ទំនុកតម្កើង 10
10
អធិស្ឋានសុំព្រះឲ្យចាត់វិធានការលើមនុស្សអាក្រក់
1ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ឈរនៅឆ្ងាយ
ហើយលាក់អង្គទ្រង់ក្នុងគ្រានៃទុក្ខលំបាកដូច្នេះ?
2មនុស្សអាក្រក់ដេញតាមមនុស្សទ័លក្រដោយអំនួត;
សូមឲ្យពួកគេជាប់ក្នុងកលល្បិចដែលខ្លួនបង្កើតចុះ!
3ដ្បិតមនុស្សអាក្រក់អួតអំពីចំណង់នៃចិត្តរបស់ខ្លួន
ហើយមនុស្សលោភលន់ប្រទេចផ្ដាសា និងមើលងាយព្រះយេហូវ៉ា#10:3 ហើយមនុស្សលោភលន់ប្រទេចផ្ដាសា និងមើលងាយព្រះយេហូវ៉ា―ឬ “ហើយគេឲ្យពរមនុស្សលោភលន់ តែមើលងាយព្រះយេហូវ៉ា”។។
4មនុស្សអាក្រក់មិនស្វែងរកព្រះអង្គ ក្នុងភាពក្រអឺតក្រទមនៃទឹកមុខរបស់ខ្លួនឡើយ
អស់ទាំងគំនិតរបស់គេគឺ: “គ្មានព្រះទេ!”។
5ផ្លូវរបស់គេតែងតែចម្រើនឡើងជានិច្ច
ហើយការជំនុំជម្រះរបស់ព្រះអង្គនៅស្ថានដ៏ខ្ពស់ ហួសឆ្ងាយពីគេ;
គេចំអកមើលងាយអស់ទាំងសត្រូវរបស់ខ្លួន។
6គេនិយាយក្នុងចិត្តថា៖ “អញនឹងមិនរង្គើឡើយ
ពីជំនាន់មួយទៅជំនាន់មួយ ក៏មិនជួបការអាក្រក់ដែរ”។
7មាត់របស់គេពោរពេញទៅដោយពាក្យបណ្ដាសា សេចក្ដីបោកបញ្ឆោត និងការសង្កត់សង្កិន
នៅក្រោមអណ្ដាតរបស់គេមានសេចក្ដីអន្តរាយ និងសេចក្ដីទុច្ចរិត។
8គេអង្គុយពួនស្ទាក់តាមភូមិនានា;
គេសម្លាប់មនុស្សឥតទោសក្នុងទីស្ងាត់កំបាំង;
ភ្នែកគេឃ្លាំមើលមនុស្សទុគ៌តដោយសម្ងាត់។
9គេសម្ងំចាំក្នុងទីស្ងាត់កំបាំងដូចសិង្ហក្នុងគុម្ពោតព្រៃ;
គេសម្ងំចាំដើម្បីចាប់មនុស្សទ័លក្រ;
គេចាប់មនុស្សទ័លក្រដោយអូសពួកគេមកក្នុងសំណាញ់របស់ខ្លួន។
10គេក្រាប គេឱនចុះ
នោះមនុស្សទុគ៌តក៏ដួលនៅក្រោមកម្លាំងរបស់គេ#10:10 គេក្រាប គេឱនចុះ នោះមនុស្សទុគ៌តក៏ដួលនៅក្រោមកម្លាំងរបស់គេ―ឬ “មនុស្សទុគ៌តត្រូវបានកម្ទេច ហើយឱនចុះ ក៏ដួលនៅក្រោមកម្លាំងរបស់គេ”។។
11គេនិយាយក្នុងចិត្តថា៖ “ព្រះបានភ្លេចហើយ!
ព្រះអង្គបានលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយមិនទតឃើញជារៀងរហូត”។
12ព្រះយេហូវ៉ាអើយ សូមក្រោកឡើង!
ឱព្រះអើយ សូមលើកព្រះហស្តរបស់ព្រះអង្គឡើង!
សូមកុំភ្លេចមនុស្សតូចទាបឡើយ!
13ហេតុអ្វីបានជាមនុស្សអាក្រក់មើលងាយព្រះដោយនិយាយក្នុងចិត្តថា៖ “ព្រះអង្គនឹងមិនរកយុត្តិធម៌ទេ” ដូច្នេះ?
14តាមពិត ព្រះអង្គបានទតឃើញហើយ
ព្រះអង្គយកចិត្តទុកដាក់ចំពោះសេចក្ដីអន្តរាយ និងទុក្ខព្រួយរបស់មនុស្ស
ដើម្បីលើកយកមកក្នុងព្រះហស្តរបស់ព្រះអង្គ។
មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គ;
ព្រះអង្គជាអ្នកជួយកូនកំព្រា។
15សូមព្រះអង្គបំបាក់ដើមដៃរបស់មនុស្សអាក្រក់ និងមនុស្សពាលផង!
សូមស្វែងរកការអាក្រក់របស់គេរហូតទាល់តែរកលែងឃើញ!
16ព្រះយេហូវ៉ាជាព្រះមហាក្សត្រជារៀងរហូតអស់កល្បជានិច្ច;
ប្រជាជាតិនានានឹងត្រូវវិនាសពីដែនដីរបស់ព្រះអង្គ។
17ព្រះយេហូវ៉ាអើយ ព្រះអង្គបានសណ្ដាប់បំណងប្រាថ្នារបស់មនុស្សតូចទាបហើយ!
ព្រះអង្គនឹងពង្រឹងចិត្តពួកគេ ហើយផ្ទៀងព្រះកាណ៌របស់ព្រះអង្គ
18ដើម្បីរកយុត្តិធម៌ឲ្យកូនកំព្រា និងអ្នកដែលត្រូវគេសង្កត់សង្កិន
ដូច្នេះមនុស្សនៅលើផែនដីនឹងមិនបំភ័យគេទៀតឡើយ៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 10: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative