរតែកាត់បន្ថយចំណាយ ហើយមិនត្រូវចាយបន្ថែមទៅលើអ្វីណាមួយ ផ្សេងទៀតទេ។ មកដល់ចំណុចនេះ វាមិនមែនគិតលើរឿងខ្វះជំនឿដែរ។ គឺយើងគិតពីការចេះប្រើប្រាស់ និងមានទំនួលខុសត្រូវ ចំពោះអ្វីៗដែលខ្លួនមាន ដើម្បីឱ្យអ្នកទទួលបានការទុកចិត្តបន្ថែមសម្រាប់ឱកាសផ្សេងទៀត។ ការចេះប្រើប្រាស់ដោយមានទំនួលខុសត្រូវខ្ពស់ នោះទាក់ទាញទៅរកអ្នកហ៊ានឱ្យដោយសប្បុរសជាច្រើននាក់ទៀត។ 

អ្នកមានប្រាជ្ញាមិនមែនជាមនុស្សគ្មានការអត់ធ្មត់ ឬអន្ទះអន្ទែងឡើយ។ នៅក្នុងប្រាជ្ញា គេដកខ្លួនថយក្រោយមួយជំហាន ដើម្បីវាយតម្លៃឱ្យបានល្អិតល្អន់ ទៅលើស្ថានភាពណាមួយ មុននឹងគេចេញទៅប្រយុទ្ធ។ ដូច្នេះ តើអ្នកមានទៅរកប្រាជ្ញាជាញឹកញាប់ដែរឬទេ? ចំណេះដឹងបូកនឹងបទពិសោធន៍ រួមជាមួយនឹងការចេះដឹងក្ដី និងការចេះថ្លឹងថ្លែង នោះគឺជាគ្រឿងផ្សំដ៏ល្អប្រពៃសម្រាប់ការមានប្រាជ្ញា។ ប្រាជ្ញាគឺជាការស្វះស្វែងឱ្យយល់ពីទស្សនៈនៃព្រះទៅលើរឿងរ៉ាវទាំងឡាយ។ ហេតុដូច្នេះហើយ ប្រាជ្ញាដែលបានស្វែងរកឃើញនៅក្នុងព្រះបន្ទូលនៃព្រះ នោះគឺជាផលត្រូវចំពេលវេលា សម្រាប់ការរស់នៅរបស់យើង។ 

ប្រាជ្ញាគឺជាកំណប់មហាសាល ដែលកំពុងទន្ទឹងរង់ចាំព្រានព្រៃដ៏ឆ្លាតវាងវៃណាម្នាក់ មករុករកវាឱ្យឃើញ។ ហេតុដូច្នេះហើយ ចូរកុំគ្រាន់តែ អធិស្ឋាន អាន និងសញ្ជឹងគិតទៅលើព្រះគម្ពីរ ប៉ុន្តែចូរស្វះស្វែងរកអ្វីដែលប្រកបដោយប្រាជ្ញា (ម៉ាថាយ ១២៖៤២)។  ចូរសម្លឹងរកមើលមនុស្សណាដែលមានសក់ស្កូវ មនុស្សណាដែលបង្ហាញចេញមក ប្រកបដោយអាកប្បកិរិយាមានប្រាជ្ញា។ អ្នកមានប្រាជ្ញានឹងជួយឱ្យអ្នកអាចបញ្ជាក់ពីមតិយោបល់ឆ្លាតវៃដែលអ្នកចាប់ផ្ដើមកើតមាន ក្រោយពីការសិក្សាអត្ថបទព្រះគម្ពីររបស់អ្នក។ ចូរអានសៀវភៅនិងស្ដាប់សាររបស់បុរសនិងស្រ្តីណាដែលមានប្រាជ្ញា។ ប្រសិនបើអ្នកមិនរួមប្រកបជាមួយប្រាជ្ញា យូរៗទៅ អ្នកនឹងភ្លេចភ្លាំងពីវា។ ចូរទទួលយករាល់ឱកាសដែលអ្នកមាន ដើម្បីស្រែករកប្រាជ្ញា។ ចូរឱ្យមានប្រាជ្ញានៅក្នុងទំនាក់ទំនងទាំងឡាយរបស់អ្នក។ ចូរឱ្យមានប្រាជ្ញាជាមួយលុយកាក់និងពេលវេលារបស់អ្នក។ មិនយូរនឹងឆាប់ នោះប្រាជ្ញារបស់អ្នកនឹងទៅទាក់ទាញមនុស្សដទៃផ្សេងទៀត ដែលគេស្រែកឃ្លានចង់បានប្រាជ្ញាដូចគ្នា។ 

ថែមលើសពីនេះ ម្កុដពេជ្រនៃប្រាជ្ញា នោះគឺជាការប្រមូលផ្ដុំនូវការចេះគោរពកោតខ្លាចព្រះជាម្ចាស់។ «ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។ មនុស្ស​ខ្លៅ​តែងតែ​មើល‌ងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀន‌ប្រដៅ។» (សុភាសិត ១៖៧)។ ការគោរពកោតខ្លាចព្រះ ដាំឱ្យអ្នកស្ថិតនៅទីទទួលបាននូវប្រាជ្ញា។ ការគ្មានការគោរពកោតខ្លាចព្រះជាម្ចាស់ នោះមានន័យថា អ្នកខ្វះប្រាជ្ញា។ ហេតុដូច្នេះហើយបានជាពិភពលោករបស់យើងមានពេញទៅដោយមនុស្សល្ងង់ខ្លៅ។ យើងបានបាត់បង់នូវការគោរពកោតខ្លាចព្រះ ហើយប្រាជ្ញាក៏បានរត់គេចចេញពីយើងទៅដែរ។ ការគោរពកោតខ្លាចព្រះ នោះគឺជាទីភ្ញាស់សម្រាប់ប្រាជ្ញា។ ព្រះជាម្ចាស់ប្រោសប្រទាននូវប្រាជ្ញា ទៅដល់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ។ 

ចូរស្រឡាញ់ព្រះ ប៉ុន្តែក៏ត្រូវគោរពកោតខ្លាចព្រះអង្គ។ ចូរថ្វាយបង្គំព្រះ ប៉ុន្តែក៏ត្រូវគោរពកោតខ្លាចព្រះអង្គ។ ចូររៀនពីព្រះ ប៉ុន្តែក៏ត្រូវគោរពកោតខ្លាចព្រះអង្គ។ ចូរបម្រើព្រះ ប៉ុន្តែក៏ត្រូវគោរពកោតខ្លាចព្រះអង្គផងដែរ។ 

ការគោរពកោតខ្លាចព្រះ របស់អ្នក នោះរាប់ចាត់ទុកអ្នក ថាជាមនុស្សសក្តិសមទទួលបាននូវប្រាជ្ញា។ ចូរកុំទៅស្គាល់ព្រះ តែលំៗ រហូតដល់អ្នកបាត់បង់ការគោរពកោតខ្លាចព្រះអង្គ។ ការនេះជារឿងអប្រាជ្ញា ហើយនិងនាំទៅរកទង្វើឆោតល្ងង់។ ប្រាជ្ញារង់ចាំការស្រែករករបស់អ្នក ដូចពេលគ្រាចម្រូត។ ចូរបេះវា ហើយទទួលទានយ៉ាងពេញចិត្ត ដូចជាផ្លែឈើទុំផ្អែមឆ្ងាញ់ សម្រាប់គ្រាអ្នកហត់នឿយនិងស្រែកឃ្លានចុះ។ ចូរទៅភ្លក់ ហើយមើល ថាប្រាជ្ញានោះល្អប៉ុនណា។ គ្មាននរណាម្នាក់ គេរអ៊ូរទាំ ដោយព្រោះតែគេបានទទួលប្រាជ្ញាច្រើនលើសលប់នោះឡើយ។ ចូរទៅស្វះស្វែងរកអ្នកមានប្រាជ្ញា ហើយទៅសួរពីគេ និងទូលសូមព្រះជាម្ចាស់ សម្រាប់ប្រាជ្ញា។ ទង្វើនេះគឺជារឿងឆ្លាតវៃសម្រាប់ឱ្យអ្នកធ្វើប្រាកដមែន។

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Seeking Daily The Heart Of God - Wisdom

ការស្វះស្វែងរកព្រះហឫទ័យនៃព្រះជាប្រចាំថ្ងៃ គឺជាគម្រោងអានមានរយៈពេល ៥ ថ្ងៃ ដែលមានបំណងចង់លើកទឹកចិត្ត ជំរុញឱ្យយើងប្រឹង និងជួយដល់យើង នៅតាមមាគ៌ានៃការរស់នៅជាប្រចាំថ្ងៃ។ ដូច លោក បូចដ៍ បេលី (Boyd Bailey) បានលើកឡើងថា៖ «ចូរស្វះស្វែងរកព្រះអង្គទោះបីជាអ្នកមិនមានអារម្មណ៍ក្ដី ឬនៅពេលដែលអ្នករវល់ពន់ពេក នោះព្រះអង្គនឹងប្រទានរង្វាន់ចំពោះភាពស្មោះត្រង់របស់អ្នក»។ ព្រះគម្ពីរបានចែងថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​កាន់​តាមសេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ ជា​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ដោយ​អស់​ពី​ចិត្ត» ទំនុកតម្កើង ១១៩៖២។

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ លោក បូចដ៍ បេលី (Boyd Bailey) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​https://www.wisdomhunters.com/