ទំនុកតម្កើង 20
20
អធិស្ឋានសុំព្រះឲ្យសង្គ្រោះអ្នកដែលត្រូវបានចាក់ប្រេងអភិសេក
បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង។
1សូមឲ្យព្រះយេហូវ៉ាឆ្លើយតបនឹងព្រះករុណានៅថ្ងៃនៃទុក្ខវេទនា
សូមឲ្យព្រះនាមរបស់ព្រះនៃយ៉ាកុបលើកព្រះករុណាឲ្យរួចផុត។
2សូមឲ្យព្រះអង្គចាត់ជំនួយពីទីវិសុទ្ធមកឯព្រះករុណា
ហើយទ្រទ្រង់ព្រះករុណាពីស៊ីយ៉ូន។
3សូមឲ្យព្រះអង្គនឹកចាំអស់ទាំងតង្វាយរបស់ព្រះករុណា
ហើយទទួលតង្វាយដុតរបស់ព្រះករុណាដែរ។
សេឡា
4សូមឲ្យព្រះអង្គប្រទានដល់ព្រះករុណាតាមបំណងចិត្តព្រះករុណា
ហើយបំពេញគ្រប់ទាំងផែនការរបស់ព្រះករុណាឲ្យសម្រេច។
5សូមឲ្យយើងខ្ញុំបានស្រែកហ៊ោសប្បាយចំពោះសេចក្ដីសង្គ្រោះដល់ព្រះករុណា
ហើយលើកទង់ជ័យឡើងនៅក្នុងព្រះនាមរបស់ព្រះនៃយើងខ្ញុំ។
សូមឲ្យព្រះយេហូវ៉ាបំពេញអស់ទាំងសំណូមរបស់ព្រះករុណាឲ្យសម្រេច។
6ឥឡូវនេះ ខ្ញុំបានដឹងហើយថា
ព្រះយេហូវ៉ានឹងសង្គ្រោះអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ;
ព្រះអង្គនឹងឆ្លើយតបនឹងព្រះរាជាពីស្ថានសួគ៌ដ៏វិសុទ្ធរបស់ព្រះអង្គ
ដោយព្រះចេស្ដានៃសេចក្ដីសង្គ្រោះនៅព្រះហស្តស្ដាំរបស់ព្រះអង្គ។
7អ្នកខ្លះទុកចិត្តលើរទេះចម្បាំង អ្នកខ្លះទុកចិត្តលើសេះ
រីឯយើងវិញ យើងទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃយើង។
8គេបានលុតចុះ ហើយដួល
រីឯយើងវិញ យើងបានក្រោកឡើង ហើយឈរត្រង់។
9ព្រះយេហូវ៉ាអើយ សូមសង្គ្រោះផង!
សូមឲ្យព្រះមហាក្សត្រឆ្លើយមកយើងខ្ញុំនៅថ្ងៃដែលយើងខ្ញុំស្រែកហៅ#20:9 សូមសង្គ្រោះផង! សូមឲ្យព្រះមហាក្សត្រឆ្លើយមកយើងខ្ញុំនៅថ្ងៃដែលយើងខ្ញុំស្រែកហៅ―ឬ “សូមសង្គ្រោះព្រះរាជាផង! សូមឲ្យព្រះអង្គឆ្លើយមកយើងខ្ញុំនៅថ្ងៃដែលយើងខ្ញុំស្រែកហៅ”។៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 20: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative