ផ្ដល់អត្ថន័យលើការងាររបស់អ្នកគំរូ

Give Your Work Meaning

ថ្ងៃទី 2 ក្នុងចំណោម 4 ថ្ងៃ

ជ្រើសរើសផ្ដល់អត្ថន័យរបស់ព្រះជាម្ចាស់សម្រាប់កិច្ចការងារ

ជារឿយៗ គ្រីស្ទបរិស័ទ មានការយល់ច្រឡំថាការងារដែលមានតម្លៃសម្រាប់ព្រះ នោះមានតែការងារ ដូចជា ការធ្វើជា គ្រូគង្វាល បេសកជន និងកិច្ចការមិនរកកម្រៃតែប៉ុណ្ណោះ។ គ្រោះថ្នាក់នៃការគិតបែបនេះ នោះគឺថាយើងវិនិច្ឆ័យទោស ទៅលើការងារដទៃផ្សេងទៀត ហើយថាការងារនោះមិនមានសារៈប្រយោជន៍ ដែលគំនិតនេះ នាំឱ្យជះឥទ្ធិពលអវិជ្ជមាន ទៅលើអត្តចរិត និងការជម្រុញទឹកចិត្ដធ្វើអ្វីមួយរបស់យើង។ ការពិតនោះគឺថា រាល់គ្រប់កិច្ចការងារទាំងប៉ុន្មាន គឺសុទ្ធតែមានតម្លៃចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់ចង់ឱ្យយើងចេះសហការរួមជាមួយនឹងព្រះអង្គ មិនថាឡើយក្នុងកិច្ចការងារអ្វី ដែលយើងធ្វើ ដើម្បីបម្រើអ្នកដទៃ និងសម្រេចនូវគោលបំណងទាំងឡាយរបស់ទ្រង់នោះឡើយ។

យ៉ូសែប បានយល់អំពីសេចក្ដីពិតនេះ ទោះជាគាត់ស្ថិតនៅក្នុងគ្រាសាកល្បងដ៏លំបាកក៏ដោយ។ យ៉ូសែប មិនបានបង្កើតនូវទម្លាប់នៃអត្តចរិតអាក្រក់ទេ ទោះបើស្ថានភាពទាំងប៉ុន្មានរបស់គាត់ធ្លាក់ពីការអាក្រក់ទៅកាន់ភាពសាំញ៉ាំទៅទៀត ក៏ដោយចុះ។ គាត់មិនធ្វើអ្វីលំៗ ដោយសារតែការងារដែលគាត់កំពុងធ្វើនោះ មិនមែនជាការត្រាស់ហៅពិតប្រាកដរបស់គាត់ នោះដែរ។ យ៉ូសែប ពិតប្រាកដដឹងថា កិច្ចការងារដែលគាត់ធ្វើ នោះគាត់ធ្វើថ្វាយសម្រាប់ – ព្រះជាម្ចាស់។ ជាលទ្ធផល លោកុប្បត្តិ ជំពូក ៣៩ បានប្រាប់ដល់យើងថា «ព្រះជាម្ចាស់ទ្រង់គង់នៅជាមួយនឹង យ៉ូសែប» ដល់ទៅបួនដង (លោកុប្បត្តិ ៣៩៖២, ៣, ២១, ២៣)។ នៅពេលភរិយារបស់លោក ប៉ូទីផា បន្តចង់ចូលមកជិត នោះ យ៉ូសែប បានថ្លែងថា៖ «លោកម្ចាស់ខ្ញុំ គាត់មិនខ្វល់ពីអ្វីទាំងអស់នៅក្នុងផ្ទះរបស់គាត់ […] តើគួរឱ្យខ្ញុំប្រព្រឹត្ដទាស់នឹងព្រះជាម្ចាស់មែនទេ?»។ យ៉ូសែប ទទួលស្គាល់ថា ភាពជោគជ័យរបស់គាត់ ពិតជាបានមកពីព្រះជាម្ចាស់ ហើយគាត់ត្រូវតែចេះថ្វាយកិត្តិយសដល់ព្រះជាម្ចាស់ ដោយឥតអាក់ខានឡើយ។ 

ទោះបីជា យ៉ូសែប បានជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវក៏ដោយ ក៏គាត់ត្រូវបានគេមូលបង្កាច់ បង្ខូចគាត់ បណ្ដេញគាត់ពីការងារ ហើយថែមទាំង បានដាក់គាត់ទៅក្នុងគុកទៀត។ ទោះបើគាត់ស្ថិតនៅក្នុងស្ថានភាពមួយដ៏អយុត្តិធម៌ក្ដី យ៉ូសែប មិនដែលបញ្ឈប់ការលើកតម្កើង ថ្វាយកិត្តិយសដល់ព្រះជាម្ចាស់ ហើយបន្តបម្រើមនុស្សនៅជុំវិញគាត់ នោះឡើយ។ ជាថ្មីម្ដងទៀត ព្រះជាម្ចាស់បានផ្ដល់ឱ្យគាត់នូវព្រះគុណ ហើយលើកគាត់ឡើង ទាំងនាំឱ្យឆ្មាំគុកចូលចិត្ដគាត់ទៀតផង។ 

យើងនឹងទទួលរងបទពិសោធន៍ ដែលជាស្ថានភាពដ៏អយុត្តិធម៌ ចំពោះរូបយើង នៅកន្លែងការងាររបស់យើង ដូចជាអ្វី យ៉ូសែប ជួបប្រទះដែរ។ យើងត្រូវតែចេះទប់ស្កាត់និងការពារប្រឆាំងនឹងការបង្កើតនូវអត្តចរិតអវិជ្ជមានចំពោះកិច្ចការងាររបស់យើង នៅពេលមានអ្វីមួយអាក្រក់កើតឡើង។ ព្រះយេស៊ូវមានបន្ទូលប្រាប់ដល់យើងថា៖ «នៅក្នុងលោកិយនេះ អ្នកនឹងទទួលរងនូវទុក្ខលំបាក។ ប៉ុន្តែចូរកុំបាក់ទឹកចិត្ដឡើយ! ដ្បិតខ្ញុំយកឈ្នះលើលោកិយនេះហើយ» (យ៉ូហាន ១៦៖៣៣)។ យើងត្រូវតែបន្តនៅជាប់ក្នុងព្រះគ្រីស្ទ នៅក្នុងរាល់គ្រប់ស្ថានការណ៍ ហើយរាល់គ្រប់កិច្ចការងារ ដែលយើងធ្វើ នោះយើងនឹងអាចបង្កើតផលផ្លែជាច្រើនបាន (យ៉ូហាន ១៥៖៥)។ 

តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីមើលឃើញស្នាដៃរបស់អ្នក តាមរយៈព្រះនេត្ររបស់ព្រះ នាសព្វថ្ងៃនេះ? 

សេចក្ដីអធិស្ឋាន

បពិត្រព្រះបិតា ទូលបង្គំ សូមអរគុណទ្រង់ សម្រាប់កិច្ចការងារដែលទ្រង់បានផ្ដល់មកឱ្យទូលបង្គំ។ អរគុណទ្រង់ ដែលឱ្យទូលបង្គំទទួលបាននូវភាពជោគជ័យ។ សូមជួយដល់ទូលបង្គំ ឱ្យចេះនៅជាប់នឹងព្រះអង្គ ជារៀងរាល់វេលា ដើម្បីឱ្យទូលបង្គំអាចនឹងបម្រើដល់អ្នកដទៃ យ៉ាងល្អប្រសើរបំផុត នៅក្នុងគ្រប់កាលៈទេសៈទាំងអស់ មិនថានៅពេលដែលអ្វីៗមិនដំណើរទៅតាមអ្វីដែលទូលបង្គំគិតប្រាថ្នាចង់បាន នោះឡើយ។ សូមជួយដល់ទូលបង្គំ ឱ្យបន្តសម្លឹងផ្ចង់ទៅកាន់ព្រះយេស៊ូវ។ ទូលបង្គំសូមអធិស្ឋាននៅក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។

សម្រាប់ព័ត៌មានស្រាវជ្រាវបន្ថែម

រុកស្វែងរកពីរបៀបក្នុងការរកឃើញគោលបំណងនៃព្រះសម្រាប់កិច្ចការងារ។ ចូរមើល វិដេអូចែកចាយដោយ បនី វ៉ូសបាកើ (Bonnie Wurzbacher) ដែលគាត់ធ្លាប់ជា អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន កូកា-កូឡា។

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Give Your Work Meaning

មនុស្សយើងជាច្រើននឹងចំណាយពេល ប្រមាណជា ៥០% នៃជីវិត ពេលពេញវ័យរបស់ខ្លួន ដើម្បីធ្វើការងារ។ យើងចង់ដឹងថាជីវិតការងាររបស់យើង ពិតជាមានប្រយោជន៍ – គឺថាដំណើរការងារនោះពិតជាមានសារៈសំខាន់ដែរឬយ៉ាងណា។ ប៉ុន្តែ ភាពស្មុគស្មាញ តម្រូវការទាមទារ និងភាពខ្វះខាត នឹងបណ្ដាលឱ្យយើង ត្រូវខិតខំប្រឹងធ្វើការងារលំបាកជាងមុនទៅទៀត – ហើយក៏ជាការងារដែលយើងត្រូវធ្វើខានមិនបានដែរ។ គម្រោងអាននេះ នឹងជួយដល់អ្នក ដើម្បីឱ្យអ្នកអាចសម្គាល់នូវអំណាច និងអាចជ្រើសរើស ថាការងារដែលអ្នកធ្វើនោះ គឺជាអ្វីវិជ្ជមាន ហើយមានឫសគល់់ស្ថិតនៅក្នុងសេចក្ដីជំនឿពិតប្រាកដ។ 

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច ការងារពិតសំខាន់ (Workmatters) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.workmatters.org/workplace-devotions/