លោកុប្បត្តិ 18

18
ភ្ញៀវទាំងបី
1បន្ទាប់មក ព្រះយេហូវ៉ា​លេចមក​ដល់​អ័ប្រាហាំ​នៅក្បែរ​ដើមអូក​របស់​ម៉ាមរេ ពេល​គាត់​កំពុង​អង្គុយ​នៅ​មាត់ទ្វារ​រោង​ក្រោម​កម្ដៅ​ថ្ងៃ​។ 2គាត់​ងើបភ្នែកឡើង​ក៏​ឃើញ នោះ​មើល៍! មាន​បុរស​បី​នាក់​ឈរ​នៅចំពោះមុខ​គាត់​! នៅពេល​ឃើញ​ដូច្នោះ គាត់​ក៏​រត់​ពី​មាត់ទ្វារ​រោង​ទៅ​ជួប​ពួកគេ ហើយ​ក្រាបមុខដល់ដី 3រួច​និយាយថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ប្រសិនបើ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក សូម​កុំ​ទៅហួស​បាវបម្រើ​របស់លោក​ឡើយ​។ 4សូម​ឲ្យ​គេ​យក​ទឹក​បន្តិច​មក​លាង​ជើង​ពួកលោក ហើយ​សូម​ពួកលោក​សម្រាក​នៅក្រោម​ដើមឈើ​នេះ​សិន​ចុះ​។ 5សូមឲ្យ​ខ្ញុំ​យក​នំប៉័ង​បន្តិចបន្តួច​មក ដើម្បី​ធ្វើឲ្យ​ពួកលោក​ស្រស់ស្រាយឡើងវិញ រួចសឹម​អញ្ជើញ​ទៅ​ចុះ ដ្បិត​ពួកលោក​មកដល់​បាវបម្រើ​របស់ពួកលោក​ហើយ”។
ពួកគេ​តបថា​៖ “ចូរ​ធ្វើ​យ៉ាងនោះ​ដូចដែល​អ្នក​បាន​និយាយ​ចុះ”។
6អ័ប្រាហាំ​ក៏​ប្រញាប់​ចូលទៅ​ក្នុង​រោង ហើយ​ប្រាប់​សារ៉ា​ថា​៖ “ចូរ​ប្រញាប់​ច្របាច់​ម្សៅម៉ដ្ដ​បី​រង្វាល់ ធ្វើ​នំប៉័ង​ទៅ”។ 7រួច​អ័ប្រាហាំ​ក៏​រត់ទៅ​ឯ​ហ្វូងគោ ហើយ​យក​កូន​គោ​មួយ​សាច់​ទន់​ល្អ ប្រគល់​ទៅ​យុវជន​ម្នាក់ ឲ្យ​គេ​ប្រញាប់​រៀបចំ​វា​។ 8បន្ទាប់មក គាត់​យក​ប៊័រ និង​ទឹកដោះ ព្រមទាំង​កូន​គោ​ដែល​បាន​រៀបចំ មក​ដាក់​នៅមុខ​ពួកគេ រួច​គាត់​ឈរចាំបម្រើ​ពួកគេ​នៅក្រោម​ដើមឈើ ខណៈដែល​ពួកគេ​កំពុង​ហូប​។ 9ពួកគេ​សួរ​គាត់​ថា​៖ “តើ​សារ៉ា​ប្រពន្ធ​របស់អ្នក​នៅ​ឯណា​?”។
គាត់​ក៏​ឆ្លើយថា​៖ “មើល៍! នាង​នៅក្នុង​រោង”។
10នោះ​ម្នាក់​ក្នុងពួកគេ​និយាយថា​៖ “ឆ្នាំក្រោយ​យើង​នឹង​ត្រឡប់មក​ឯ​អ្នក​វិញជាមិនខាន​ក្នុងពេលដដែលនេះ ហើយ​មើល៍! សារ៉ា​ប្រពន្ធ​របស់អ្នក​នឹង​មាន​កូនប្រុស​ម្នាក់”។ ពេលនោះ សារ៉ា​បាន​លួច​ស្ដាប់​នៅ​មាត់ទ្វារ​រោង​ដែល​នៅខាងក្រោយ​អ័ប្រាហាំ​។
11អ័ប្រាហាំ និង​សារ៉ា​ចាស់​ហើយ អាយុ​ក៏​ច្រើន​ដែរ ហើយ​សារ៉ា​លែង​មាន​រដូវ​របស់​មនុស្សស្រី​ហើយ​។ 12ដូច្នេះ សារ៉ា​សើច​នឹង​ខ្លួនឯង​ថា​៖ “ខ្ញុំ​ចាស់ជរា​ហើយ ហើយ​លោកម្ចាស់​របស់ខ្ញុំ​ក៏​ចាស់ជរា​ដែរ តើ​ខ្ញុំ​នៅតែ​មាន​តម្រេក​ទៀត​ឬ​?”។
13ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “ហេតុអ្វីបានជា​សារ៉ា​សើច​ដូច្នេះ ហើយ​ពោលថា​: ‘ខ្ញុំ​ចាស់​ហើយ តើ​ខ្ញុំ​ពិតជា​នឹង​បង្កើត​កូន​មែន​ឬ​?’ 14តើ​មាន​អ្វី​ដែល​ពិបាក​ពេក​សម្រាប់​ព្រះយេហូវ៉ា​ឬ​? ដល់​ពេលកំណត់ យើង​នឹង​ត្រឡប់មក​ឯ​អ្នក​វិញ ហើយ​ឆ្នាំក្រោយក្នុងពេលដដែលនេះ សារ៉ា​នឹង​មាន​កូនប្រុស​ម្នាក់”។
15សារ៉ា​ក៏​បដិសេធ#18:15 បដិសេធ―ឬ “កុហក”។​ថា​៖ “ខ្ញុំ​មិន​បាន​សើច​ទេ” ពីព្រោះ​នាង​ខ្លាច ប៉ុន្តែ​ព្រះអង្គ​មានបន្ទូលថា​៖ “ទេ​! អ្នក​បាន​សើច​ពិតមែន”។
ទូលអង្វរសម្រាប់សូដុម
16បន្ទាប់មក បុរស​ទាំងបី​ក៏​ក្រោកឡើង​ចេញពី​ទីនោះ ហើយ​អើតមើល​សូដុម រីឯ​អ័ប្រាហាំ​ក៏​ទៅ​ជាមួយ​ពួកគេ ដើម្បី​ជូនដំណើរ​ពួកគេ​។ 17ពេលនោះ ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “តើ​យើង​ត្រូវ​លាក់​នឹង​អ័ប្រាហាំ​នូវ​អ្វីដែល​យើង​នឹង​ធ្វើ​ឬ​? 18ដ្បិត​អ័ប្រាហាំ​នឹង​ក្លាយជា​ប្រជាជាតិ​មួយ​ដ៏ធំ និង​ខ្លាំងពូកែ​ជាប្រាកដ ហើយ​ប្រជាជាតិ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួលពរ​តាមរយៈ​គាត់​។ 19យើង​បាន​ជ្រើសរើស#18:19 ជ្រើសរើស​―ន័យត្រង់គឺ “ស្គាល់”។​គាត់ ដើម្បីឲ្យ​បង្គាប់​កូនចៅ​របស់គាត់ និង​អ្នកផ្ទះ​ជំនាន់ក្រោយ​របស់គាត់ ឲ្យ​កាន់តាម​មាគ៌ា​របស់​យើងជា#18:19 យើងជា―ជាពាក្យជំនួយ។​យេហូវ៉ា ដោយ​អនុវត្ត​សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​។ នេះគឺ​ដើម្បីឲ្យ​យើងជា​យេហូវ៉ា​បាន​បំពេញឲ្យសម្រេច​ដល់​អ័ប្រាហាំ​នូវ​អ្វីដែល​យើង​បាន​សន្យា​នឹង​គាត់”។ 20រួច​ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “សម្រែក​របស់​សូដុម និង​កូម៉ូរ៉ា​ឮ​ខ្លាំង​ណាស់ ហើយ​បាប​របស់ពួកគេ​ធ្ងន់​ណាស់​។ 21យើង​នឹង​ចុះទៅ​មើល ថាតើ​ការទាំងអស់​ដែល​ពួកគេ​ប្រព្រឹត្ត ដូច​សម្រែក​ដែល​មកដល់​យើង​ឬយ៉ាងណា​។ ប្រសិនបើ​មិនមែនទេ នោះ​យើង​នឹង​ដឹង”។
22ដូច្នេះ បុរស​ទាំងនោះ​ក៏​បែរចេញ​ពី​ទីនោះ ហើយ​ទៅ​ឯ​សូដុម រីឯ​អ័ប្រាហាំ​នៅតែ​ឈរ​នៅចំពោះ​ព្រះយេហូវ៉ា​នៅឡើយ​។ 23អ័ប្រាហាំ​ក៏​ចូលទៅជិត ទូល​សួរថា​៖ “តើ​ព្រះអង្គ​នឹង​បំផ្លាញ​មនុស្ស​សុចរិត​ជាមួយ​មនុស្ស​អាក្រក់​មែន​ឬ​? 24ប្រហែលជា​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​នៅក្នុង​ទីក្រុង​នោះ តើ​ព្រះអង្គ​នឹង​បំផ្លាញ ហើយ​មិន​លើកលែងទោស​ឲ្យ​កន្លែង​នោះ​ដោយយល់ដល់​មនុស្ស​សុចរិត​ហាសិប​នាក់​ដែល​នៅក្នុង​ទីក្រុងនោះ​ទេ​ឬ​? 25សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ ដែល​ព្រះអង្គ​ប្រព្រឹត្ត​ដូច្នោះ​ដើម្បី​សម្លាប់​មនុស្ស​សុចរិត​ជាមួយ​មនុស្ស​អាក្រក់​! បើធ្វើដូច្នោះ មនុស្ស​សុចរិត​ក៏​បាន​ដូចជា​មនុស្ស​អាក្រក់​ដែរ​! សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ​! តើ​ព្រះអង្គដែល​ជំនុំជម្រះ​ផែនដី​ទាំងមូល​នឹង​មិន​អនុវត្ត​សេចក្ដីយុត្តិធម៌​ទេ​ឬ​?”។
26ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ប្រសិនបើ​នៅក្នុង​សូដុម យើង​រកឃើញ​មនុស្ស​សុចរិត​ហាសិប​នាក់​ក្នុង​ទីក្រុង​នោះ យើង​នឹង​លើកលែងទោស​ឲ្យ​កន្លែង​នោះ​ទាំងមូល ដោយយល់ដល់​ពួកគេ”។
27អ័ប្រាហាំ​ទូល​តប​ថា​៖ “មើល៍! ទូលបង្គំ​ហ៊ាន​ទូល​ព្រះអម្ចាស់​នៃទូលបង្គំ ទោះបី​ទូលបង្គំ​ជា​ធូលីដី និង​ជា​ផេះ​ក៏ដោយ​។ 28ប្រហែលជា​មនុស្ស​សុចរិត​ហាសិប​នាក់​នោះ​ខ្វះ​ប្រាំ​នាក់ តើ​ព្រះអង្គ​នឹង​បំផ្លាញ​ទីក្រុង​ទាំងមូល​ដោយព្រោះ​ខ្វះ​ប្រាំ​នាក់​នោះ​ឬ​?”។
ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​បំផ្លាញ​ឡើយ ប្រសិនបើ​យើង​រកឃើញ​សែសិបប្រាំ​នាក់​នៅ​ទីនោះ”។
29គាត់​បន្ត​ទូល​ព្រះអង្គ​ទៀត​ថា​៖ “ប្រហែលជា​ព្រះអង្គ​រកឃើញ​សែសិប​នាក់​នៅ​ទីនោះ”។
ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​ធ្វើ​ឡើយ ដោយយល់ដល់​សែសិប​នាក់​នោះ”។
30គាត់​ទូល​ទៀត​ថា​៖ “សូម​ព្រះអម្ចាស់​នៃទូលបង្គំ​កុំ​ព្រះពិរោធ​ឡើយ នោះ​ទូលបង្គំ​នឹង​ទូល​ទៀត​។ ប្រហែលជា​ព្រះអង្គ​រកឃើញ​សាមសិប​នាក់​នៅ​ទីនោះ”។
ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​ធ្វើ​ឡើយ ប្រសិនបើ​យើង​រកឃើញ​សាមសិប​នាក់​នៅ​ទីនោះ”។
31គាត់​ទូល​ទៀត​ថា​៖ “មើល៍! ទូលបង្គំ​ហ៊ាន​ទូល​ព្រះអម្ចាស់​នៃទូលបង្គំ​។ ប្រហែលជា​ព្រះអង្គ​រកឃើញ​ម្ភៃ​នាក់​នៅ​ទីនោះ”។
ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​បំផ្លាញ​ឡើយ ដោយយល់ដល់​ម្ភៃ​នាក់​នោះ”។
32គាត់​ទូល​ទៀត​ថា​៖ “សូម​ព្រះអម្ចាស់​នៃទូលបង្គំ​កុំ​ព្រះពិរោធ​ឡើយ នោះ​ទូលបង្គំ​នឹង​ទូល​តែ​ម្ដងទៀត​ទេ​។ ប្រហែលជា​ព្រះអង្គ​រកឃើញ​ដប់​នាក់​នៅ​ទីនោះ”។
ព្រះអង្គ​មានបន្ទូលថា​៖ “យើង​នឹង​មិន​បំផ្លាញ​ឡើយ ដោយយល់ដល់​ដប់​នាក់​នោះ”។
33កាល​ព្រះយេហូវ៉ា​មានបន្ទូល​ជាមួយ​អ័ប្រាហាំ​ចប់​ហើយ ព្រះអង្គ​ក៏​យាង​ចាកចេញទៅ ហើយ​អ័ប្រាហាំ​ត្រឡប់​មក​កន្លែង​គាត់​វិញ​៕

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 18: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល