លោកុប្បត្តិ 22
22
អ័ប្រាហាំថ្វាយអ៊ីសាកជាយញ្ញបូជា
1ពេលនោះមានកើតឡើងដូច្នេះ: ក្រោយពីការទាំងនោះ ព្រះបានសាកល្បងអ័ប្រាហាំ គឺព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “អ័ប្រាហាំ!”។
គាត់ក៏ទូលតបថា៖ “មើល៍! ទូលបង្គំនៅទីនេះ!”។
2ព្រះអង្គមានបន្ទូលថា៖ “ចូរយកអ៊ីសាកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នកដែលអ្នកស្រឡាញ់ ហើយទៅស្រុកម៉ូរីយ៉ា រួចថ្វាយវានៅទីនោះទុកជាតង្វាយដុតនៅលើភ្នំមួយដែលយើងនឹងប្រាប់អ្នក”។
3អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម ចងកែបលារបស់គាត់ រួចយកយុវជនពីរនាក់ និងអ៊ីសាកកូនប្រុសរបស់គាត់ទៅជាមួយ។ គាត់បានពុះអុសសម្រាប់តង្វាយដុត ហើយក្រោកឡើងទៅកន្លែងដែលព្រះបានប្រាប់គាត់។ 4លុះថ្ងៃទីបី អ័ប្រាហាំងើបភ្នែកឡើង ក៏ឃើញកន្លែងនោះពីចម្ងាយ 5ពេលនោះ អ័ប្រាហាំនិយាយនឹងពួកយុវជនរបស់គាត់ថា៖ “ចូរពួកអ្នកនៅទីនេះជាមួយលាចុះ រីឯខ្ញុំ និងក្មេងប្រុសនេះនឹងទៅទីនោះដើម្បីថ្វាយបង្គំ រួចត្រឡប់មកឯពួកអ្នកវិញ”។ 6អ័ប្រាហាំក៏យកអុសសម្រាប់តង្វាយដុត ដាក់លើអ៊ីសាកកូនប្រុសរបស់គាត់ រីឯគាត់វិញ គាត់យកភ្លើង និងកាំបិតកាន់នៅដៃ ហើយពួកគេទាំងពីរទៅជាមួយគ្នា។
7អ៊ីសាកនិយាយនឹងអ័ប្រាហាំឪពុករបស់ខ្លួនថា៖ “លោកឪពុកអើយ!”។
អ័ប្រាហាំតបថា៖ “កូនអើយ មើល៍! ឪពុកនៅទីនេះ!”។
អ៊ីសាកក៏និយាយថា៖ “មើល៍! យើងមានភ្លើង និងអុស ប៉ុន្តែកូនចៀមសម្រាប់តង្វាយដុតនៅឯណា?”។
8អ័ប្រាហាំឆ្លើយថា៖ “កូនអើយ ព្រះនឹងផ្គត់ផ្គង់កូនចៀមសម្រាប់តង្វាយដុតដោយអង្គទ្រង់ផ្ទាល់”។ ដូច្នេះ ពួកគេទាំងពីរក៏ទៅជាមួយគ្នា។
9លុះទៅដល់កន្លែងដែលព្រះបានប្រាប់គាត់ហើយ អ័ប្រាហាំក៏សង់អាសនាមួយនៅទីនោះ រួចរៀបចំអុស ហើយចងអ៊ីសាកកូនប្រុសរបស់គាត់ផ្ដេកលើអាសនា នៅលើអុស។ 10បន្ទាប់មក អ័ប្រាហាំលូកដៃយកកាំបិត ដើម្បីសម្លាប់កូនប្រុសរបស់គាត់។
11ពេលនោះ ទូតសួគ៌របស់ព្រះយេហូវ៉ាហៅគាត់ពីលើមេឃមកថា៖ “អ័ប្រាហាំ! អ័ប្រាហាំ!”។
គាត់តបថា៖ “មើល៍! ខ្ញុំនៅទីនេះ!”។
12ទូតសួគ៌និយាយថា៖ “កុំលូកដៃរបស់អ្នកទៅលើក្មេងប្រុសនោះឡើយ ក៏កុំធ្វើអ្វីដល់វាដែរ ដ្បិតឥឡូវនេះ យើងដឹងហើយថាអ្នកកោតខ្លាចព្រះមែន ពីព្រោះអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នកពីយើងឡើយ”។ 13អ័ប្រាហាំងើបភ្នែកឡើង ហើយមើល នោះមើល៍! មានចៀមឈ្មោលមួយនៅខាងក្រោយ ជាប់ស្នែងនឹងគុម្ពោតព្រៃ! អ័ប្រាហាំក៏ទៅយកចៀមឈ្មោលនោះ ហើយថ្វាយវាជាតង្វាយដុត ជំនួសកូនប្រុសរបស់គាត់។ 14អ័ប្រាហាំក៏ដាក់ឈ្មោះកន្លែងនោះថា យេហូវ៉ា-យីរេ#22:14 យេហូវ៉ា-យីរេ―ន័យត្រង់គឺ “ព្រះយេហូវ៉ានឹងផ្គត់ផ្គង់”។ ដូចដែលគេនិយាយដរាបដល់សព្វថ្ងៃនេះថា៖ “នៅលើភ្នំរបស់ព្រះយេហូវ៉ា នឹងមានការផ្គត់ផ្គង់#22:14 នឹងមានការផ្គត់ផ្គង់―ឬ “នឹងមានការបើកសម្ដែង”។”។
15ទូតសួគ៌របស់ព្រះយេហូវ៉ាក៏ហៅអ័ប្រាហាំម្ដងទៀតពីលើមេឃមក 16ថា៖ “នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា: យើងបានស្បថដោយអាងខ្លួនយើងថា ដោយព្រោះអ្នកបានធ្វើការនេះ គឺអ្នកមិនបានសំចៃទុកកូនប្រុសរបស់អ្នក គឺកូនតែមួយរបស់អ្នក 17យើងនឹងឲ្យពរអ្នកយ៉ាងបរិបូរជាប្រាកដ ហើយនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឲ្យច្រើនឡើងដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ នោះពូជពង្សរបស់អ្នកនឹងយកទ្វារក្រុងរបស់ខ្មាំងសត្រូវជាកម្មសិទ្ធិ។ 18អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក ពីព្រោះអ្នកបានស្ដាប់តាមសំឡេងរបស់យើង”។
19បន្ទាប់មក អ័ប្រាហាំត្រឡប់ទៅឯពួកយុវជនរបស់គាត់វិញ ហើយពួកគេក្រោកឡើងទៅបៀរ-សេបាជាមួយគ្នា។ អ័ប្រាហាំក៏រស់នៅបៀរ-សេបា។
ពូជពង្សរបស់ណាឃរ
20នៅគ្រានោះមានកើតឡើងដូច្នេះ: ក្រោយពីការទាំងនោះ មានគេប្រាប់អ័ប្រាហាំថា៖ “មើល៍! មីលកាក៏បានបង្កើតកូនឲ្យណាឃរប្អូនប្រុសរបស់លោកដែរ 21គឺអ៊ូសជាកូនច្បង ប៊ូសជាប្អូន កេមូអែលដែលជាឪពុករបស់អើរ៉ាម 22កេសែឌ ហាសូរ ពីលដាស យីតឡាប និងបេធូអែល”។ 23បេធូអែលបានបង្កើតរេបិកា។ គឺប្រាំបីនាក់នេះហើយ ដែលមីលកាបានបង្កើតឲ្យណាឃរប្អូនប្រុសរបស់អ័ប្រាហាំ។ 24មួយវិញទៀត ប្រពន្ធចុងរបស់គាត់ឈ្មោះរេយូម៉ា ក៏បង្កើតធេបា កាហាំ ថាហាស និងម្អាកាដែរ៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 22: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative