ផ្ដល់អត្ថន័យលើការងាររបស់អ្នកគំរូ
ព្រះជាម្ចាស់ប្រើប្រាស់ការងាររបស់យើងសម្រាប់គម្រោងផែនការរបស់ទ្រង់
អស់រយៈពេលជាច្រើនឆ្នាំនៃការល្បងលពេញដោយទុក្ខលំបាក សុបិនយ៉ូសែប បានចេញជារូបរាង ក្លាយជាការពិត។ មិនគ្រាន់តែ ស្ដេចផារ៉ោន ដាក់ទំនុកចិត្ដ ឱ្យយ៉ូសែបគ្រប់គ្រងរាល់កិច្ចប្រតិបត្តិទាំងប៉ុន្មាន នៅក្នុងស្រុកអេស៊ីព្ទដល់លោក ប៉ុណ្ណោះនោះទេ បងៗរបស់លោក ក៏បានមករកលោក ដើម្បីស្វែងរកអាហារ នៅគ្រានៃគ្រោះទុរភិក្ស ហើយពួកគាត់បានលុតជង្គង់ថ្វាយបង្គំ នៅចំពោះមុខប្អូនរបស់គាត់ ទោះបីជាពួកគាត់មិនទាន់ចំណាំប្អូនរបស់គាត់ភ្លាមៗ ក៏ដោយ។ ព្រះជាម្ចាស់មានបំណងតាំងពីដើមហើយ ក្នុងការប្រើប្រាស់នូវភាពសម្បូរសប្បាយទាំង ៧ ឆ្នាំ និងគ្រោះទុរភិក្សទាំង ៧ ឆ្នាំ ដើម្បីដឹកនាំប្រជារាស្រ្ដរបស់ទ្រង់ ទៅកាន់ស្រុកអេស៊ីព្ទ ដែលជាទីកន្លែងពួកគេនឹងបានទីពឹងជ្រក។ ព្រះជាម្ចាស់បានប្រើប្រាស់នូវស្ថានភាពផ្សេងៗ ដើម្បីរៀបចំយ៉ូសែប ឱ្យគាត់អាចនាំផែនការណ៍របស់ព្រះ ចេញជារូបរាង។
នៅពេល យ៉ាកុប បានស្លាប់ បងៗរបស់យ៉ូសែប បែរជាភ័យខ្លាច ថាយ៉ូសែបនឹងសងសឹកពួកគាត់ទៅវិញ។ ប៉ុន្តែ យ៉ូសែប នៅបន្តផ្ដោតនិងផ្ចង់ចិត្ដ ទៅលើគម្រោងផែនការរបស់ព្រះ ហើយតបដល់ពួកគាត់ថា៖ «បងៗមានបំណងអាក្រក់មកលើរូបខ្ញុំ ប៉ុន្តែព្រះជាម្ចាស់ បានប្រែឱ្យការណ៍ទាំងនោះ ក្លាយទៅជាការល្អវិញ […] សម្រាប់សង្គ្រោះជីវិតមនុស្សជាច្រើន» (លោកុប្បត្តិ ៥០៖២០)។ យ៉ូសែប គ្រាន់តែបានឃើញនូវបំណែកដ៏តូចមួយ ដែលគាត់មាន នៅក្នុងគម្រោងផែនការដ៏ធំរបស់ព្រះ ដែលយើងអាចឃើញនាសព្វថ្ងៃនេះ។ នៅថ្ងៃមួយ យ៉ូសែបនឹងឃើញថា គាត់ពិតបានចូលរួម សង្គ្រោះជីវិតមនុស្សបានច្រើនប៉ុណ្ណា។
យ៉ាកុប ១៖២-៣ ចែងថា៖ «បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលជំនឿរបស់អ្នករាល់គ្នា នោះនាំឱ្យមានចិត្ដអំណត់»។ នៅពេលណាដែលយើង ស្មោះត្រង់ ក្នុងគ្រាទុក្ខលំបាកនានា យើងបើកឱកាសសម្រាប់ព្រះជាម្ចាស់ ដើម្បីធ្វើកិច្ចការយ៉ាងអស្ចារ្យតាមរយៈយើង។ ពិតជាសំខាន់ដែលយើងត្រូវចេះទុកចិត្ដ ថាព្រះជាម្ចាស់អាចនិងប្រើប្រាស់កិច្ចការងាររបស់យើង ដើម្បីកសាងអត្ដចរិត ចម្រើនកម្លាំងយើង និងជាចុងក្រោយបង្កើតលទ្ធផល ដែលយើងមិនដែលនឹកស្រមៃ ឬអាចទទួលសម្រេចបាន ប្រសិនបើគ្មានព្រះក្នុងការងាររបស់យើងទេនោះ។
នៅពេលដែលយើងនៅបន្តផ្ដោតផ្ចង់ចិត្ដជាប់ក្នុងព្រះគ្រីស្ទ យើងអាចមានទំនុកចិត្ដ ថាព្រះជាម្ចាស់កំពុងប្រើប្រាស់កិច្ចការងាររបស់យើង នៅក្នុងគម្រោងផែនការដ៏ធំរបស់ទ្រង់ ប្រៀបដូចជា យ៉ូសែប នោះដែរ។ នៅថ្ងៃមួយ យើងគ្រប់គ្នា នឹងបានមើលឃើញថា ភាពស្មោះត្រង់របស់យើង បានដើរតួយ៉ាងណា នៅក្នុងគម្រោងផែនការរបស់ព្រះជាម្ចាស់។
ចូរប្រឡងប្រជែងខ្លួនឯង ដើម្បីអនុញ្ញាតឱ្យព្រះជាម្ចាស់ ផ្ដល់អត្ថន័យដល់អ្នក តាមរយៈស្ថានភាពលំបាកទាំងឡាយ និងបង្កើននូវអត្ថន័យនៃការងាររបស់អ្នក សម្រាប់គោលបំណងនិងសិរីរុងរឿងរបស់ព្រះ។
សេចក្ដីអធិស្ឋាន
បពិត្រព្រះបិតា ទូលបង្គំដឹងថាព្រះអង្គទ្រង់តែងតែធ្វើការជានិច្ច នៅក្នុង និងតាមរយៈជីវិតរបស់ទូលបង្គំ។ សូមទ្រង់ជួយដល់ទូលបង្គំ ឱ្យចេះរក្សាគំនិតនិងទស្សនៈក្នុងភាពអស់កល្បជានិច្ច ទៅលើកិច្ចការងារ ដែលទូលបង្គំធ្វើជាប្រចាំថ្ងៃ។ សូមទ្រង់ចម្រើនជំនឿរបស់ទូលបង្គំ។ សូមទ្រង់ប្រទានប្រាជ្ញាដល់ទូលបង្គំ នៅក្នុងកិច្ចការងាររបស់ទូលបង្គំ ដើម្បីឱ្យគ្រប់អ្វីៗដែលទូលបង្គំធ្វើ អាចប្រើប្រាស់ សម្រាប់គម្រោងផែនការ និងគោលបំណងរបស់ទ្រង់។ ទូលបង្គំទូលសូម ក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។
សម្រាប់ការរុករកស្រាវជ្រាវបន្ថែម
ចូរមើលលើ គម្រោងអានសម្រាប់ទីកន្លែងការងារ ពីព័ន្ធកិច្ច ការងារពិតសំខាន់ (Workmatters)។
អំពីគម្រោងអាននេះ
មនុស្សយើងជាច្រើននឹងចំណាយពេល ប្រមាណជា ៥០% នៃជីវិត ពេលពេញវ័យរបស់ខ្លួន ដើម្បីធ្វើការងារ។ យើងចង់ដឹងថាជីវិតការងាររបស់យើង ពិតជាមានប្រយោជន៍ – គឺថាដំណើរការងារនោះពិតជាមានសារៈសំខាន់ដែរឬយ៉ាងណា។ ប៉ុន្តែ ភាពស្មុគស្មាញ តម្រូវការទាមទារ និងភាពខ្វះខាត នឹងបណ្ដាលឱ្យយើង ត្រូវខិតខំប្រឹងធ្វើការងារលំបាកជាងមុនទៅទៀត – ហើយក៏ជាការងារដែលយើងត្រូវធ្វើខានមិនបានដែរ។ គម្រោងអាននេះ នឹងជួយដល់អ្នក ដើម្បីឱ្យអ្នកអាចសម្គាល់នូវអំណាច និងអាចជ្រើសរើស ថាការងារដែលអ្នកធ្វើនោះ គឺជាអ្វីវិជ្ជមាន ហើយមានឫសគល់់ស្ថិតនៅក្នុងសេចក្ដីជំនឿពិតប្រាកដ។
More