ទំនុកតម្កើង 30

30
អំណរនៅពេលព្រឹក
បទតម្កើង​របស់​ដាវីឌ ជា​ចម្រៀង​នៃ​ពិធីឆ្លង​ព្រះវិហារ​។
1ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ​!
ដ្បិត​ព្រះអង្គ​បាន​ស្រង់​ទូលបង្គំ​ចេញ
ហើយ​មិន​បាន​ឲ្យ​ពួក​សត្រូវ​របស់ទូលបង្គំ​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ​។
2ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ
ទូលបង្គំ​បាន​ស្រែករកជំនួយ​ទៅកាន់​ព្រះអង្គ
នោះ​ព្រះអង្គ​ក៏​ប្រោស​ទូលបង្គំ​ឲ្យជា​!
3ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​យក​ព្រលឹង​របស់ទូលបង្គំ​ចេញ​ពី​ស្ថានមនុស្សស្លាប់
ព្រះអង្គ​បាន​រក្សាជីវិត​ទូលបង្គំ កុំឲ្យ​ចុះទៅ​រណ្ដៅមរណៈ​!
4វិសុទ្ធជន​របស់​ព្រះយេហូវ៉ា​អើយ
ចូរ​ច្រៀងសរសើរតម្កើង​ព្រះអង្គ
ចូរ​អរព្រះគុណ​ដល់​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ​!
5ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​នៅតែ​មួយភ្លែត
រីឯ​សេចក្ដីសន្ដោស​របស់ព្រះអង្គ​នៅ​អស់មួយជីវិត​;
មាន​ការយំសោក​នៅជាប់​អស់​មួយ​យប់ ប៉ុន្តែ​ព្រឹកឡើង​មាន​សម្រែកហ៊ោសប្បាយ​វិញ​។
6ចំណែកឯ​ទូលបង្គំ​វិញ កាល​ទូលបង្គំ​មាន​សេចក្ដីសុខស្រួល
ទូលបង្គំ​បាន​និយាយថា​៖ “ទូលបង្គំ​នឹង​មិន​រង្គើ​ជារៀងរហូត”។
7ព្រះយេហូវ៉ា​អើយ
ដោយ​សេចក្ដីសន្ដោស​របស់ព្រះអង្គ ព្រះអង្គ​បាន​ធ្វើឲ្យ​ភ្នំ​របស់ទូលបង្គំ​ឈរ​មាំ#30:7 ព្រះអង្គ​បានធ្វើ​ឲ្យ​ភ្នំ​របស់​ទូលបង្គំ​ឈរ​មាំ―ឬ “ព្រះអង្គ​បានធ្វើ​ឲ្យទូលបង្គំ​ឈរ ដូចភ្នំ​ដ៏រឹង​មាំ”។​។
កាល​ព្រះអង្គ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ទូលបង្គំ​បាន​តក់ស្លុត​!
8ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ
ហើយ​ទូល​អង្វរ​ព្រះអម្ចាស់​ថា​៖
9“តើ​ចំណេញ​អ្វី​ក្នុង​ការបង្ហូរឈាម​ទូលបង្គំ នៅពេល​ទូលបង្គំ​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​?
តើ​ធូលី​នឹង​អរព្រះគុណ​ព្រះអង្គ​ឬ​?
តើ​វា​នឹង​ប្រកាស​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ឬ​?
10ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង​!
ព្រះយេហូវ៉ា​អើយ សូម​ធ្វើជា​អ្នកជួយ​ដល់​ទូលបង្គំ​ផង​!”។
11ព្រះអង្គ​បាន​ផ្លាស់​ការទួញសោក​របស់ទូលបង្គំ​ឲ្យទៅជា​ការរាំសប្បាយ
ហើយ​បាន​ដោះ​ក្រណាត់ធ្មៃ​របស់ទូលបង្គំ​ចេញ
ក៏​បាន​ក្រវាត់​ទូលបង្គំ​ដោយ​អំណរ​វិញ
12ដើម្បីឲ្យ​ព្រលឹង#30:12 ព្រលឹង―ន័យត្រង់គឺ “សិរីរុងរឿង”។​របស់ទូលបង្គំ​បាន​ច្រៀងសរសើរតម្កើង​ព្រះអង្គ
គឺ​មិន​នៅស្ងៀម​ឡើយ​។
ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ
ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ជារៀងរហូត​!​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 30: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល