ជន‌គណនា 27

27
ពួក​កូន​ស្រី​របស់​លោក​ស្លូផិហាត
1ពេល​នោះ ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​នាំ​គ្នា​ចូល​មក។ ស្លូផិហាត​ជា​កូន​របស់​ហេភើរ ហេភើរ​ជា​កូន​របស់​កាឡាដ កាឡាដ​ជា​កូន​ម៉ាគារ ម៉ាគារ​ជា​កូន​របស់​ម៉ាណា‌សេ ក្នុង​ពូជពង្ស​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​យ៉ូសែប។ ពួក​កូន​ស្រី​របស់​គាត់​មាន ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។ 2ពួកនាង​បាន​ឈរ​នៅ​ចំពោះ​មុខ​លោក​ម៉ូសេ សង្ឃ​អេលាសារ ពួក​អ្នក​ដឹក​នាំ និង​ក្រុម​ជំនុំ​ទាំង​អស់ នៅ​ទ្វារ​ចូល​ត្រសាល​ជំនុំ ហើយ​ពួកនាង​ពោល​ថា៖ 3«ឪពុក​យើង​ខ្ញុំ​បាន​ស្លាប់​នៅ​ទី​រហោ‌ស្ថាន គាត់​មិន​មែន​នៅ​ក្នុង​ចំណោម​ពួក​កូរេ ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ​ទេ គឺ​គាត់​បាន​ស្លាប់​ដោយ​ព្រោះ​តែ​បាប​របស់​គាត់​ផ្ទាល់ ហើយ​គាត់​គ្មាន​កូន​ប្រុស​ទេ។ 4ហេតុ​អ្វី​បាន​ជា​ឈ្មោះ​ឪពុក​របស់​យើង​ខ្ញុំ​ត្រូវ​ដក​ចេញ​ពី​អំបូរ​របស់​គាត់ ព្រោះ​តែ​គាត់​គ្មាន​កូន​ប្រុស​ដូច្នេះ? សូម​ចែក​កេរ‌អាករ​ឲ្យ​យើង​ខ្ញុំ នៅ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង»។
5លោក​ម៉ូសេ​ក៏​នាំ​យក​រឿង​របស់​ពួក​នាង​ទៅ​ទូល​ព្រះ‌យេហូវ៉ា។ 6ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 7«ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​និយាយ​ត្រូវ។ អ្នក​ត្រូវ​ឲ្យ​ពួកនាង​មាន​កេរ‌អាករ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​ពួក​នាង​ផង ហើយ​ប្រគល់​កេរអាករ​របស់​ឪពុក​ពួក​នាង ទៅ​ពួកនាង​ទៅ។ 8អ្នក​ក៏​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ផង​ដែរ​ថា "ប្រសិន‌បើ​បុរស​ណា​ម្នាក់​ស្លាប់​ទៅ តែ​គ្មាន​កូន​ប្រុស នោះ​អ្នក​ត្រូវ​ប្រគល់​មត៌ក​របស់​អ្នក​នោះ​ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់។ 9ប្រសិន‌បើ​គាត់​គ្មាន​កូន​ស្រី​ទេ នោះ​ត្រូវ​ប្រគល់​មត៌ក​របស់​គាត់ ទៅ​ឲ្យ​បង​ប្អូន​របស់​គាត់។ 10ប្រសិន‌បើ​គ្មាន​បង​ប្អូន​ទេ នោះ​ត្រូវ​ប្រគល់​មត៌ក​របស់​គាត់ ទៅ​ឲ្យ​បង​ប្អូន​របស់​ឪពុក​គាត់។ 11ប្រសិន‌បើ​ឪពុក​របស់​គាត់​គ្មាន​បង​ប្អូន នោះ​ត្រូវ​ប្រគល់​មត៌ក​របស់​គាត់ ទៅ​ឲ្យ​សាច់​ញាតិ​ជិត​ជាង​គេ​ក្នុង​អំបូរ​របស់​គាត់ ហើយ​អ្នក​នោះ​នឹង​ទទួល​មត៌ក​នេះ។ សេចក្ដី​នេះ​ត្រូវ​ទុក​ជា​ច្បាប់​បញ្ញត្តិ​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ"»។
លោក​យ៉ូស្វេ​ទទួល​មុខ‌ងារ​បន្ត​ពី​លោក​ម៉ូសេ
12ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​ទៅ​លើ​ភ្នំ​អាបារីម​នេះ ហើយ​មើល​ទៅ​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល។ 13ពេល​អ្នក​បាន​ឃើញ​ស្រុក​នេះ​ហើយ នោះ​អ្នក​នឹង​បាន​ជួប​ជុំ​ជាមួយ​ដូនតា​របស់​អ្នក ដូច​អើរ៉ុន​ជា​បង​របស់​អ្នក​បាន​ទៅ​ជួប‌ជុំ​ដែរ 14ព្រោះ​អ្នក​បាន​បះបោរ​ប្រឆាំង​នឹង​ពាក្យ​របស់​យើង នៅ​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ពេល​ក្រុម​ជំនុំ​ឈ្លោះ​ជា‌មួយ​យើង ។ អ្នក​មិន​បាន​សម្ដែង​ឲ្យ​ពួកគេ​ឃើញ​ពី​ភាព​បរិសុទ្ធ​របស់​យើង​នៅ​ចំពោះ​មុខ​ពួកគេ នៅ​កន្លែង​ទឹក​ឡើយ»។ (គឺ​ជា​ទឹក​មេរីបា នៅ​ស្រុក​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន)។
15លោក​ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ 16«សូម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​វិញ្ញាណ​របស់​មនុស្ស​ទាំង​អស់ តែង​តាំង​មនុស្ស​ម្នាក់​ឲ្យ​ដឹក​នាំ​លើ​ក្រុម​ជំនុំ​នេះ​ទៅ 17ជា​អ្នក​ដែល​នឹង​ចេញ​ទៅ​នៅ​មុខ​ពួកគេ ហើយ​ចូល​មក​វិញ​នៅ​មុខ​ពួកគេ ជា​អ្នក​ដែល​នាំ​ពួកគេ​ចេញ​ទៅ ហើយ​នាំ​ពួកគេ​ចូល​មក​វិញ ដើម្បី​កុំ​ឲ្យ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា ត្រឡប់​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​គង្វាល​នោះ​ឡើយ»។ 18ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​នាំ​យ៉ូស្វេ កូន​របស់​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​គាត់ 19ចូរ​ឲ្យ​គាត់​ឈរ​នៅ​មុខ​សង្ឃ​អេលាសារ និង​ក្រុម​ជំនុំ​ទាំង​អស់ រួច​ត្រូវ​ប្រគល់​មុខ​ងារ​ដល់​គាត់ នៅ​ចំពោះ​មុខ​ពួកគេ។ 20អ្នក​ត្រូវ​ប្រគល់​អំណាច​របស់​អ្នក​ដល់​គាត់ ដើម្បី​ឲ្យ​ក្រុមជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ប្រតិ‌បត្តិ​តាម។ 21ប៉ុន្ដែ ត្រូវ​ឲ្យ​គាត់​ឈរ​នៅ​មុខ​សង្ឃ​អេលាសារ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជំនួស​គាត់ ដោយ‌សារ​ការ​សម្រេច​របស់​យូរីម។ គឺ​តាម​បង្គាប់​របស់​អេលាសារ គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​គាត់ គេ​ត្រូវ​ចូល​មក​វិញ គឺ​ទាំង​យ៉ូស្វេ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ជា‌មួយ គឺ​ក្រុម​ជំនុំ​ទាំង​មូល»។ 22លោក​ម៉ូសេ​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។ គាត់​បាន​នាំ​យ៉ូស្វេ​មក​ឈរ​នៅ​ចំពោះ​មុខ​សង្ឃ​អេលាសារ និង​ក្រុម​ជំនុំ​ទាំង​មូល 23គាត់​ដាក់​ដៃ​លើ​យ៉ូស្វេ ហើយ​ប្រគល់​មុខ​ងារ​ដល់​គាត់ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​តាមរយៈ​លោក​ម៉ូសេ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា 27: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល