ទំនុកតម្កើង 9
9
អបអរនឹងសេចក្ដីយុត្តិធម៌របស់ព្រះ
បទតម្កើងរបស់ដាវីឌ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងមូថឡាប់បេន#9:0 ទំនុកភ្លេងមូថឡាប់បេន―ឬ “ទំនុកភ្លេងនៃមរណភាពរបស់កូនប្រុស”។។
1ទូលបង្គំនឹងអរព្រះគុណព្រះយេហូវ៉ាអស់ពីចិត្ត
ទូលបង្គំនឹងរៀបរាប់អំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
2ទូលបង្គំនឹងអរសប្បាយ ហើយអបអរក្នុងព្រះអង្គ;
ព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ!
3នៅពេលពួកសត្រូវរបស់ទូលបង្គំថយទៅក្រោយវិញ
ពួកគេនឹងជំពប់ ហើយវិនាសនៅចំពោះព្រះអង្គ។
4ដ្បិតព្រះអង្គបានអនុវត្តសេចក្ដីយុត្តិធម៌ និងការជំនុំជម្រះសម្រាប់ទូលបង្គំ;
ព្រះអង្គបានគង់លើបល្ល័ង្ក ទាំងជំនុំជម្រះដោយសេចក្ដីសុចរិតយុត្តិធម៌។
5ព្រះអង្គបានស្ដីបន្ទោសប្រជាជាតិនានា
ព្រះអង្គបានបំផ្លាញមនុស្សអាក្រក់
ព្រះអង្គបានលុបឈ្មោះពួកគេចោលជារៀងរហូតអស់កល្បជានិច្ច។
6សត្រូវបានវិនាសសូន្យ គឺទៅជាទីបាក់បែកដ៏អស់កល្ប;
ព្រះអង្គបានរម្លើងទីក្រុងរបស់ពួកគេចោល
សូម្បីតែការនឹកចាំអំពីពួកគេក៏វិនាសអស់ដែរ។
7រីឯព្រះយេហូវ៉ាគង់លើបល្ល័ង្កជារៀងរហូត
ព្រះអង្គបានតាំងបល្ល័ង្ករបស់ព្រះអង្គឡើង សម្រាប់ការជំនុំជម្រះ។
8គឺព្រះអង្គហើយ ដែលនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌
ហើយកាត់ទោសជាតិសាសន៍នានាដោយសេចក្ដីទៀងត្រង់។
9ព្រះយេហូវ៉ាជាទីពឹងជ្រកដល់អ្នកដែលត្រូវគេសង្កត់សង្កិន
ជាទីពឹងជ្រកនៅពេលមានទុក្ខលំបាក។
10ព្រះយេហូវ៉ាអើយ អស់អ្នកដែលស្គាល់ព្រះនាមរបស់ព្រះអង្គនឹងជឿទុកចិត្តលើព្រះអង្គ
ដ្បិតព្រះអង្គមិនដែលបោះបង់ចោលអ្នកដែលស្វែងរកព្រះអង្គឡើយ។
11ចូរច្រៀងសរសើរតម្កើងព្រះយេហូវ៉ាដែលគង់លើបល្ល័ង្កនៅស៊ីយ៉ូន#9:11 គង់លើបល្ល័ង្កនៅស៊ីយ៉ូន―ឬ “គង់នៅស៊ីយ៉ូន”។
ចូរប្រកាសអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងចំណោមបណ្ដាជន
12ដ្បិតព្រះអង្គដែលរកយុត្តិធម៌ឲ្យឈាម
ព្រះអង្គទ្រង់នឹកចាំអំពីអ្នកទាំងនោះជានិច្ច
ព្រះអង្គមិនភ្លេចសម្រែករបស់មនុស្សតូចទាបឡើយ។
13ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំផង!
សូមចាប់អារម្មណ៍នឹងទុក្ខវេទនារបស់ទូលបង្គំដែលមកពីពួកអ្នកដែលស្អប់ទូលបង្គំ
ហើយលើកទូលបង្គំឡើងពីទ្វារនៃសេចក្ដីស្លាប់ផង
14ដើម្បីឲ្យទូលបង្គំបានថ្លែងអស់ទាំងពាក្យសរសើរតម្កើងព្រះអង្គ
ហើយត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ
តាមទ្វារក្រុងនៃកូនស្រីស៊ីយ៉ូន។
15ប្រជាជាតិនានាបានលិចទៅក្នុងរណ្ដៅដែលខ្លួនបានធ្វើ
ជើងរបស់ពួកគេបានជាប់ក្នុងសំណាញ់ដែលខ្លួនបានបង្កប់។
16ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ហើយ
ព្រះអង្គបានអនុវត្តសេចក្ដីយុត្តិធម៌;
មនុស្សអាក្រក់ជាប់អន្ទាក់ដោយស្នាដៃរបស់ខ្លួន។
ហ៊ីកាអុន សេឡា
17មនុស្សអាក្រក់នឹងត្រឡប់ទៅឯស្ថានមនុស្សស្លាប់វិញ
អស់ទាំងប្រជាជាតិដែលភ្លេចព្រះក៏ដូច្នោះដែរ។
18ពិតមែនហើយ មនុស្សខ្វះខាតនឹងមិនត្រូវបានភ្លេចឡើយ គឺជាដរាប
សេចក្ដីសង្ឃឹមរបស់មនុស្សទ័លក្រនឹងមិនវិនាសឡើយ គឺជារៀងរហូត។
19ព្រះយេហូវ៉ាអើយ សូមក្រោកឡើង!
សូមកុំឲ្យមនុស្សលោកមានជ័យជម្នះឡើយ
សូមឲ្យប្រជាជាតិនានាត្រូវបានជំនុំជម្រះនៅចំពោះព្រះអង្គ។
20ព្រះយេហូវ៉ាអើយ សូមដាក់សេចក្ដីភិតភ័យលើពួកគេ!
សូមឲ្យប្រជាជាតិនានាដឹងថាពួកគេគ្រាន់តែជាមនុស្សប៉ុណ្ណោះ៕
សេឡា
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 9: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative