កិច្ចការ 8
8
សូលបៀតបៀនអ្នកជឿ
1រីឯសូលបានយល់ស្របនឹងការសម្លាប់ស្ទេផានដែរ។
នៅថ្ងៃនោះ មានការបៀតបៀនយ៉ាងខ្លាំងមកលើក្រុមជំនុំនៅយេរូសាឡិម ហើយទាំងអស់គ្នាត្រូវបានកម្ចាត់កម្ចាយទៅទូទាំងស្រុកយូឌា និងសាម៉ារី លើកលែងតែពួកសាវ័ក។ 2មានមនុស្សខ្លះដែលមានជំនឿស៊ប់បានបញ្ចុះស្ទេផាន ហើយយំស្រណោះគាត់យ៉ាងខ្លាំង។ 3ចំណែកឯសូលវិញ គាត់បំផ្លិចបំផ្លាញក្រុមជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ អូសទាំងប្រុសទាំងស្រី យកទៅដាក់គុក។
ភីលីពប្រកាសដំណឹងល្អនៅសាម៉ារី
4អ្នកដែលត្រូវបានកម្ចាត់កម្ចាយក៏ដើរចុះឡើងផ្សព្វផ្សាយព្រះបន្ទូល។ 5ពេលនោះ ភីលីពបានចុះទៅទីក្រុងមួយក្នុងសាម៉ារី#8:5 ទីក្រុងមួយក្នុងសាម៉ារី―ឯកសារបុរាណខ្លះថា “ក្រុងសាម៉ារី”។ ហើយប្រកាសព្រះគ្រីស្ទដល់គេ។ 6កាលបានឮ និងឃើញទីសម្គាល់នានាដែលគាត់កំពុងធ្វើ ហ្វូងមនុស្សក៏យកចិត្តទុកដាក់ដោយមានចិត្តតែមួយ ចំពោះអ្វីដែលភីលីពនិយាយ 7ដ្បិតមានមនុស្សជាច្រើនដែលមានវិញ្ញាណអសោចចូល វិញ្ញាណទាំងនោះក៏ចេញមកទាំងស្រែកឡើងដោយសំឡេងយ៉ាងខ្លាំង ព្រមទាំងមានមនុស្សជាច្រើនដែលស្លាប់មួយចំហៀងខ្លួន និងខ្វិនត្រូវបានប្រោសឲ្យជាដែរ។ 8ដូច្នេះ នៅទីក្រុងនោះមានអំណរយ៉ាងខ្លាំង។
ស៊ីម៉ូនគ្រូធ្មប់ទទួលដំណឹងល្អ
9មានបុរសម្នាក់ឈ្មោះស៊ីម៉ូន ដែលតាំងពីមុនមកបានប្រើមន្តអាគមនៅទីក្រុងនោះ និងធ្វើឲ្យប្រជាជននៅសាម៉ារីភ្ញាក់ផ្អើល ដោយអះអាងថាខ្លួនឯងជាមនុស្សដ៏អស្ចារ្យម្នាក់។ 10មនុស្សទាំងអស់ ចាប់ពីអ្នកតូចរហូតដល់អ្នកធំ បានយកចិត្តទុកដាក់នឹងគាត់ ទាំងពោលថា៖ “គឺអ្នកនេះហើយ ដែលគេហៅថា ‘ព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះ’”។ 11គេបានយកចិត្តទុកដាក់នឹងគាត់ ពីព្រោះគាត់ធ្វើឲ្យពួកគេភ្ញាក់ផ្អើលដោយមន្តអាគម តាំងពីយូរណាស់មកហើយ។ 12ប៉ុន្តែនៅពេលភីលីពផ្សាយដំណឹងល្អអំពីអាណាចក្ររបស់ព្រះ និងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ពួកគេក៏ជឿ ហើយទទួលពិធីជ្រមុជទឹកទាំងប្រុសទាំងស្រី។ 13រីឯស៊ីម៉ូនខ្លួនគាត់ផ្ទាល់ក៏បានជឿដែរ។ បន្ទាប់ពីទទួលពិធីជ្រមុជទឹក គាត់ទៅតាមភីលីព ហើយភ្ញាក់ផ្អើលដោយឃើញទីសម្គាល់ និងការអស្ចារ្យដ៏ធំកើតឡើង។
បាបរបស់ស៊ីម៉ូន
14ពេលពួកសាវ័កនៅយេរូសាឡិមបានឮថា ជនជាតិសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះ ពួកគេក៏ចាត់ពេត្រុស និងយ៉ូហានឲ្យទៅឯអ្នកទាំងនោះ។ 15ពេត្រុស និងយ៉ូហានក៏ចុះទៅ ហើយអធិស្ឋានសម្រាប់ពួកគេ ដើម្បីឲ្យពួកគេបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ 16ដ្បិតព្រះវិញ្ញាណមិនទាន់យាងចុះលើអ្នកណាក្នុងពួកគេនៅឡើយ គឺពួកគេគ្រាន់តែបានទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវប៉ុណ្ណោះ។ 17ដូច្នេះ ពេត្រុស និងយ៉ូហានក៏ដាក់ដៃលើពួកគេ នោះពួកគេក៏ទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។
18កាលស៊ីម៉ូនឃើញថា ព្រះវិញ្ញាណត្រូវបានប្រទានមកតាមរយៈការដាក់ដៃរបស់សាវ័កទាំងពីរ គាត់ក៏យកប្រាក់មកឲ្យអ្នកទាំងពីរ 19ទាំងនិយាយថា៖ “សូមឲ្យអំណាចនេះដល់ខ្ញុំដែរផង ដើម្បីឲ្យអ្នកណាក៏ដោយដែលខ្ញុំដាក់ដៃលើ អ្នកនោះនឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ”។
20ប៉ុន្តែពេត្រុសនិយាយនឹងគាត់ថា៖ “ចូរឲ្យប្រាក់របស់អ្នកវិនាសជាមួយអ្នកទៅ! ដ្បិតអ្នកគិតថាអំណោយទានរបស់ព្រះទិញដោយប្រាក់បាន! 21អ្នកគ្មានភាគ ឬចំណែកក្នុងការនេះឡើយ ពីព្រោះចិត្តរបស់អ្នកមិនទៀងត្រង់នៅចំពោះព្រះទេ។ 22ដូច្នេះ ចូរកែប្រែចិត្តពីការអាក្រក់នេះរបស់អ្នក ហើយអធិស្ឋានទៅព្រះអម្ចាស់#8:22 ព្រះអម្ចាស់―ឯកសារបុរាណខ្លះថា “ព្រះ”។ចុះ ក្រែងលោបំណងចិត្តរបស់អ្នកនឹងត្រូវបានលើកលែងទោសឲ្យអ្នក។ 23ដ្បិតខ្ញុំឃើញថា អ្នកស្ថិតនៅក្នុងជាតិល្វីងនៃទឹកប្រមាត់ និងចំណងនៃសេចក្ដីទុច្ចរិត”។
24ស៊ីម៉ូននិយាយតបថា៖ “សូមលោកអធិស្ឋានទៅព្រះអម្ចាស់សម្រាប់ខ្ញុំផង ដើម្បីកុំឲ្យអ្វីដែលលោកនិយាយបានកើតឡើងដល់ខ្ញុំឡើយ”។
25បន្ទាប់ពីពេត្រុស និងយ៉ូហានបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយ ពួកគេក៏ត្រឡប់ទៅយេរូសាឡិមវិញ ទាំងផ្សាយដំណឹងល្អតាមភូមិជាច្រើនរបស់ជនជាតិសាម៉ារីផង។
ភីលីព និងមហាតលិកអេត្យូពី
26មានទូតសួគ៌របស់ព្រះអម្ចាស់ប្រាប់ភីលីពថា៖ “ចូរក្រោកឡើង ធ្វើដំណើរឆ្ពោះទៅខាងត្បូង តាមផ្លូវដែលចុះពីយេរូសាឡិមទៅកាសាចុះ”។ កន្លែងនោះជាទីរហោស្ថាន។ 27គាត់ក៏ក្រោកឡើង ចេញដំណើរទៅ។ ពេលនោះ មើល៍! មានមហាតលិកជនជាតិអេត្យូពីម្នាក់ ជាមន្ត្រីរាជវាំងរបស់កានដេសមហាក្សត្រិយានីនៃអេត្យូពី លោកត្រួតលើរាជ្យទ្រព្យទាំងមូលរបស់ព្រះនាង។ លោកបានមកយេរូសាឡិមដើម្បីថ្វាយបង្គំ 28ហើយកំពុងជិះរទេះសេះរបស់ខ្លួនត្រឡប់ទៅវិញ ទាំងអានគម្ពីរព្យាការីអេសាយផង។
29ព្រះវិញ្ញាណមានបន្ទូលនឹងភីលីពថា៖ “ចូរចូលទៅកៀកនឹងរទេះសេះនោះចុះ”។
30នៅពេលរត់ទៅ ភីលីពក៏ឮលោកកំពុងអានគម្ពីរព្យាការីអេសាយ គាត់ក៏សួរថា៖ “តើលោកយល់អ្វីដែលលោកកំពុងអានឬទេ?”។
31លោកឆ្លើយថា៖ “តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាណែនាំខ្ញុំផង?”។ រួចលោកក៏អញ្ជើញភីលីពឲ្យឡើងអង្គុយជាមួយលោក។ 32វគ្គនៃបទគម្ពីរដែលលោកកំពុងអាននោះគឺ:
“លោកត្រូវគេនាំទៅសម្លាប់ដូចជាចៀម
ហើយដូចដែលកូនចៀមនៅស្ងៀមស្ងាត់នៅមុខអ្នកកាត់រោមយ៉ាងណា
លោកក៏មិនបើកមាត់យ៉ាងនោះដែរ។
33 សេចក្ដីយុត្តិធម៌ត្រូវបានដកយកពីលោក ក្នុងភាពបង្អាប់បង្អោន។
តើនរណានឹងរៀបរាប់អំពីជំនាន់របស់លោក?
ដ្បិតជីវិតរបស់លោកត្រូវបានដកចេញពីផែនដី”។ # 8:32-33 《អេសាយ》 53:7-8។
34មហាតលិកនោះនិយាយនឹងភីលីពថា៖ “ខ្ញុំសូមសួរអ្នក តើព្យាការីកំពុងនិយាយដូច្នេះអំពីនរណា? អំពីខ្លួនឯង ឬអំពីអ្នកណាម្នាក់ផ្សេងទៀត?”។ 35ភីលីពក៏បើកមាត់ ហើយផ្សាយដំណឹងល្អអំពីព្រះយេស៊ូវដល់លោក ដោយចាប់ផ្ដើមពីបទគម្ពីរនេះ។
36ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវ ពួកគេមកដល់កន្លែងមានទឹក។ មហាតលិកនោះក៏ពោលថា៖ “មើល៍ហ្ន៎! ទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?”។ 37ភីលីពនិយាយថា៖ “ប្រសិនបើលោកជឿអស់ពីចិត្ត លោកអាចទទួលបាន”។ លោកឆ្លើយថា៖ “ខ្ញុំជឿថា ព្រះយេស៊ូវគ្រីស្ទជាព្រះបុត្រារបស់ព្រះ”។#8:37 ឯកសារបុរាណខ្លះគ្មានខនេះ។ 38បន្ទាប់មក លោកបញ្ជាឲ្យបញ្ឈប់រទេះសេះ ហើយអ្នកទាំងពីរ គឺទាំងភីលីព និងមហាតលិកក៏ចុះទៅក្នុងទឹក រួចភីលីពក៏ធ្វើពិធីជ្រមុជទឹកឲ្យលោក។ 39នៅពេលពួកគេឡើងពីទឹកមក ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ឆក់យកភីលីពទៅបាត់ ហើយមហាតលិកនោះក៏លែងឃើញគាត់ទៀត។ ប៉ុន្តែលោកបន្តដំណើរទៅទាំងអរសប្បាយ។ 40រីឯភីលីពវិញ គេឃើញគាត់នៅអាសូត។ គាត់ដើរចុះឡើងទាំងផ្សាយដំណឹងល្អដល់ទីក្រុងទាំងអស់ រហូតមកដល់សេសារា៕
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 8: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative