លោកុប្បត្តិ 22

22
អ័ប្រាហាំថ្វាយអ៊ីសាកជាយញ្ញបូជា
1ពេលនោះ​មានកើតឡើងដូច្នេះ​: ក្រោយពី​ការ​ទាំងនោះ ព្រះ​បាន​សាកល្បង​អ័ប្រាហាំ គឺ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖ “អ័ប្រាហាំ​!”។
គាត់​ក៏​ទូល​តបថា​៖ “មើល៍! ទូលបង្គំ​នៅទីនេះ​!”។
2ព្រះអង្គ​មានបន្ទូលថា​៖ “ចូរ​យក​អ៊ីសាក​កូនប្រុស​របស់អ្នក គឺ​កូនតែមួយ​របស់អ្នក​ដែល​អ្នក​ស្រឡាញ់ ហើយ​ទៅ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​នៅ​ទីនោះ​ទុកជា​តង្វាយដុត​នៅលើ​ភ្នំ​មួយ​ដែល​យើង​នឹង​ប្រាប់​អ្នក”។
3អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម ចងកែប​លា​របស់គាត់ រួច​យក​យុវជន​ពីរ​នាក់ និង​អ៊ីសាក​កូនប្រុស​របស់គាត់​ទៅ​ជាមួយ​។ គាត់​បាន​ពុះ​អុស​សម្រាប់​តង្វាយដុត ហើយ​ក្រោកឡើង​ទៅ​កន្លែង​ដែល​ព្រះ​បាន​ប្រាប់​គាត់​។ 4លុះ​ថ្ងៃ​ទីបី អ័ប្រាហាំ​ងើបភ្នែកឡើង ក៏​ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ 5ពេលនោះ អ័ប្រាហាំ​និយាយ​នឹង​ពួក​យុវជន​របស់គាត់​ថា​៖ “ចូរ​ពួកអ្នក​នៅ​ទីនេះ​ជាមួយ​លា​ចុះ រីឯ​ខ្ញុំ និង​ក្មេងប្រុស​នេះ​នឹង​ទៅ​ទីនោះ​ដើម្បី​ថ្វាយបង្គំ រួច​ត្រឡប់មក​ឯ​ពួកអ្នក​វិញ”។ 6អ័ប្រាហាំ​ក៏​យក​អុស​សម្រាប់​តង្វាយដុត ដាក់​លើ​អ៊ីសាក​កូនប្រុស​របស់គាត់ រីឯ​គាត់​វិញ គាត់​យក​ភ្លើង និង​កាំបិត​កាន់​នៅ​ដៃ ហើយ​ពួកគេ​ទាំង​ពីរ​ទៅ​ជាមួយគ្នា​។
7អ៊ីសាក​និយាយ​នឹង​អ័ប្រាហាំ​ឪពុក​របស់ខ្លួន​ថា​៖ “លោកឪពុក​អើយ​!”។
អ័ប្រាហាំ​តបថា​៖ “កូន​អើយ មើល៍! ឪពុក​នៅទីនេះ​!”។
អ៊ីសាក​ក៏​និយាយថា​៖ “មើល៍! យើង​មាន​ភ្លើង និង​អុស ប៉ុន្តែ​កូនចៀម​សម្រាប់​តង្វាយដុត​នៅ​ឯណា​?”។
8អ័ប្រាហាំ​ឆ្លើយថា​៖ “កូន​អើយ ព្រះ​នឹង​ផ្គត់ផ្គង់​កូនចៀម​សម្រាប់​តង្វាយដុត​ដោយអង្គទ្រង់ផ្ទាល់”។ ដូច្នេះ ពួកគេ​ទាំង​ពីរ​ក៏​ទៅ​ជាមួយគ្នា​។
9លុះ​ទៅ​ដល់​កន្លែង​ដែល​ព្រះ​បាន​ប្រាប់​គាត់​ហើយ អ័ប្រាហាំ​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ រួច​រៀបចំ​អុស ហើយ​ចង​អ៊ីសាក​កូនប្រុស​របស់គាត់​ផ្ដេក​លើ​អាសនា នៅលើ​អុស​។ 10បន្ទាប់មក អ័ប្រាហាំ​លូក​ដៃ​យក​កាំបិត ដើម្បី​សម្លាប់​កូនប្រុស​របស់គាត់​។
11ពេលនោះ ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ហៅ​គាត់​ពី​លើមេឃ​មក​ថា​៖ “អ័ប្រាហាំ​! អ័ប្រាហាំ​!”។
គាត់​តបថា​៖ “មើល៍! ខ្ញុំ​នៅទីនេះ​!”។
12ទូតសួគ៌​និយាយថា​៖ “កុំ​លូក​ដៃ​របស់អ្នក​ទៅ​លើ​ក្មេងប្រុស​នោះ​ឡើយ ក៏​កុំ​ធ្វើ​អ្វី​ដល់​វា​ដែរ ដ្បិត​ឥឡូវនេះ យើង​ដឹង​ហើយ​ថា​អ្នក​កោតខ្លាច​ព្រះ​មែន ពីព្រោះ​អ្នក​មិន​បាន​សំចៃទុក​កូនប្រុស​របស់អ្នក គឺ​កូនតែមួយ​របស់អ្នក​ពី​យើង​ឡើយ”។ 13អ័ប្រាហាំ​ងើបភ្នែកឡើង ហើយ​មើល នោះ​មើល៍! មាន​ចៀមឈ្មោល​មួយ​នៅខាងក្រោយ ជាប់​ស្នែង​នឹង​គុម្ពោតព្រៃ​! អ័ប្រាហាំ​ក៏​ទៅ​យក​ចៀមឈ្មោល​នោះ ហើយ​ថ្វាយ​វា​ជា​តង្វាយដុត ជំនួស​កូនប្រុស​របស់គាត់​។ 14អ័ប្រាហាំ​ក៏​ដាក់ឈ្មោះ​កន្លែង​នោះ​ថា យេហូវ៉ា-យីរេ#22:14 យេហូវ៉ា-យីរេ―ន័យត្រង់គឺ “ព្រះយេហូវ៉ា​នឹង​ផ្គត់ផ្គង់”។ ដូចដែល​គេ​និយាយ​ដរាបដល់​សព្វថ្ងៃនេះ​ថា​៖ “នៅលើ​ភ្នំ​របស់​ព្រះយេហូវ៉ា នឹង​មានការផ្គត់ផ្គង់#22:14 នឹង​មានការផ្គត់ផ្គង់―ឬ “នឹងមានការបើកសម្ដែង”។”។
15ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ហៅ​អ័ប្រាហាំ​ម្ដងទៀត​ពី​លើមេឃ​មក 16ថា​៖ “នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​: យើង​បាន​ស្បថ​ដោយ​អាង​ខ្លួនយើង​ថា ដោយព្រោះ​អ្នក​បាន​ធ្វើ​ការ​នេះ គឺ​អ្នក​មិន​បាន​សំចៃទុក​កូនប្រុស​របស់អ្នក គឺ​កូនតែមួយ​របស់អ្នក 17យើង​នឹង​ឲ្យពរ​អ្នក​យ៉ាងបរិបូរ​ជាប្រាកដ ហើយ​នឹង​បង្កើនចំនួន​ពូជពង្ស​របស់អ្នក​ឲ្យច្រើនឡើង​ដូច​ផ្កាយ​នៅ​លើមេឃ និង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ នោះ​ពូជពង្ស​របស់អ្នក​នឹង​យក​ទ្វារក្រុង​របស់​ខ្មាំងសត្រូវ​ជាកម្មសិទ្ធិ​។ 18អស់ទាំង​ប្រជាជាតិ​នៅលើ​ផែនដី​នឹង​ឲ្យពរ​ខ្លួនគេ​តាមរយៈ​ពូជពង្ស​របស់អ្នក ពីព្រោះ​អ្នក​បាន​ស្ដាប់តាម​សំឡេង​របស់យើង”។
19បន្ទាប់មក អ័ប្រាហាំ​ត្រឡប់ទៅ​ឯ​ពួក​យុវជន​របស់គាត់​វិញ ហើយ​ពួកគេ​ក្រោកឡើង​ទៅ​បៀរ-សេបា​ជាមួយគ្នា​។ អ័ប្រាហាំ​ក៏​រស់នៅ​បៀរ-សេបា​។
ពូជពង្សរបស់ណាឃរ
20នៅគ្រានោះ​មានកើតឡើងដូច្នេះ​: ក្រោយពី​ការ​ទាំងនោះ មាន​គេ​ប្រាប់​អ័ប្រាហាំ​ថា​៖ “មើល៍! មីលកា​ក៏​បាន​បង្កើត​កូន​ឲ្យ​ណាឃរ​ប្អូនប្រុស​របស់លោក​ដែរ 21គឺ​អ៊ូស​ជា​កូនច្បង ប៊ូស​ជា​ប្អូន កេមូអែល​ដែលជា​ឪពុក​របស់​អើរ៉ាម 22កេសែឌ ហាសូរ ពីលដាស យីតឡាប និង​បេធូអែល”។ 23បេធូអែល​បាន​បង្កើត​រេបិកា​។ គឺ​ប្រាំបី​នាក់​នេះ​ហើយ ដែល​មីលកា​បាន​បង្កើត​ឲ្យ​ណាឃរ​ប្អូនប្រុស​របស់​អ័ប្រាហាំ​។ 24មួយវិញទៀត ប្រពន្ធចុង​របស់គាត់​ឈ្មោះ​រេយូម៉ា ក៏​បង្កើត​ធេបា កាហាំ ថាហាស និង​ម្អាកា​ដែរ​៕

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 22: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល