កិច្ចការ 9

9
នៅតាមផ្លូវទៅដាម៉ាស់
1ពេលនោះ សូល​នៅតែ​បញ្ចេញ​ពាក្យគំរាម​សម្លាប់​ចំពោះ​ពួក​សិស្ស​របស់​ព្រះអម្ចាស់​។ គាត់​ចូលទៅ​ជួប​មហាបូជាចារ្យ 2ហើយ​សុំ​ពី​លោក​នូវ​លិខិត​ទៅកាន់​សាលាប្រជុំ​នានា​នៅ​ដាម៉ាស់ ដើម្បី​បើ​គាត់​រកឃើញ​អ្នកណា​នៅ​ខាង​មាគ៌ា​នោះ គាត់​នឹង​ចង​ទាំង​ប្រុស​ទាំង​ស្រី យក​មក​យេរូសាឡិម​។ 3ខណៈដែល​សូល​ធ្វើដំណើរ​ជិតដល់​ដាម៉ាស់ ស្រាប់តែ​មាន​ពន្លឺ​មួយ​ពី​លើមេឃ​ចាំងជុំវិញ​គាត់​។ 4គាត់​ដួល​ទៅលើ​ដី ក៏​ឮ​សំឡេង​មួយ​និយាយ​នឹង​គាត់​ថា​៖“សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​ខ្ញុំ​?”។
5គាត់​សួរថា​៖ “ព្រះអម្ចាស់​! តើ​ព្រះអង្គ​ជា​នរណា​?”។
ព្រះអង្គ​មានបន្ទូលថា​៖“យើង​គឺ​យេស៊ូវ ដែល​អ្នក​កំពុង​បៀតបៀន​។#9:5 ឯកសារបុរាណខ្លះបន្ថែម “ជា​ការ​ពិបាកសម្រាប់អ្នក ដែលអ្នកទាត់ជន្លួញ”។ 6#9:6 ឯកសារបុរាណខ្លះបន្ថែម “គាត់ក៏ភ័យញ័រ ទាំងស្ងើច ហើយទូលថា៖ ‘ព្រះអម្ចាស់ តើព្រះអង្គសព្វព្រះហឫទ័យ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូចម្ដេច?’ ព្រះអម្ចាស់មានបន្ទូលនឹងគាត់ថា៖‘......’”។ចូរ​ក្រោកឡើង ហើយ​ចូលទៅ​ក្នុង​ទីក្រុង​ចុះ​! នោះ​គេ​នឹង​ប្រាប់​អ្នក​នូវ​អ្វីដែល​អ្នក​ត្រូវតែ​ធ្វើ”។
7ពួក​អ្នក​ដែល​ធ្វើដំណើរជាមួយ​សូល​ក៏​ឈរ​ដោយ​គ្មានវាចាសោះ​។ ពួកគេ​បាន​ឮ​សំឡេង​មែន ប៉ុន្តែ​មិន​បាន​មើលឃើញ​អ្នកណាឡើយ​។ 8សូល​ក៏​ក្រោកឡើង​ពី​ដី ហើយ​បើក​ភ្នែក ប៉ុន្តែ​មើលមិនឃើញអ្វីសោះ​។ ដូច្នេះ គេ​ដឹកដៃ​គាត់​នាំចូល​ទៅ​ដាម៉ាស់។ 9រយៈពេល​បី​ថ្ងៃ គាត់​មើលមិនឃើញ​អ្វី​ឡើយ ហើយក៏​មិន​ហូប​មិន​ផឹក​អ្វី​ដែរ​។
សូលទទួលពិធីជ្រមុជទឹក
10នៅ​ដាម៉ាស់ មាន​សិស្ស​ម្នាក់​ឈ្មោះ​អាណានាស​។ ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ក្នុង​និមិត្ត​ថា​៖“អាណានាស​អើយ​!”។
គាត់​ទូល​ឆ្លើយថា​៖ “ព្រះអម្ចាស់​អើយ មើល៍! ទូលបង្គំ​នៅ​ទីនេះ”។
11ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ក្រោកឡើង ទៅ​ឯ​ផ្លូវ​មួយ​ដែល​គេ​ហៅថា ‘ផ្លូវ​ត្រង់’ ហើយ​រក​អ្នកតើសុស​ម្នាក់​ឈ្មោះ​សូល​នៅក្នុង​ផ្ទះ​របស់​យូដាស​។ ដ្បិត​មើល៍! គាត់​កំពុង​អធិស្ឋាន 12ហើយ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អាណានាស​នៅក្នុង​និមិត្ត#9:12 ឯកសារបុរាណខ្លះគ្មាន “នៅក្នុង​និមិត្ត”។ចូលមក​ដាក់​ដៃ​លើ​គាត់ ដើម្បីឲ្យ​គាត់​មើលឃើញវិញ”។
13អាណានាស​ទូល​តបថា​៖ “ព្រះអម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​ពី​មនុស្ស​ជាច្រើន​អំពី​មនុស្ស​នេះ​ថា គាត់​បាន​ធ្វើ​ការ​អាក្រក់​ច្រើនប៉ុណ្ណា​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​នៅ​យេរូសាឡិម​។ 14រីឯ​នៅ​ទីនេះ គាត់​ក៏​បាន​ទទួល​សិទ្ធិអំណាច​ពី​ពួក​នាយកបូជាចារ្យ ដើម្បី​ចាប់ចង​អស់អ្នក​ដែល​ហៅរក​ព្រះនាម​របស់ព្រះអង្គ​ដែរ”។
15ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទៅ​ចុះ​! ដ្បិត​អ្នកនោះ​ជា​ភាជនៈ​ដែល​យើង​បាន​ជ្រើសតាំង ដើម្បី​នាំយក​នាម​របស់យើង​ទៅ​ដល់​ទាំង​សាសន៍ដទៃ និង​បណ្ដា​ស្ដេច ព្រមទាំង​កូនចៅ​អ៊ីស្រាអែល​ផង​។ 16យើង​នឹង​បង្ហាញ​ដល់​គាត់​ថា គាត់​ត្រូវតែ​រងទុក្ខ​ច្រើនប៉ុណ្ណា ដោយព្រោះ​នាម​របស់យើង”។
17ដូច្នេះ អាណានាស​ក៏​ចេញទៅ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​នោះ រួច​ដាក់​ដៃ​លើ​សូល និយាយថា​៖ “សូល​ជា​បងប្អូន​អើយ ព្រះអម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យមក គឺ​ព្រះយេស៊ូវ​ដែល​លេចមក​ដល់​អ្នក តាមផ្លូវ​ដែល​អ្នក​បាន​ធ្វើដំណើរមក​នោះ ដើម្បីឲ្យ​អ្នក​បាន​មើលឃើញវិញ ព្រមទាំង​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង”។
18រំពេចនោះ មានអ្វី​ដូចជា​ស្រកា​ជ្រុះ​ពី​ភ្នែក​គាត់ ហើយ​គាត់​ក៏​មើលឃើញវិញ​។ បន្ទាប់មក​គាត់​ក្រោកឡើង​ទទួលពិធីជ្រមុជទឹក 19ហើយ​ហូបអាហារ ក៏​មានកម្លាំងឡើងវិញ​។
សូលប្រកាសព្រះគ្រីស្ទ
សូល​បាន​ស្នាក់នៅ​ជាមួយ​ពួក​សិស្ស​នៅ​ដាម៉ាស់​រយៈពេល​ប៉ុន្មានថ្ងៃ 20ក៏​ចាប់ផ្ដើម​ប្រកាស​ព្រះយេស៊ូវ#9:20 ព្រះ​យេស៊ូវ​―ឯកសារបុរាណខ្លះថា “ព្រះគ្រីស្ទ”។​នៅតាម​សាលាប្រជុំ​ភ្លាម ថា​គឺ​ព្រះអង្គនេះ​ហើយ​ជា​ព្រះបុត្រារបស់ព្រះ​។
21អស់អ្នក​ដែល​ឮ​ក៏​ភ្ញាក់ផ្អើល ហើយ​និយាយថា​៖ “តើ​មិនមែន​អ្នកនេះ​ទេ​ឬ ដែល​បំផ្លាញ​អ្នក​ដែល​ហៅរក​នាម​នេះ​នៅ​យេរូសាឡិម​? តើ​គាត់​បាន​មក​ទីនេះ មិនមែន​ដោយសារតែ​គោលបំណង​នេះ គឺ​ដើម្បី​ចាប់ចង​ពួកគេ​នាំ​ទៅ​ពួក​នាយកបូជាចារ្យ​ទេ​ឬ​?”។
22ទោះបីជាយ៉ាងណាក៏ដោយ ក៏​សូល​ទទួលកម្លាំង​កាន់តែខ្លាំងឡើង ហើយ​ផ្ចាញ់ផ្ចាល​ជនជាតិយូដា​ដែល​រស់នៅ​ដាម៉ាស់ ដោយ​បញ្ជាក់​ថា​ព្រះយេស៊ូវនេះ​ហើយ​ជា​ព្រះ​គ្រីស្ទ។
23លុះ​ច្រើន​ថ្ងៃ​ក្រោយមក ពួកយូដា​បាន​ពិគ្រោះគ្នា​ដើម្បី​សម្លាប់​សូល​។ 24ប៉ុន្តែ​ផែនការសម្ងាត់​របស់​ពួកគេ​បាន​ដឹង​ដល់​សូល​។ ពួកគេ​ឃ្លាំមើល​ទ្វារក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្លាប់​គាត់។ 25យ៉ាងណាមិញ ពួក​សិស្ស​របស់​គាត់​បាន​ដាក់​គាត់​ក្នុង​កញ្ឆេ សម្រូតចុះ​តាម​កំពែងក្រុង​នៅ​ពេលយប់​។
សូលនៅយេរូសាឡិម
26សូល​បាន​មកដល់​យេរូសាឡិម ហើយ​ព្យាយាម​ចូលរួម​ជាមួយ​ពួក​សិស្ស ប៉ុន្តែ​ទាំងអស់គ្នា​ខ្លាច​គាត់ ហើយ​មិន​ជឿ​ថា​គាត់​ជា​សិស្ស​ទេ។ 27ប៉ុន្តែ​បារណាបាស​បាន​ទទួល​គាត់ ហើយ​នាំ​គាត់​ទៅ​ជួប​ពួក​សាវ័ក ទាំង​រៀបរាប់ប្រាប់​ពួកគេ​អំពី​របៀប​ដែល​សូល​បាន​ឃើញ​ព្រះអម្ចាស់​នៅតាមផ្លូវ និង​របៀប​ដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​គាត់ ព្រមទាំង​របៀប​ដែល​គាត់​បាន​ប្រកាសយ៉ាងក្លាហាន​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​នៅ​ដាម៉ាស់​។ 28ដូច្នេះ សូល​ក៏​នៅ​ជាមួយ​ពួកគេ ហើយ​ទៅណាមកណាដោយសេរី​ក្នុង​យេរូសាឡិម ទាំង​ប្រកាសយ៉ាងក្លាហាន​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់#9:28 ព្រះអម្ចាស់―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់យេស៊ូវ”។​។ 29គាត់​បាន​សន្ទនា និង​ជជែកវែកញែក​ជាមួយ​ជនជាតិយូដាដែលនិយាយក្រិក ប៉ុន្តែ​ពួកគេ​ប៉ុនប៉ង​សម្លាប់​គាត់​។ 30កាល​បងប្អូន​បាន​ដឹង​អំពីការនេះ ពួកគេ​ក៏​នាំ​គាត់​ចុះ​ទៅ​សេសារា ហើយ​ឲ្យ​គាត់​ទៅ​តើសុស​។
31ដូច្នេះ ក្រុមជំនុំ​នៅ​ទូទាំង​យូឌា កាលីឡេ និង​សាម៉ារី ក៏​មាន​សេចក្ដីសុខសាន្ត​។ ដោយ​ត្រូវបាន​ស្អាងទឹកចិត្តឡើង ពួកគេ​ក៏​ជឿនទៅមុខ​ក្នុង​ការកោតខ្លាច​ព្រះអម្ចាស់ និង​ក្នុង​ការកម្សាន្តចិត្ត​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ពួកគេ​កើនឡើង​ជាលំដាប់​។
អេនាសត្រូវបានប្រោសឲ្យជា
32កាលមួយ ពេត្រុស​កំពុង​ដើរចុះឡើង​តាម​តំបន់​ទាំងអស់ គាត់​ក៏​ចុះទៅ​ជួប​វិសុទ្ធជន​ដែល​រស់នៅ​លីដា​ដែរ​។ 33នៅ​ទីនោះ គាត់​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេនាស​។ គាត់​ជា​មនុស្ស​ស្លាប់មួយចំហៀងខ្លួន​ដែល​ដេក​នៅលើ​គ្រែ​ប្រាំបី​ឆ្នាំ​មកហើយ​។ 34ពេត្រុស​និយាយ​នឹង​គាត់​ថា​៖ “អេនាស​អើយ ព្រះយេស៊ូវ​គ្រីស្ទ​ប្រោស​អ្នក​ឲ្យជា​ហើយ​។ ចូរ​ក្រោកឡើង រៀបចំគ្រែ​ដោយ​ខ្លួនឯង​ចុះ​!”។ អេនាស​ក៏​ក្រោកឡើង​ភ្លាម​។ 35អស់អ្នក​ដែល​រស់នៅ​លីដា និង​សារ៉ូន​បាន​ឃើញ​គាត់ ក៏​បែរមក​រក​ព្រះអម្ចាស់វិញ​។
តេប៊ីថារស់ឡើងវិញ
36នៅ​យ៉ុបប៉េ​មាន​សិស្ស​ម្នាក់​ឈ្មោះ​តេប៊ីថា (​តេប៊ីថា មានអត្ថន័យប្រែថា ក្ដាន់#9:36 ក្ដាន់―ពាក្យនេះបញ្ចេញសំឡេងថា “ឌ័រកាស”។​)​។ នាង​បាន​ពេញ​ដោយ​អំពើល្អ និង​ការចែកទាន ដែល​នាង​តែងតែ​ធ្វើ​។ 37ប៉ុន្តែ​នៅ​គ្រានោះ នាង​ធ្លាក់ខ្លួនឈឺ ហើយ​ស្លាប់​។ គេ​ចំអាស​សពនាង ហើយ​ដាក់​នៅ​បន្ទប់ខាងលើ​។ 38លីដា​នៅ​ជិត​យ៉ុបប៉េ ដូច្នេះ​នៅពេល​ពួក​សិស្ស​ឮ​ថា​ពេត្រុស​នៅ​ទីនោះ ពួកគេ​ក៏​ចាត់​បុរស​ពីរ​នាក់​ឲ្យទៅ​រក​គាត់ អង្វរ​ថា​៖ “សូម​មក​ឯ​ពួកយើង​កុំ​បង្អង់​ឡើយ​!”។ 39ពេត្រុស​ក៏​ក្រោកឡើង​រួមដំណើរជាមួយ​ពួកគេ​។ ពេល​គាត់​មក​ដល់ ពួកគេ​បាន​នាំ​គាត់​ឡើង​ទៅ​បន្ទប់ខាងលើ​។ រីឯ​ស្ត្រីមេម៉ាយ​ទាំងអស់គ្នា​ឈរនៅក្បែរ​ពេត្រុស ទាំង​យំ ហើយ​ពួកគេ​ក៏​បង្ហាញ​អាវ និង​សម្លៀកបំពាក់​ដែល​ឌ័រកាស​បាន​ធ្វើ កាល​នាង​នៅ​ជាមួយ​ពួកគេ​។ 40នៅពេល​ឲ្យ​ពួកគេ​ទាំងអស់គ្នា​ចេញទៅ​ខាងក្រៅ ពេត្រុស​ក៏​លុតជង្គង់​អធិស្ឋាន រួច​បែរមក​រក​សព និយាយថា​៖ “តេប៊ីថា​អើយ ចូរ​ក្រោកឡើង​!”។ ពេលនោះ នាង​ក៏​បើក​ភ្នែក ហើយ​នៅពេល​ឃើញ​ពេត្រុស នាង​ក៏​ក្រោកអង្គុយ​។ 41ពេត្រុស​ក៏​លូក​ដៃ លើក​នាង​ឲ្យឈរ រួច​ហៅ​ពួក​វិសុទ្ធជន និង​ស្ត្រី​មេម៉ាយ​មក ប្រគល់​ឌ័រកាស​ដែល​រស់ឡើងវិញ​ដល់​ពួកគេ​។ 42ការនេះ​បាន​ឮសុសសាយ​នៅ​យ៉ុបប៉េ​ទាំងមូល ហើយ​មនុស្ស​ជាច្រើន​បាន​ជឿលើ​ព្រះអម្ចាស់។ 43បន្ទាប់មក ពេត្រុស​ស្នាក់នៅ​យ៉ុបប៉េ​ជាយូរ​ថ្ងៃ ជាមួយ​ជាងសម្លាប់ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​៕

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 9: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល