ទំនុកតម្កើង 142
142
ពាក្យអធិស្ឋានសុំការរំដោះឲ្យរួចពីពួកអ្នកបៀតបៀន
ទំនុករបស់ស្តេចដាវីឌ ក្នុងគ្រាដែលស្ដេចស្ថិតនៅក្នុងរអាងថ្ម ជាពាក្យអធិស្ឋាន។
1ខ្ញុំស្រែករកព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ
គឺដោយសំឡេងរបស់ខ្ញុំ
ដែលខ្ញុំទូលអង្វរដល់ព្រះយេហូវ៉ា។
2ខ្ញុំបង្ហូរទំនួញរបស់ខ្ញុំនៅចំពោះព្រះអង្គ
ខ្ញុំទូលរៀបរាប់ពីទុក្ខលំបាករបស់ខ្ញុំ
នៅចំពោះព្រះអង្គ។
3កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន
ព្រះអង្គជ្រាបពីផ្លូវរបស់ទូលបង្គំ
តាមផ្លូវច្រកដែលទូលបង្គំដើរ
គេបានបង្កប់អន្ទាក់ចាំចាប់ទូលបង្គំ។
4សូមទតទៅខាងស្តាំមើល៍
ដ្បិតគ្មានអ្នកណាអើពើនឹងទូលបង្គំទេ
ទូលបង្គំគ្មានទីពឹងជ្រក
គ្មានអ្នកណារវីរវល់នឹងព្រលឹងទូលបង្គំឡើយ។
5៙ ឱព្រះយេហូវ៉ាអើយ
ទូលបង្គំបានអំពាវនាវរកព្រះអង្គ
ទូលបង្គំពោលថា៖
«ព្រះអង្គជាទីពឹងជ្រករបស់ទូលបង្គំ
ជាចំណែករបស់ទូលបង្គំ
នៅក្នុងទឹកដីរបស់មនុស្សរស់»។
6សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំ
ដ្បិតទូលបង្គំត្រូវអាប់ឱនណាស់ហើយ!
សូមរំដោះទូលបង្គំឲ្យរួច
ពីពួកអ្នកដែលបៀតបៀនទូលបង្គំ
ដ្បិតគេខ្លាំងពូកែជាងទូលបង្គំ!
7សូមនាំព្រលឹងទូលបង្គំចេញពីគុកផង
ដើម្បីឲ្យទូលបង្គំបានអរព្រះគុណ
ដល់ព្រះនាមព្រះអង្គ!
មនុស្សសុចរិតនឹងនៅព័ទ្ធជុំវិញទូលបង្គំ
ព្រោះព្រះអង្គនឹងប្រោសប្រណីដល់ទូលបង្គំ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 142: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies