លោកុប្បត្តិ 26
26
សេចក្ដីសន្យារបស់ព្រះត្រូវបានបញ្ជាក់ដល់អ៊ីសាក
1នៅសម័យនោះ មានទុរ្ភិក្សនៅក្នុងទឹកដីនោះ ក្រៅពីទុរ្ភិក្សលើកមុនដែលមាននៅជំនាន់របស់អ័ប្រាហាំ។ ដូច្នេះ អ៊ីសាកក៏ទៅឯអ័ប៊ីម្ម៉ាឡិចស្ដេចនៃភីលីស្ទីននៅកេរ៉ារ។ 2ពេលនោះ ព្រះយេហូវ៉ាបានលេចមកដល់គាត់ ហើយមានបន្ទូលថា៖ “កុំចុះទៅអេហ្ស៊ីបឡើយ ចូររស់នៅក្នុងទឹកដីដែលយើងនឹងប្រាប់អ្នក។ 3ចូររស់នៅបណ្ដោះអាសន្នក្នុងទឹកដីនេះ ហើយយើងនឹងនៅជាមួយអ្នក ព្រមទាំងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីទាំងអស់នេះទៅអ្នក និងពូជពង្សរបស់អ្នក; យើងនឹងបញ្ជាក់សម្បថដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។ 4យើងនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឡើងដូចផ្កាយនៅលើមេឃ ហើយប្រគល់ទឹកដីទាំងអស់នេះទៅពូជពង្សរបស់អ្នក។ អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក 5ពីព្រោះអ័ប្រាហាំបានស្ដាប់តាមសំឡេងរបស់យើង ហើយកាន់តាមអស់ទាំងសេចក្ដីបង្គាប់ បទបញ្ជា បទបញ្ញត្តិ និងក្រឹត្យវិន័យរបស់យើង”។ 6ដូច្នេះ អ៊ីសាកក៏រស់នៅក្នុងកេរ៉ារ។
អ៊ីសាក និងអ័ប៊ីម្ម៉ាឡិច
7នៅពេលអ្នកស្រុកនោះសួរអំពីប្រពន្ធរបស់គាត់ គាត់ក៏ប្រាប់ថា៖ “នាងជាប្អូនស្រីរបស់ខ្ញុំ” ពីព្រោះគាត់ខ្លាចនឹងប្រាប់ថា៖ “ប្រពន្ធរបស់ខ្ញុំ” ដោយគិតថា៖ “ក្រែងលោអ្នកស្រុកនេះសម្លាប់ខ្ញុំដោយសារតែរេបិកា ដ្បិតនាងមានរូបឆោមស្រស់ស្អាត”។ 8កាលគាត់នៅទីនោះបានយូរថ្ងៃហើយ មានថ្ងៃមួយអ័ប៊ីម្ម៉ាឡិចស្ដេចនៃភីលីស្ទីនអើតមើលតាមបង្អួច ហើយឃើញ នោះមើល៍! អ៊ីសាកកំពុងប្រឡែងជាមួយរេបិកាប្រពន្ធរបស់គាត់។
9អ័ប៊ីម្ម៉ាឡិចក៏ហៅអ៊ីសាកមក មានរាជឱង្ការថា៖ “មើល៍! តាមពិតនាងជាប្រពន្ធរបស់អ្នកទេតើ! ចុះម្ដេចក៏អ្នកនិយាយថា: ‘នាងជាប្អូនស្រីរបស់ខ្ញុំ’ ដូច្នេះ?”។
អ៊ីសាកទូលតបនឹងទ្រង់ថា៖ “ខ្ញុំព្រះបាទបាននិយាយដូច្នេះ ពីព្រោះខ្ញុំព្រះបាទគិតថា: ‘ក្រែងលោខ្ញុំត្រូវស្លាប់ដោយសារតែនាង’”។
10អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការថា៖ “អ្នកបានធ្វើអីដល់យើងដូច្នេះ? នៅតែបន្តិចទៀតអាចមានម្នាក់ក្នុងចំណោមប្រជារាស្ត្របានរួមដំណេកជាមួយប្រពន្ធរបស់អ្នក នោះអ្នកបាននាំទោសមកលើយើងហើយ”។ 11ដូច្នេះ អ័ប៊ីម្ម៉ាឡិចក៏បង្គាប់ប្រជារាស្ត្រទាំងអស់ថា៖ “អ្នកដែលប៉ះពាល់មនុស្សនេះ ឬប្រពន្ធរបស់គាត់ ត្រូវតែប្រហារជីវិតអ្នកនោះជាដាច់ខាត”។
ជម្លោះអំពីអណ្ដូង
12អ៊ីសាកសាបព្រោះនៅទឹកដីនោះ ហើយក្នុងឆ្នាំដដែលនោះ គាត់ច្រូតបានផលមួយជាមួយរយ ពីព្រោះព្រះយេហូវ៉ាបានប្រទានពរគាត់ 13នោះគាត់ក៏បានជាស្ដុកស្ដម្ភ ហើយចម្រើនឡើងយ៉ាងខ្លាំង រហូតដល់គាត់បានជាស្ដុកស្ដម្ភយ៉ាងក្រៃលែង។ 14គាត់មានហ្វូងចៀម ហ្វូងគោ និងបាវបម្រើជាច្រើន ដូច្នេះពួកជនជាតិភីលីស្ទីនក៏ច្រណែនគាត់។ 15ពួកជនជាតិភីលីស្ទីនក៏បិទអណ្ដូងទាំងអស់ដែលបាវបម្រើរបស់ឪពុកគាត់បានជីកនៅជំនាន់អ័ប្រាហាំឪពុករបស់គាត់ គឺពួកគេលុបដីបំពេញអណ្ដូងទាំងនោះ។ 16អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការនឹងអ៊ីសាកថា៖ “ចូរចាកចេញពីពួកយើងទៅ ដ្បិតអ្នកបានជាខ្លាំងជាងពួកយើងណាស់”។
17អ៊ីសាកក៏ចាកចេញពីទីនោះ ទៅបោះជំរំនៅជ្រលងកេរ៉ារ ហើយរស់នៅទីនោះ។ 18បន្ទាប់មក អ៊ីសាកជីកអណ្ដូងទឹកទាំងឡាយដែលបានជីកនៅជំនាន់អ័ប្រាហាំឪពុករបស់គាត់ឡើងវិញ ពីព្រោះជនជាតិភីលីស្ទីនបានបិទអណ្ដូងទាំងនោះក្រោយពីមរណភាពរបស់អ័ប្រាហាំ។ គាត់ដាក់ឈ្មោះអណ្ដូងទាំងនោះតាមឈ្មោះដែលឪពុករបស់គាត់បានដាក់ឲ្យ។ 19នៅពេលពួកបាវបម្រើរបស់អ៊ីសាកជីកអណ្ដូងនៅជ្រលងភ្នំ ពួកគេក៏រកឃើញអណ្ដូងមួយនៅទីនោះ ដែលមានទឹកផុសឡើង។ 20ប៉ុន្តែពួកអ្នកគង្វាលនៅកេរ៉ារឈ្លោះប្រកែកជាមួយពួកអ្នកគង្វាលរបស់អ៊ីសាក ដោយនិយាយថា៖ “ទឹកនេះជារបស់យើង”។ ដូច្នេះ គាត់ក៏ដាក់ឈ្មោះអណ្ដូងនោះថា អេសែក ពីព្រោះពួកគេបានឈ្លោះជាមួយគាត់។ 21ក្រោយមក ពួកគេជីកអណ្ដូងមួយទៀត ហើយពួកគេបានឈ្លោះប្រកែកគ្នាអំពីអណ្ដូងនោះដែរ ដូច្នេះគាត់ដាក់ឈ្មោះវាថា ស៊ីតណា។ 22គាត់រើចេញពីទីនោះ ហើយជីកអណ្ដូងមួយទៀត។ លើកនេះ ពួកគេមិនបានឈ្លោះប្រកែកគ្នាអំពីអណ្ដូងនោះទេ ដូច្នេះគាត់ដាក់ឈ្មោះវាថា រេហូបូត ដោយនិយាយថា៖ “ឥឡូវនេះ ព្រះយេហូវ៉ាបានពង្រីកកន្លែងឲ្យពួកយើងហើយ ដូច្នេះយើងនឹងចម្រើនឡើងនៅក្នុងទឹកដីនេះ”។
ព្រះលេចមកដល់អ៊ីសាក
23រួចអ៊ីសាកឡើងពីទីនោះទៅបៀរ-សេបា។ 24នៅយប់នោះ ព្រះយេហូវ៉ាបានលេចមកដល់គាត់ ហើយមានបន្ទូលថា៖ “យើងជាព្រះរបស់អ័ប្រាហាំឪពុករបស់អ្នក។ កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក។ យើងនឹងឲ្យពរអ្នក ហើយបង្កើនចំនួនពូជពង្សរបស់អ្នកឡើង ដោយព្រោះអ័ប្រាហាំអ្នកបម្រើរបស់យើង”។
25ដូច្នេះ អ៊ីសាកក៏សង់អាសនាមួយនៅទីនោះ ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា រួចដំឡើងរោងរបស់គាត់នៅទីនោះ។ ពួកបាវបម្រើរបស់អ៊ីសាកក៏ជីកអណ្ដូងមួយនៅទីនោះដែរ។
សន្ធិសញ្ញារវាងអ៊ីសាក និងអ័ប៊ីម្ម៉ាឡិច
26រីឯអ័ប៊ីម្ម៉ាឡិច និងអ័ហ៊ូសាតទីប្រឹក្សា#26:26 ទីប្រឹក្សា―ឬ “មិត្ត”។របស់ទ្រង់ ព្រមទាំងភីកុលមេទ័ពរបស់ទ្រង់ បានចេញពីកេរ៉ារមកជួបអ៊ីសាក។ 27អ៊ីសាកទូលសួរពួកទ្រង់ថា៖ “ហេតុអ្វីបានជាពួកទ្រង់មករកខ្ញុំព្រះបាទដូច្នេះ? ដ្បិតពួកទ្រង់បានស្អប់ខ្ញុំព្រះបាទ ព្រមទាំងបញ្ជូនខ្ញុំព្រះបាទចេញពីចំណោមពួកទ្រង់ផង”។
28ពួកទ្រង់ឆ្លើយថា៖ “ពួកយើងបានឃើញច្បាស់ថាព្រះយេហូវ៉ាបានគង់នៅជាមួយអ្នក ដូច្នេះពួកយើងបាននិយាយគ្នាថា គួរមានសម្បថមួយរវាងពួកយើង និងអ្នក។ ចូរឲ្យពួកយើងចុះសន្ធិសញ្ញាមួយជាមួយអ្នកថា 29អ្នកនឹងមិនធ្វើអាក្រក់ដល់ពួកយើង ដូចដែលពួកយើងមិនបានប៉ះពាល់អ្នកដែរ គឺដូចដែលពួកយើងបានធ្វើតែល្អដល់អ្នក ព្រមទាំងបានជូនដំណើរអ្នកដោយសុខសាន្ត។ ឥឡូវនេះ អ្នកជាមនុស្សមានព្រះពររបស់ព្រះយេហូវ៉ា”។
30រួចអ៊ីសាករៀបចំពិធីជប់លៀងសម្រាប់ពួកទ្រង់ នោះពួកទ្រង់ក៏ហូប និងផឹក។ 31ពួកគេក្រោកឡើងពីព្រលឹម ហើយស្បថនឹងគ្នាទៅវិញទៅមក រួចអ៊ីសាកជូនដំណើរពួកទ្រង់ នោះពួកទ្រង់ក៏ចាកចេញពីគាត់ទៅដោយសុខសាន្ត។ 32នៅក្នុងថ្ងៃដដែលនោះ ពួកបាវបម្រើរបស់អ៊ីសាកមកប្រាប់គាត់អំពីរឿងអណ្ដូងដែលពួកគេបានជីកនោះថា៖ “ពួកខ្ញុំបានរកឃើញទឹកហើយ”។ 33គាត់ក៏ដាក់ឈ្មោះអណ្ដូងនោះថា សេបា។ ហេតុនេះហើយបានជាទីក្រុងនោះមានឈ្មោះថា បៀរ-សេបា រហូតដល់សព្វថ្ងៃ។
អេសាវយកប្រពន្ធពីរ
34នៅពេលអេសាវមានអាយុសែសិបឆ្នាំ គាត់យកយូឌីតកូនស្រីរបស់បេរីជនជាតិហេត និងបាសម៉ាតកូនស្រីរបស់អេឡូនជនជាតិហេតជាប្រពន្ធ។ 35ពួកនាងធ្វើឲ្យជីវិតរបស់អ៊ីសាក និងរេបិកាល្វីងជូរចត់ណាស់៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 26: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative