លោកុប្បត្តិ 19

19
ការបំផ្លាញសូដុម និងកូម៉ូរ៉ា
1រីឯ​ទូតសួគ៌​ទាំង​ពីរ​នោះ​មកដល់​សូដុម​នៅ​ពេលល្ងាច ពេលនោះ​ឡុត​កំពុង​អង្គុយ​នៅ​ខ្លោងទ្វារក្រុង​សូដុម​។ នៅពេល​ឡុត​ឃើញ​ពួកគេ គាត់​ក៏​ក្រោកឡើង​ទៅ​ទទួល​ពួកគេ ហើយ​ក្រាបមុខដល់ដី 2រួច​និយាយថា​៖ “មើល៍! លោកម្ចាស់​របស់ខ្ញុំ​អើយ សូម​បែរចូល​ទៅក្នុង​ផ្ទះ​របស់​បាវបម្រើ​ពួកលោក ហើយ​ស្នាក់នៅមួយយប់ ព្រមទាំង​លាង​ជើង​ពួកលោក​សិន​ចុះ រួចសឹម​ក្រោកឡើង​ទៅ​តាម​ផ្លូវ​របស់ពួកលោក​ចុះ”។
ប៉ុន្តែ​ពួកគេ​តបថា​៖ “ទេ យើង​នឹង​ស្នាក់នៅមួយយប់​ក្នុង​ទីធ្លាក្រុង”។ 3ប៉ុន្តែ​ឡុត​ទទូច​ដល់​ពួកគេ​យ៉ាងខ្លាំង ដូច្នេះ​ពួកគេ​ក៏​បែរទៅ​ជាមួយ​គាត់ ហើយ​ចូល​ក្នុង​ផ្ទះ​របស់គាត់​។ គាត់​ក៏​រៀបចំ​ពិធីជប់លៀង​សម្រាប់​ពួកគេ ហើយ​ដុត​នំប៉័ងឥតមេ នោះ​ពួកគេ​ក៏​ហូប​។
4កាល​ពួកគេ​មិនទាន់​ដេក​នៅឡើយ អ្នក​ក្រុង​នោះ​ជា​ពួក​ប្រុស​ៗ​នៅ​សូដុម​ទាំង​ក្មេង​ទាំង​ចាស់ គឺ​ប្រជាជន​ទាំងអស់​ពី​ទូទាំង​ទីក្រុង បាន​ឡោមព័ទ្ធ​ជុំវិញ​ផ្ទះ​ឡុត​។ 5ពួកគេ​ស្រែកហៅ​ឡុត​ដោយ​ថា​៖ “តើ​មនុស្ស​ដែល​មករក​អ្នកឯង​យប់​នេះ​នៅ​ឯណា​? ចូរ​នាំ​ពួកគេ​មក​ឯ​យើង ដើម្បីឲ្យ​យើង​រួមដំណេក​ជាមួយ​ពួកគេ​!”។
6ឡុត​ក៏​ចេញទៅ​ឯ​ពួកគេ​នៅ​មាត់ទ្វារ ព្រមទាំង​បិទ​ទ្វារ​ពីក្រោយខ្នង​ផង 7ហើយ​និយាយថា​៖ “បងប្អូន​របស់ខ្ញុំ​អើយ សូម​កុំ​ធ្វើការអាក្រក់​ឡើយ​។ 8មើល៍! ខ្ញុំ​មាន​កូនស្រី​ពីរ​នាក់​ដែល​មិនទាន់​រួមដំណេក​ជាមួយ​ប្រុស​ណា​នៅឡើយ សូម​ឲ្យ​ខ្ញុំ​នាំ​ពួកនាង​មក​ឯ​អ្នករាល់គ្នា ហើយ​ចូរ​ប្រព្រឹត្ត​ដល់​ពួកនាង​តាមដែល​ល្អ​ក្នុង​ភ្នែក​របស់អ្នករាល់គ្នា​ចុះ ប៉ុន្តែ​កុំ​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំងនេះ​ឡើយ ដ្បិត​ពួកគេ​បាន​មក​ក្រោម​ម្លប់​នៃ​ដំបូលផ្ទះ​ខ្ញុំ”។
9ប៉ុន្តែ​ពួកគេ​តបថា​៖ “ថយចេញ​ទៅ​!” រួច​និយាយ​ទៀត​ថា​៖ “ម្នាក់​នេះ​បាន​មក​ដើម្បី​រស់នៅបណ្ដោះអាសន្ន ហើយ​វា​ចង់​ធ្វើជាចៅក្រម​ទៀត​! ឥឡូវនេះ យើង​នឹង​ធ្វើអាក្រក់​ដល់​អ្នកឯង​ជាង​ពួកគេ​ទៅទៀត”។ ពួកគេ​ក៏​ប្រជ្រៀត​ឡុត​យ៉ាងខ្លាំង ព្រមទាំង​ចូលមកជិត​ដើម្បី​ទម្លាយ​ទ្វារ​។ 10ទូតសួគ៌ទាំងពីរនោះ​ក៏​លូក​ដៃ​ទាញ​ឡុត​ចូល​មក​ក្នុង​ផ្ទះ​វិញ រួច​បិទ​ទ្វារ​។ 11បន្ទាប់មក ពួកទូតសួគ៌​ក៏​វាយ​ពួក​មនុស្ស​ដែល​នៅ​មាត់ទ្វារ​ផ្ទះ​ដោយ​ភាពងងឹតភ្នែក​ទាំង​ក្មេង​ទាំង​ចាស់ ដូច្នេះ​ពួកគេ​នឿយណាយ​នឹង​រក​មាត់ទ្វារ​។
12ពួកទូតសួគ៌​និយាយ​នឹង​ឡុត​ថា​៖ “តើ​មាន​អ្នកណា​ទៀត​នៅ​ទីនេះ​ជាមួយ​អ្នក​? ចូរ​នាំ​កូនប្រសាប្រុស កូនប្រុស និង​កូនស្រី​របស់អ្នក ព្រមទាំង​អស់អ្នក​ដែល​នៅជាមួយ​អ្នក​ក្នុង​ទីក្រុង​នេះ ចេញ​ពី​កន្លែង​នេះ​ទៅ​! 13ដ្បិត​យើង​នឹង​បំផ្លាញ​កន្លែង​នេះ ពីព្រោះ​សម្រែក​របស់ទីក្រុងនេះ​ឮយ៉ាងខ្លាំង​នៅចំពោះ​ព្រះយេហូវ៉ា ដូច្នេះ​ព្រះយេហូវ៉ា​បាន​ចាត់​យើង​ឲ្យមក​បំផ្លាញ​វា”។
14ឡុត​ក៏​ចេញទៅ​ប្រាប់​ពួក​កូនប្រសាប្រុស​របស់គាត់​ដែល​នឹង​យក​កូនស្រី​គាត់​ថា​៖ “ចូរ​ក្រោកឡើង​ចេញ​ពី​កន្លែង​នេះ​ទៅ ដ្បិត​ព្រះយេហូវ៉ា​នឹង​បំផ្លាញ​ទីក្រុង​នេះ​ហើយ”។ ប៉ុន្តែ​ក្នុង​ភ្នែក​របស់​ពួក​កូនប្រសាប្រុស​របស់គាត់ ហាក់ដូចជា​គាត់​និយាយលេង​។
15លុះ​អរុណរះឡើង ពួក​ទូតសួគ៌​ក៏​តឿន​ឡុត​ថា​៖ “ចូរ​ក្រោកឡើង យក​ប្រពន្ធ និង​កូនស្រី​ទាំង​ពីរ​របស់អ្នក​ដែល​នៅទីនេះ​ចេញទៅ ក្រែងលោ​អ្នក​ត្រូវបាន​បំផ្លាញ​ក្នុង​អំពើទុច្ចរិត​របស់​ទីក្រុង​នេះ”។ 16ប៉ុន្តែ​ឡុត​បាន​បង្អែបង្អង់ នោះ​ពួកទូតសួគ៌​ក៏​ចាប់​ដៃ​របស់គាត់ ព្រមទាំង​ដៃ​របស់​ប្រពន្ធ​គាត់ និង​ដៃ​របស់​កូនស្រី​ទាំង​ពីរ ហើយ​ដោយសារតែ​ព្រះហឫទ័យអាណិតអាសូរ​របស់​ព្រះយេហូវ៉ា​ដល់​គាត់ ពួកគេ​ក៏​នាំ​គាត់​ចេញទៅ ហើយ​ដាក់​គាត់​នៅ​ខាងក្រៅ​ទីក្រុង​។
17កាល​ទូតសួគ៌ទាំងនោះ​បាន​នាំ​ពួកគេ​មក​ខាងក្រៅ ទូតសួគ៌មួយរូប​ក៏​និយាយថា​៖ “ចូរ​រត់គេច​ឲ្យរួច​ជីវិត​ទៅ​! កុំ​មើល​ក្រោយ ហើយ​កុំ​ឈប់​នៅ​កន្លែង​ណាមួយ​ក្នុង​វាលទំនាប​ឡើយ​។ ចូរ​រត់គេច​ទៅ​តំបន់ភ្នំ​ទៅ ក្រែងលោ​អ្នក​ត្រូវបាន​បំផ្លាញ​!”។
18ប៉ុន្តែ​ឡុត​និយាយ​នឹង​ពួកគេ​ថា​៖ “ទេ​! លោកម្ចាស់​នៃខ្ញុំ​អើយ​។ 19មើល៍! បាវបម្រើ​របស់លោក​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក ហើយ​លោក​ក៏​បាន​ពង្រីក​សេចក្ដីសប្បុរស​របស់លោក​ដែល​សម្ដែង​ដល់​ខ្ញុំ​ដើម្បី​រក្សា​ជីវិត​របស់ខ្ញុំ​ដែរ​។ យ៉ាងណាមិញ ខ្ញុំ​មិនអាច​រត់គេច​ទៅ​តំបន់ភ្នំ​បានទេ ក្រែងលោ​មហន្តរាយ​តាម​ខ្ញុំ​ទាន់ នោះ​ខ្ញុំ​នឹង​ស្លាប់​។ 20មើល៍! ទីក្រុង​នេះ​នៅជិតល្មម​នឹង​រត់គេច​ទៅ​ទីនោះ​បាន ហើយ​វា​ក៏​តូច​ដែរ​។ សូម​ឲ្យ​ខ្ញុំ​រត់គេច​ទៅ​ទីនោះ​ទៅ​——​តើ​វា​មិន​តូច​ទេ​ឬ​? នោះ​ខ្ញុំ​នឹង​រួចជីវិត”។
21ទូតសួគ៌​តប​នឹង​គាត់​ថា​៖ “មើល៍! យើង​យល់ព្រម​នឹង​អ្នក​ចំពោះ​ការ​នេះ​ថា យើង​មិន​រំលាយ​ទីក្រុង​ដែល​អ្នក​បាន​និយាយ​នោះ​ឡើយ​។ 22ចូរ​ប្រញាប់​រត់គេច​ទៅ​ទីនោះ​ទៅ ដ្បិត​យើង​មិនអាច​ធ្វើ​អ្វី​បានទេ ទាល់តែ​អ្នក​ទៅ​ដល់​ទីនោះ​សិន”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីក្រុង​នោះ​ថា សូអារ​។
23ពេល​ឡុត​បាន​ទៅ​ដល់​សូអារ ព្រះអាទិត្យ​បាន​រះ​លើ​ផែនដី​ហើយ​។ 24ពេលនោះ ព្រះយេហូវ៉ា​បាន​បង្អុរ​ស្ពាន់ធ័រ និង​ភ្លើង​ទៅលើ​សូដុម និង​កូម៉ូរ៉ា គឺវា​ចុះមកពី​ព្រះយេហូវ៉ា ពី​លើមេឃ​។ 25ព្រះអង្គ​បាន​រំលាយ​ទីក្រុង​ទាំងនោះ និង​វាលទំនាប​ទាំងមូល ព្រមទាំង​មនុស្ស​ទាំងអស់​ដែល​រស់នៅ​ទីក្រុង​ទាំងនោះ និង​អ្វីដែលដុះ​នៅ​ដី​ផង​។ 26រីឯ​ប្រពន្ធ​របស់ឡុត​ដែលនៅ​ខាងក្រោយ​គាត់ បាន​មើល​ក្រោយ នោះ​នាង​ក៏​ក្លាយជា​បង្គោល​អំបិល​។
27អ័ប្រាហាំ​ក្រោកឡើង​ពី​ព្រលឹម ទៅ​កន្លែង​ដែល​គាត់​បាន​ឈរ​នៅចំពោះ​ព្រះយេហូវ៉ា​។ 28គាត់​អើតមើល​សូដុម និង​កូម៉ូរ៉ា ព្រមទាំង​ផ្ទៃ​ដី​ទាំងមូល​នៃ​វាលទំនាប នោះ​មើល៍! គាត់​ក៏​ឃើញ​ផ្សែង​ពី​ដី ហុយឡើង​ដូចជា​ផ្សែង​ពី​ឡភ្លើង​។ 29នៅពេល​ព្រះ​បំផ្លាញ​ទីក្រុង​នានា​នៃ​វាលទំនាប ព្រះ​បាន​នឹកចាំ​អំពី​អ័ប្រាហាំ ព្រះអង្គ​ក៏​នាំ​ឡុត​ចេញ​ពី​កណ្ដាល​មហន្តរាយ ពេល​រំលាយ​ទីក្រុង​នានា​ដែល​ឡុត​បាន​រស់នៅ​នោះ​។
ដើមកំណើតរបស់ជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន
30ឡុត​ក៏​ឡើង​ពី​សូអារ​មក​រស់នៅ​ក្នុង​តំបន់ភ្នំ​ជាមួយ​កូនស្រី​ទាំង​ពីរ​របស់គាត់ ពីព្រោះ​គាត់​ខ្លាច​នឹង​រស់នៅ​សូអារ​។ ដូច្នេះ គាត់​ក៏​រស់នៅ​ក្នុង​រអាងភ្នំ​ជាមួយ​កូនស្រី​ទាំង​ពីរ​របស់គាត់​។ 31ពេលនោះ នាង​បង​និយាយ​នឹង​ប្អូន​ថា​៖ “ឪពុក​របស់យើង​ចាស់​ហើយ ក៏​គ្មាន​មនុស្សប្រុស​ក្នុង​ស្រុក​នេះ​ចូលមកឯ​យើង​តាម​របៀប​ពិភពលោកនេះ​ដែរ​។ 32មក៍! ចូរឲ្យ​យើង​បំផឹក​ស្រា​ឪពុក​របស់យើង ហើយ​រួមដំណេក​ជាមួយ​គាត់​ទៅ ដើម្បីឲ្យ​យើង​បាន​រក្សា​ពូជ​តាមរយៈ​ឪពុក​របស់យើង”។ 33ដូច្នេះ​នៅ​យប់​នោះ ពួកនាង​ក៏​បំផឹក​ស្រា​ឪពុក​របស់ខ្លួន រួច​នាង​បង​ចូលទៅ​រួមដំណេក​ជាមួយ​ឪពុក​របស់ខ្លួន​។ ប៉ុន្តែ​ឪពុក​មិន​បាន​ដឹង​ថា​នាង​ដេក​ពេលណា ឬ​ក្រោកឡើង​ពេលណា​ឡើយ​។
34នៅ​ថ្ងៃបន្ទាប់ នាង​បង​និយាយ​នឹង​ប្អូន​ថា​៖ “មើល៍! យប់មិញ​បង​បាន​រួមដំណេក​ជាមួយ​ឪពុក​ហើយ​។ យប់​នេះ ចូរឲ្យ​យើង​បំផឹក​ស្រា​គាត់​ទៀត រួច​ឯង​ចូលទៅ​រួមដំណេក​ជាមួយ​គាត់​ចុះ ដើម្បីឲ្យ​យើង​បាន​រក្សា​ពូជ​តាមរយៈ​ឪពុក​របស់យើង”។ 35ដូច្នេះ​នៅ​យប់​នោះ ពួកនាង​ក៏​បំផឹក​ស្រា​ឪពុក​របស់ខ្លួន​ទៀត រួច​នាង​ប្អូន​ក្រោកឡើងទៅ​រួមដំណេក​ជាមួយ​ឪពុករបស់ខ្លួន​។ ប៉ុន្តែ​ឪពុក​មិន​បាន​ដឹង​ថា​នាង​ដេក​ពេលណា ឬ​ក្រោកឡើង​ពេលណា​ឡើយ​។
36គឺយ៉ាងនេះឯង​ដែល​កូនស្រី​ទាំង​ពីរ​របស់​ឡុត​មានផ្ទៃពោះ​ជាមួយ​ឪពុក​របស់ខ្លួន​។ 37នាង​បង​បង្កើត​បាន​កូនប្រុស​ម្នាក់ ហើយ​ដាក់ឈ្មោះ​វា​ថា ម៉ូអាប់​។ គាត់​ជា​ឪពុក​នៃ​ជនជាតិម៉ូអាប់​នៅ​សព្វថ្ងៃ​។ 38រីឯ​នាង​ប្អូន​ក៏​បង្កើត​បាន​កូនប្រុស​ម្នាក់​ដែរ ហើយ​ដាក់ឈ្មោះ​វា​ថា បេន-អាំមី​។ គាត់​ជា​ឪពុក​នៃ​កូនចៅ​អាំម៉ូន​នៅ​សព្វថ្ងៃ​៕

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 19: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល