ទំនុកតម្កើង 142:3-6
ទំនុកតម្កើង 142:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន ព្រះអង្គជ្រាបពីផ្លូវរបស់ទូលបង្គំ តាមផ្លូវច្រកដែលទូលបង្គំដើរ គេបានបង្កប់អន្ទាក់ចាំចាប់ទូលបង្គំ។ សូមទតទៅខាងស្តាំមើល៍ ដ្បិតគ្មានអ្នកណាអើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានទីពឹងជ្រក គ្មានអ្នកណារវីរវល់នឹងព្រលឹងទូលបង្គំឡើយ។ ៙ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ ទូលបង្គំពោលថា៖ «ព្រះអង្គជាទីពឹងជ្រករបស់ទូលបង្គំ ជាចំណែករបស់ទូលបង្គំ នៅក្នុងទឹកដីរបស់មនុស្សរស់»។ សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំ ដ្បិតទូលបង្គំត្រូវអាប់ឱនណាស់ហើយ! សូមរំដោះទូលបង្គំឲ្យរួច ពីពួកអ្នកដែលបៀតបៀនទូលបង្គំ ដ្បិតគេខ្លាំងពូកែជាងទូលបង្គំ!
ទំនុកតម្កើង 142:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលទូលបង្គំបាក់ទឹកចិត្ត ព្រះអង្គជ្រាបច្បាស់ពីដំណើររបស់ទូលបង្គំ។ ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវ ដែលទូលបង្គំដើរ។ សូមទតមើលជុំវិញទូលបង្គំមើល៍ គ្មាននរណាម្នាក់អើពើនឹងទូលបង្គំទេ ទូលបង្គំគ្មានកន្លែងជ្រកកោន ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងទូលបង្គំដែរ។ ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ ព្រះអង្គជាជម្រករបស់ទូលបង្គំ នៅក្នុងពិភពលោកនេះ ទូលបង្គំគ្មានអ្វីផ្សេងទៀតក្រៅពីព្រះអង្គឡើយ។ សូមយកព្រះហឫទ័យទុកដាក់ នឹងសម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំទាល់ច្រកហើយ សូមរំដោះទូលបង្គំឲ្យរួចផុត ពីអស់អ្នកដែលតាមព្យាបាទទូលបង្គំ ព្រោះពួកគេខ្លាំងពូកែជាងទូលបង្គំ។
ទំនុកតម្កើង 142:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន នោះទ្រង់បានស្គាល់ផ្លូវច្រករបស់ទូលបង្គំ គេបានដាក់អន្ទាក់លាក់កំបាំងក្នុងផ្លូវដែលទូលបង្គំដើរ សូមទតទៅខាងស្តាំមើល ដ្បិតគ្មានអ្នកណាស្គាល់ទូលបង្គំសោះ គ្រប់ទាំងទីពឹងបានបាត់ពីទូលបង្គំចេញហើយ ឥតមានអ្នកណារវល់នឹងព្រលឹងទូលបង្គំឡើយ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ទូលបង្គំបានពោលថា ទ្រង់ជាទីពឹងរបស់ទូលបង្គំ គឺជាចំណែកនៃទូលបង្គំនៅក្នុងស្ថានរបស់មនុស្សរស់នេះ សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំ ដ្បិតទូលបង្គំត្រូវទាបថោកណាស់ហើយ សូមប្រោសឲ្យរួចពីពួកអ្នកដែលបៀតបៀនទូលបង្គំ ដ្បិតគេខ្លាំងជាងទូលបង្គំ