ទំនុកតម្កើង 18
18
ព្រះជាកម្លាំង និងជាថ្មដារបស់ខ្ញុំ
បទតម្កើង#18:0 បទតម្កើង―ជាពាក្យជំនួយ។របស់ដាវីឌបាវបម្រើរបស់ព្រះយេហូវ៉ា សម្រាប់អ្នកដឹកនាំចម្រៀង។ គាត់បានទូលពាក្យនៃចម្រៀងនេះដល់ព្រះយេហូវ៉ា នៅគ្រាដែលព្រះយេហូវ៉ាបានរំដោះគាត់ពីកណ្ដាប់ដៃរបស់សត្រូវទាំងអស់ និងពីកណ្ដាប់ដៃរបស់សូល។ គាត់ទូលថា៖
1ព្រះយេហូវ៉ាដ៏ជាកម្លាំងនៃទូលបង្គំអើយ
ទូលបង្គំស្រឡាញ់ព្រះអង្គ!
2ព្រះយេហូវ៉ាជាថ្មដារបស់ខ្ញុំ ជាបន្ទាយរបស់ខ្ញុំ និងជាព្រះរំដោះរបស់ខ្ញុំ។
ព្រះរបស់ខ្ញុំជាថ្មដារបស់ខ្ញុំ ខ្ញុំជ្រកកោនក្នុងព្រះអង្គ!
ព្រះអង្គជាខែលរបស់ខ្ញុំ ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំ និងជាទីពឹងជ្រករបស់ខ្ញុំ។
3ខ្ញុំស្រែកហៅព្រះយេហូវ៉ាដែលស័ក្ដិសមនឹងសរសើរតម្កើង
នោះខ្ញុំក៏ត្រូវបានសង្គ្រោះចេញពីសត្រូវរបស់ខ្ញុំ។
4ចំណងនៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ
ហើយជំនន់នៃសេចក្ដីចង្រៃ#18:4 សេចក្ដីចង្រៃ―ន័យត្រង់គឺ “បេលាល”។ក៏បំភ័យខ្ញុំ;
5ចំណងនៃស្ថានមនុស្សស្លាប់បានព័ទ្ធជុំវិញខ្ញុំ
អន្ទាក់នៃសេចក្ដីស្លាប់បានប្រឈមមុខនឹងខ្ញុំ។
6ក្នុងទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្រែកហៅព្រះយេហូវ៉ា
ខ្ញុំបានស្រែករកជំនួយពីព្រះរបស់ខ្ញុំ
នោះព្រះអង្គបានសណ្ដាប់សំឡេងរបស់ខ្ញុំពីព្រះវិហាររបស់ព្រះអង្គ
ហើយសម្រែករបស់ខ្ញុំក៏ចូលទៅក្នុងព្រះកាណ៌របស់ព្រះអង្គ។
7ពេលនោះ ផែនដីក៏រង្គើ ហើយរញ្ជួយ
រីឯគ្រឹះនៃភ្នំនានាក៏ញ័រ ហើយកក្រើក
ដោយសារព្រះអង្គទ្រង់ព្រះពិរោធ។
8ផ្សែងបានហុយចេញមកពីព្រះនាសា#18:8 ព្រះនាសា―ពាក្យរាជសព្ទមានន័យថា “ច្រមុះ”។របស់ព្រះអង្គ
ភ្លើងដែលស៊ីបំផ្លាញចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ
ហើយរងើកភ្លើងដែលឆេះឡើងក៏ចេញមកពីព្រះអង្គ។
9ព្រះអង្គបង្អោនផ្ទៃមេឃ ហើយយាងចុះមក
ដោយមានភាពងងឹតដ៏ក្រាស់នៅក្រោមព្រះបាទារបស់ព្រះអង្គ។
10ព្រះអង្គហោះដោយជិះលើចេរ៉ូប
ហើយសំកាំងឡើងដោយស្លាបនៃខ្យល់។
11ព្រះអង្គទ្រង់យកភាពងងឹតធ្វើជាទីលាក់កំបាំងរបស់ព្រះអង្គ
ព្រះអង្គទ្រង់យកភាពងងឹតនៃទឹក គឺពពកដ៏ក្រាស់ធ្វើជាពន្លានៅជុំវិញព្រះអង្គ។
12មានដុំទឹកកក និងរងើកភ្លើងចេញពីរស្មីនៅចំពោះព្រះអង្គ ធ្លាយកាត់ពពកដ៏ក្រាស់#18:12 មានដុំទឹកកក និងរងើកភ្លើងចេញពីរស្មីនៅចំពោះព្រះអង្គ ធ្លាយកាត់ពពកដ៏ក្រាស់―ឬ “មានពពកដ៏ក្រាស់ ដុំទឹកកក និងរងើកភ្លើង ចេញមកពីរស្មីនៅចំពោះព្រះអង្គ”។។
13ព្រះយេហូវ៉ាបញ្ចេញផ្គរលាន់នៅលើមេឃ
ព្រះដ៏ខ្ពស់បំផុតបញ្ចេញព្រះសូរសៀងរបស់ព្រះអង្គ ព្រមទាំងដុំទឹកកក និងរងើកភ្លើង។
14ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ហើយកម្ចាត់កម្ចាយពួកសត្រូវ
ព្រះអង្គបាញ់ផ្លេកបន្ទោរ ហើយធ្វើឲ្យពួកគេជ្រួលច្របល់។
15ព្រះយេហូវ៉ាអើយ បាតផ្លូវទឹកបានលេចឡើង
ហើយគ្រឹះនៃផែនដីត្រូវបានលាតត្រដាង
ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ
និងសន្ទុះដង្ហើមនៃព្រះនាសារបស់ព្រះអង្គ។
16ព្រះអង្គលូកព្រះហស្តពីស្ថានដ៏ខ្ពស់ ហើយចាប់ខ្ញុំ
ព្រះអង្គស្រង់ខ្ញុំចេញពីទឹកដ៏ច្រើន។
17ព្រះអង្គបានរំដោះខ្ញុំពីសត្រូវដ៏ខ្លាំងពូកែ និងពីពួកដែលស្អប់ខ្ញុំ
ដ្បិតពួកគេខ្លាំងជាងខ្ញុំ។
18ពួកគេប្រឈមមុខនឹងខ្ញុំនៅថ្ងៃនៃសេចក្ដីអន្តរាយរបស់ខ្ញុំ
ប៉ុន្តែព្រះយេហូវ៉ាជាពំនឹងរបស់ខ្ញុំ។
19ព្រះអង្គទ្រង់នាំខ្ញុំចេញមកទីធំទូលាយ
ព្រះអង្គរំដោះខ្ញុំ ដោយព្រោះព្រះអង្គសព្វព្រះហឫទ័យនឹងខ្ញុំ។
20ព្រះយេហូវ៉ាបានប្រព្រឹត្តដល់ខ្ញុំតាមសេចក្ដីសុចរិតរបស់ខ្ញុំ
ព្រះអង្គបានតបស្នងដល់ខ្ញុំតាមភាពបរិសុទ្ធនៃដៃរបស់ខ្ញុំ។
21ដ្បិតខ្ញុំបានកាន់តាមមាគ៌ារបស់ព្រះយេហូវ៉ា
ហើយមិនបានចាកចោលព្រះរបស់ខ្ញុំដោយធ្វើអាក្រក់ឡើយ។
22ជាការពិត អស់ទាំងច្បាប់របស់ព្រះអង្គនៅចំពោះខ្ញុំ
ហើយខ្ញុំមិនបានបង្វែរបទបញ្ញត្តិរបស់ព្រះអង្គចេញពីខ្ញុំឡើយ។
23ខ្ញុំបានគ្រប់លក្ខណ៍នៅចំពោះព្រះអង្គ
ហើយបានរក្សាខ្លួនពីអំពើទុច្ចរិតរបស់ខ្ញុំ។
24ដោយហេតុនេះ ព្រះយេហូវ៉ាបានតបស្នងដល់ខ្ញុំតាមសេចក្ដីសុចរិតរបស់ខ្ញុំ
តាមភាពបរិសុទ្ធនៃដៃរបស់ខ្ញុំនៅចំពោះព្រះនេត្ររបស់ព្រះអង្គ។
25ចំពោះមនុស្សស្មោះត្រង់ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកស្មោះត្រង់
ចំពោះមនុស្សគ្រប់លក្ខណ៍ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកគ្រប់លក្ខណ៍
26ចំពោះមនុស្សបរិសុទ្ធ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកបរិសុទ្ធ
រីឯចំពោះមនុស្សវៀចវេរ ព្រះអង្គសម្ដែងអង្គទ្រង់ជាអ្នកវៀចវេរ។
27ដ្បិតគឺព្រះអង្គហើយ ដែលសង្គ្រោះប្រជារាស្ត្រដែលបន្ទាបខ្លួន
ប៉ុន្តែព្រះអង្គបន្ទាបអស់ទាំងភ្នែកដែលឆ្មើងឆ្មៃ។
28គឺព្រះអង្គហើយ ដែលអុជចង្កៀងរបស់ទូលបង្គំ
គឺព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំហើយ ដែលបំភ្លឺសេចក្ដីងងឹតរបស់ទូលបង្គំ។
29មែនហើយ ដោយនូវព្រះអង្គ ទូលបង្គំអាចវាយលុកទ័ពខ្មាំងសត្រូវ#18:29 វាយលុកទ័ពខ្មាំងសត្រូវ―ឬ “រត់កាត់របាំង”។
ដោយនូវព្រះនៃទូលបង្គំ ទូលបង្គំអាចលោតរំលងកំពែងក្រុងបាន។
30រីឯព្រះមួយអង្គនេះ មាគ៌ារបស់ព្រះអង្គគ្រប់លក្ខណ៍
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាត្រូវបានពិសោធ
ព្រះអង្គជាខែលដល់អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ។
31ដ្បិតតើនរណាជាព្រះ ក្រៅពីព្រះយេហូវ៉ា?
តើនរណាជាថ្មដា ក្រៅពីព្រះរបស់យើង?
32គឺព្រះមួយអង្គនេះ ដែលក្រវាត់ខ្ញុំដោយកម្លាំង
ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍
33ដែលធ្វើឲ្យជើងរបស់ខ្ញុំបានដូចជើងក្ដាន់ញី
ហើយធ្វើឲ្យខ្ញុំឈរនៅលើកន្លែងខ្ពស់
34ដែលបង្វឹកដៃរបស់ខ្ញុំសម្រាប់ចម្បាំង
ហើយធ្វើឲ្យដើមដៃរបស់ខ្ញុំអាចយឹតធ្នូលង្ហិនបាន។
35ព្រះអង្គអើយ ព្រះអង្គបានប្រទានខែលនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គដល់ទូលបង្គំ
ព្រះហស្តស្ដាំរបស់ព្រះអង្គទ្រទូលបង្គំ
ហើយភាពរាបសា#18:35 ភាពរាបសា―ឬ “ការបន្ទាបខ្លួន”។របស់ព្រះអង្គធ្វើឲ្យទូលបង្គំបានចម្រើនឡើង។
36ព្រះអង្គពង្រីកដីនៅក្រោមទូលបង្គំ សម្រាប់ជំហានរបស់ទូលបង្គំ
ដូច្នេះកជើងរបស់ទូលបង្គំមិនបានញញីញញ័រឡើយ។
37ទូលបង្គំដេញតាមខ្មាំងសត្រូវរបស់ទូលបង្គំ ហើយទាន់ពួកគេ
ទូលបង្គំមិនត្រឡប់មកវិញឡើយ រហូតទាល់តែបានបំផ្លាញពួកគេអស់។
38ទូលបង្គំចាក់ទម្លុះពួកគេ ធ្វើឲ្យពួកគេក្រោកឡើងមិនបានឡើយ
ពួកគេដួលនៅក្រោមជើងរបស់ទូលបង្គំ។
39ព្រះអង្គបានក្រវាត់ទូលបង្គំដោយកម្លាំងសម្រាប់ចម្បាំង
ព្រះអង្គធ្វើឲ្យពួកអ្នកតតាំងនឹងទូលបង្គំលុតចុះនៅក្រោមទូលបង្គំ។
40ព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវរបស់ទូលបង្គំបែរខ្នងមកទូលបង្គំ
នោះទូលបង្គំក៏បំផ្លាញជីវិតពួកអ្នកដែលស្អប់ទូលបង្គំ។
41ពួកគេស្រែករកជំនួយ ប៉ុន្តែគ្មានអ្នកណាសង្គ្រោះពួកគេសោះ
ពួកគេស្រែករកជំនួយទៅកាន់ព្រះយេហូវ៉ា ប៉ុន្តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។
42ទូលបង្គំកម្ទេចពួកគេដូចធូលីនៅមុខខ្យល់
ទូលបង្គំចាក់ពួកគេចោលដូចភក់តាមផ្លូវ។
43ព្រះអង្គបានរំដោះទូលបង្គំពីជម្លោះរបស់បណ្ដាជន
ព្រះអង្គបានតែងតាំងទូលបង្គំជាមេនៃប្រជាជាតិនានា
ជាតិសាសន៍ដែលទូលបង្គំមិនបានស្គាល់ បម្រើទូលបង្គំ។
44កាលណាពួកគេឮ ពួកគេក៏ស្ដាប់តាមទូលបង្គំ;
ជនបរទេសខ្លាចរួញខ្លួននៅចំពោះទូលបង្គំ។
45ជនបរទេសបាក់ទឹកចិត្ត
ហើយចេញមកពីជំរំការពាររបស់ខ្លួនទាំងភ័យញ័រ។
46ព្រះយេហូវ៉ាមានព្រះជន្មរស់! សូមឲ្យមានព្រះពរដល់ថ្មដារបស់ខ្ញុំ!
សូមឲ្យព្រះនៃសេចក្ដីសង្គ្រោះរបស់ខ្ញុំត្រូវបានលើកតម្កើង!
47គឺព្រះមួយអង្គនេះ ដែលសងសឹកជំនួសខ្ញុំ
ហើយបង្ក្រាបប្រជាជាតិនានាឲ្យនៅក្រោមខ្ញុំ។
48ព្រះអង្គបានរំដោះខ្ញុំពីសត្រូវរបស់ខ្ញុំ។
ពិតមែនហើយ ព្រះអង្គបានលើកទូលបង្គំឡើងឲ្យខ្ពស់ជាងអ្នកតតាំងនឹងទូលបង្គំ
ក៏បានរំដោះទូលបង្គំពីមនុស្សហិង្សា។
49ព្រះយេហូវ៉ាអើយ ដោយហេតុនេះ
ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ
ហើយច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ!
50ព្រះអង្គប្រទានសេចក្ដីសង្គ្រោះដ៏ធំដល់ស្ដេចរបស់ព្រះអង្គ
ហើយសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ
គឺដល់ដាវីឌ និងពូជពង្សរបស់គាត់ជារៀងរហូត៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 18: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative