ទំនុកតម្កើង 10

10
អធិស្ឋានសុំព្រះឲ្យចាត់វិធានការលើមនុស្សអាក្រក់
1ព្រះយេហូវ៉ា​អើយ ហេតុអ្វីបានជា​ព្រះអង្គ​ទ្រង់​ឈរ​នៅ​ឆ្ងាយ
ហើយ​លាក់​អង្គទ្រង់​ក្នុង​គ្រា​នៃ​ទុក្ខលំបាក​ដូច្នេះ​?
2មនុស្ស​អាក្រក់​ដេញតាម​មនុស្ស​ទ័លក្រ​ដោយ​អំនួត​;
សូមឲ្យ​ពួកគេ​ជាប់​ក្នុង​កលល្បិច​ដែល​ខ្លួន​បង្កើត​ចុះ​!
3ដ្បិត​មនុស្ស​អាក្រក់​អួត​អំពី​ចំណង់​នៃ​ចិត្ត​របស់ខ្លួន
ហើយ​មនុស្ស​លោភលន់​ប្រទេចផ្ដាសា និង​មើលងាយ​ព្រះយេហូវ៉ា#10:3 ហើយមនុស្សលោភលន់ប្រទេចផ្ដាសា និង​មើលងាយព្រះយេហូវ៉ា―ឬ “ហើយគេឲ្យពរមនុស្សលោភលន់ តែមើលងាយព្រះយេហូវ៉ា”។​។
4មនុស្ស​អាក្រក់​មិន​ស្វែងរក​ព្រះអង្គ ក្នុង​ភាពក្រអឺតក្រទម​នៃ​ទឹកមុខ​របស់ខ្លួន​ឡើយ
អស់ទាំង​គំនិត​របស់គេ​គឺ​: “គ្មាន​ព្រះ​ទេ​!”។
5ផ្លូវ​របស់គេ​តែងតែ​ចម្រើនឡើង​ជានិច្ច
ហើយ​ការជំនុំជម្រះ​របស់ព្រះអង្គ​នៅ​ស្ថានដ៏ខ្ពស់ ហួសឆ្ងាយពី​គេ​;
គេ​ចំអកមើលងាយ​អស់ទាំង​សត្រូវ​របស់ខ្លួន​។
6គេ​និយាយ​ក្នុងចិត្ត​ថា​៖ “អញ​នឹង​មិន​រង្គើ​ឡើយ
ពីជំនាន់មួយទៅជំនាន់មួយ ក៏មិនជួប​ការ​អាក្រក់​ដែរ”។
7មាត់​របស់គេ​ពោរពេញ​ទៅដោយ​ពាក្យបណ្ដាសា សេចក្ដីបោកបញ្ឆោត និង​ការសង្កត់សង្កិន
នៅក្រោម​អណ្ដាត​របស់គេ​មាន​សេចក្ដីអន្តរាយ និង​សេចក្ដីទុច្ចរិត​។
8គេ​អង្គុយ​ពួនស្ទាក់​តាម​ភូមិ​នានា​;
គេ​សម្លាប់​មនុស្ស​ឥតទោស​ក្នុង​ទីស្ងាត់កំបាំង​;
ភ្នែក​គេ​ឃ្លាំមើល​មនុស្សទុគ៌ត​ដោយសម្ងាត់​។
9គេ​សម្ងំចាំ​ក្នុង​ទីស្ងាត់កំបាំង​ដូច​សិង្ហ​ក្នុង​គុម្ពោតព្រៃ​;
គេ​សម្ងំចាំ​ដើម្បី​ចាប់​មនុស្ស​ទ័លក្រ​;
គេ​ចាប់​មនុស្ស​ទ័លក្រ​ដោយ​អូស​ពួកគេ​មក​ក្នុង​សំណាញ់​របស់ខ្លួន​។
10គេ​ក្រាប គេ​ឱនចុះ
នោះ​មនុស្ស​ទុគ៌ត​ក៏​ដួល​នៅក្រោម​កម្លាំង​របស់គេ#10:10 គេក្រាប គេឱនចុះ នោះមនុស្សទុគ៌ត​ក៏​ដួលនៅក្រោមកម្លាំង​របស់​គេ​―ឬ “មនុស្សទុគ៌តត្រូវបានកម្ទេច ហើយឱនចុះ ក៏​ដួលនៅក្រោមកម្លាំង​របស់​គេ”។​។
11គេ​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះ​បាន​ភ្លេច​ហើយ​!
ព្រះអង្គ​បាន​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ហើយ​មិន​ទត​ឃើញ​ជារៀងរហូត”។
12ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​!
ឱ​ព្រះ​អើយ សូម​លើក​ព្រះហស្ត​របស់ព្រះអង្គ​ឡើង​!
សូម​កុំ​ភ្លេច​មនុស្ស​តូចទាប​ឡើយ​!
13ហេតុអ្វីបានជា​មនុស្ស​អាក្រក់​មើលងាយ​ព្រះ​ដោយ​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះអង្គ​នឹង​មិន​រកយុត្តិធម៌​ទេ” ដូច្នេះ​?
14តាមពិត ព្រះអង្គ​បាន​ទត​ឃើញ​ហើយ
ព្រះអង្គ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដីអន្តរាយ និង​ទុក្ខព្រួយ​របស់មនុស្ស
ដើម្បី​លើកយក​មកក្នុង​ព្រះហស្ត​របស់ព្រះអង្គ​។
មនុស្សទុគ៌ត​ផ្ញើជីវិត​លើ​ព្រះអង្គ​;
ព្រះអង្គ​ជា​អ្នកជួយ​កូនកំព្រា​។
15សូម​ព្រះអង្គ​បំបាក់​ដើមដៃ​របស់​មនុស្ស​អាក្រក់ និង​មនុស្ស​ពាល​ផង​!
សូម​ស្វែងរក​ការអាក្រក់​របស់គេ​រហូតទាល់តែ​រក​លែង​ឃើញ​!
16ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​ជារៀងរហូតអស់កល្បជានិច្ច​;
ប្រជាជាតិ​នានា​នឹង​ត្រូវ​វិនាស​ពី​ដែនដី​របស់ព្រះអង្គ​។
17ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​សណ្ដាប់​បំណងប្រាថ្នា​របស់​មនុស្ស​តូចទាប​ហើយ​!
ព្រះអង្គ​នឹង​ពង្រឹង​ចិត្ត​ពួកគេ ហើយ​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ
18ដើម្បី​រកយុត្តិធម៌​ឲ្យ​កូនកំព្រា និង​អ្នកដែល​ត្រូវគេ​សង្កត់សង្កិន
ដូច្នេះ​មនុស្ស​នៅលើ​ផែនដី​នឹង​មិន​បំភ័យ​គេ​ទៀតឡើយ​៕

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 10: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល