លោកុប្បត្តិ 50

50
ការបញ្ចុះយ៉ាកុប
1ពេលនោះ យ៉ូសែប​ក្រាប​លើ​មុខ​ឪពុក​គាត់ ទាំង​យំសោក ហើយ​ថើប​គាត់​។ 2រួច​យ៉ូសែប​បញ្ជា​ពួក​បាវបម្រើ​របស់គាត់​ដែល​ជា​គ្រូពេទ្យ​ឲ្យ​អប់សព​ឪពុក​គាត់ ពួក​គ្រូពេទ្យ​ក៏​អប់សព​អ៊ីស្រាអែល​។ 3ពួកគេ​ចំណាយពេល​សែសិប​ថ្ងៃ​សម្រាប់​កិច្ចការនេះ ដ្បិត​នោះ​ជាចំនួន​ថ្ងៃ​ដែល​ត្រូវ​ចំណាយ​ដើម្បី​អប់សព​។ ជនជាតិអេហ្ស៊ីប​បាន​យំស្រណោះ​គាត់​ចិតសិប​ថ្ងៃ​។
4លុះ​ថ្ងៃ​កាន់ទុក្ខ​កន្លងផុតទៅ​ហើយ យ៉ូសែប​ក៏​និយាយ​នឹង​អ្នកដំណាក់​ផារ៉ោន​ថា​៖ “ឥឡូវនេះ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់អស់លោក សូម​ទូល​ដល់​ព្រះកាណ៌​ផារ៉ោន​ថា​: 5‘ឪពុក​របស់ខ្ញុំព្រះបាទ​បាន​ឲ្យ​ខ្ញុំព្រះបាទ​ស្បថ​ថា​: “មើល៍! យើង​ជិត​ស្លាប់​ហើយ​។ ឯង​ត្រូវ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​ដែល​យើង​បាន​ដាប់លុង​សម្រាប់​ខ្លួនឯង​នៅ​ដែនដី​កាណាន”។ ដូច្នេះ​ឥឡូវនេះ សូមឲ្យ​ខ្ញុំព្រះបាទ​ឡើងទៅ​បញ្ចុះ​ឪពុក​របស់ខ្ញុំព្រះបាទ​ផង រួច​ខ្ញុំព្រះបាទ​នឹង​ត្រឡប់មកវិញ’”។
6ផារ៉ោន​មានរាជឱង្ការថា​៖ “ចូរ​ឡើងទៅ​បញ្ចុះ​ឪពុក​របស់អ្នក ដូចដែល​គាត់​បាន​ឲ្យ​អ្នក​ស្បថ​នោះ​ចុះ”។
7ដូច្នេះ យ៉ូសែប​ក៏​ឡើងទៅ​បញ្ចុះ​ឪពុក​របស់គាត់​។ អស់ទាំង​រាជបម្រើ​របស់​ផារ៉ោន ពួក​ចាស់ទុំ​នៃ​ដំណាក់​របស់ទ្រង់ និង​អស់ទាំង​ចាស់ទុំ​នៃ​ដែនដី​អេហ្ស៊ីប​បាន​ឡើងទៅ​ជាមួយ​គាត់ 8ព្រមទាំង​អ្នកផ្ទះ​ទាំងអស់​របស់​យ៉ូសែប បងប្អូន​របស់គាត់ និង​អ្នកផ្ទះ​របស់​ឪពុក​គាត់​ផង​។ ពួកគេ​ទុក​តែ​កូនក្មេង ហ្វូងចៀម និង​ហ្វូងគោ​របស់ពួកគេ​ប៉ុណ្ណោះ​ឲ្យ​នៅ​ស្រុក​កូសែន​។ 9មាន​រទេះចម្បាំង និង​ទ័ពសេះ​ឡើងទៅ​ជាមួយ​គាត់​ដែរ ដូច្នេះ​វា​ជា​ក្បួនដង្ហែ​ធំ​ក្រៃលែង​។ 10នៅពេល​ពួកគេ​មកដល់​លានបោកស្រូវនៃអ័ថាត់ ដែល​នៅ​ខាងនាយ​ទន្លេយ័រដាន់ ពួកគេ​ក៏​យំសោក​នៅ​ទីនោះ ទាំង​ទួញសោក​យ៉ាងខ្លាំង និង​ខ្លោចផ្សា​ណាស់ ហើយ​យ៉ូសែប​ក៏​កាន់ទុក្ខ​ចំពោះ​ឪពុក​របស់គាត់​ប្រាំពីរ​ថ្ងៃ​។ 11កាល​ជនជាតិកាណាន​ដែល​រស់នៅ​ស្រុក​នោះ​ឃើញ​ការកាន់ទុក្ខ​នៅ​លានបោកស្រូវនៃអ័ថាត់ ពួកគេ​ក៏​និយាយថា​៖ “នេះ​ជា​ការកាន់ទុក្ខ​ដ៏ខ្លោចផ្សា​របស់​ជនជាតិអេហ្ស៊ីប”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីនោះ​ថា អេបិល-មីសរ៉ែម ដែល​នៅ​ខាងនាយ​ទន្លេយ័រដាន់​។
12គឺយ៉ាងនេះឯង​ដែល​ពួក​កូនប្រុស​របស់យ៉ាកុប​បាន​ធ្វើ​សម្រាប់​គាត់ ដូចដែល​គាត់​បាន​បង្គាប់​ពួកគេ 13គឺ​ពួក​កូនប្រុស​របស់គាត់​បាន​យក​គាត់​ទៅ​ដែនដី​កាណាន ហើយ​បញ្ចុះ​គាត់​ក្នុង​រអាងភ្នំ​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា​ទល់មុខ​ម៉ាមរេ ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជនជាតិហេត​ទុកជា​ទី​បញ្ចុះសព​។ 14ក្រោយពី​បញ្ចុះ​ឪពុក​របស់គាត់​ហើយ យ៉ូសែប​ក៏​ត្រឡប់​ទៅ​អេហ្ស៊ីប​វិញ ជាមួយ​បងប្អូន​របស់គាត់ និង​អស់អ្នក​ដែល​មក​ជាមួយ​គាត់​ដើម្បី​បញ្ចុះ​ឪពុក​របស់គាត់​។
សេចក្ដីសន្ដោសរបស់យ៉ូសែប
15កាល​បងប្អូន​របស់​យ៉ូសែប​ឃើញ​ថា​ឪពុក​របស់ពួកគេ​បាន​ស្លាប់​ហើយ ពួកគេ​ក៏​និយាយថា​៖ “ប្រហែលជា​យ៉ូសែប​ចងគំនុំ​នឹង​ពួកយើង ហើយ​មុខជាសងសឹក​ពួកយើង​ចំពោះ​អស់ទាំង​ការអាក្រក់​ដែល​ពួកយើង​បាន​ប្រព្រឹត្ត​ដល់​វា​មិនខាន”។
16ពួកគេ​ក៏​ចាត់សារ​ទៅ​យ៉ូសែប​ថា​៖ “មុន​ឪពុក​របស់ប្អូន​ស្លាប់ គាត់​បាន​បង្គាប់​ថា​: 17‘ចូរ​ប្រាប់​យ៉ូសែប​ដូច្នេះ​: សូម​អត់ទោស​ចំពោះ​ការបំពាន​របស់​បងប្អូន​ឯង និង​បាប​របស់ពួកគេ​ផង ដ្បិត​ពួកគេ​បាន​ប្រព្រឹត្ត​ការអាក្រក់​ចំពោះ​ឯង’។ ដូច្នេះ​ឥឡូវនេះ សូម​អត់ទោស​ចំពោះ​ការបំពាន​របស់​ពួក​បាវបម្រើ​របស់​ព្រះ​នៃ​ឪពុក​ប្អូន​ផង”។ នៅពេល​ពួកគេ​និយាយ​ដូច្នេះ​នឹង​គាត់ យ៉ូសែប​ក៏​យំ​។ 18បន្ទាប់មក ពួក​បងប្រុស​របស់គាត់​ក៏​ចូលមក ក្រាបចុះ​នៅចំពោះ​គាត់ ហើយ​និយាយថា​៖ “មើល៍! ពួកយើង​ជា​បាវបម្រើ​របស់​ប្អូន​!”។
19យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “កុំ​ខ្លាច​ឡើយ ដ្បិត​តើ​ខ្ញុំ​ជំនួស​ព្រះ​បាន​ឬ​? 20ពួកបង​បាន​មានបំណង​ធ្វើទុក្ខ​ទាស់នឹង​ខ្ញុំ​មែន ប៉ុន្តែ​ព្រះ​ទ្រង់​មានបំណង​ឲ្យ​វា​ទៅជា​ការល្អ​វិញ ដើម្បី​សម្រេចបាន​ដូច​សព្វថ្ងៃនេះ គឺ​ឲ្យ​មនុស្ស​ជាច្រើន​មានជីវិតរស់​។ 21ដូច្នេះ​ឥឡូវនេះ កុំ​ខ្លាច​ឡើយ​។ ខ្ញុំ​នឹង​ផ្គត់ផ្គង់​ពួកបង និង​កូនចៅ​របស់ពួកបង”។ គាត់​ក៏​កម្សាន្តចិត្ត​ពួកគេ ហើយ​និយាយ​ស្រទន់​នឹង​ពួកគេ​។
មរណភាពរបស់យ៉ូសែប
22ដូច្នេះ យ៉ូសែប និង​អ្នកផ្ទះ​របស់​ឪពុក​គាត់​បាន​រស់នៅ​អេហ្ស៊ីប​។ យ៉ូសែប​រស់នៅ​បាន​មួយរយដប់​ឆ្នាំ​។ 23យ៉ូសែប​បាន​ឃើញ​កូនចៅ​របស់​អេប្រាអិម រហូតដល់​បី​តំណ​។ ពួក​កូន​របស់​ម៉ាគារ​ជា​កូន​របស់​ម៉ាណាសេ ក៏​ត្រូវបាន​បង្កើត​ដាក់​នៅលើ​ភ្លៅ​របស់​យ៉ូសែប​ដែរ​។
24យ៉ូសែប​និយាយ​នឹង​បងប្អូន​របស់គាត់​ថា​៖ “ខ្ញុំ​ជិត​ស្លាប់​ហើយ ក៏ប៉ុន្តែ​ព្រះ​នឹង​យាង​មករក​អ្នករាល់គ្នា​ជាប្រាកដ ហើយ​នាំ​អ្នករាល់គ្នា​ឡើង​ពី​ស្រុក​នេះ​ទៅ​ស្រុក​ដែល​ព្រះអង្គ​បាន​ស្បថ​នឹង​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប”។ 25រួច​យ៉ូសែប​ឲ្យ​កូនចៅ​អ៊ីស្រាអែល​ស្បថ ដោយ​និយាយថា​៖ “ព្រះ​នឹង​យាង​មករក​អ្នករាល់គ្នា​ជាប្រាកដ នោះ​អ្នករាល់គ្នា​ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​ទីនេះ”។
26យ៉ូសែប​បាន​ស្លាប់​នៅ​អាយុ​មួយរយដប់​ឆ្នាំ​។ គេ​ក៏​អប់សព​គាត់ រួច​ដាក់​ក្នុង​ក្ដារមឈូស​នៅ​អេហ្ស៊ីប​៕​៚

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 50: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល