លោកុប្បត្តិ 24
24
អ៊ីសាកយកប្រពន្ធ
1អ័ប្រាហាំមានវ័យចំណាស់ ហើយអាយុក៏ច្រើនដែរ។ ព្រះយេហូវ៉ាបានប្រទានពរអ័ប្រាហាំក្នុងគ្រប់កិច្ចការ។ 2អ័ប្រាហាំនិយាយនឹងបាវបម្រើរបស់គាត់ ជាចាស់ទុំក្នុងផ្ទះរបស់គាត់ដែលគ្រប់គ្រងលើរបស់ទាំងអស់ដែលគាត់មាន ថា៖ “ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ 3ហើយខ្ញុំនឹងឲ្យអ្នកស្បថដោយអាងព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងចំណោមគេនេះឡើយ 4គឺអ្នកត្រូវទៅស្រុករបស់ខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនប្រុសរបស់ខ្ញុំ”។
5បាវបម្រើនោះក៏តបនឹងគាត់ថា៖ “ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំមកស្រុកនេះទេ តើខ្ញុំត្រូវតែនាំកូនប្រុសរបស់លោកត្រឡប់ទៅស្រុកដែលលោកបានចេញមកនោះវិញឬ?”។
6អ័ប្រាហាំនិយាយនឹងគាត់ថា៖ “ត្រូវប្រាកដថាកុំឲ្យនាំកូនប្រុសរបស់ខ្ញុំត្រឡប់ទៅទីនោះវិញឡើយ។ 7ព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ ដែលយកខ្ញុំចេញពីផ្ទះរបស់ឪពុកខ្ញុំ និងពីស្រុកនៃសាច់ញាតិរបស់ខ្ញុំ ជាព្រះអង្គដែលមានបន្ទូលនឹងខ្ញុំ ហើយស្បថនឹងខ្ញុំថា: ‘យើងនឹងឲ្យទឹកដីនេះដល់ពូជពង្សរបស់អ្នក’ គឺព្រះអង្គនឹងចាត់ទូតសួគ៌របស់ព្រះអង្គឲ្យទៅខាងមុខអ្នក ដូច្នេះអ្នកនឹងយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំពីទីនោះបាន។ 8ប៉ុន្តែប្រសិនបើស្ត្រីនោះមិនព្រមមកតាមអ្នកទេ នោះអ្នកនឹងរួចពីសម្បថរបស់ខ្ញុំនេះ គ្រាន់តែកុំនាំកូនប្រុសរបស់ខ្ញុំត្រឡប់ទៅទីនោះវិញឡើយ”។ 9ដូច្នេះ បាវបម្រើនោះក៏ដាក់ដៃនៅក្រោមភ្លៅរបស់អ័ប្រាហាំចៅហ្វាយរបស់ខ្លួន ហើយស្បថនឹងគាត់អំពីរឿងនេះ។
10បន្ទាប់មក បាវបម្រើនោះយកអូដ្ឋដប់ក្បាលពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួន ហើយចេញដំណើរទៅ ទាំងយករបស់ល្អផ្សេងៗរបស់ចៅហ្វាយខ្លួននៅក្នុងដៃទៅជាមួយដែរ។ គាត់ក្រោកឡើងចេញដំណើរទៅមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។ 11លុះមកដល់ហើយ#24:11 លុះមកដល់ហើយ―ជាពាក្យជំនួយ។ គាត់ឲ្យអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុងក្បែរអណ្ដូងទឹក។ ពេលនោះល្ងាចហើយ ជាពេលដែលស្រីៗចេញមកដងទឹក។
12គាត់ក៏និយាយថា៖ “ព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំអើយ សូមឲ្យបានសម្រេចដល់ទូលបង្គំនៅថ្ងៃនេះ ហើយសូមសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់អ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំផង។ 13មើល៍! ទូលបង្គំកំពុងឈរនៅក្បែរប្រភពទឹកនេះ ហើយពួកកូនស្រីរបស់អ្នកក្រុងនេះកំពុងចេញមកដងទឹក។ 14សូមឲ្យនាងក្រមុំណាដែលទូលបង្គំនិយាយនឹងនាងថា: ‘សូមដាក់ក្អមរបស់នាងចុះដើម្បីឲ្យខ្ញុំផឹកផង’ ហើយនាងតបថា: ‘សូមពិសាចុះ ហើយខ្ញុំក៏ឲ្យអូដ្ឋរបស់លោកផឹកដែរ’ នោះ ជាស្ត្រីដែលព្រះអង្គបានតម្រូវសម្រាប់អ៊ីសាកបាវបម្រើរបស់ព្រះអង្គ។ តាមរយៈការនេះ ទូលបង្គំនឹងដឹងថាព្រះអង្គបានសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់ចៅហ្វាយរបស់ទូលបង្គំមែន”។
15កាលគាត់មិនទាន់និយាយចប់នៅឡើយ មើល៍! រេបិកាក៏ចេញមក ទាំងមានក្អមនៅលើស្មារបស់នាង! នាងជាកូនបេធូអែល បេធូអែលជាកូនប្រុសមីលកា មីលកាជាប្រពន្ធណាឃរ ណាឃរជាប្អូនប្រុសរបស់អ័ប្រាហាំ។ 16នាងក្រមុំនោះមានរូបឆោមស្រស់ស្អាតណាស់ ជាស្ត្រីព្រហ្មចារី ហើយមិនដែលមានប្រុសណាធ្លាប់រួមដំណេកជាមួយនាងឡើយ។ នាងចុះទៅប្រភពទឹក ហើយដងទឹកឲ្យពេញក្អមរបស់នាង ក៏ឡើងមកវិញ។ 17បាវបម្រើនោះក៏រត់ទៅជួបនាង ហើយនិយាយថា៖ “សូមឲ្យខ្ញុំផឹកទឹកបន្តិចពីក្អមរបស់នាងផង”។
18នាងតបថា៖ “លោកម្ចាស់នៃខ្ញុំអើយ សូមពិសាចុះ”។ រួចនាងក៏ប្រញាប់ដាក់ក្អមនៅដៃនាងចុះ ហើយឲ្យគាត់ផឹក។ 19ពេលឲ្យគាត់ផឹករួចហើយ នាងនិយាយថា៖ “ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកដែរ រហូតដល់វាផឹកឆ្អែត”។ 20នាងក៏ប្រញាប់ចាក់ពីក្អមរបស់នាងទៅក្នុងស្នូកសត្វ ហើយរត់ទៅអណ្ដូងដើម្បីដងទឹកទៀត គឺនាងដងទឹកឲ្យអូដ្ឋទាំងអស់របស់គាត់។ 21បុរសនោះសម្លឹងមើលនាងយ៉ាងស្ងៀមស្ងាត់ ដើម្បីឲ្យដឹងថាតើព្រះយេហូវ៉ាទ្រង់ធ្វើឲ្យដំណើររបស់គាត់បានជោគជ័យឬយ៉ាងណា។
22នៅពេលអូដ្ឋបានផឹករួចហើយ បុរសនោះក៏យកក្រវិលមាសទម្ងន់មួយបេកា#24:22 មួយបេកា―ស្មើនឹង 5.7 ក្រាម។ 1 បេកា=0.5 សិគែល=10 កេរ៉ាហ៍។ និងកងដៃមាសពីរទម្ងន់ដប់សិគែល#24:22 ដប់សិគែល―ស្មើនឹង 114 ក្រាម។ 1 សិគែល=11.4 ក្រាម។ឲ្យនាង 23រួចនិយាយថា៖ “សូមប្រាប់ខ្ញុំផង តើនាងជាកូនស្រីរបស់អ្នកណា? តើនៅផ្ទះរបស់ឪពុកនាងមានកន្លែងឲ្យពួកយើងស្នាក់នៅមួយយប់ឬទេ?”។
24នាងឆ្លើយនឹងគាត់ថា៖ “ខ្ញុំជាកូនស្រីរបស់បេធូអែល ដែលបេធូអែលជាកូនប្រុសរបស់មីលកា ដែលមីលកាបានបង្កើតឲ្យណាឃរ”។ 25នាងឆ្លើយនឹងគាត់ទៀតថា៖ “ពួកខ្ញុំមានទាំងចំបើង និងចំណីយ៉ាងច្រើន ព្រមទាំងកន្លែងឲ្យស្នាក់នៅមួយយប់ផង”។
26បុរសនោះក៏ឱនចុះ ថ្វាយបង្គំព្រះយេហូវ៉ា 27ហើយនិយាយថា៖ “សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំ! ព្រះអង្គមិនបានបោះបង់ចោលសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់របស់ព្រះអង្គចំពោះចៅហ្វាយរបស់ទូលបង្គំឡើយ។ រីឯទូលបង្គំវិញ ព្រះយេហូវ៉ាបាននាំទូលបង្គំតាមផ្លូវមកផ្ទះបងប្អូនរបស់ចៅហ្វាយទូលបង្គំហើយ”។
28នាងក្រមុំក៏រត់ទៅវិញ ហើយប្រាប់អ្នកផ្ទះរបស់ម្ដាយនាងអំពីរឿងទាំងនេះ។ 29រេបិកាមានបងប្រុសម្នាក់ឈ្មោះឡាបាន់។ ឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់ប្រភពទឹកនោះ។ 30នៅពេលគាត់បានឃើញក្រវិល និងកងដៃនៅដៃរបស់ប្អូនស្រីគាត់ ហើយបានឮពាក្យរបស់រេបិកាប្អូនស្រីគាត់ ដែលរៀបរាប់ថា៖ “បុរសនោះនិយាយនឹងខ្ញុំដូច្នេះ” គាត់ក៏ទៅរកបុរសនោះ នោះមើល៍! បុរសនោះកំពុងឈរនៅក្បែរអូដ្ឋត្រង់ប្រភពទឹក។
31ឡាបាន់និយាយថា៖ “អ្នកដ៏មានព្រះពររបស់ព្រះយេហូវ៉ាអើយ អញ្ជើញចូលមក! ហេតុអ្វីបានជាលោកឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះ និងកន្លែងសម្រាប់អូដ្ឋដែរ”។ 32ដូច្នេះ បុរសនោះក៏ចូលទៅក្នុងផ្ទះ។ ឡាបាន់ក៏ស្រាយអូដ្ឋ ហើយឲ្យចំបើង និងចំណីដល់អូដ្ឋ ព្រមទាំងឲ្យទឹកសម្រាប់លាងជើងបុរសនោះ និងពួកមនុស្សដែលមកជាមួយគាត់ផង។
33បន្ទាប់មក គេដាក់អាហារនៅមុខគាត់ឲ្យហូប ប៉ុន្តែគាត់និយាយថា៖ “ខ្ញុំមិនហូបទេ ទាល់តែបាននិយាយពាក្យរបស់ខ្ញុំសិន”។
ឡាបាន់ក៏និយាយថា៖ “សូមមានប្រសាសន៍ចុះ”។
34គាត់ក៏និយាយថា៖ “ខ្ញុំជាបាវបម្រើរបស់អ័ប្រាហាំ។ 35ព្រះយេហូវ៉ាបានប្រទានពរចៅហ្វាយរបស់ខ្ញុំយ៉ាងច្រើន ហើយលោកបានជាស្ដុកស្ដម្ភ។ ព្រះអង្គបានប្រទានហ្វូងចៀម និងហ្វូងគោ ប្រាក់ និងមាស បាវបម្រើប្រុស និងបាវបម្រើស្រី អូដ្ឋ និងលាឲ្យលោក។ 36រីឯសារ៉ាប្រពន្ធរបស់ចៅហ្វាយខ្ញុំបង្កើតកូនប្រុសម្នាក់ឲ្យចៅហ្វាយខ្ញុំក្នុងវ័យចំណាស់របស់គាត់ លោកក៏ប្រគល់អ្វីៗទាំងអស់ដែលលោកមានទៅកូនប្រុសនេះ។ 37ចៅហ្វាយរបស់ខ្ញុំឲ្យខ្ញុំស្បថដោយមានប្រសាសន៍ថា: ‘អ្នកមិនត្រូវយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងទឹកដីគេនេះឡើយ 38គឺអ្នកត្រូវទៅឯផ្ទះរបស់ឪពុកខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ’។ 39ខ្ញុំក៏តបនឹងចៅហ្វាយរបស់ខ្ញុំថា: ‘ប្រហែលជាស្ត្រីនោះមិនព្រមមកតាមខ្ញុំទេ’។ 40នោះលោកមានប្រសាសន៍នឹងខ្ញុំថា: ‘ព្រះយេហូវ៉ាដែលខ្ញុំដើរនៅចំពោះព្រះអង្គ គឺព្រះអង្គនឹងចាត់ទូតសួគ៌របស់ព្រះអង្គឲ្យទៅជាមួយអ្នក ហើយធ្វើឲ្យដំណើររបស់អ្នកបានជោគជ័យ ដូច្នេះអ្នកនឹងយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំពីសាច់ញាតិរបស់ខ្ញុំ និងពីផ្ទះរបស់ឪពុកខ្ញុំបាន។ 41កាលណាអ្នកទៅដល់សាច់ញាតិរបស់ខ្ញុំ អ្នកនឹងរួចពីសម្បថរបស់ខ្ញុំ។ ហើយប្រសិនបើគេមិនព្រមឲ្យអ្នកទេ នោះអ្នកនឹងរួចពីសម្បថរបស់ខ្ញុំដែរ’។
42“ដូច្នេះថ្ងៃនេះ ពេលខ្ញុំមកដល់ប្រភពទឹក ខ្ញុំក៏និយាយថា: ‘ព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ទូលបង្គំអើយ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមឲ្យដំណើររបស់ទូលបង្គំដែលមកដល់ទីនេះបានជោគជ័យផង។ 43មើល៍! ទូលបង្គំកំពុងឈរនៅក្បែរប្រភពទឹក។ សូមឲ្យនាងក្រមុំណាដែលចេញមកដងទឹក ហើយទូលបង្គំនិយាយនឹងនាងថា: “សូមឲ្យខ្ញុំផឹកទឹកបន្តិចពីក្អមរបស់នាងផង” 44ហើយនាងតបនឹងទូលបង្គំថា: “សូមពិសាចុះ ហើយខ្ញុំក៏ដងទឹកឲ្យអូដ្ឋរបស់លោកដែរ” នោះ ជាស្ត្រីដែលព្រះយេហូវ៉ាបានតម្រូវសម្រាប់កូនប្រុសរបស់ចៅហ្វាយទូលបង្គំ’។
45“កាលខ្ញុំនិយាយក្នុងចិត្តមិនទាន់ចប់នៅឡើយ មើល៍! រេបិកាក៏ចេញមក ទាំងមានក្អមនៅលើស្មារបស់នាង! នាងចុះទៅប្រភពទឹក ហើយដងទឹក នោះខ្ញុំក៏និយាយនឹងនាងថា: ‘សូមឲ្យខ្ញុំផឹកផង’។ 46នាងក៏ប្រញាប់ដាក់ក្អមរបស់នាងចុះពីស្មា ហើយតបថា: ‘សូមពិសាចុះ ហើយខ្ញុំនឹងឲ្យអូដ្ឋរបស់លោកផឹកដែរ’។ ដូច្នេះ ខ្ញុំក៏ផឹក ហើយនាងក៏ឲ្យអូដ្ឋផឹកដែរ។ 47បន្ទាប់មក ខ្ញុំសួរនាងថា: ‘តើនាងជាកូនស្រីរបស់អ្នកណា?’។ នាងឆ្លើយថា: ‘ខ្ញុំជាកូនស្រីរបស់បេធូអែល ដែលបេធូអែលជាកូនប្រុសរបស់ណាឃរ ដែលមីលកាបានបង្កើតឲ្យគាត់’។ ខ្ញុំក៏ពាក់ក្រវិលនៅច្រមុះនាង និងកងដៃនៅដៃនាង។ 48រួចខ្ញុំក៏ឱនចុះ ថ្វាយបង្គំព្រះយេហូវ៉ា ហើយថ្វាយពរព្រះយេហូវ៉ាដ៏ជាព្រះនៃអ័ប្រាហាំចៅហ្វាយរបស់ខ្ញុំ ដែលនាំខ្ញុំតាមផ្លូវត្រឹមត្រូវ ដើម្បីឲ្យបានយកកូនស្រីរបស់ប្អូនប្រុសចៅហ្វាយខ្ញុំឲ្យកូនប្រុសរបស់លោក។ 49ដូច្នេះឥឡូវនេះ ប្រសិនបើអស់លោកចង់សម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ដល់ចៅហ្វាយរបស់ខ្ញុំ សូមប្រាប់ខ្ញុំមក; ហើយប្រសិនបើមិនព្រមទេ ក៏សូមប្រាប់ខ្ញុំដែរ ដើម្បីឲ្យខ្ញុំបានបែរទៅខាងស្ដាំ ឬខាងឆ្វេងទៀត”។
50ឡាបាន់ និងបេធូអែលតបវិញថា៖ “ការនេះមកពីព្រះយេហូវ៉ា យើងមិនអាចប្រាប់លោកថាអាក្រក់ ឬល្អបានទេ។ 51មើល៍! រេបិកានៅមុខលោកហើយ ចូរយកនាងទៅចុះ! សូមឲ្យនាងបានជាប្រពន្ធរបស់កូនប្រុសចៅហ្វាយលោក ដូចដែលព្រះយេហូវ៉ាបានមានបន្ទូលចុះ”។
52នៅពេលបាវបម្រើរបស់អ័ប្រាហាំបានឮពាក្យរបស់ពួកគេ គាត់ក៏ក្រាបមុខដល់ដីចំពោះព្រះយេហូវ៉ា។ 53បន្ទាប់មក បាវបម្រើនោះក៏យកគ្រឿងអលង្ការប្រាក់ គ្រឿងអលង្ការមាស និងសម្លៀកបំពាក់មកឲ្យរេបិកា ហើយគាត់ក៏ឲ្យរបស់មានតម្លៃដល់បងប្រុសរបស់នាង និងម្ដាយរបស់នាងដែរ។ 54រួចគាត់ និងមនុស្សដែលនៅជាមួយគាត់ក៏ហូប និងផឹក ហើយស្នាក់នៅមួយយប់។
ពេលក្រោកឡើងពីព្រលឹម គាត់ក៏និយាយថា៖ “សូមបញ្ជូនខ្ញុំទៅឯចៅហ្វាយរបស់ខ្ញុំវិញទៅ”។
55ប៉ុន្តែបងប្រុសរបស់នាង និងម្ដាយរបស់នាងនិយាយថា៖ “សូមឲ្យនាងក្រមុំនៅជាមួយយើងយ៉ាងហោចណាស់ដប់ថ្ងៃសិន រួចសឹមទៅចុះ”។
56ប៉ុន្តែបាវបម្រើនោះតបនឹងពួកគេថា៖ “កុំពន្យារពេលខ្ញុំឡើយ ដ្បិតព្រះយេហូវ៉ាបានធ្វើឲ្យដំណើររបស់ខ្ញុំបានជោគជ័យហើយ។ សូមបញ្ជូនខ្ញុំទៅចុះ ដើម្បីឲ្យខ្ញុំបានទៅឯចៅហ្វាយរបស់ខ្ញុំវិញ”។
57ដូច្នេះ ពួកគេនិយាយថា៖ “សូមឲ្យយើងហៅនាងក្រមុំមក ហើយសួរយោបល់#24:57 យោបល់―ន័យត្រង់គឺ “មាត់”។នាងសិន”។
58ពួកគេហៅរេបិកាមក ហើយសួរនាងថា៖ “តើកូនព្រមទៅជាមួយបុរសនេះឬទេ?”។ នាងឆ្លើយថា៖ “ខ្ញុំព្រមទៅ”។ 59ពួកគេក៏ជូនដំណើររេបិកាប្អូនស្រីរបស់ខ្លួន និងមេដោះរបស់នាងទៅជាមួយបាវបម្រើរបស់អ័ប្រាហាំ និងមនុស្សរបស់គាត់។
60ពួកគេឲ្យពររេបិកា ហើយនិយាយនឹងនាងថា៖
“ប្អូនស្រីរបស់យើងអើយ
សូមឲ្យឯងបានទៅជារាប់ពាន់រាប់ម៉ឺននាក់
សូមឲ្យពូជពង្សរបស់ឯងយកខ្លោងទ្វាររបស់សត្រូវជាកម្មសិទ្ធិចុះ”។
61រេបិកា និងពួកអ្នកបម្រើស្រីរបស់នាងក៏ក្រោកឡើង ហើយឡើងជិះអូដ្ឋទៅតាមបុរសនោះ ដូច្នេះបាវបម្រើនោះក៏យករេបិកា ហើយចេញទៅ។
62គ្រានោះ អ៊ីសាកបានត្រឡប់មកពីបៀរ-ឡាហាយ-រយ ដ្បិតគាត់បានរស់នៅក្នុងតំបន់ណេកិប។ 63នៅពេលល្ងាច អ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល។ គាត់ងើបភ្នែកឡើង នោះមើល៍! គាត់ឃើញហ្វូងអូដ្ឋកំពុងចូលមក។ 64រេបិកាងើបភ្នែកឡើងដែរ ក៏ឃើញអ៊ីសាក នោះនាងចុះពីលើអូដ្ឋមក 65ហើយសួរបាវបម្រើនោះថា៖ “តើបុរសដែលកំពុងដើរនៅទីវាលមកជួបយើងនោះជានរណា?”។
បាវបម្រើក៏ឆ្លើយថា៖ “គាត់ជាចៅហ្វាយរបស់ខ្ញុំ”។ នាងក៏យកស្បៃមក គ្របបាំងខ្លួននាង។ 66បាវបម្រើក៏រៀបរាប់ប្រាប់អ៊ីសាកអំពីការទាំងអស់ដែលគាត់បានធ្វើ។
67បន្ទាប់មក អ៊ីសាកក៏នាំរេបិកាទៅក្នុងរោងរបស់សារ៉ាម្ដាយរបស់ខ្លួន ហើយគាត់យករេបិកា នោះនាងបានជាប្រពន្ធរបស់គាត់ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ អ៊ីសាកបានទទួលការសម្រាលទុក្ខ ក្រោយពីមរណភាពរបស់ម្ដាយគាត់៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 24: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative