កិច្ចការ 8

8
សូលបៀតបៀនអ្នកជឿ
1រីឯ​សូល​បាន​យល់ស្រប​នឹង​ការសម្លាប់​ស្ទេផាន​ដែរ​។
នៅ​ថ្ងៃ​នោះ មាន​ការបៀតបៀន​យ៉ាងខ្លាំង​មក​លើ​ក្រុមជំនុំ​នៅ​យេរូសាឡិម ហើយ​ទាំងអស់គ្នា​ត្រូវបាន​កម្ចាត់កម្ចាយ​ទៅ​ទូទាំង​ស្រុក​យូឌា និង​សាម៉ារី លើកលែងតែ​ពួក​សាវ័ក​។ 2មាន​មនុស្ស​ខ្លះ​ដែល​មាន​ជំនឿស៊ប់​បាន​បញ្ចុះ​ស្ទេផាន ហើយ​យំស្រណោះ​គាត់​យ៉ាងខ្លាំង​។ 3ចំណែកឯ​សូល​វិញ គាត់​បំផ្លិចបំផ្លាញ​ក្រុមជំនុំ ដោយ​ចូល​ពីផ្ទះមួយទៅផ្ទះមួយ អូស​ទាំង​ប្រុស​ទាំង​ស្រី យកទៅ​ដាក់គុក​។
ភីលីពប្រកាសដំណឹងល្អនៅសាម៉ារី
4អ្នក​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​ក៏​ដើរចុះឡើង​ផ្សព្វផ្សាយ​ព្រះបន្ទូល​។ 5ពេលនោះ ភីលីព​បាន​ចុះទៅ​ទីក្រុង​មួយ​ក្នុង​សាម៉ារី#8:5 ទីក្រុង​មួយក្នុងសាម៉ារី―ឯកសារបុរាណខ្លះថា “ក្រុង​សាម៉ារី”។ ហើយ​ប្រកាស​ព្រះ​គ្រីស្ទ​ដល់​គេ​។ 6កាល​បាន​ឮ និង​ឃើញ​ទីសម្គាល់​នានា​ដែល​គាត់​កំពុង​ធ្វើ ហ្វូងមនុស្ស​ក៏​យកចិត្តទុកដាក់​ដោយមានចិត្តតែមួយ ចំពោះ​អ្វី​ដែល​ភីលីព​និយាយ 7ដ្បិត​មាន​មនុស្ស​ជាច្រើន​ដែល​មាន​វិញ្ញាណអសោច​ចូល វិញ្ញាណទាំងនោះ​ក៏​ចេញមក​ទាំង​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង ព្រមទាំង​មាន​មនុស្ស​ជាច្រើន​ដែល​ស្លាប់មួយចំហៀងខ្លួន និង​ខ្វិន​ត្រូវបាន​ប្រោសឲ្យជា​ដែរ​។ 8ដូច្នេះ នៅ​ទីក្រុង​នោះ​មាន​អំណរ​យ៉ាងខ្លាំង​។
ស៊ីម៉ូនគ្រូធ្មប់ទទួលដំណឹងល្អ
9មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ដែល​តាំងពីមុនមក​បាន​ប្រើមន្តអាគម​នៅ​ទីក្រុង​នោះ និង​ធ្វើឲ្យ​ប្រជាជន​នៅ​សាម៉ារី​ភ្ញាក់ផ្អើល ដោយ​អះអាងថា​ខ្លួនឯង​ជា​មនុស្សដ៏អស្ចារ្យម្នាក់​។ 10មនុស្ស​ទាំងអស់ ចាប់ពី​អ្នកតូច​រហូតដល់​អ្នកធំ បាន​យកចិត្តទុកដាក់​នឹង​គាត់ ទាំង​ពោលថា​៖ “គឺ​អ្នកនេះ​ហើយ ដែល​គេ​ហៅថា ‘ព្រះចេស្ដា​ដ៏អស្ចារ្យ​របស់​ព្រះ’”។ 11គេ​បាន​យកចិត្តទុកដាក់​នឹង​គាត់ ពីព្រោះ​គាត់​ធ្វើឲ្យ​ពួកគេ​ភ្ញាក់ផ្អើល​ដោយ​មន្តអាគម តាំងពី​យូរណាស់មកហើយ​។ 12ប៉ុន្តែ​នៅពេល​ភីលីព​ផ្សាយដំណឹងល្អ​អំពី​អាណាចក្រ​របស់​ព្រះ និង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពួកគេ​ក៏​ជឿ ហើយ​ទទួលពិធីជ្រមុជទឹក​ទាំង​ប្រុស​ទាំង​ស្រី​។ 13រីឯ​ស៊ីម៉ូន​ខ្លួនគាត់ផ្ទាល់​ក៏​បាន​ជឿ​ដែរ​។ បន្ទាប់ពី​ទទួលពិធីជ្រមុជទឹក គាត់​ទៅតាម​ភីលីព ហើយ​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ​កើតឡើង​។
បាបរបស់ស៊ីម៉ូន
14ពេល​ពួក​សាវ័ក​នៅ​យេរូសាឡិម​បាន​ឮ​ថា ជនជាតិ​សាម៉ារី​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះ ពួកគេ​ក៏​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យទៅ​ឯ​អ្នកទាំងនោះ​។ 15ពេត្រុស និងយ៉ូហាន​ក៏​ចុះទៅ ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ 16ដ្បិត​ព្រះវិញ្ញាណ​មិនទាន់​យាងចុះ​លើ​អ្នកណា​ក្នុង​ពួកគេ​នៅឡើយ គឺ​ពួកគេ​គ្រាន់តែ​បាន​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូវ​ប៉ុណ្ណោះ​។ 17ដូច្នេះ ពេត្រុស និងយ៉ូហាន​ក៏​ដាក់​ដៃ​លើ​ពួកគេ នោះ​ពួកគេ​ក៏​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​។
18កាល​ស៊ីម៉ូន​ឃើញ​ថា ព្រះវិញ្ញាណ​ត្រូវបាន​ប្រទានមក​តាមរយៈ​ការដាក់​ដៃ​របស់​សាវ័ក​ទាំងពីរ គាត់​ក៏​យក​ប្រាក់​មក​ឲ្យ​អ្នកទាំងពីរ 19ទាំង​និយាយថា​៖ “សូម​ឲ្យ​អំណាច​នេះ​ដល់​ខ្ញុំដែរ​ផង ដើម្បីឲ្យ​អ្នកណាក៏ដោយដែល​ខ្ញុំ​ដាក់​ដៃ​លើ អ្នកនោះ​នឹង​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ”។
20ប៉ុន្តែ​ពេត្រុស​និយាយ​នឹង​គាត់​ថា​៖ “ចូរឲ្យ​ប្រាក់​របស់អ្នក​វិនាស​ជាមួយ​អ្នក​ទៅ​! ដ្បិត​អ្នក​គិតថា​អំណោយទាន​របស់​ព្រះ​ទិញ​ដោយ​ប្រាក់​បាន​! 21អ្នក​គ្មាន​ភាគ ឬ​ចំណែក​ក្នុង​ការ​នេះឡើយ ពីព្រោះ​ចិត្ត​របស់អ្នក​មិន​ទៀងត្រង់​នៅចំពោះ​ព្រះ​ទេ​។ 22ដូច្នេះ ចូរ​កែប្រែចិត្ត​ពី​ការអាក្រក់​នេះ​របស់អ្នក ហើយ​អធិស្ឋាន​ទៅ​ព្រះអម្ចាស់#8:22 ព្រះអម្ចាស់―ឯកសារបុរាណខ្លះថា “ព្រះ”។​ចុះ ក្រែងលោ​បំណង​ចិត្ត​របស់អ្នក​នឹង​ត្រូវបាន​លើកលែងទោស​ឲ្យ​អ្នក​។ 23ដ្បិត​ខ្ញុំ​ឃើញថា អ្នក​ស្ថិតនៅ​ក្នុង​ជាតិល្វីង​នៃ​ទឹកប្រមាត់ និង​ចំណង​នៃ​សេចក្ដីទុច្ចរិត”។
24ស៊ីម៉ូន​និយាយ​តប​ថា​៖ “សូម​លោក​អធិស្ឋាន​ទៅ​ព្រះអម្ចាស់​សម្រាប់​ខ្ញុំ​ផង ដើម្បីកុំឲ្យ​អ្វីដែល​លោក​និយាយ​បាន​កើតឡើង​ដល់​ខ្ញុំ​ឡើយ”។
25បន្ទាប់ពី​ពេត្រុស និងយ៉ូហាន​បាន​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ និង​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ហើយ ពួកគេ​ក៏​ត្រឡប់ទៅ​យេរូសាឡិម​វិញ ទាំង​ផ្សាយដំណឹងល្អ​តាម​ភូមិ​ជាច្រើន​របស់​ជនជាតិសាម៉ារី​ផង​។
ភីលីព និងមហាតលិកអេត្យូពី
26មាន​ទូតសួគ៌​របស់​ព្រះអម្ចាស់​ប្រាប់​ភីលីព​ថា​៖ “ចូរ​ក្រោកឡើង ធ្វើដំណើរ​ឆ្ពោះទៅ​ខាងត្បូង តាមផ្លូវ​ដែល​ចុះ​ពី​យេរូសាឡិម​ទៅ​កាសា​ចុះ”។ កន្លែងនោះ​ជា​ទីរហោស្ថាន​។ 27គាត់​ក៏​ក្រោកឡើង ចេញដំណើរទៅ​។ ពេលនោះ មើល៍! មាន​មហាតលិក​ជនជាតិអេត្យូពី​ម្នាក់ ជា​មន្ត្រីរាជវាំង​របស់​កានដេស​មហាក្សត្រិយានី​នៃ​អេត្យូពី លោក​ត្រួតលើ​រាជ្យទ្រព្យ​ទាំងមូល​របស់​ព្រះនាង​។ លោក​បាន​មក​យេរូសាឡិម​ដើម្បី​ថ្វាយបង្គំ 28ហើយ​កំពុង​ជិះ​រទេះសេះ​របស់​ខ្លួន​ត្រឡប់ទៅវិញ ទាំង​អាន​គម្ពីរ​ព្យាការី​អេសាយ​ផង​។
29ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ភីលីព​ថា​៖ “ចូរ​ចូលទៅ​កៀក​នឹង​រទេះសេះ​នោះ​ចុះ”។
30នៅពេល​រត់ទៅ ភីលីព​ក៏​ឮ​លោក​កំពុង​អាន​គម្ពីរ​ព្យាការី​អេសាយ គាត់​ក៏​សួរថា​៖ “តើ​លោក​យល់​អ្វីដែល​លោក​កំពុង​អាន​ឬទេ​?”។
31លោក​ឆ្លើយថា​៖ “តើ​ឲ្យ​ខ្ញុំ​យល់​យ៉ាងដូចម្ដេច​បាន បើ​គ្មាន​អ្នកណា​ណែនាំ​ខ្ញុំ​ផង​?”។ រួច​លោក​ក៏​អញ្ជើញ​ភីលីព​ឲ្យ​ឡើង​អង្គុយ​ជាមួយ​លោក។ 32វគ្គ​នៃ​បទគម្ពីរ​ដែល​លោក​កំពុង​អាន​នោះ​គឺ​:
“លោក​ត្រូវគេ​នាំ​ទៅ​សម្លាប់​ដូចជា​ចៀម
ហើយ​ដូចដែល​កូនចៀម​នៅ​ស្ងៀមស្ងាត់​នៅមុខ​អ្នក​កាត់រោម​យ៉ាងណា
លោក​ក៏​មិន​បើក​មាត់​យ៉ាងនោះដែរ​។
33 សេចក្ដីយុត្តិធម៌​ត្រូវបាន​ដកយក​ពី​លោក ក្នុង​ភាពបង្អាប់បង្អោន​។
តើ​នរណា​នឹង​រៀបរាប់​អំពី​ជំនាន់​របស់​លោក​?
ដ្បិត​ជីវិត​របស់​លោក​ត្រូវបាន​ដកចេញ​ពី​ផែនដី”។ # 8:32-33 《អេសាយ》 53:7-8។
34មហាតលិក​នោះ​និយាយ​នឹង​ភីលីព​ថា​៖ “ខ្ញុំ​សូមសួរ​អ្នក តើ​ព្យាការី​កំពុង​និយាយ​ដូច្នេះ​អំពី​នរណា​? អំពី​ខ្លួនឯង ឬ​អំពី​អ្នកណា​ម្នាក់​ផ្សេងទៀត​?”។ 35ភីលីព​ក៏​បើក​មាត់ ហើយ​ផ្សាយដំណឹងល្អ​អំពី​ព្រះយេស៊ូវ​ដល់​លោក ដោយ​ចាប់ផ្ដើម​ពី​បទគម្ពីរ​នេះ​។
36ខណៈដែល​កំពុង​ធ្វើដំណើរ​តាមផ្លូវ ពួកគេ​មកដល់​កន្លែងមានទឹក​។ មហាតលិក​នោះ​ក៏​ពោលថា​៖ “មើល៍ហ្ន៎! ទឹក​! តើ​មាន​អ្វី​រារាំង​ខ្ញុំ​មិន​ឲ្យ​ទទួលពិធីជ្រមុជទឹក​បាន​?”។ 37ភីលីព​និយាយថា​៖ “ប្រសិនបើ​លោក​ជឿអស់ពីចិត្ត លោក​អាច​ទទួល​បាន”។ លោក​ឆ្លើយថា​៖ “ខ្ញុំ​ជឿ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះបុត្រា​របស់​ព្រះ”។#8:37 ឯកសារបុរាណខ្លះគ្មានខនេះ។ 38បន្ទាប់មក លោក​បញ្ជា​ឲ្យ​បញ្ឈប់​រទេះសេះ ហើយ​អ្នក​ទាំងពីរ គឺ​ទាំង​ភីលីព និង​មហាតលិក​ក៏​ចុះទៅ​ក្នុង​ទឹក រួច​ភីលីព​ក៏​ធ្វើពិធីជ្រមុជទឹក​ឲ្យ​លោក​។ 39នៅពេល​ពួកគេ​ឡើង​ពី​ទឹក​មក ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ឆក់យក​ភីលីព​ទៅបាត់ ហើយ​មហាតលិក​នោះ​ក៏​លែង​ឃើញ​គាត់​ទៀត​។ ប៉ុន្តែ​លោក​បន្តដំណើរទៅ​ទាំង​អរសប្បាយ​។ 40រីឯ​ភីលីព​វិញ គេ​ឃើញ​គាត់​នៅ​អាសូត​។ គាត់​ដើរចុះឡើង​ទាំង​ផ្សាយដំណឹងល្អ​ដល់​ទីក្រុង​ទាំងអស់ រហូត​មក​ដល់​សេសារា​៕

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 8: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល