ជន‌គណនា 27:1-11

ជន‌គណនា 27:1-11 គកស១៦

ពេល​នោះ ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​នាំ​គ្នា​ចូល​មក។ ស្លូផិហាត​ជា​កូន​របស់​ហេភើរ ហេភើរ​ជា​កូន​របស់​កាឡាដ កាឡាដ​ជា​កូន​ម៉ាគារ ម៉ាគារ​ជា​កូន​របស់​ម៉ាណា‌សេ ក្នុង​ពូជពង្ស​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​យ៉ូសែប។ ពួក​កូន​ស្រី​របស់​គាត់​មាន ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។ ពួកនាង​បាន​ឈរ​នៅ​ចំពោះ​មុខ​លោក​ម៉ូសេ សង្ឃ​អេលាសារ ពួក​អ្នក​ដឹក​នាំ និង​ក្រុម​ជំនុំ​ទាំង​អស់ នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ ហើយ​ពួកនាង​ពោល​ថា៖ «ឪពុក​យើង​ខ្ញុំ​បាន​ស្លាប់​នៅ​ទី​រហោ‌ស្ថាន គាត់​មិន​មែន​នៅ​ក្នុង​ចំណោម​ពួក​កូរេ ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ​ទេ គឺ​គាត់​បាន​ស្លាប់​ដោយ​ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់ ហើយ​គាត់​គ្មាន​កូន​ប្រុស​ទេ។ ហេតុ​អ្វី​បាន​ជា​ឈ្មោះ​ឪពុក​របស់​យើង​ខ្ញុំ​ត្រូវ​ដក​ចេញ​ពី​អំបូរ​របស់​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​ដូច្នេះ? សូម​ចែក​កេរ‌អាករ​ឲ្យ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​ក៏​នាំ​យក​រឿង​របស់​ពួក​នាង​ទៅ​ទូល​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​និយាយ​ត្រូវ។ អ្នក​ត្រូវ​ឲ្យ​ពួកនាង​មាន​កេរ‌អាករ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​ពួក​នាង​ផង ហើយ​ប្រគល់​កេរអាករ​របស់​ឪពុក​ពួក​នាង ទៅ​ពួកនាង​ទៅ។ អ្នក​ក៏​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ផង​ដែរ​ថា "ប្រសិន‌បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស នោះ​អ្នក​ត្រូវ​ប្រគល់​មត៌ក​របស់​អ្នក​នោះ​ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់។ ប្រសិន‌បើ​គាត់​គ្មាន​កូន​ស្រី​ទេ នោះ​ត្រូវ​ប្រគល់​មត៌ក​របស់​គាត់ ទៅ​ឲ្យ​បង​ប្អូន​របស់​គាត់។ ប្រសិន‌បើ​គ្មាន​បង​ប្អូន​ទេ នោះ​ត្រូវ​ប្រគល់​មត៌ក​របស់​គាត់ ទៅ​ឲ្យ​បង​ប្អូន​របស់​ឪពុក​គាត់។ ប្រសិន‌បើ​ឪពុក​របស់​គាត់​គ្មាន​បង​ប្អូន នោះ​ត្រូវ​ប្រគល់​មត៌ក​របស់​គាត់ ទៅ​ឲ្យ​សាច់​ញាតិ​ជិត​ជាង​គេ​ក្នុង​អំបូរ​របស់​គាត់ ហើយ​អ្នក​នោះ​នឹង​ទទួល​មត៌ក​នេះ។ សេចក្ដី​នេះ​ត្រូវ​ទុក​ជា​ច្បាប់​បញ្ញត្តិ​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ"»។

អាន ជន‌គណនា 27

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ