លោកុប្បត្តិ 20
20
អ័ប្រាហាំ និងអ័ប៊ីម្ម៉ាឡិច
1អ័ប្រាហាំធ្វើដំណើរពីទីនោះទៅតំបន់ណេកិប ហើយរស់នៅចន្លោះកាដេស និងស៊ើរ គឺរស់នៅបណ្ដោះអាសន្ននៅកេរ៉ារ។ 2អ័ប្រាហាំនិយាយអំពីសារ៉ាប្រពន្ធរបស់គាត់ថា៖ “នាងជាប្អូនស្រីរបស់ខ្ញុំ”។ ដូច្នេះ អ័ប៊ីម្ម៉ាឡិចស្ដេចនៃកេរ៉ារក៏ចាត់គេឲ្យទៅយកសារ៉ា។
3ប៉ុន្តែព្រះយាងមកឯអ័ប៊ីម្ម៉ាឡិចក្នុងសុបិនពេលយប់ ហើយមានបន្ទូលនឹងទ្រង់ថា៖ “មើល៍! អ្នកនឹងស្លាប់ ដោយសារតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងរៀបការប្ដីហើយ”។
4រីឯអ័ប៊ីម្ម៉ាឡិចមិនបានចូលទៅជិតសារ៉ាទេ ដូច្នេះទ្រង់ទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំអើយ តើព្រះអង្គនឹងសម្លាប់ប្រជាជាតិមួយ ទោះបីជាប្រជាជាតិនោះគ្មានទោសក៏ដោយឬ? 5តើគាត់មិនបានប្រាប់ទូលបង្គំថា: ‘នាងជាប្អូនស្រីរបស់ខ្ញុំ’ ទេឬ? ហើយខ្លួននាងក៏និយាយដែរថា: ‘គាត់ជាបងប្រុសរបស់ខ្ញុំ’។ ទូលបង្គំបានធ្វើការនេះដោយចិត្តបរិសុទ្ធ និងដោយដៃឥតទោសទេ”។
6ព្រះមានបន្ទូលនឹងទ្រង់ក្នុងសុបិនថា៖ “មែន យើងដឹងហើយថាអ្នកបានធ្វើការនេះដោយចិត្តបរិសុទ្ធ ដូច្នេះយើងបានឃាត់អ្នកមិនឲ្យប្រព្រឹត្តបាបទាស់នឹងយើង។ ហេតុនេះហើយបានជាយើងមិនបានឲ្យអ្នកប៉ះពាល់នាងឡើយ។ 7ឥឡូវនេះ ចូរប្រគល់ប្រពន្ធរបស់បុរសនោះទៅវិញចុះ ដ្បិតគាត់ជាព្យាការី ដូច្នេះគាត់នឹងអធិស្ឋានឲ្យអ្នក នោះអ្នកនឹងមានជីវិតរស់។ ប៉ុន្តែប្រសិនបើអ្នកមិនប្រគល់ទៅវិញទេ ចូរដឹងថាអ្នកមុខជាស្លាប់មិនខាន គឺអ្នក និងមនុស្សទាំងអស់ដែលជារបស់អ្នក”។
8អ័ប៊ីម្ម៉ាឡិចក៏ក្រោកឡើងពីព្រលឹម ហើយហៅពួកបាវបម្រើទាំងអស់របស់ទ្រង់មកប្រាប់សេចក្ដីទាំងអស់នេះដល់ត្រចៀកពួកគេ នោះមនុស្សទាំងនោះក៏ភ័យខ្លាចយ៉ាងខ្លាំង។
9អ័ប៊ីម្ម៉ាឡិចក៏ហៅអ័ប្រាហាំមក ហើយមានរាជឱង្ការនឹងគាត់ថា៖ “អ្នកបានធ្វើអីដល់យើងដូច្នេះ? តើយើងបានប្រព្រឹត្តបាបទាស់នឹងអ្នកឬ បានជាអ្នកនាំបាបដ៏ធំនេះមកលើយើង និងលើអាណាចក្ររបស់យើងដូច្នេះ? អ្នកបានធ្វើអ្វីដែលអ្នកមិនត្រូវធ្វើដល់យើងឡើយ”។ 10អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការនឹងអ័ប្រាហាំទៀតថា៖ “តើអ្នកបានគិតដូចម្ដេច#20:10 គិតដូចម្ដេច―ន័យត្រង់គឺ “ឃើញអ្វី”។ បានជាអ្នកធ្វើការនេះ?”។
11អ័ប្រាហាំទូលតបថា៖ “ពីព្រោះខ្ញុំព្រះបាទបានគិតថា នៅកន្លែងនេះ ប្រាកដជាគ្មានការកោតខ្លាចព្រះទេ ដូច្នេះគេនឹងសម្លាប់ខ្ញុំព្រះបាទព្រោះតែប្រពន្ធរបស់ខ្ញុំព្រះបាទ។ 12ណាមួយនាងជាប្អូនស្រីរបស់ខ្ញុំព្រះបាទមែន គឺនាងជាកូនស្រីរបស់ឪពុកខ្ញុំព្រះបាទ ប៉ុន្តែមិនមែនជាកូនស្រីរបស់ម្ដាយខ្ញុំព្រះបាទទេ រួចនាងក៏បានជាប្រពន្ធរបស់ខ្ញុំព្រះបាទ។ 13នៅពេលព្រះទ្រង់ឲ្យខ្ញុំព្រះបាទដើរសាត់អណ្ដែតចេញពីផ្ទះរបស់ឪពុកខ្ញុំព្រះបាទ ខ្ញុំព្រះបាទបាននិយាយនឹងនាងថា: ‘នេះជាសេចក្ដីមេត្តាដែលអូនត្រូវធ្វើដល់បង គឺនៅគ្រប់កន្លែងដែលយើងទៅ ត្រូវនិយាយអំពីបងថា គាត់ជាបងប្រុសរបស់ខ្ញុំ’”។
14អ័ប៊ីម្ម៉ាឡិចក៏យកហ្វូងចៀម ហ្វូងគោ បាវបម្រើប្រុស និងបាវបម្រើស្រីមកជូនអ័ប្រាហាំ ព្រមទាំងប្រគល់សារ៉ាប្រពន្ធរបស់គាត់ឲ្យគាត់វិញ។ 15អ័ប៊ីម្ម៉ាឡិចមានរាជឱង្ការថា៖ “មើល៍! ដែនដីរបស់យើងនៅមុខអ្នកហើយ។ ចូររស់នៅតាមតែល្អក្នុងភ្នែករបស់អ្នកចុះ”។ 16រួចអ័ប៊ីម្ម៉ាឡិចមានរាជឱង្ការនឹងសារ៉ាថា៖ “មើល៍! យើងបានឲ្យកាក់ប្រាក់មួយពាន់ដល់បងប្រុសរបស់នាងហើយ។ មើល៍! វាជាទីសម្គាល់នៃភាពបរិសុទ្ធ#20:16 ទីសម្គាល់នៃភាពបរិសុទ្ធ―ន័យត្រង់គឺ “គម្របភ្នែក”។នៅចំពោះអស់អ្នកដែលនៅជាមួយនាង; ដូច្នេះ នាងនឹងមិនត្រូវបានបន្ទោសនៅចំពោះមនុស្សទាំងអស់ឡើយ”។
17បន្ទាប់មក អ័ប្រាហាំអធិស្ឋានទៅព្រះ នោះព្រះក៏ប្រោសអ័ប៊ីម្ម៉ាឡិច និងមហេសី ព្រមទាំងពួកបាវបម្រើស្រីរបស់ទ្រង់ឲ្យជា ដើម្បីឲ្យពួកគេបង្កើតកូនបាន។ 18ដ្បិតព្រះយេហូវ៉ាបានបិទផ្ទៃទាំងអស់របស់អ្នកដំណាក់អ័ប៊ីម្ម៉ាឡិចដោយសារតែសារ៉ាប្រពន្ធរបស់អ័ប្រាហាំ៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 20: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative