ទំនុកតម្កើង 1
1
ភាគ ១
(ទំនុកតម្កើង 1-41)
ផ្លូវពីរ
1មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់
ឬឈរក្នុងផ្លូវរបស់មនុស្សបាប
ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ!
2ផ្ទុយទៅវិញ សេចក្ដីត្រេកអររបស់អ្នកនោះនៅក្នុងក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា
ហើយអ្នកនោះជញ្ជឹងគិតអំពីក្រឹត្យវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។
3អ្នកនោះដូចជាដើមឈើដែលដាំនៅក្បែរផ្លូវទឹក
ដែលបង្កើតផ្លែតាមរដូវ ហើយស្លឹកវាមិនចេះក្រៀមស្វិតឡើយ
អ្វីៗទាំងអស់ដែលអ្នកនោះធ្វើនឹងចម្រើនឡើង។
4រីឯមនុស្សអាក្រក់វិញ មិនដូច្នោះទេ
គឺដូចជាអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។
5ដោយហេតុនេះ នៅគ្រាជំនុំជម្រះ
មនុស្សអាក្រក់នឹងនៅឈរមិនបានឡើយ
ហើយមនុស្សបាបក៏នៅឈរក្នុងសហគមន៍នៃមនុស្សសុចរិតមិនបានដែរ។
6ជាការពិត ព្រះយេហូវ៉ាទ្រង់ស្គាល់ផ្លូវរបស់មនុស្សសុចរិត
ប៉ុន្តែផ្លូវរបស់មនុស្សអាក្រក់នឹងត្រូវវិនាស៕
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 1: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative