លោកុប្បត្តិ 50
50
ការបញ្ចុះយ៉ាកុប
1ពេលនោះ យ៉ូសែបក្រាបលើមុខឪពុកគាត់ ទាំងយំសោក ហើយថើបគាត់។ 2រួចយ៉ូសែបបញ្ជាពួកបាវបម្រើរបស់គាត់ដែលជាគ្រូពេទ្យឲ្យអប់សពឪពុកគាត់ ពួកគ្រូពេទ្យក៏អប់សពអ៊ីស្រាអែល។ 3ពួកគេចំណាយពេលសែសិបថ្ងៃសម្រាប់កិច្ចការនេះ ដ្បិតនោះជាចំនួនថ្ងៃដែលត្រូវចំណាយដើម្បីអប់សព។ ជនជាតិអេហ្ស៊ីបបានយំស្រណោះគាត់ចិតសិបថ្ងៃ។
4លុះថ្ងៃកាន់ទុក្ខកន្លងផុតទៅហើយ យ៉ូសែបក៏និយាយនឹងអ្នកដំណាក់ផារ៉ោនថា៖ “ឥឡូវនេះ ប្រសិនបើខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់អស់លោក សូមទូលដល់ព្រះកាណ៌ផារ៉ោនថា: 5‘ឪពុករបស់ខ្ញុំព្រះបាទបានឲ្យខ្ញុំព្រះបាទស្បថថា: “មើល៍! យើងជិតស្លាប់ហើយ។ ឯងត្រូវបញ្ចុះយើងក្នុងផ្នូរដែលយើងបានដាប់លុងសម្រាប់ខ្លួនឯងនៅដែនដីកាណាន”។ ដូច្នេះឥឡូវនេះ សូមឲ្យខ្ញុំព្រះបាទឡើងទៅបញ្ចុះឪពុករបស់ខ្ញុំព្រះបាទផង រួចខ្ញុំព្រះបាទនឹងត្រឡប់មកវិញ’”។
6ផារ៉ោនមានរាជឱង្ការថា៖ “ចូរឡើងទៅបញ្ចុះឪពុករបស់អ្នក ដូចដែលគាត់បានឲ្យអ្នកស្បថនោះចុះ”។
7ដូច្នេះ យ៉ូសែបក៏ឡើងទៅបញ្ចុះឪពុករបស់គាត់។ អស់ទាំងរាជបម្រើរបស់ផារ៉ោន ពួកចាស់ទុំនៃដំណាក់របស់ទ្រង់ និងអស់ទាំងចាស់ទុំនៃដែនដីអេហ្ស៊ីបបានឡើងទៅជាមួយគាត់ 8ព្រមទាំងអ្នកផ្ទះទាំងអស់របស់យ៉ូសែប បងប្អូនរបស់គាត់ និងអ្នកផ្ទះរបស់ឪពុកគាត់ផង។ ពួកគេទុកតែកូនក្មេង ហ្វូងចៀម និងហ្វូងគោរបស់ពួកគេប៉ុណ្ណោះឲ្យនៅស្រុកកូសែន។ 9មានរទេះចម្បាំង និងទ័ពសេះឡើងទៅជាមួយគាត់ដែរ ដូច្នេះវាជាក្បួនដង្ហែធំក្រៃលែង។ 10នៅពេលពួកគេមកដល់លានបោកស្រូវនៃអ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ ពួកគេក៏យំសោកនៅទីនោះ ទាំងទួញសោកយ៉ាងខ្លាំង និងខ្លោចផ្សាណាស់ ហើយយ៉ូសែបក៏កាន់ទុក្ខចំពោះឪពុករបស់គាត់ប្រាំពីរថ្ងៃ។ 11កាលជនជាតិកាណានដែលរស់នៅស្រុកនោះឃើញការកាន់ទុក្ខនៅលានបោកស្រូវនៃអ័ថាត់ ពួកគេក៏និយាយថា៖ “នេះជាការកាន់ទុក្ខដ៏ខ្លោចផ្សារបស់ជនជាតិអេហ្ស៊ីប”។ ដោយហេតុនេះ គេដាក់ឈ្មោះទីនោះថា អេបិល-មីសរ៉ែម ដែលនៅខាងនាយទន្លេយ័រដាន់។
12គឺយ៉ាងនេះឯងដែលពួកកូនប្រុសរបស់យ៉ាកុបបានធ្វើសម្រាប់គាត់ ដូចដែលគាត់បានបង្គាប់ពួកគេ 13គឺពួកកូនប្រុសរបស់គាត់បានយកគាត់ទៅដែនដីកាណាន ហើយបញ្ចុះគាត់ក្នុងរអាងភ្នំត្រង់ចម្ការនៅម៉ាក់ពេឡាទល់មុខម៉ាមរេ ជាចម្ការដែលអ័ប្រាហាំបានទិញពីអេប្រុនជនជាតិហេតទុកជាទីបញ្ចុះសព។ 14ក្រោយពីបញ្ចុះឪពុករបស់គាត់ហើយ យ៉ូសែបក៏ត្រឡប់ទៅអេហ្ស៊ីបវិញ ជាមួយបងប្អូនរបស់គាត់ និងអស់អ្នកដែលមកជាមួយគាត់ដើម្បីបញ្ចុះឪពុករបស់គាត់។
សេចក្ដីសន្ដោសរបស់យ៉ូសែប
15កាលបងប្អូនរបស់យ៉ូសែបឃើញថាឪពុករបស់ពួកគេបានស្លាប់ហើយ ពួកគេក៏និយាយថា៖ “ប្រហែលជាយ៉ូសែបចងគំនុំនឹងពួកយើង ហើយមុខជាសងសឹកពួកយើងចំពោះអស់ទាំងការអាក្រក់ដែលពួកយើងបានប្រព្រឹត្តដល់វាមិនខាន”។
16ពួកគេក៏ចាត់សារទៅយ៉ូសែបថា៖ “មុនឪពុករបស់ប្អូនស្លាប់ គាត់បានបង្គាប់ថា: 17‘ចូរប្រាប់យ៉ូសែបដូច្នេះ: សូមអត់ទោសចំពោះការបំពានរបស់បងប្អូនឯង និងបាបរបស់ពួកគេផង ដ្បិតពួកគេបានប្រព្រឹត្តការអាក្រក់ចំពោះឯង’។ ដូច្នេះឥឡូវនេះ សូមអត់ទោសចំពោះការបំពានរបស់ពួកបាវបម្រើរបស់ព្រះនៃឪពុកប្អូនផង”។ នៅពេលពួកគេនិយាយដូច្នេះនឹងគាត់ យ៉ូសែបក៏យំ។ 18បន្ទាប់មក ពួកបងប្រុសរបស់គាត់ក៏ចូលមក ក្រាបចុះនៅចំពោះគាត់ ហើយនិយាយថា៖ “មើល៍! ពួកយើងជាបាវបម្រើរបស់ប្អូន!”។
19យ៉ូសែបនិយាយនឹងពួកគេថា៖ “កុំខ្លាចឡើយ ដ្បិតតើខ្ញុំជំនួសព្រះបានឬ? 20ពួកបងបានមានបំណងធ្វើទុក្ខទាស់នឹងខ្ញុំមែន ប៉ុន្តែព្រះទ្រង់មានបំណងឲ្យវាទៅជាការល្អវិញ ដើម្បីសម្រេចបានដូចសព្វថ្ងៃនេះ គឺឲ្យមនុស្សជាច្រើនមានជីវិតរស់។ 21ដូច្នេះឥឡូវនេះ កុំខ្លាចឡើយ។ ខ្ញុំនឹងផ្គត់ផ្គង់ពួកបង និងកូនចៅរបស់ពួកបង”។ គាត់ក៏កម្សាន្តចិត្តពួកគេ ហើយនិយាយស្រទន់នឹងពួកគេ។
មរណភាពរបស់យ៉ូសែប
22ដូច្នេះ យ៉ូសែប និងអ្នកផ្ទះរបស់ឪពុកគាត់បានរស់នៅអេហ្ស៊ីប។ យ៉ូសែបរស់នៅបានមួយរយដប់ឆ្នាំ។ 23យ៉ូសែបបានឃើញកូនចៅរបស់អេប្រាអិម រហូតដល់បីតំណ។ ពួកកូនរបស់ម៉ាគារជាកូនរបស់ម៉ាណាសេ ក៏ត្រូវបានបង្កើតដាក់នៅលើភ្លៅរបស់យ៉ូសែបដែរ។
24យ៉ូសែបនិយាយនឹងបងប្អូនរបស់គាត់ថា៖ “ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែព្រះនឹងយាងមករកអ្នករាល់គ្នាជាប្រាកដ ហើយនាំអ្នករាល់គ្នាឡើងពីស្រុកនេះទៅស្រុកដែលព្រះអង្គបានស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប”។ 25រួចយ៉ូសែបឲ្យកូនចៅអ៊ីស្រាអែលស្បថ ដោយនិយាយថា៖ “ព្រះនឹងយាងមករកអ្នករាល់គ្នាជាប្រាកដ នោះអ្នករាល់គ្នាត្រូវយកឆ្អឹងខ្ញុំចេញពីទីនេះ”។
26យ៉ូសែបបានស្លាប់នៅអាយុមួយរយដប់ឆ្នាំ។ គេក៏អប់សពគាត់ រួចដាក់ក្នុងក្ដារមឈូសនៅអេហ្ស៊ីប៕៚
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 50: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative