បានជ្រើសរើស៖ រំឭកខ្លួនអ្នកពីដំណឹងល្អជារៀងរាល់ថ្ងៃគំរូ

Chosen: Remind Yourself Of The Gospel Everyday

ថ្ងៃទី 6 ក្នុងចំណោម 7 ថ្ងៃ

នៅភូមិដីហ៊ុយមួយក្នុងប្រទេសនេប៉ាល់ក្បែរស្រមោលភ្នំអេវឺរេស (Mt. Everest) មានក្មេងស្រីជាង ៨០% ដែលកំពុងស្ថិតក្នុងជោគវាសនាដ៏អាក្រក់ ដោយពួកគេនឹងត្រូវយកទៅលក់ឱ្យបនស្រី ដោយសារពួកគេស្ថិតនៅក្នុងស្រទាប់វណ្ណៈទាបជាងគេ ក្នុងចំណោមស្រទាប់វណ្ណៈនៃសង្គមក្នុងស្រុកនោះ។ ពួកគេទាំងនេះជាក្រុមមនុស្ស ក្រោមឈ្មោះថា បាឌី (Badi)។ សាសនារបស់ពួកគេបានបង្រៀនថាកាលពីជាតិមុនពួកគេបានប្រព្រឹត្តបាបយ៉ាងធ្ងន់ធ្ងរ ហើយនេះជាកម្មរបស់ពួកគេ ដែលបានដាក់ទោសដល់ពួកគេ ហើយបានបញ្ជូនពួកគេឱ្យមកកើតលើផែនដីនេះ នៅក្នុងស្រទាប់វណ្ណៈដ៏សៅហ្មងនេះ។ គ្មានក្រុមមនុស្សណាផ្សេងមកជួយពួកគេទេ ដោយសារតែពួកគេមិនចង់រារាំងប្រឆាំងនឹងផលកម្ម ដែលកំពុងតែដាក់ទណ្ឌកម្មដល់ពួកគេឡើយ។ ជាលទ្ធផល ពួកក្មេងស្រី ក្រុម បាឌី នេះ គឺស្ថិតក្នុងចំណោមក្មេងស្រីដែលត្រូវបានគេយកទៅជួញដូរយ៉ាងច្រើនជាងគេក្នុងលោកយើងនេះ។ ស្រទាប់វណ្ណៈសង្គមដែលពួកគេបានកើតមក បានរាប់ពួកគេថាជាក្រុមមនុស្សត្រូវតែវិនាស ដែលសមនឹងរងកម្ម ហើយត្រូវបានគេរាប់ថាទាបជាងសត្វឆ្កែទៅទៀត—គឺថាសមឱ្យគេយកទៅប្រើ លក់ និងបំពាន ដូច្នេះ។ 

នៅត្រង់ទីកន្លែងនេះហើយ ដែលមិត្តរបស់ខ្ញុំម្នាក់ឈ្មោះ រ៉ាយអិន គាត់បានជួប ឡានដាណា ដែលជាក្មេងស្រីដ៏ស្រស់ស្អាតនៅវ័យ ១០ ឆ្នាំ។ ឪពុករបស់គាត់បានព្រមព្រៀងថានឹងលក់គាត់ទៅឱ្យបនដែលមានម្ចាស់ជាជនជាតិឥណ្ឌាម្នាក់។ ម្ដាយរបស់គាត់ទ្រាំមិនបាន ហើយព្យាយាមរារាំងតវ៉ាប្ដីរបស់គាត់មិនឱ្យលក់កូនស្រីដ៏មានតម្លៃរបស់ពួកគាត់ទេ។ ប៉ុន្តែប្ដីរបស់គាត់ពុំសុខចិត្តទាល់តែសោះ។ គាត់ក៏បានចាប់ផ្ដើមវាយតប់ប្រពន្ធរបស់គាត់ ដោយសារតែប្រពន្ធគាត់មិនចង់ឱ្យគាត់លក់កូនរបស់ពួកគាត់។ 

នៅពេលដែលក្រុមមិត្តរបស់ខ្ញុំបានដឹងពីរឿងនេះ ពួកគេបានធ្វើអន្តរាគមន៍យ៉ាងឆាប់រហ័សជាមួយនឹងអ្នកបម្រើការងារសង្គមកិច្ច និងអាជ្ញាធរដែនដី។ ពួកគេបាននាំ ឡានដាណា ទៅដាក់នៅផ្ទះសុវត្ថិភាព ដែលជាកន្លែងសម្រាប់រក្សាសុវត្ថិភាពឱ្យក្មេងស្រី និងផ្ដល់ជាទីកន្លែងកក់ក្ដៅ ចំណីអាហារ ព្រមទាំងផ្ដល់នូវក្ដីស្រឡាញ់ផង។ នៅទីនោះ ឡានដាណា បានឮពីដំណឹងល្អ។ គាត់បានឮពីរបៀបដែលព្រះយេស៊ូវបានយកយើងទៅចិញ្ចឹម និងធ្វើជាបុត្រធីតានៃព្រះ ក្នុងក្រុមគ្រួសាររបស់ព្រះអង្គ។ ត្រង់ទីនេះឯងដែលជាចំណុចដ៏មានអត្ថន័យនៃដំណឹងល្អ សម្រាប់មនុស្សមកពីគ្រប់តំបន់ទាំងអស់នៃពិភពលោក។

នៅពេលកំពុងតែចែករំលែកដំណឹងល្អជាមួយក្មេងស្រី មកពីក្រុមសម្ពន្ធ បាឌី ដទៃផ្សេងទៀត លោក រ៉ាយអិន បានប្រាប់ទៅដល់ពួកគេថា៖ «ដំណឹងល្អបង្រៀនថា ក្មួយៗលែងមានត្រកូលថាជា បាឌី ទៀតហើយ។ នេះគឺដូចជាថា ពីមុនក្មួយធ្លាប់មានឈ្មោះ ចាឡា បាឌី តែឥឡូវនេះ ក្មួយមានឈ្មោះថា ចាឡា ព្រះគ្រីស្ទ វិញ ដោយសារតែក្មួយបានក្លាយទៅជាបុត្រីនៅក្នុងក្រុមគ្រួសាររបស់ព្រះ។ ឥឡូវនេះ ក្មួយៗស្ថិតនៅក្នុងស្រទាប់វណ្ណៈរបស់ព្រះជាអម្ចាស់វិញ»។ គ្រាន់តែឮដូច្នេះ ភ្នែករបស់ពួកគេបើកធំៗ ហើយសម្លឹងមើលមកកាន់កែវភ្នែករបស់គាត់ទាំងមានពេញដោយក្ដីសង្ឃឹម។ «តើរឿងនេះអាចទៅរួចដែរមែនទេ?» នាងសួរ៖ «ពិតមែនហើយ នេះគឺជាសេចក្ដីពិតសម្រាប់ពិភពលោកទាំងមូល!»។
 

ឡានដាណា រីករាយជាខ្លាំងក្នុងការចូលរួមទៅក្នុងក្រុមគ្រួសារនៃព្រះ ទាំងលះចោលរឿងអាម៉ាស់ទាំងឡាយរបស់ក្រុមគ្រួសារ ស្រទាប់វណ្ណៈនៃសង្គម និងសាច់សាលោហិតរបស់គាត់។ ព្រះជាម្ចាស់បានក្លាយទៅជាបិតារបស់គាត់ ហើយក្ដីស្រឡាញ់របស់ព្រះអង្គ គឺផ្ទុយស្រឡះពីឪពុករបស់គាត់ ដែលហ៊ានលក់កូនស្រីតូចរបស់ខ្លួន។ នេះហើយគឺជាព្រះ ដែលហ៊ានលះបង់អង្គទ្រង់ផ្ទាល់ ដោយលក់ខ្លួនក្នុងចំនួនតម្លៃ ៣០ កាក់ប្រាក់ ដើម្បីសង្រ្គោះកូនស្រីតូចរបស់ព្រះអង្គ។ 

គំនិតមនុស្សនាសម័យទំនើបនេះ មើលមកកាន់ជំនឿគ្រីស្ទបរិស័ទទាំងនឹកឆ្ងល់ថា៖ «ហេតុអ្វីនិយាយពីព្រះលោហិត? តើអ្នកអាចច្រៀងពីព្រះលោហិតរបស់ព្រះយេស៊ូវបានយ៉ាងដូចម្ដេចទៅ?» ប៉ុន្តែអស់អ្នកដែលបានទិញដោយការបង់ថ្លៃនៃព្រះលោហិតរបស់ព្រះគ្រីស្ទ នោះគេដឹងថា ឥឡូវនេះ រូបគេស្ថិតនៅក្នុងចំណងលោហិត ដែលមានជម្រៅជ្រៅជាងសាច់សាលោហិតដែលមាននៅលើផែនដីនេះទៅទៀត។ ព្រះយេស៊ូវកំពុងតែអញ្ជើញយើងមកចូលក្នុងក្រុមគ្រួសារថ្មី និងជោគវាសនាថ្មី។ នេះហើយជាហេតុផលដែលគ្រីស្ទបរិស័ទចូលចិត្តគិតអំពីព្រះលោហិតរបស់ព្រះគ្រីស្ទ។ 

ដំណឹងល្អធ្វើហួសពីការជម្រះអំពើបាបនាអតីតកាលរបស់យើងទៅទៀត។ ដំណឹងល្អជម្រះរាល់រឿងនៃក្ដីអាម៉ាស់ពីប្រវត្តិរបស់វង្សត្រកូលទាំងមូលរបស់យើង រួមទាំងពីសាច់សាលោហិត និងទាំងពីសាច់ញាតិជិតឆ្ងាយរបស់យើងផង។ ផ្នែកចម្បងរបស់អ្នកលែងចេញមកពីក្រុមគ្រួសារនៅលើផែនដីរបស់អ្នកទៀតហើយ។ អ្នកបានមកចូលរួមក្នុងក្រុមគ្រួសារនៃស្ថានសួគ៌។ ព្រះលោហិតរបស់ព្រះយេស៊ូវដៅរូបអ្នកថាជាសមាជិកនៃក្រុមគ្រួសារដែលនៅអស់កល្បជានិច្ច។ យើងមានអត្តសញ្ញាណនៃក្រុមគ្រួសារថ្មី ដែលមានភ្ជាប់ដោយត្រាគ្រួសារថ្មី មានលំនៅឋានថ្មី មានបងប្អូនប្រុសស្រីថ្មី ហើយនិងមានត្រកូលមួយថ្មី។ 

អត្ថបទគម្ពីរ

ថ្ងៃ 5ថ្ងៃ 7

អំពី​គម្រោងអាន​នេះ

Chosen: Remind Yourself Of The Gospel Everyday

តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកក្រោកឡើងពីដំណេក ហើយរំឭកខ្លួនអ្នកអំពីដំណឹងល្អជាប្រចាំថ្ងៃនោះ? គម្រោងអានចំណាយពេលស្មឹងស្មាធិ៍​ជាមួយ​ព្រះរយៈពេល ៧ថ្ងៃ នេះ បានតាក់តែងឡើងដើម្បីបានជាប្រយោជន៍សម្រាប់ជាជំនួយដល់អ្នក ឱ្យសញ្ជឹងគិតទៅលើគំនិតមួយនេះ! ដំណឹងល្អមិនមែនគ្រាន់តែជួយសង្គ្រោះយើងតែប៉ុណ្ណោះឡើយ តែដំណឹងល្អទ្រទ្រង់ដល់យើងអស់មួយជីវិតផង។ កវីនិពន្ធ និងជាអ្នកផ្សព្វផ្សាយដំណឹងល្អ លោក ម៉ាត ប្រោន (Matt Brown) បានរៀបចំបង្កើតនូវគម្រោងអាននេះ ដោយយោងតាម សៀវភៅចំណាយពេលស្មឹងស្មាធិ៍​ជាមួយនឹងព្រះ ដែលនិពន្ធដោយ លោក និងលោក រ៉ាយអិន ស្កូគ (Ryan Skoog)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច គិតអំពីភាពអស់កល្បជានិច្ច (Think Eternity) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ https://www.thinke.org