ទំនុកតម្កើង 30
30
អំណរនៅពេលព្រឹក
បទតម្កើងរបស់ដាវីឌ ជាចម្រៀងនៃពិធីឆ្លងព្រះវិហារ។
1ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ!
ដ្បិតព្រះអង្គបានស្រង់ទូលបង្គំចេញ
ហើយមិនបានឲ្យពួកសត្រូវរបស់ទូលបង្គំអរសប្បាយលើទូលបង្គំឡើយ។
2ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំបានស្រែករកជំនួយទៅកាន់ព្រះអង្គ
នោះព្រះអង្គក៏ប្រោសទូលបង្គំឲ្យជា!
3ព្រះយេហូវ៉ាអើយ ព្រះអង្គបានយកព្រលឹងរបស់ទូលបង្គំចេញពីស្ថានមនុស្សស្លាប់
ព្រះអង្គបានរក្សាជីវិតទូលបង្គំ កុំឲ្យចុះទៅរណ្ដៅមរណៈ!
4វិសុទ្ធជនរបស់ព្រះយេហូវ៉ាអើយ
ចូរច្រៀងសរសើរតម្កើងព្រះអង្គ
ចូរអរព្រះគុណដល់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ!
5ដ្បិតព្រះពិរោធរបស់ព្រះអង្គនៅតែមួយភ្លែត
រីឯសេចក្ដីសន្ដោសរបស់ព្រះអង្គនៅអស់មួយជីវិត;
មានការយំសោកនៅជាប់អស់មួយយប់ ប៉ុន្តែព្រឹកឡើងមានសម្រែកហ៊ោសប្បាយវិញ។
6ចំណែកឯទូលបង្គំវិញ កាលទូលបង្គំមានសេចក្ដីសុខស្រួល
ទូលបង្គំបាននិយាយថា៖ “ទូលបង្គំនឹងមិនរង្គើជារៀងរហូត”។
7ព្រះយេហូវ៉ាអើយ
ដោយសេចក្ដីសន្ដោសរបស់ព្រះអង្គ ព្រះអង្គបានធ្វើឲ្យភ្នំរបស់ទូលបង្គំឈរមាំ#30:7 ព្រះអង្គបានធ្វើឲ្យភ្នំរបស់ទូលបង្គំឈរមាំ―ឬ “ព្រះអង្គបានធ្វើឲ្យទូលបង្គំឈរ ដូចភ្នំដ៏រឹងមាំ”។។
កាលព្រះអង្គលាក់ព្រះភក្ត្ររបស់ព្រះអង្គ ទូលបង្គំបានតក់ស្លុត!
8ព្រះយេហូវ៉ាអើយ ទូលបង្គំស្រែកហៅព្រះអង្គ
ហើយទូលអង្វរព្រះអម្ចាស់ថា៖
9“តើចំណេញអ្វីក្នុងការបង្ហូរឈាមទូលបង្គំ នៅពេលទូលបង្គំចុះទៅក្នុងរណ្ដៅមរណៈ?
តើធូលីនឹងអរព្រះគុណព្រះអង្គឬ?
តើវានឹងប្រកាសសេចក្ដីពិតត្រង់របស់ព្រះអង្គឬ?
10ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ ហើយមេត្តាដល់ទូលបង្គំផង!
ព្រះយេហូវ៉ាអើយ សូមធ្វើជាអ្នកជួយដល់ទូលបង្គំផង!”។
11ព្រះអង្គបានផ្លាស់ការទួញសោករបស់ទូលបង្គំឲ្យទៅជាការរាំសប្បាយ
ហើយបានដោះក្រណាត់ធ្មៃរបស់ទូលបង្គំចេញ
ក៏បានក្រវាត់ទូលបង្គំដោយអំណរវិញ
12ដើម្បីឲ្យព្រលឹង#30:12 ព្រលឹង―ន័យត្រង់គឺ “សិរីរុងរឿង”។របស់ទូលបង្គំបានច្រៀងសរសើរតម្កើងព្រះអង្គ
គឺមិននៅស្ងៀមឡើយ។
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត!៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 30: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative