ទំនុកតម្កើង 19

19
ការនិម្មិតបង្កើត និងក្រឹត្យវិន័យរបស់ព្រះ
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង​។
1ផ្ទៃមេឃ​ថ្លែង​អំពី​សិរីរុងរឿង​របស់​ព្រះ
លំហអាកាស​ប្រកាស​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។
2មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ វា​បញ្ចេញ​វាចា
មួយ​យប់​ទៅ​មួយ​យប់ វា​សម្ដែង​ចំណេះដឹង​។
3គ្មាន​ពាក្យសម្ដី គ្មាន​ភាសា
ហើយក៏​មិន​ឮ​សំឡេង​របស់វា​ឡើយ
4ប៉ុន្តែ​សូរ​របស់វា​ចេញ​ទៅ​ពាសពេញ​ផែនដី
ហើយ​ពាក្យពេចន៍​របស់វា​ចេញ​ទៅដល់​ចុងបំផុត​នៃ​ផែនដី​។
នៅក្នុង​វា ព្រះអង្គ​បាន​ដាក់​រោង​សម្រាប់​ព្រះអាទិត្យ
5ដែល​ចេញមក ដូច​កូនកំលោះ​ចេញពី​បន្ទប់​របស់ខ្លួន
ហើយ​រីករាយ ដូច​មនុស្ស​ខ្លាំងពូកែ​រត់តាម​ផ្លូវ​។
6ព្រះអាទិត្យ​រះ​ពី​ជើងមេឃម្ខាង ហើយ​ចលនាជុំវិញ​របស់វា​ទៅដល់​ជើងមេឃម្ខាង​ទៀត
គ្មានអ្វី​លាក់បាំង​ពី​កម្ដៅ​វា​ឡើយ​។
7ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​គ្រប់លក្ខណ៍ ធ្វើឲ្យ​ព្រលឹង​ស្រស់ស្រាយឡើងវិញ
សេចក្ដីបន្ទាល់​របស់​ព្រះយេហូវ៉ា​ពិតប្រាកដ ធ្វើឲ្យ​មនុស្សខ្វះចំណេះដឹង​មានប្រាជ្ញា
8ច្បាប់តម្រា​របស់​ព្រះយេហូវ៉ា​ទៀងត្រង់ ធ្វើឲ្យ​ចិត្ត​អរសប្បាយ
សេចក្ដីបង្គាប់​របស់​ព្រះយេហូវ៉ា​បរិសុទ្ធ ទាំង​បំភ្លឺ​ភ្នែក​។
9ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​សេចក្ដី​បរិសុទ្ធ ទាំង​នៅស្ថិតស្ថេរ​ជារៀងរហូត
ច្បាប់​របស់​ព្រះយេហូវ៉ា​ជា​សេចក្ដីពិត ទាំង​សុចរិតយុត្តិធម៌​គ្រប់ជំពូក​។
10សេចក្ដីទាំងនោះ​គួរឲ្យប្រាថ្នា​ជាង​មាស គឺ​លើសជាង​មាសសុទ្ធ​ជាច្រើន
ហើយ​ផ្អែម​ជាង​ទឹកឃ្មុំ និង​តំណក់ទឹកឃ្មុំ​ពី​ផ្លិតឃ្មុំ​ទៅទៀត​។
11លើសពីនេះទៅទៀត បាវបម្រើ​របស់ព្រះអង្គ
ត្រូវបាន​ដាស់តឿន​តាមរយៈ​សេចក្ដីទាំងនេះ
ហើយ​ដែល​កាន់តាម​សេចក្ដីទាំងនេះ​មាន​រង្វាន់​យ៉ាងធំ​។
12តើ​នរណា​អាច​យល់ច្បាស់​នូវ​កំហុស​របស់ខ្លួន​បាន​?
សូម​លើកលែងទោស​ទូលបង្គំ​ពី​កំហុស​លាក់កំបាំង​ផង​។
13សូម​ឃាត់​បាវបម្រើ​របស់ព្រះអង្គ​ពី​បាប​ឥតកោតក្រែង​ដែរ
សូម​កុំឲ្យ​វា​គ្រប់គ្រង​លើ​ទូលបង្គំ​ឡើយ
នោះ​ទូលបង្គំ​នឹង​បាន​គ្រប់លក្ខណ៍ ហើយ​បាន​រួច​ពី​ការបំពាន​ដ៏ធំ​។
14ព្រះយេហូវ៉ា​ដ៏ជា​ថ្មដា និង​ជា​ព្រះប្រោសលោះ​នៃទូលបង្គំ​អើយ
សូមឲ្យ​សម្ដី​ពី​មាត់​ទូលបង្គំ និង​ការសញ្ជឹងគិត​នៃ​ចិត្ត​ទូលបង្គំ
បានជា​ទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​ផង​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 19: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល