លោកុប្បត្តិ 23

23
ទិញដីបញ្ចុះសារ៉ា
1សារ៉ា​មាន​អាយុ​មួយរយម្ភៃប្រាំពីរ​ឆ្នាំ នេះហើយជា​អាយុ​នៃ​ជីវិត​របស់​សារ៉ា​។ 2បន្ទាប់មក សារ៉ា​ស្លាប់​នៅ​គារយ៉ាត់-អើបា គឺ​នៅ​ហេប្រុន​ក្នុង​ដែនដី​កាណាន​។ អ័ប្រាហាំ​ក៏​ចូលទៅ​កាន់ទុក្ខ​ចំពោះ​សារ៉ា ហើយ​យំស្រណោះ​នាង​។
3រួច​អ័ប្រាហាំ​ក្រោក​ចេញពី​មុខ​សព ហើយ​និយាយ​នឹង​កូនចៅ​ហេត​ថា​៖ 4“ខ្ញុំ​ជា​ជនរស់នៅបណ្ដោះអាសន្ន និង​ជា​ជនសាត់អណ្ដែត​ក្នុងចំណោម​អស់លោក​។ សូម​ឲ្យ​កម្មសិទ្ធិ​មួយ​ដល់​ខ្ញុំ សម្រាប់ធ្វើជា​ផ្នូរ​ក្នុងចំណោម​អស់លោក ដើម្បីឲ្យ​ខ្ញុំ​បាន​បញ្ចុះ​សព​នេះ ចេញពី​មុខ​ខ្ញុំ​ផង”។
5កូនចៅ​ហេត​ក៏​តប​នឹង​អ័ប្រាហាំ​ថា​៖ 6“លោកម្ចាស់​នៃយើងខ្ញុំ​អើយ សូម​ស្ដាប់​យើងខ្ញុំ​! លោក​ជា​អ្នកដឹកនាំ​ពី​ព្រះ#23:6 អ្នកដឹកនាំ​ពី​ព្រះ―ឬ “ព្រះអង្គម្ចាស់ដ៏ខ្លាំងពូកែ”។​ក្នុងចំណោម​យើងខ្ញុំ​។ សូម​បញ្ចុះ​សព​នេះ នៅក្នុង​ផ្នូរ​ដែលល្អបំផុត​របស់យើងខ្ញុំ​ចុះ​! ក្នុងចំណោម​យើងខ្ញុំ គ្មាន​អ្នកណា​ឃាត់​លោក​មិនឲ្យ​បញ្ចុះ​សព​ក្នុង​ផ្នូរ​គេ​ឡើយ”។
7អ័ប្រាហាំ​ក៏​ក្រោកឡើង ហើយ​ក្រាបចុះ​នៅចំពោះ​កូនចៅ​ហេត​ជា​អ្នកស្រុក​នោះ 8រួច​និយាយ​នឹង​ពួកគេ​ថា​៖ “ប្រសិនបើ​អស់លោក​សុខចិត្ត​ឲ្យ​ខ្ញុំ​បញ្ចុះ​សព​នេះ​ចេញពី​មុខ​ខ្ញុំ នោះ​សូម​ស្ដាប់​ខ្ញុំ​សិន ហើយ​សូម​ជួយ​អង្វរ​អេប្រុន​កូន​របស់​សូហារ​ជំនួស​ខ្ញុំ​ផង 9ឲ្យ​គាត់​ប្រគល់​រអាង​នៅ​ម៉ាក់ពេឡា​ដែល​ជារបស់​គាត់​មក​ខ្ញុំ វា​នៅ​ចុង​ចម្ការ​របស់គាត់​ទេ​។ សូមឲ្យ​គាត់​ប្រគល់​វា​មក​ខ្ញុំ​តាម​តម្លៃ​ពេញ ទុកជា​កម្មសិទ្ធិ​សម្រាប់ជា​ផ្នូរ នៅចំពោះ​អស់លោក​ផង”។
10ពេលនោះ អេប្រុន​កំពុង​អង្គុយ​នៅកណ្ដាលចំណោម​កូនចៅ​ហេត​។ អេប្រុន​ជា​ជនជាតិហេត​ក៏​តប​នឹង​អ័ប្រាហាំ ខណៈដែល​កូនចៅ​ហេត​កំពុង​ស្ដាប់ គឺ​នៅចំពោះ​មនុស្ស​ទាំងអស់​ដែល​ចូល​តាម​ខ្លោងទ្វារ​ទីក្រុង ដោយ​និយាយថា​៖ 11“ទេ លោកម្ចាស់​នៃខ្ញុំ​អើយ សូម​ស្ដាប់​ខ្ញុំ​! ខ្ញុំ​សូម​ជូន​ចម្ការ​នោះ​ដល់​លោក រីឯ​រអាង​ដែល​នៅក្នុង​ចម្ការនោះ​ក៏​ខ្ញុំ​សូម​ជូន​ដល់​លោក​ដែរ គឺ​ខ្ញុំ​សូម​ជូន​វា​ដល់​លោក​នៅចំពោះ​ភ្នែក​ជនរួមជាតិ​របស់ខ្ញុំ​។ សូម​បញ្ចុះ​សព​នោះ​ចុះ”។
12អ័ប្រាហាំ​ក៏​ក្រាបចុះ​នៅចំពោះ​ពួក​អ្នកស្រុក​នោះ 13រួច​និយាយ​នឹង​អេប្រុន ខណៈដែល​ពួក​អ្នកស្រុក​នោះ​កំពុង​ស្ដាប់ ថា​៖ “ប៉ុន្តែ​ប្រសិនបើ​លោក​សុខចិត្ត សូម​ស្ដាប់​ខ្ញុំ ខ្ញុំ​នឹង​បង់​ប្រាក់​សម្រាប់​ចម្ការ​នោះ​។ សូម​ទទួលយក​ពី​ខ្ញុំ​ចុះ នោះ​ខ្ញុំ​អាច​បញ្ចុះ​សព​នៅ​ទីនោះ​បាន”។
14អេប្រុន​តប​នឹង​អ័ប្រាហាំ​ថា​៖ 15“លោកម្ចាស់​នៃខ្ញុំ​អើយ សូម​ស្ដាប់​ខ្ញុំ​! ប្រាក់​បួនរយ​សិគែល#23:15 បួនរយ​សិគែល―ស្មើនឹង 4,560 ក្រាម។ 1 សិគែល=11.4 ក្រាម។​សម្រាប់​ដី​មួយ​កន្លែងនេះ តើ​ជា​អ្វី​រវាង​ខ្ញុំ និង​លោក​? សូម​បញ្ចុះ​សព​នោះ​ចុះ”។ 16អ័ប្រាហាំ​ក៏​ស្ដាប់តាម​អេប្រុន ហើយ​អ័ប្រាហាំ​ថ្លឹង​ឲ្យ​អេប្រុន​តាម​តម្លៃ​ដែល​គាត់​បាន​និយាយ ខណៈដែល​កូនចៅ​ហេត​កំពុង​ស្ដាប់ គឺ​ប្រាក់​បួនរយ​សិគែល​តាម​តម្លៃ​ឈ្មួញ​។ 17ដូច្នេះ ចម្ការ​របស់​អេប្រុន​ដែល​នៅ​ម៉ាក់ពេឡា​ទល់មុខ​ម៉ាមរេ គឺ​ចម្ការ និង​រអាង​ដែល​នៅ​ទីនោះ ព្រមទាំង​ដើមឈើ​ទាំងអស់​ដែល​នៅក្នុង​ចម្ការ​នោះ ដែល​នៅតាម​ព្រំប្រទល់​ជុំវិញ​ចម្ការ​ទាំងមូល ត្រូវបាន​ផ្ទេរ 18ឲ្យ​អ័ប្រាហាំ ទុកជា​កម្មសិទ្ធិ​នៅចំពោះ​ភ្នែក​កូនចៅ​ហេត គឺ​នៅចំពោះ​មនុស្ស​ទាំងអស់​ដែល​ចូល​តាម​ខ្លោងទ្វារ​ទីក្រុង​។ 19បន្ទាប់ពីការទាំងនេះ អ័ប្រាហាំ​បាន​បញ្ចុះ​សារ៉ា​ប្រពន្ធ​របស់គាត់​ក្នុង​រអាង​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា ទល់មុខ​ម៉ាមរេ (​ម៉ាមរេ​គឺ​ហេប្រុន​) ក្នុង​ដែនដី​កាណាន​។ 20ដូច្នេះ ចម្ការ​នោះ ព្រមទាំង​រអាង​ដែល​នៅ​ទីនោះ​ត្រូវបាន​ផ្ទេរ​ឲ្យ​អ័ប្រាហាំ ទុកជា​កម្មសិទ្ធិ​សម្រាប់ជា​ផ្នូរ ដោយ​កូនចៅ​ហេត​៕

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 23: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល