ផ្ដល់អត្ថន័យលើការងាររបស់អ្នកគំរូ

Give Your Work Meaning

ថ្ងៃទី 3 ក្នុងចំណោម 4 ថ្ងៃ

ពឹងផ្អែកលើព្រះជាម្ចាស់សម្រាប់រាល់កិច្ចការ នៅរាល់គ្រប់វេលា

អ្នកដែលយើងកំពុងធ្វើការងារឱ្យ ពិតជាសំខាន់ ហើយវាជះឥទ្ធិពលទៅលើអត្ថន័យ ដែលយើងឱ្យ ចំពោះកិច្ចការងាររបស់យើង។ ប្រសិនបើយើងគោរពមនុស្សដែលយើងធ្វើការងារជាមួយ និងមានអារម្មណ៍វិជ្ជមានអំពីស្ថាប័នការងាររបស់យើង នោះយើងប្រាកដជាមានចិត្ដចង់ធ្វើកិច្ចការងារ ដោយអស់ពីចិត្ដរបស់យើងជាមិនខាន។ ប៉ុន្តែ នៅពេលដែលយើងទទួលរងការប៉ះទង្គិច និងរងការប្រព្រឹត្ដខុសចំពោះ ឬមានវិបត្តិបញ្ហាជាមួយនឹងមនុស្សនៅឯកន្លែងការងារ វាពិតជាងាយណាស់ សម្រាប់ឱ្យយើងធ្លាក់បាក់ទឹកចិត្ដ មានអារម្មណ៍មួម៉ៅ និងថែមទាំងច្រឡោតខឹង ទៀតផង។​ ការវិនិច្ឆ័យទោសរបស់យើងចំពោះមនុស្ស អាចជះឥទ្ធិពលអវិជ្ជមាន ទៅលើការជម្រុញទឹកចិត្ដ ក្នុងការធ្វើការងារ ដោយអស់ពីចិត្ដរបស់យើង ផងនោះដែរ។ 

យ៉ូសែប គាត់មានហេតុផលជាច្រើន ក្នុងការនាំឱ្យខ្លួនគាត់ទៅជាល្វីងជូរចត់ ហើយប្រែជាខឹងសម្បា។ គាត់ត្រូវបានគេញាត់ដាក់គុក សម្រាប់រឿងរ៉ាវ ដែលគាត់មិនបានប្រព្រឹត្តទាល់តែសោះ។ តែទោះជាយ៉ាងណា យ៉ូសែប នៅបន្តពឹងផ្អែកទុកចិត្ដដល់ព្រះជាម្ចាស់ ហើយបម្រើដល់ឆ្មាំគុក ដោយអស់ពីចិត្ដ។ ដោយសារហេតុនេះហើយ គាត់ត្រូវបានលើកឡើងឱ្យក្លាយជាអ្នកមានមុខងារត្រួតត្រា លើរាល់អ្នកជាប់គុកទាំងប៉ុន្មាន។ ម្ល៉ោះហើយ នៅពេលដែលអ្នកដុតនំ និងអ្នកថ្វាយពែងដល់ស្ដេច ដែលជាមនុស្សបានជាប់ទោស ត្រូវគេបញ្ជូនមកក្នុងគុកនោះ គាត់មើលទៅពួកគេ ដូចជាមានទុក្ខព្រួយ នោះ យ៉ូសែប ក៏បង្ហាញក្ដីព្រួយបារម្ភ ខ្វល់ខ្វាយ ដល់ពួកគេ។ គាត់បានស្ដាប់ពួកគេ និយាយបរិយាយអំពីសុបិន ដែលនាំឱ្យពួកគេមានក្ដីទុក្ខព្រួយ ហើយថែមទាំងផ្ដល់នូវការពន្យល់សប្តិ ដូចអ្វីដែលព្រះជាម្ចាស់បានបង្ហាញដល់រូបគាត់។ ទឹកចិត្តសន្ដោសអាណិតមេត្តារបស់គាត់ បាននាំឱ្យអ្នកថ្វាយពែងដល់ស្ដេច ណែនាំខ្លួន យ៉ូសែប ដល់ស្ដេចផារ៉ោន បន្ទាប់ពី ស្ដេចនោះ មានសុបិនវក់វី នៅមិនស្កប់ ទាំងគ្មាននរណា គេអាចកាត់ស្រាយវាបាននោះ។ ទោះបន្ទាប់ពីការណ៍ទាំងឡាយបានកើតឡើងហើយក្ដី ក៏យ៉ូសែប នៅតែមិនបង្អួតខ្លួន និងបង្ហាញពីភាពអស្ចារ្យរបស់គាត់ដែរ។ គាត់បានប្រាប់ដល់ស្ដេចផារ៉ោនថា គ្មាននរណា គេអាចកាត់ស្រាយនូវសុបិនចម្លែកនេះបានទេ គឺលើកលែងតែព្រះជាម្ចាស់តែប៉ុណ្ណោះ។ បន្ទាប់មក គាត់ក៏បានធ្វើការពន្យល់ កាត់ស្រាយនូវអត្ថន័យសុបិន ដូចអ្វីព្រះជាម្ចាស់បានប្រទានបង្ហាញដល់រូបគាត់។ 

ដោយសារតែ យ៉ូសែប មានដួងចិត្ដស្មោះត្រង់ ទាំងនៅក្នុងគុក នោះព្រះជាម្ចាស់ បានលើកគាត់ឡើង ឱ្យមានសិទ្ធិត្រួតត្រានៅលើទឹកដីអេសីព្ទទាំងមូល (លូកា ១៦៖១០)។ ព្រះជាម្ចាស់ ទ្រង់គង់នៅជាមួយនឹងយ៉ូសែបទាំងតែពីគ្រាដំបូង ដោយទ្រង់បានរៀបចំគាត់ ប្រទានប្រាជ្ញាដល់គាត់ និងរៀបចំតាក់តែងរាល់ស្ថានការណ៍ទាំងឡាយ ដើម្បីជាប្រយោជន៍បំពេញនូវគម្រោងផែនការរបស់ទ្រង់។ 

ប្រសិនបើការជម្រុញទឹកចិត្ដ នៅក្នុងការធ្វើអ្វីមួយរបស់យើង មានឥទ្ធិពលដោយ អត្តចរិត និងកិរិយាមាយាទរបស់អ្នកដទៃ នោះការប្ដេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងធ្វើឱ្យអស់ពីចិត្ដរបស់យើង នឹងវៀចវេរ។ ប៉ុន្តែ ចុះប្រសិនបើអ្នកតែងតែពឹងផ្អែកទុកចិត្ដលើព្រះជាម្ចាស់ នៅក្នុងគ្រប់ទាំងកិច្ចការទាំងអស់របស់អ្នកនោះវិញ? ការប្រឹងធ្វើកិច្ចការងាររបស់យើងសម្រាប់ថ្វាយដល់ព្រះជាម្ចាស់ នោះនឹងបង្កើនកម្លាំង និងផ្ដល់អានុភាពដល់យើង ហើយលទ្ធផលដែលយើងទទួលបាន នោះក៏នឹងនាំមកនូវផលយ៉ាងល្អក្រៃលែង ជាទៀងទាត់ផងដែរ។ តើឱ្យអ្នកអាចបង្កើននូវការពឹងផ្អែកទុកចិត្ដចំពោះព្រះជាម្ចាស់ នៅក្នុងកិច្ចការងាររបស់អ្នកថ្ងៃនេះ បានយ៉ាងដូចម្ដេច?

សេចក្ដីអធិស្ឋាន

បពិត្រព្រះបិតា សូមទ្រង់បានអត់ទោសសម្រាប់រាល់វេលាដែលទូលបង្គំបានអនុញ្ញាតឱ្យការវិនិច្ឆ័យទោសរបស់អ្នកដទៃ ជះឥទ្ធិពលអវិជ្ជមាន មកលើអត្តចរិតក្នុងការប្រព្រឹត្ដការងាររបស់ទូលបង្គំ។ សូមទ្រង់បានចម្រើនជំនឿ ដោយដឹងថាទ្រង់នឹងប្រើរាល់កិច្ចការងារទាំងប៉ុន្មាន ដែលទូលបង្គំធ្វើ ដើម្បីបានជាការលើកកិត្តិយសដល់ទ្រង់ និងបានសម្រាប់ជាការល្អ។ សូមទ្រង់ធ្វើការនៅក្នុងដួងចិត្ដរបស់ទូលបង្គំ ដើម្បីឱ្យទូលបង្គំបានអាចរក្សានូវអត្តចរិតវិជ្ជមានមួយ។ ទូលបង្គំទូលសូមក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។

 

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Give Your Work Meaning

មនុស្សយើងជាច្រើននឹងចំណាយពេល ប្រមាណជា ៥០% នៃជីវិត ពេលពេញវ័យរបស់ខ្លួន ដើម្បីធ្វើការងារ។ យើងចង់ដឹងថាជីវិតការងាររបស់យើង ពិតជាមានប្រយោជន៍ – គឺថាដំណើរការងារនោះពិតជាមានសារៈសំខាន់ដែរឬយ៉ាងណា។ ប៉ុន្តែ ភាពស្មុគស្មាញ តម្រូវការទាមទារ និងភាពខ្វះខាត នឹងបណ្ដាលឱ្យយើង ត្រូវខិតខំប្រឹងធ្វើការងារលំបាកជាងមុនទៅទៀត – ហើយក៏ជាការងារដែលយើងត្រូវធ្វើខានមិនបានដែរ។ គម្រោងអាននេះ នឹងជួយដល់អ្នក ដើម្បីឱ្យអ្នកអាចសម្គាល់នូវអំណាច និងអាចជ្រើសរើស ថាការងារដែលអ្នកធ្វើនោះ គឺជាអ្វីវិជ្ជមាន ហើយមានឫសគល់់ស្ថិតនៅក្នុងសេចក្ដីជំនឿពិតប្រាកដ។ 

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច ការងារពិតសំខាន់ (Workmatters) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.workmatters.org/workplace-devotions/