ជនគណនា 27
27
ច្បាប់អំពីកេរមត៌កសម្រាប់កូនស្រី
1ពេលនោះ កូនស្រីរបស់លោកស្លូផិហាត ជាចៅរបស់លោកហេភើរ ជាចៅទួតរបស់លោកកាឡាដ ក្នុងអំបូរម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប នាំគ្នាចូលមក។ នាងទាំងនោះឈ្មោះ ម័សឡា ណូហា ហុកឡា មីលកា និងធើសា។ 2ពួកនាងចូលមកជួបលោកម៉ូសេ បូជាចារ្យអេឡាសារ ព្រមទាំងពួកមេដឹកនាំ និងសហគមន៍អ៊ីស្រាអែលទាំងមូល នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពួកនាងពោលថា៖ 3«ឪពុកយើងខ្ញុំបានទទួលមរណភាព នៅវាលរហោស្ថាន តែគាត់ពុំបានចូលដៃជាមួយបក្សពួករបស់លោកកូរេ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ គឺគាត់ស្លាប់ ព្រោះតែបាបរបស់គាត់ផ្ទាល់។ ឪពុករបស់យើងខ្ញុំគ្មានកូនប្រុសទេ។ 4មិនគួរឲ្យឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។
5លោកម៉ូសេនាំរឿងហេតុរបស់ពួកនាងទៅទូលព្រះអម្ចាស់។ 6ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 7 «កូនស្រីរបស់ស្លូផិហាតនិយាយត្រូវមែន។ ចូរប្រគល់ទឹកដីមួយចំណែក ក្នុងចំណោមបងប្អូនរបស់ឪពុកពួកនាង ឲ្យពួកនាង គឺចំណែកមត៌ករបស់ឪពុកពួកនាង នឹងត្រូវបានទៅលើពួកនាង។ 8អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: “ប្រសិនបើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូនប្រុសទេ ចូរប្រគល់កេរមត៌ករបស់អ្នកនោះទៅឲ្យកូនស្រីរបស់គាត់។ 9ប្រសិនបើគាត់គ្មានកូនស្រីទេ ត្រូវប្រគល់កេរមត៌កទៅឲ្យបងប្អូនរបស់គាត់។ 10ប្រសិនបើគាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កទៅឲ្យបងប្អូនឪពុកគាត់។ 11ប្រសិនបើឪពុករបស់គាត់គ្មានបងប្អូនទេ ត្រូវប្រគល់កេរមត៌កនោះទៅឲ្យសាច់ញាតិណាម្នាក់ ដែលជិតជាងគេ ក្នុងអំបូររបស់គាត់ គឺអ្នកនោះហើយដែលត្រូវទទួលមត៌កនេះ”»។ ជនជាតិអ៊ីស្រាអែលត្រូវអនុវត្តតាមគោលការណ៍នេះទុកជាច្បាប់ ស្របនឹងព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
លោកយ៉ូស្វេទទួលមុខងារជំនួសលោកម៉ូសេ
12 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងទៅលើភ្នំអាបារីម ហើយសម្លឹងមើលស្រុកដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែល។ 13អ្នកមើលឃើញស្រុកនេះ ប៉ុន្តែ អ្នកត្រូវទទួលមរណភាព ទៅជួបជុំនឹងសាច់ញាតិរបស់អ្នកវិញ ដូចអើរ៉ុនជាបងរបស់អ្នកដែរ 14ព្រោះអ្នកទាំងពីរបានប្រឆាំងនឹងបញ្ជារបស់យើង ក្នុងពេលដែលសហគមន៍នាំគ្នាបះបោរនៅវាលរហោស្ថានស៊ីន គឺអ្នករាល់គ្នាពុំបានសម្តែងឲ្យពួកគេឃើញភាពវិសុទ្ធរបស់យើង នៅពេលប្រជាជនបះបោរអំពីរឿងទឹកឡើយ»។ ប្រជាជនបានបះបោរអំពីរឿងទឹកនេះនៅកាដេស ក្នុងវាលរហោស្ថានស៊ីន។
15លោកម៉ូសេទូលព្រះអម្ចាស់ថា៖ 16«សូមព្រះអម្ចាស់ ជាព្រះនៃខ្យល់ដង្ហើមរបស់សត្វលោកទាំងអស់ មេត្តាតែងតាំងមនុស្សម្នាក់ឲ្យដឹកនាំសហគមន៍អ៊ីស្រាអែលផង។ 17 អ្នកនោះនឹងនាំមុខប្រជាជនចេញទៅច្បាំង ហើយនាំពួកគេត្រឡប់មកវិញ ដើម្បីកុំឲ្យសហគមន៍របស់ព្រះអម្ចាស់ប្រៀបបាននឹងហ្វូងចៀម ដែលគ្មានគង្វាលនោះឡើយ»។
18 ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូរនាំយ៉ូស្វេ ជាកូនរបស់នូន ជាមនុស្សដែលមានព្រះវិញ្ញាណគង់ជាមួយមក ហើយដាក់ដៃលើគាត់។ 19ចូរនាំគាត់ទៅឈរនៅមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល ហើយប្រកាសតែងតាំងគាត់ នៅចំពោះមុខពួកគេ។ 20ចូរផ្ទេរអំណាចរបស់អ្នកមួយចំណែកដល់គាត់ ឲ្យសហគមន៍អ៊ីស្រាអែលទាំងមូលដឹងឮផង។ 21 យ៉ូស្វេត្រូវឈរនៅមុខបូជាចារ្យអេឡាសារ ហើយពេលនោះ អេឡាសារត្រូវសួរយូរីម* ដើម្បីដឹងពីការសម្រេចរបស់ព្រះអម្ចាស់។ បន្ទាប់មក យ៉ូស្វេ និងសហគមន៍អ៊ីស្រាអែលទាំងមូលចេញទៅច្បាំង ឬត្រឡប់មកវិញ តាមបញ្ជារបស់អេឡាសារ»។ 22លោកម៉ូសេធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ លោកនាំលោកយ៉ូស្វេមកឈរនៅចំពោះមុខបូជាចារ្យអេឡាសារ និងសហគមន៍ទាំងមូល។ 23 លោកដាក់ដៃលើលោកយ៉ូស្វេ ដើម្បីប្រគល់តំណែងឲ្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 27: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.