បានជ្រើសរើស៖ រំឭកខ្លួនអ្នកពីដំណឹងល្អជារៀងរាល់ថ្ងៃគំរូ

Chosen: Remind Yourself Of The Gospel Everyday

ថ្ងៃទី 5 ក្នុងចំណោម 7 ថ្ងៃ

ខ្ញុំវិះនឹងរបូតសៀវភៅទៅហើយ នៅពេលដែលខ្ញុំបានអានពីការបកប្រែរបស់ លោក ដាវីឌ បេនលី ហ៊ត (David Bentley Hart) សម្រាប់ពាក្យថា "មានពរហើយ" នៅក្នុងព្រះគម្ពីរ។ អ្នកប្រាជ្ញដ៏ល្បីល្បាញម្នាក់នេះ បាននិយាយអំពីរបៀបដែលពាក្យថា «មានពរហើយ» បានបាត់បង់អត្ថន័យប៉ុណ្ណានៅក្នុងវប្បធម៌សង្គមរបស់យើង៖ ដោយពាក្យនេះ គេយកទៅប្រើភាគច្រើននៅក្នុងន័យ ធំ ឬតូច ក្នុងអត្ថន័យថាជា "សំណាងល្អ" ឬ "មានជោគវាសនាល្អ"។ ជួសវិញ លោក ហ៊ត បានប្រកែកពីអត្ថន័យពិតរបស់ពាក្យនេះ ដែលន័យនោះគឺវាជិតដូចទៅនឹងពាក្យថា បរមសុខ ឬជាស្ថានភាពនៃក្ដីសប្បាយរីករាយយ៉ាងអណ្ដែតអណ្ដូង ឯណោះទេ។ 

នេះហើយគឺជាអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់យើងនៅក្នុងដំណឹងល្អរបស់ព្រះអង្គ៖ គឺព្រះអង្គបានប្រទានរាល់គ្រប់ព្រះពរដ៏នៅអស់កល្បជានិច្ច និងហួសពីការនឹកស្មានដល់ មកឱ្យយើង រហូតដល់ចំណុចដែលយើងពេញដោយភាពបរមសុខ! 

ជម្រើសជាប្រចាំថ្ងៃ ការតយុទ្ធជាប្រចាំថ្ងៃ ឧបសគ្គជាប្រចាំថ្ងៃរបស់យើង នោះគឺថា តើយើងនឹងចងចាំ សម្គាល់ដឹង និងព្រមរស់នៅក្នុងដំណើរពិតប្រាកដនោះដែរឬយ៉ាងណា។ 

ហើយវាមិនផ្អែកទៅលើកាលៈទេសៈផ្សេងៗទេ។ វាមិនមែនអាស្រ័យទៅលើស្ថានភាពទាំងនោះដែរ។ មានបុរសវ័យក្មេងម្នាក់ឈ្មោះ ម៉ៃហ្សា គាត់បានបង្រៀនខ្ញុំអំពី ភាពមានពរនេះ នៅក្នុងរបៀបមួយ ដែលជួយកុំឱ្យខ្ញុំងាយឆាប់ភ្លេចពេក។ 

ម៉ៃហ្សា ធ្លាប់រស់នៅក្នុងប្រទេសមានសង្គ្រាមវឹកវរ។ ភូមិរបស់គាត់ និងរាល់អ្វីៗដែលគាត់ធ្លាប់ដឹងនិងស្គាល់ត្រូវបានបំផ្លាញខ្ទេចខ្ទីដោយក្រុមពួកទាហានឈ្លានពាន ហើយគាត់ត្រូវបានគេបង្ខំឱ្យទៅធ្វើជាអ្នកដឹកជញ្ជូនឥវ៉ាន់ ដោយសែងរាល់សម្ភារៈឧបត្ថម្ភរបស់ពួកទាហាន ឆ្លងកាត់ព្រៃកាត់ទឹក ក្នុងខណៈពេលគាត់ត្រូវសម្លឹងទៅចំបំពង់កាំភ្លើង—គឺប្រៀបដូចជាសម័យព្រះយេស៊ូវ នៅពេលដែលទាហានរ៉ូម៉ាំងបង្ខំឱ្យនរណាម្នាក់សែងឧបករណ៍ចម្បាំងរបស់គេ មួយគីឡូម៉ែត្រជាង នោះដែរ។ 

ក្រោយមក នៅថ្ងៃមួយ ទាហានបានបង្ខំ ម៉ៃហ្សា ក្រោមការគំរាមចុងកៃកាំភ្លើង គឺគេឱ្យគាត់ទៅដោះមីន។ មីននោះបានផ្ទុះឡើង ហើយ ម៉ៃហ្សា បានបាត់បង់ដៃទាំងពីរ និងភ្នែកទាំងពីររបស់គាត់មួយរំពេច។ ពួកទាហានទុកគាត់ចោលនៅទីនោះ ទាំងគិតថាគាត់ស្លាប់បាត់ទៅហើយ ប៉ុន្តែគាត់មិនទាន់ស្លាប់នៅឡើយទេ។ 

ប៉ុន្មានឆ្នាំកន្លងទៅ មានមនុស្សម្នាក់បានចែករំលែកជាមួយគាត់អំពីរឿងរបស់ព្រះសង្គ្រោះដែលបានទទួលរងទុក្ខ។ គាត់ដាក់ចិត្តនិងស្គាល់ពីព្រះ ដែលយល់ពីក្ដីឈឺចាប់របស់គាត់។ ជីវិតរបស់គាត់ក៏បានបំផ្លាស់បំប្រែយ៉ាងរុងរឿង។ 

ម៉ៃហ្សា បានទទួលភាពរំភើបរីករាយយ៉ាងក្រៃលែង (បរមសុខ) សម្រាប់ដំណឹងល្អ រហូតដល់គាត់បានសុំឱ្យគេជូនគាត់ពីជំុរុំជនភៀសខ្លួនមួយ ទៅជំុរុំជនភៀសខ្លួនមួយទៀត ដើម្បីឱ្យគាត់អាចចែករំលែកពីដំណឹងល្អ ជាមួយអស់អ្នកណាដែលមិនទាន់បានឮពីអង្គព្រះយេស៊ូវ។ 

អំណររបស់ ម៉ៃហ្សា គឺងាយឆ្លងណាស់។ គាត់មានភាពរីករាយជាងមនុស្សភាគច្រើន ដែលអាចនៅមើលឃើញ មានដៃពីរ ហើយនៅរស់គ្រាន់តែឱ្យបានផុតពីភាពក្រីក្រនៅក្នុងជុំរុំជនភៀសខ្លួននោះទៅទៀត។ អំណររបស់គាត់ដុះឡើងពីអំណរគុណដែលគាត់មានសម្រាប់ឈើឆ្កាង។ ម៉ៃហ្សា ដឹងថានៅតែពេលបន្តិចទៀតតែប៉ុណ្ណោះ គាត់នឹងបានទៅរស់នៅជាមួយព្រះគ្រីស្ទជារៀងរហូតហើយ។ 

ម៉ៃហ្សា ធ្វើជាគំរូសម្រាប់ឥរិយាបថនេះ ដោយជះចរិតចេញពីចិត្តនៃភាពបរមសុខដែលបានមកពីដំណឹងល្អ នៅចំកណ្ដាលជុំរុំជនភៀសខ្លួន។ គាត់បានក្លាយទៅជារូបតំណាងនៃការតាក់តែងរបស់ សាវ័ក ប៉ុល ត្រង់ព្រះបន្ទូលនេះថា៖ «ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឱ្យយើងមានសិរីល្អដ៏លើសលប់ ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន» (២ កូរិនថូស ៤៖១៧)។ 

ថ្ងៃ 4ថ្ងៃ 6

អំពី​គម្រោងអាន​នេះ

Chosen: Remind Yourself Of The Gospel Everyday

តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលអ្នកក្រោកឡើងពីដំណេក ហើយរំឭកខ្លួនអ្នកអំពីដំណឹងល្អជាប្រចាំថ្ងៃនោះ? គម្រោងអានចំណាយពេលស្មឹងស្មាធិ៍​ជាមួយ​ព្រះរយៈពេល ៧ថ្ងៃ នេះ បានតាក់តែងឡើងដើម្បីបានជាប្រយោជន៍សម្រាប់ជាជំនួយដល់អ្នក ឱ្យសញ្ជឹងគិតទៅលើគំនិតមួយនេះ! ដំណឹងល្អមិនមែនគ្រាន់តែជួយសង្គ្រោះយើងតែប៉ុណ្ណោះឡើយ តែដំណឹងល្អទ្រទ្រង់ដល់យើងអស់មួយជីវិតផង។ កវីនិពន្ធ និងជាអ្នកផ្សព្វផ្សាយដំណឹងល្អ លោក ម៉ាត ប្រោន (Matt Brown) បានរៀបចំបង្កើតនូវគម្រោងអាននេះ ដោយយោងតាម សៀវភៅចំណាយពេលស្មឹងស្មាធិ៍​ជាមួយនឹងព្រះ ដែលនិពន្ធដោយ លោក និងលោក រ៉ាយអិន ស្កូគ (Ryan Skoog)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច គិតអំពីភាពអស់កល្បជានិច្ច (Think Eternity) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ https://www.thinke.org