ជនគណនា 27:1-11

ជនគណនា 27:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​នាំ​គ្នា​ចូល​មក។ ស្លូផិហាត​ជា​កូន​របស់​ហេភើរ ហេភើរ​ជា​កូន​របស់​កាឡាដ កាឡាដ​ជា​កូន​ម៉ាគារ ម៉ាគារ​ជា​កូន​របស់​ម៉ាណា‌សេ ក្នុង​ពូជពង្ស​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​យ៉ូសែប។ ពួក​កូន​ស្រី​របស់​គាត់​មាន ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។ ពួកនាង​បាន​ឈរ​នៅ​ចំពោះ​មុខ​លោក​ម៉ូសេ សង្ឃ​អេលាសារ ពួក​អ្នក​ដឹក​នាំ និង​ក្រុម​ជំនុំ​ទាំង​អស់ នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ ហើយ​ពួកនាង​ពោល​ថា៖ «ឪពុក​យើង​ខ្ញុំ​បាន​ស្លាប់​នៅ​ទី​រហោ‌ស្ថាន គាត់​មិន​មែន​នៅ​ក្នុង​ចំណោម​ពួក​កូរេ ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ​ទេ គឺ​គាត់​បាន​ស្លាប់​ដោយ​ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់ ហើយ​គាត់​គ្មាន​កូន​ប្រុស​ទេ។ ហេតុ​អ្វី​បាន​ជា​ឈ្មោះ​ឪពុក​របស់​យើង​ខ្ញុំ​ត្រូវ​ដក​ចេញ​ពី​អំបូរ​របស់​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​ដូច្នេះ? សូម​ចែក​កេរ‌អាករ​ឲ្យ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​ក៏​នាំ​យក​រឿង​របស់​ពួក​នាង​ទៅ​ទូល​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​និយាយ​ត្រូវ។ អ្នក​ត្រូវ​ឲ្យ​ពួកនាង​មាន​កេរ‌អាករ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​ពួក​នាង​ផង ហើយ​ប្រគល់​កេរអាករ​របស់​ឪពុក​ពួក​នាង ទៅ​ពួកនាង​ទៅ។ អ្នក​ក៏​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ផង​ដែរ​ថា "ប្រសិន‌បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស នោះ​អ្នក​ត្រូវ​ប្រគល់​មត៌ក​របស់​អ្នក​នោះ​ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់។ ប្រសិន‌បើ​គាត់​គ្មាន​កូន​ស្រី​ទេ នោះ​ត្រូវ​ប្រគល់​មត៌ក​របស់​គាត់ ទៅ​ឲ្យ​បង​ប្អូន​របស់​គាត់។ ប្រសិន‌បើ​គ្មាន​បង​ប្អូន​ទេ នោះ​ត្រូវ​ប្រគល់​មត៌ក​របស់​គាត់ ទៅ​ឲ្យ​បង​ប្អូន​របស់​ឪពុក​គាត់។ ប្រសិន‌បើ​ឪពុក​របស់​គាត់​គ្មាន​បង​ប្អូន នោះ​ត្រូវ​ប្រគល់​មត៌ក​របស់​គាត់ ទៅ​ឲ្យ​សាច់​ញាតិ​ជិត​ជាង​គេ​ក្នុង​អំបូរ​របស់​គាត់ ហើយ​អ្នក​នោះ​នឹង​ទទួល​មត៌ក​នេះ។ សេចក្ដី​នេះ​ត្រូវ​ទុក​ជា​ច្បាប់​បញ្ញត្តិ​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ"»។

ចែក​រំលែក
អាន ជនគណនា 27

ជនគណនា 27:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត ជា​ចៅ​របស់​លោក​ហេភើរ ជា​ចៅ‌ទួត​របស់​លោក​កាឡាដ ក្នុង​អំបូរ​ម៉ាកៀរ​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប នាំ​គ្នា​ចូល​មក។ នាង​ទាំង​នោះ​ឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។ ពួក​នាង​ចូល​មក​ជួប​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពួក​នាង​ពោល​ថា៖ «ឪពុក​យើង​ខ្ញុំ​បាន​ទទួល​មរណ‌ភាព នៅ​វាល​រហោ‌ស្ថាន តែ​គាត់​ពុំ​បាន​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ ដើម្បី​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ឡើយ គឺ​គាត់​ស្លាប់ ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់។ ឪពុក​របស់​យើង​ខ្ញុំ​គ្មាន​កូន​ប្រុស​ទេ។ មិន​គួរ​ឲ្យ​ឈ្មោះ​របស់​ឪពុក​យើង​ខ្ញុំ ត្រូវ​លុប​បំបាត់​ពី​អំបូរ​របស់​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​នោះ​ឡើយ ហេតុ​នេះ សូម​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បងប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​នាំ​រឿង​ហេតុ​របស់​ពួក​នាង​ទៅ​ទូល​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កូន​ស្រី​របស់​ស្លូផិ‌ហាត​និយាយ​ត្រូវ​មែន។ ចូរ​ប្រគល់​ទឹក​ដី​មួយ​ចំណែក ក្នុង​ចំណោម​បងប្អូន​របស់​ឪពុក​ពួក​នាង ឲ្យ​ពួក​នាង គឺ​ចំណែក​មត៌ក​របស់​ឪពុក​ពួក​នាង នឹង​ត្រូវ​បាន​ទៅ​លើ​ពួក​នាង។ អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: “ប្រសិន​បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស​ទេ ចូរ​ប្រគល់​កេរ‌មត៌ក​របស់​អ្នក​នោះ​ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់។ ប្រសិន​បើ​គាត់​គ្មាន​កូន​ស្រី​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​ទៅ​ឲ្យ​បងប្អូន​របស់​គាត់។ ប្រសិន​បើ​គាត់​គ្មាន​បងប្អូន​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​ទៅ​ឲ្យ​បងប្អូន​ឪពុក​គាត់។ ប្រសិន​បើ​ឪពុក​របស់​គាត់​គ្មាន​បងប្អូន​ទេ ត្រូវ​ប្រគល់​កេរ‌មត៌ក​នោះ​ទៅ​ឲ្យ​សាច់‌ញាតិ​ណា​ម្នាក់ ដែល​ជិត​ជាង​គេ ក្នុង​អំបូរ​របស់​គាត់ គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទទួល‌មត៌ក​នេះ”»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​អនុវត្ត​តាម​គោល‌ការណ៍​នេះ​ទុក​ជា​ច្បាប់ ស្រប​នឹង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

ចែក​រំលែក
អាន ជនគណនា 27

ជនគណនា 27:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​កូន​ស្រី​ស្លូផិហាត ដែល​ជា​កូន​ហេភើរៗ​ជា​កូន​កាឡាតៗ​ជា​កូន​ម៉ាគារៗ ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​ម៉ាន៉ាសេ ដែល​គេ​ជា​កូន​ចៅ​យ៉ូសែប ឯ​កូន​ស្រី​របស់​គាត់​ទាំង​នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ នឹង​ធើសា​១ គេ​ក៏​នាំ​គ្នា​ចូល​មក​ឈរ​នៅ​ចំពោះ​មុខ​ម៉ូសេ នឹង​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នៅ​មុខ​អស់​អ្នក ដែល​ជា​កំពូល​លើ​ពួក​ជំនុំ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ជំរាប​ថា ឪពុក​យើង​ខ្ញុំ​បាន​ស្លាប់​ទៅ នៅ​ទី​រហោ‌ស្ថាន គាត់​មិន​មែន​ជា​ពួក​កូរេ​ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ​ទេ គឺ​គាត់​បាន​ស្លាប់​ដោយ​ព្រោះ​តែ​បាប​របស់​ខ្លួន​វិញ ហើយ​គាត់​គ្មាន​កូន​ប្រុស​សោះ ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​ឈ្មោះ​ឪពុក​យើង​ខ្ញុំ បាត់​ចេញ​ពី​ពួក​គ្រួ​គាត់​ទៅ ដោយ​ព្រោះ​តែ​គ្មាន​កូន​ប្រុស​ដូច្នេះ ហេតុ​នេះ សូម​ឲ្យ​យើង​ខ្ញុំ​បាន​កេរ‌អាករ នៅ​ជា​មួយ​នឹង​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង នោះ​ម៉ូសេ​ក៏​នាំ​យក​រឿង​គេ​ទៅ​ទូល​ដល់​ព្រះ‌យេហូវ៉ា។ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ពួក​កូន​ស្រី​ស្លូផិហាត​បាន​និយាយ​ត្រូវ ដូច្នេះ​ត្រូវ​ចែក​ឲ្យ​គេ​មាន​កេរ្តិ៍‌អាករ​នៅ​ជា​មួយ​នឹង​ពួក​បង​ប្អូន​របស់​ឪពុក​គេ​ផង ត្រូវ​ឲ្យ​គេ​បាន​មរដក​របស់​ឪពុក​គេ​ចុះ ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែរ​ថា បើ​អ្នក​ណា​ស្លាប់​ទៅ​ឥត​មាន​កូន​ប្រុស នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចែក​មរដក​របស់​អ្នក​នោះ​ដល់​កូន​ស្រី​គេ​ទៅ បើ​គ្មាន​កូន​ស្រី​ទេ នោះ​ត្រូវ​ឲ្យ​មរដក​គេ​ដល់​បង​ប្អូន​បង្កើត បើ​គ្មាន​បង​ប្អូន​បង្កើត នោះ​ត្រូវ​ឲ្យ​មរដក​ដល់​បង​ប្អូន​របស់​ឪពុក​គេ តែ​បើ​ឪពុក​គ្មាន​បង​ប្អូន នោះ​ត្រូវ​ឲ្យ​មរដក​គេ​ទៅ​អ្នក​ជិត‌ដិត​ជាង​ក្នុង​គ្រួ​គេ ឲ្យ​អ្នក​នោះ​ស៊ី​វិញ សេចក្ដី​នេះ​ត្រូវ​ទុក​ជា​ច្បាប់​បញ្ញត្ត​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

ចែក​រំលែក
អាន ជនគណនា 27

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ