លោកុប្បត្តិ 25

25
ពូជពង្សឯទៀតរបស់អ័ប្រាហាំ
1អ័ប្រាហាំ​យក​ប្រពន្ធ​មួយ​ទៀត ឈ្មោះ​កិទូរ៉ា​។ 2នាង​បង្កើត​ស៊ីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និង​ស៊ូអា​ឲ្យ​គាត់​។ 3យ៉ុកសាន​បង្កើត​សេបា និង​ដេដាន់​។ កូនចៅ​របស់​ដេដាន់​គឺ​ជនជាតិអាសស៊ើរ ជនជាតិលេទូស និង​ជនជាតិលេវមី​។ 4រីឯ​ពួក​កូនប្រុស​របស់​ម៉ាឌាន គឺ​អេផា អេភើរ ហាណុក អ័ប៊ីដា និង​អែលដ្អា​។ អ្នក​ទាំងអស់​នេះ​ជា​កូនចៅ​របស់​កិទូរ៉ា​។ 5អ័ប្រាហាំ​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន​ទៅ​អ៊ីសាក 6រីឯ​ចំពោះ​ពួក​កូនប្រុស​របស់​ពួក​ប្រពន្ធចុង​អ័ប្រាហាំ​វិញ អ័ប្រាហាំ​បាន​ចែក​អំណោយ​ឲ្យ ហើយ​បញ្ជូន​ពួកគេ​ទៅ​ទិសខាងកើត គឺ​ទៅ​ឯ​ស្រុក​ខាងកើត​ឲ្យនៅ​ឆ្ងាយ​ពី​អ៊ីសាក​កូនប្រុស​របស់គាត់ កាល​គាត់​នៅរស់​នៅឡើយ​។
មរណភាពរបស់អ័ប្រាហាំ
7នេះ​ជា​ថ្ងៃអាយុ​នៃ​ជីវិត​របស់​អ័ប្រាហាំ គឺ​គាត់​រស់នៅ​បាន​មួយរយចិតសិបប្រាំ​ឆ្នាំ​។ 8អ័ប្រាហាំ​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ​ក្រោយពី​មាន​អាយុវែង​ល្អ គឺ​មាន​អាយុច្រើន ទាំង​ស្កប់ចិត្ត ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់​។ 9អ៊ីសាក និង​អ៊ីសម៉ាអែល​កូនប្រុស​របស់គាត់ ក៏​បញ្ចុះ​គាត់​នៅក្នុង​រអាង​នៅ​ម៉ាក់ពេឡា ត្រង់​ចម្ការ​របស់​អេប្រុន​កូនប្រុស​សូហារ​ជា​ជនជាតិហេត ដែល​នៅទល់មុខ​ម៉ាមរេ 10ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​កូនចៅ​ហេត​។ គឺ​នៅ​ទីនោះ​ហើយ ដែល​អ័ប្រាហាំ​ត្រូវគេ​បញ្ចុះ​ជាមួយ​សារ៉ា​ប្រពន្ធ​របស់គាត់​។ 11ក្រោយពី​មរណភាព​របស់​អ័ប្រាហាំ ព្រះ​បាន​ប្រទានពរ​អ៊ីសាក​កូនប្រុស​របស់គាត់ ហើយ​អ៊ីសាក​ក៏​រស់នៅ​ជិត​បៀរ-ឡាហាយ-រយ​។
វង្សត្រកូល​របស់អ៊ីសម៉ាអែល
12នេះ​ជា​វង្សត្រកូល​របស់​អ៊ីសម៉ាអែល​កូនប្រុស​អ័ប្រាហាំ ដែល​ហាការ​ជនជាតិអេហ្ស៊ីប​ជា​បាវបម្រើស្រី​របស់​សារ៉ា បាន​បង្កើត​ឲ្យ​អ័ប្រាហាំ​: 13ឈ្មោះ​កូនប្រុស​របស់​អ៊ីសម៉ាអែល តាមលំដាប់​នៃ​កំណើត គឺ​ដូចតទៅ​: កូនច្បង​របស់​អ៊ីសម៉ាអែល​គឺ​នេបាយ៉ូត បន្ទាប់មក​កេដារ អ័ឌប្អែល មីបសាម 14មីសម៉ា ឌូម៉ា ម៉ាសា 15ហាដាដ ថេម៉ា យេធើរ ណាភីស និង​កេតម៉ា​។ 16ទាំងនេះ​ហើយ​ជា​កូនប្រុស​របស់​អ៊ីសម៉ាអែល និង​ជា​ឈ្មោះ​របស់ពួកគេ តាម​ភូមិ និង​តាម​ជំរំ​របស់ពួកគេ គឺ​មាន​មេដឹកនាំ​ដប់ពីរ​នាក់​នៃ​កុលសម្ព័ន្ធ​ពួកគេ​។ 17នេះ​ជា​អាយុ​នៃ​ជីវិត​របស់​អ៊ីសម៉ាអែល គឺ​មួយរយសាមសិបប្រាំពីរ​ឆ្នាំ​។ គាត់​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់​។ 18កូនចៅអ៊ីសម៉ាអែល​រស់នៅ​ចាប់ពី​ហាវីឡា រហូតដល់​ស៊ើរ​ដែល​នៅទល់មុខ​អេហ្ស៊ីប តាមផ្លូវ​ទៅ​អាស្ស៊ីរី​។ អ៊ីសម៉ាអែល​បាន​រស់នៅដោយប្រឆាំងនឹង​បងប្អូន​ទាំងអស់​របស់ខ្លួន​។
កំណើតអេសាវ និងយ៉ាកុប
19នេះ​ជា​វង្សត្រកូល​របស់​អ៊ីសាក​កូនប្រុស​អ័ប្រាហាំ​: អ័ប្រាហាំ​បង្កើត​អ៊ីសាក 20អ៊ីសាក​មាន​អាយុ​សែសិប​ឆ្នាំ ពេល​គាត់​យក​រេបិកា​ធ្វើជា​ប្រពន្ធ ដែលរេបិកាជា​កូនស្រី​របស់​បេធូអែល​ជា​ជនជាតិអើរ៉ាម​ពី​ប៉ាដាន់-អើរ៉ាម ជា​ប្អូនស្រី​របស់​ឡាបាន់​ជនជាតិអើរ៉ាម​។ 21អ៊ីសាក​អធិស្ឋាន​ទៅ​ព្រះយេហូវ៉ា​សម្រាប់​ប្រពន្ធ​របស់គាត់ ពីព្រោះ​នាង​ជា​ស្ត្រី​អារ នោះ​ព្រះយេហូវ៉ា​ក៏​ប្រទានឲ្យតាមសេចក្ដីអធិស្ឋាន​របស់​គាត់ ហើយ​រេបិកា​ប្រពន្ធ​របស់គាត់​ក៏​មានផ្ទៃពោះ​។ 22រីឯ​កូន​ក្នុងផ្ទៃ​នាង​ដោលគ្នា នាង​ក៏​និយាយថា​៖ “បើ​ដូច្នេះ ហេតុអ្វីបានជា​ការនេះ​កើតឡើងដល់​ខ្ញុំ​?”។ រួច​នាង​ទៅ​ទូល​សួរ​ព្រះយេហូវ៉ា​។ 23ព្រះយេហូវ៉ា​មានបន្ទូល​នឹង​នាង​ថា​៖
“មាន​ប្រជាជាតិ​ពីរ​នៅក្នុង​ផ្ទៃ​នាង
មាន​ជាតិសាសន៍​ពីរ​ចេញពី​ពោះ​នាង ហើយ​បែកចេញពីគ្នា
ជាតិសាសន៍​មួយ​នឹង​ខ្លាំង​ជាង​ជាតិសាសន៍​មួយ​ទៀត
គឺ​កូនច្បង​នឹង​បម្រើ​កូនប្អូន”។
24លុះ​នាង​គ្រប់ខែ​ត្រូវ​សម្រាលកូន​ហើយ មើល៍! មាន​កូនភ្លោះ​ក្នុង​ផ្ទៃ​នាង​! 25កូន​ទីមួយ​កើតចេញមក​មាន​សម្បុរក្រហម ខ្លួន​ទាំងមូល​ដូច​អាវរោមសត្វ គេ​ក៏​ដាក់ឈ្មោះ​វា​ថា អេសាវ​។ 26បន្ទាប់មក ប្អូន​វា​ក៏​កើតចេញមក​ទាំង​ដៃ​កាន់​កែងជើង​អេសាវ គេ​ក៏​ដាក់ឈ្មោះ​វា​ថា យ៉ាកុប​។ រីឯ​អ៊ីសាក​មាន​អាយុ​ហុកសិប​ឆ្នាំ ពេល​បង្កើត​ពួកវា​។
អេសាវលក់សិទ្ធិកូនច្បង
27នៅពេល​ក្មេងប្រុស​ទាំងពីរ​នោះ​ធំឡើង អេសាវ​ក៏​ទៅជា​អ្នកប្រមាញ់​ដ៏​ស្ទាត់ជំនាញ ជា​មនុស្ស​នៃ​ទីវាល រីឯ​យ៉ាកុប​វិញ ជា​មនុស្ស​ស្រគត់ស្រគំ នៅ​តែក្នុង​រោង​។ 28អ៊ីសាក​ស្រឡាញ់​អេសាវ ពីព្រោះ​ចូលចិត្តហូប​សាច់សត្វដែល​គាត់​បរបាញ់បាន រីឯ​រេបិកា​ស្រឡាញ់​យ៉ាកុប​។
29មានថ្ងៃមួយ យ៉ាកុប​កំពុង​ស្ល​សម្ល អេសាវ​ក៏​មក​ពី​ទីវាល​ទាំង​អស់កម្លាំង​។ 30អេសាវ​និយាយ​នឹង​យ៉ាកុប​ថា​៖ “សូម​ឲ្យ​ខ្ញុំ​ហូប​សម្លក្រហម​ខ្លះ​ផង គឺ​សម្លក្រហម​នេះ ពីព្រោះ​ខ្ញុំ​អស់កម្លាំង​!”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​គាត់​ថា​អេដំ​។
31យ៉ាកុប​និយាយថា​៖ “សូម​លក់​សិទ្ធិកូនច្បង​របស់បង​ឲ្យ​ខ្ញុំ នៅ​ថ្ងៃនេះ​សិន​មក​!”។
32អេសាវ​តបថា​៖ “មើល៍! ខ្ញុំ​ស្លាប់ឥឡូវហើយ តើ​សិទ្ធិកូនច្បង​នេះ​ជា​អ្វី​ដល់​ខ្ញុំ​?”។
33យ៉ាកុប​និយាយថា​៖ “សូម​ស្បថ​នឹង​ខ្ញុំ​នៅ​ថ្ងៃនេះ​មក​!”។ គាត់​ក៏​ស្បថ​នឹង​យ៉ាកុប ហើយ​លក់​សិទ្ធិកូនច្បង​ឲ្យ​យ៉ាកុប​។ 34បន្ទាប់មក យ៉ាកុប​ក៏​ឲ្យ​នំប៉័ង និង​សម្ល​សណ្ដែក​ដល់​អេសាវ គាត់​ក៏​ហូប ហើយ​ផឹក រួច​ក្រោកឡើង​ចេញ​បាត់​ទៅ​។ គឺយ៉ាងនេះឯង​ដែល​អេសាវ​បាន​មើលងាយ​សិទ្ធិកូនច្បង​៕

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 25: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល