លោកុប្បត្តិ 26

26
សេចក្ដីសន្យារបស់ព្រះត្រូវបានបញ្ជាក់ដល់អ៊ីសាក
1នៅសម័យនោះ មាន​ទុរ្ភិក្ស​នៅក្នុង​ទឹកដី​នោះ ក្រៅពី​ទុរ្ភិក្ស​លើកមុន​ដែល​មាន​នៅ​ជំនាន់​របស់​អ័ប្រាហាំ​។ ដូច្នេះ អ៊ីសាក​ក៏​ទៅ​ឯ​អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​ភីលីស្ទីន​នៅ​កេរ៉ារ​។ 2ពេលនោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​គាត់ ហើយ​មានបន្ទូលថា​៖ “កុំ​ចុះ​ទៅ​អេហ្ស៊ីប​ឡើយ ចូរ​រស់នៅ​ក្នុង​ទឹកដី​ដែល​យើង​នឹង​ប្រាប់​អ្នក​។ 3ចូរ​រស់នៅបណ្ដោះអាសន្ន​ក្នុង​ទឹកដី​នេះ ហើយ​យើង​នឹង​នៅ​ជាមួយ​អ្នក ព្រមទាំង​ឲ្យពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹកដី​ទាំងអស់​នេះ​ទៅ​អ្នក និង​ពូជពង្ស​របស់អ្នក​; យើង​នឹង​បញ្ជាក់​សម្បថ​ដែល​យើង​បាន​ស្បថ​នឹង​អ័ប្រាហាំ​ឪពុក​របស់អ្នក​។ 4យើង​នឹង​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឡើង​ដូច​ផ្កាយ​នៅ​លើមេឃ ហើយ​ប្រគល់​ទឹកដី​ទាំងអស់​នេះ​ទៅ​ពូជពង្ស​របស់អ្នក​។ អស់ទាំង​ប្រជាជាតិ​នៅលើ​ផែនដី​នឹង​ឲ្យពរ​ខ្លួនគេ​តាមរយៈ​ពូជពង្ស​របស់អ្នក 5ពីព្រោះ​អ័ប្រាហាំ​បាន​ស្ដាប់តាម​សំឡេង​របស់យើង ហើយ​កាន់តាម​អស់ទាំង​សេចក្ដីបង្គាប់ បទបញ្ជា បទបញ្ញត្តិ និង​ក្រឹត្យវិន័យ​របស់យើង”។ 6ដូច្នេះ អ៊ីសាក​ក៏​រស់នៅ​ក្នុង​កេរ៉ារ​។
អ៊ីសាក និងអ័ប៊ីម្ម៉ាឡិច
7នៅពេល​អ្នក​ស្រុក​នោះ​សួរ​អំពី​ប្រពន្ធ​របស់គាត់ គាត់​ក៏​ប្រាប់ថា​៖ “នាង​ជា​ប្អូនស្រី​របស់ខ្ញុំ” ពីព្រោះ​គាត់​ខ្លាច​នឹង​ប្រាប់ថា​៖ “ប្រពន្ធ​របស់ខ្ញុំ” ដោយគិតថា​៖ “ក្រែងលោ​អ្នក​ស្រុក​នេះ​សម្លាប់​ខ្ញុំ​ដោយសារតែ​រេបិកា ដ្បិត​នាង​មាន​រូបឆោម​ស្រស់ស្អាត”។ 8កាល​គាត់​នៅ​ទីនោះ​បាន​យូរ​ថ្ងៃ​ហើយ មាន​ថ្ងៃ​មួយ​អ័ប៊ីម្ម៉ាឡិច​ស្ដេច​នៃ​ភីលីស្ទីន​អើតមើល​តាម​បង្អួច ហើយ​ឃើញ នោះ​មើល៍! អ៊ីសាក​កំពុង​ប្រឡែង​ជាមួយ​រេបិកា​ប្រពន្ធ​របស់គាត់​។
9អ័ប៊ីម្ម៉ាឡិច​ក៏​ហៅ​អ៊ីសាក​មក មានរាជឱង្ការថា​៖ “មើល៍! តាមពិត​នាង​ជា​ប្រពន្ធ​របស់អ្នក​ទេតើ​! ចុះ​ម្ដេចក៏​អ្នក​និយាយថា​: ‘នាង​ជា​ប្អូនស្រី​របស់ខ្ញុំ’ ដូច្នេះ​?”។
អ៊ីសាក​ទូល​តប​នឹង​ទ្រង់​ថា​៖ “ខ្ញុំព្រះបាទបាននិយាយដូច្នេះ ពីព្រោះ​ខ្ញុំព្រះបាទ​គិតថា​: ‘ក្រែងលោ​ខ្ញុំ​ត្រូវ​ស្លាប់​ដោយសារតែ​នាង’”។
10អ័ប៊ីម្ម៉ាឡិច​មានរាជឱង្ការថា​៖ “អ្នក​បាន​ធ្វើ​អី​ដល់​យើង​ដូច្នេះ​? នៅតែ​បន្តិចទៀត​អាចមាន​ម្នាក់​ក្នុងចំណោម​ប្រជារាស្ត្រ​បាន​រួមដំណេក​ជាមួយ​ប្រពន្ធ​របស់អ្នក នោះ​អ្នក​បាន​នាំ​ទោស​មក​លើ​យើង​ហើយ”។ 11ដូច្នេះ អ័ប៊ីម្ម៉ាឡិច​ក៏​បង្គាប់​ប្រជារាស្ត្រ​ទាំងអស់​ថា​៖ “អ្នកដែល​ប៉ះពាល់​មនុស្ស​នេះ ឬ​ប្រពន្ធ​របស់គាត់ ត្រូវតែប្រហារជីវិត​អ្នកនោះ​ជាដាច់ខាត”។
ជម្លោះអំពីអណ្ដូង
12អ៊ីសាក​សាបព្រោះ​នៅ​ទឹកដី​នោះ ហើយ​ក្នុង​ឆ្នាំ​ដដែលនោះ គាត់​ច្រូត​បានផល​មួយជាមួយរយ ពីព្រោះ​ព្រះយេហូវ៉ា​បាន​ប្រទានពរ​គាត់ 13នោះ​គាត់​ក៏​បានជាស្ដុកស្ដម្ភ ហើយ​ចម្រើនឡើង​យ៉ាងខ្លាំង រហូតដល់​គាត់​បានជាស្ដុកស្ដម្ភ​យ៉ាងក្រៃលែង​។ 14គាត់​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​បាវបម្រើ​ជាច្រើន ដូច្នេះ​ពួក​ជនជាតិភីលីស្ទីន​ក៏​ច្រណែន​គាត់​។ 15ពួក​ជនជាតិភីលីស្ទីន​ក៏​បិទ​អណ្ដូង​ទាំងអស់​ដែល​បាវបម្រើ​របស់​ឪពុក​គាត់​បាន​ជីក​នៅ​ជំនាន់​អ័ប្រាហាំ​ឪពុក​របស់គាត់ គឺ​ពួកគេ​លុប​ដី​បំពេញ​អណ្ដូងទាំងនោះ​។ 16អ័ប៊ីម្ម៉ាឡិច​មានរាជឱង្ការ​នឹង​អ៊ីសាក​ថា​៖ “ចូរ​ចាកចេញ​ពី​ពួកយើង​ទៅ ដ្បិត​អ្នក​បានជាខ្លាំង​ជាង​ពួកយើង​ណាស់”។
17អ៊ីសាក​ក៏​ចាកចេញ​ពី​ទីនោះ ទៅ​បោះជំរំ​នៅ​ជ្រលង​កេរ៉ារ ហើយ​រស់នៅ​ទីនោះ​។ 18បន្ទាប់មក អ៊ីសាក​ជីក​អណ្ដូង​ទឹក​ទាំងឡាយ​ដែល​បាន​ជីក​នៅ​ជំនាន់​អ័ប្រាហាំ​ឪពុក​របស់គាត់​ឡើងវិញ ពីព្រោះ​ជនជាតិភីលីស្ទីន​បាន​បិទ​អណ្ដូងទាំងនោះ​ក្រោយពី​មរណភាព​របស់​អ័ប្រាហាំ​។ គាត់​ដាក់ឈ្មោះ​អណ្ដូងទាំងនោះ​តាម​ឈ្មោះ​ដែល​ឪពុក​របស់គាត់​បាន​ដាក់​ឲ្យ​។ 19នៅពេល​ពួក​បាវបម្រើ​របស់​អ៊ីសាក​ជីក​អណ្ដូង​នៅ​ជ្រលងភ្នំ ពួកគេ​ក៏​រកឃើញ​អណ្ដូង​មួយ​នៅ​ទីនោះ ដែល​មាន​ទឹក​ផុសឡើង​។ 20ប៉ុន្តែ​ពួក​អ្នកគង្វាល​នៅ​កេរ៉ារ​ឈ្លោះប្រកែក​ជាមួយ​ពួក​អ្នកគង្វាល​របស់​អ៊ីសាក ដោយ​និយាយថា​៖ “ទឹក​នេះ​ជារបស់​យើង”។ ដូច្នេះ គាត់​ក៏​ដាក់ឈ្មោះ​អណ្ដូង​នោះ​ថា អេសែក ពីព្រោះ​ពួកគេ​បាន​ឈ្លោះ​ជាមួយ​គាត់​។ 21ក្រោយមក ពួកគេ​ជីក​អណ្ដូង​មួយទៀត ហើយ​ពួកគេ​បាន​ឈ្លោះប្រកែកគ្នា​អំពី​អណ្ដូងនោះ​ដែរ ដូច្នេះ​គាត់​ដាក់ឈ្មោះ​វា​ថា ស៊ីតណា​។ 22គាត់​រើចេញ​ពី​ទីនោះ ហើយ​ជីក​អណ្ដូង​មួយទៀត​។ លើកនេះ ពួកគេ​មិន​បាន​ឈ្លោះប្រកែកគ្នា​អំពី​អណ្ដូងនោះ​ទេ ដូច្នេះ​គាត់​ដាក់ឈ្មោះ​វា​ថា រេហូបូត ដោយ​និយាយថា​៖ “ឥឡូវនេះ ព្រះយេហូវ៉ា​បាន​ពង្រីក​កន្លែង​ឲ្យ​ពួកយើង​ហើយ ដូច្នេះ​យើង​នឹង​ចម្រើនឡើង​នៅក្នុង​ទឹកដី​នេះ”។
ព្រះលេចមកដល់អ៊ីសាក
23រួច​អ៊ីសាក​ឡើង​ពី​ទីនោះ​ទៅ​បៀរ-សេបា​។ 24នៅ​យប់​នោះ ព្រះយេហូវ៉ា​បាន​លេចមក​ដល់​គាត់ ហើយ​មានបន្ទូលថា​៖ “យើង​ជា​ព្រះ​របស់​អ័ប្រាហាំ​ឪពុក​របស់អ្នក​។ កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​។ យើង​នឹង​ឲ្យពរ​អ្នក ហើយ​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឡើង ដោយព្រោះ​អ័ប្រាហាំ​អ្នកបម្រើ​របស់យើង”។
25ដូច្នេះ អ៊ីសាក​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ហើយ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា រួច​ដំឡើង​រោង​របស់គាត់​នៅ​ទីនោះ​។ ពួក​បាវបម្រើ​របស់​អ៊ីសាក​ក៏​ជីក​អណ្ដូង​មួយ​នៅ​ទីនោះ​ដែរ​។
សន្ធិសញ្ញារវាងអ៊ីសាក និងអ័ប៊ីម្ម៉ាឡិច
26រីឯ​អ័ប៊ីម្ម៉ាឡិច និង​អ័ហ៊ូសាត​ទីប្រឹក្សា#26:26 ទីប្រឹក្សា―ឬ “មិត្ត”។​របស់ទ្រង់ ព្រមទាំង​ភីកុល​មេទ័ព​របស់ទ្រង់ បាន​ចេញ​ពី​កេរ៉ារ​មក​ជួប​អ៊ីសាក​។ 27អ៊ីសាក​ទូល​សួរ​ពួកទ្រង់​ថា​៖ “ហេតុអ្វីបានជា​ពួកទ្រង់​មករក​ខ្ញុំព្រះបាទ​ដូច្នេះ​? ដ្បិត​ពួកទ្រង់​បាន​ស្អប់​ខ្ញុំព្រះបាទ ព្រមទាំង​បញ្ជូន​ខ្ញុំព្រះបាទ​ចេញ​ពីចំណោម​ពួកទ្រង់​ផង”។
28ពួកទ្រង់​ឆ្លើយថា​៖ “ពួកយើង​បាន​ឃើញច្បាស់​ថា​ព្រះយេហូវ៉ា​បាន​គង់នៅ​ជាមួយ​អ្នក ដូច្នេះ​ពួកយើង​បាន​និយាយ​គ្នា​ថា គួរ​មាន​សម្បថ​មួយ​រវាង​ពួកយើង និង​អ្នក​។ ចូរឲ្យ​ពួកយើង​ចុះ​សន្ធិសញ្ញា​មួយ​ជាមួយ​អ្នក​ថា 29អ្នក​នឹង​មិន​ធ្វើ​អាក្រក់​ដល់​ពួកយើង ដូចដែល​ពួកយើង​មិន​បាន​ប៉ះពាល់​អ្នក​ដែរ គឺ​ដូចដែល​ពួកយើង​បាន​ធ្វើ​តែ​ល្អ​ដល់​អ្នក ព្រមទាំង​បាន​ជូនដំណើរ​អ្នក​ដោយ​សុខសាន្ត​។ ឥឡូវនេះ អ្នក​ជា​មនុស្ស​មានព្រះពរ​របស់​ព្រះយេហូវ៉ា”។
30រួច​អ៊ីសាក​រៀបចំ​ពិធីជប់លៀង​សម្រាប់​ពួកទ្រង់ នោះ​ពួកទ្រង់​ក៏​ហូប និង​ផឹក​។ 31ពួកគេ​ក្រោកឡើង​ពី​ព្រលឹម ហើយ​ស្បថ​នឹង​គ្នាទៅវិញទៅមក រួច​អ៊ីសាក​ជូនដំណើរ​ពួកទ្រង់ នោះ​ពួកទ្រង់​ក៏​ចាកចេញ​ពី​គាត់​ទៅ​ដោយ​សុខសាន្ត​។ 32នៅ​ក្នុង​ថ្ងៃ​ដដែលនោះ ពួក​បាវបម្រើ​របស់​អ៊ីសាក​មក​ប្រាប់​គាត់​អំពី​រឿង​អណ្ដូង​ដែល​ពួកគេ​បាន​ជីក​នោះ​ថា​៖ “ពួកខ្ញុំ​បាន​រកឃើញ​ទឹក​ហើយ”។ 33គាត់​ក៏​ដាក់ឈ្មោះ​អណ្ដូងនោះ​ថា សេបា​។ ហេតុនេះហើយបានជា​ទីក្រុង​នោះ​មាន​ឈ្មោះ​ថា បៀរ-សេបា រហូតដល់​សព្វថ្ងៃ​។
អេសាវយកប្រពន្ធពីរ
34នៅពេល​អេសាវ​មាន​អាយុ​សែសិប​ឆ្នាំ គាត់​យក​យូឌីត​កូនស្រី​របស់​បេរី​ជនជាតិហេត និង​បាសម៉ាត​កូនស្រី​របស់​អេឡូន​ជនជាតិហេត​ជា​ប្រពន្ធ​។ 35ពួកនាង​ធ្វើឲ្យ​ជីវិត​របស់​អ៊ីសាក និង​រេបិកា​ល្វីងជូរចត់​ណាស់​៕

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 26: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល