ទំនុកតម្កើង 141

141
ពាក្យ​អធិស្ឋាន​សូម​ការ​ការ​ពារ​ពី​សេចក្ដី​អាក្រក់
ទំនុក​របស់​ស្ដេច​ដាវីឌ។
1ឱ​ព្រះ‌យេហូវ៉ា​អើយ
ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ
សូម​ប្រញាប់​យាង​មក​រក​ទូល‌បង្គំ
ពេល​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សំឡេង​ទូល‌បង្គំ​ផង!
2សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ
បាន​ដូច​ជា​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌អង្គ
ហើយ​ការ​លើក​ដៃ​ប្រណម្យ​របស់​ទូល‌បង្គំ
បាន​ដូច​ជា​យញ្ញ‌បូជា​នៅ​ពេល​ល្ងាច!
3៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ការពារ​មាត់​ទូល‌បង្គំ
សូម​ថែ‌រក្សា​ទ្វារ​បបូរ​មាត់​របស់​ទូល‌បង្គំ​ផង!
4សូម​កុំ​ឲ្យ​ចិត្ត​ទូល‌បង្គំ
ល្អៀង​ទៅ​ខាង​សេចក្ដី​អាក្រក់​ណា
ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មួយ​មនុស្ស
ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
ហើយ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​ទទួល​ទាន
ចំណី​ឆ្ងាញ់​របស់​គេ​ឡើយ!
5៙ សូម​ឲ្យ​មនុស្ស​សុចរិត​វាយ​ទូល‌បង្គំ​ចុះ
នោះ​នឹង​បាន​ជា​គុណ
សូម​ឲ្យ​គេ​ប្រដៅ​ទូល‌បង្គំ នោះ​នឹង​បាន​ដូចជា
ប្រេង​លាប​លើ​ក្បាល​ទូល‌បង្គំ
សូម​កុំ​ឲ្យ​ក្បាល​ទូលបង្គំ​ប្រកែក​ឡើយ។
ក៏​ប៉ុន្តែ ទូល‌បង្គំ​នៅ​តែ​បន្ដ​អធិស្ឋាន
ទាស់​នឹង​អំពើ​អាក្រក់របស់​មនុស្ស​ទុច្ចរិត។
6កាល​ពួក​ចៅ‌ក្រម​របស់​គេ
ត្រូវ​បោះ​ទម្លាក់​ទៅ​ក្នុង​ក្រហែង​ថ្ម
នោះ​គេ​នឹង​ឮ​ពាក្យ​របស់​ទូល‌បង្គំ
ដ្បិត​ពាក្យ​ទាំង​នោះ​គួរ​ឲ្យ​រីក​រាយ​ចិត្ត។
7កាល​គេ​ភ្ជួរ ហើយ​បំបែក​ដី​យ៉ាង​ណា
នោះ​ឆ្អឹង​យើង​ខ្ញុំ​ក៏​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ
នៅ​មាត់​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
យ៉ាង​នោះ​ដែរ។
8៙ ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ
ភ្នែក​ទូល‌បង្គំ​សម្លឹង​ទៅ​រក​ព្រះ‌អង្គ
ទូល‌បង្គំ​ស្វែង​រក​ទី​ពឹង​ជ្រក​នៅ​ក្នុង​ព្រះ‌អង្គ
សូម​កុំ​ទុក​ឲ្យ​ទូល‌បង្គំ​នៅ​តែល​តោល​ឡើយ!
9សូម​ការ​ពារ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អន្ទាក់
ដែល​គេ​បាន​ដាក់​សម្រាប់​ចាប់​ទូល‌បង្គំ
និង​ពី​អង្គប់​របស់​ពួក​អ្នក
ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ផង!
10សូម​ឲ្យ​មនុស្ស​អាក្រក់
ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន​គេ
តែ​ឲ្យ​ទូល‌បង្គំ​វិញ​នឹង​បាន​រួច​ផុត។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 141: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល