កិច្ចការ 10

10
និមិត្តរបស់កូនេលាស
1មាន​បុរស​ម្នាក់​នៅ​សេសារា​ឈ្មោះ​កូនេលាស ជា​មេទាហានលើមួយរយនាក់​នៃ​កងទាហាន​ដែល​គេ​ហៅថា “កង​អ៊ីតាលី”។ 2លោក​មានជំនឿស៊ប់ ហើយ​លោក​ជាមួយ​ក្រុមគ្រួសារ​ទាំងមូល​របស់​លោក កោតខ្លាច​ព្រះ​។ លោក​ចែកទាន​ជាច្រើន​ដល់​ប្រជាជន ហើយ​តែងតែ​អធិស្ឋាន​ទៅ​ព្រះ​ជានិច្ច​។ 3ថ្ងៃ​មួយ ប្រមាណជា​ម៉ោងបីរសៀល#10:3 ម៉ោង​បី​រសៀល―ន័យត្រង់គឺ “ម៉ោងទីប្រាំបួន”។ លោក​បាន​ឃើញ​និមិត្ត​យ៉ាងច្បាស់ គឺ​ឃើញ​ទូតសួគ៌​របស់​ព្រះ​ចូលមក និយាយ​នឹង​លោក​ថា​៖ “កូនេលាស​!”។
4លោក​សម្លឹងមើល​ទៅ​ទូតសួគ៌នោះ ក៏​ភ័យខ្លាច ហើយ​តបថា​៖ “ព្រះអម្ចាស់​អើយ តើ​មាន​ការ​អ្វី​?”។
ទូតសួគ៌​ក៏​និយាយថា​៖ “សេចក្ដីអធិស្ឋាន​របស់អ្នក និង​ការចែកទាន​របស់អ្នក បាន​ឡើងទៅ​ទុកជា​ការរំលឹក​នៅចំពោះ​ព្រះ​ហើយ​។ 5ឥឡូវនេះ ចូរ​ចាត់​គេ​ឲ្យទៅ​យ៉ុបប៉េ ហើយ​អញ្ជើញ​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស​មក​ចុះ​។ 6គាត់​ស្នាក់នៅ​ជាមួយ​ជាងសម្លាប់ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​មាន​ផ្ទះ​នៅ​ក្បែរ​សមុទ្រ#10:6 សមុទ្រ―គឺ “សមុទ្រមេឌីទែរ៉ានេ”។#10:6 ឯកសារបុរាណខ្លះបន្ថែម “គាត់​នឹង​ប្រាប់​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ”។”។
7នៅពេល​ទូតសួគ៌​ដែល​និយាយ​នឹង​កូនេលាស​ចាកចេញទៅ​ហើយ លោក​ក៏​ហៅ​អ្នកបម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់​ដែល​មានជំនឿស៊ប់ ពីក្នុងចំណោម​អ្នក​ដែល​ចាំបម្រើ​លោក​មក 8ហើយ​រៀបរាប់ប្រាប់​ហេតុការណ៍​ទាំងអស់​ដល់​ពួកគេ រួច​ចាត់​ពួកគេ​ឲ្យទៅ​យ៉ុបប៉េ​។
និមិត្តរបស់ពេត្រុស
9លុះ​នៅ​ថ្ងៃបន្ទាប់ ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់#10:9 ម៉ោង​ដប់​ពីរ​ថ្ងៃត្រង់―ន័យត្រង់គឺ “ម៉ោងទីប្រាំមួយ”។ គឺ​ខណៈដែល​អ្នកទាំងនោះ​ធ្វើដំណើរ​មកជិត​ទីក្រុង​នោះ ពេត្រុស​បាន​ឡើងទៅ​លើ​ដំបូលផ្ទះ​ដើម្បី​អធិស្ឋាន​។ 10ពេលនោះ គាត់​ក៏​ឃ្លាន ហើយ​ចង់​ហូប​អាហារ​។ នៅពេល​គេ​កំពុង​រៀបចំ គាត់​ក៏​លង់ស្មារតី 11ឃើញ​ផ្ទៃមេឃ​ត្រូវបាន​បើកចំហ ហើយ​មាន​អ្វី​មួយ​ដូចជា​ក្រណាត់​ធំ​ចុះមក ដោយ​ត្រូវ​ចង#10:11 ឯកសារបុរាណខ្លះគ្មាន “ចង”។​ជ្រុង​ទាំង​បួន​សម្រូត​ដល់​ដី​។ 12នៅក្នុង​ក្រណាត់នោះ មាន​សត្វ​គ្រប់ប្រភេទ ដូចជា​សត្វជើងបួន សត្វព្រៃ#10:12 ឯកសារបុរាណខ្លះគ្មាន “សត្វព្រៃ”។ សត្វលូនវារ​នៅលើ​ផែនដី និង​បក្សាបក្សីនៅលើអាកាស​។ 13បន្ទាប់មក មាន​សំឡេង​មួយ​និយាយ​នឹង​គាត់​ថា​៖“ពេត្រុស​អើយ ចូរ​ក្រោកឡើង សម្លាប់ ហើយ​ហូប​ចុះ​!”។
14ប៉ុន្តែ​ពេត្រុស​ទូលថា​៖ “ទេ ព្រះអម្ចាស់​! ដ្បិត​ទូលបង្គំ​មិនដែល​ហូប​អ្វីមួយ​ដែល​មិនបរិសុទ្ធ និង​សៅហ្មង​ឡើយ”។
15នោះក៏​មាន​សំឡេង​និយាយ​នឹង​គាត់​ម្ដងទៀត​ជាលើកទីពីរ​ថា៖“អ្វីដែល​ព្រះ​បាន​ជម្រះ​ហើយ អ្នក​មិន​ត្រូវ​ហៅថាសៅហ្មង​ឡើយ”។ 16ការនេះ​បាន​កើតឡើង​បីដង ហើយ​វត្ថុ​នោះ​ក៏​ត្រូវបាន​ទទួលឡើង​ទៅ​លើមេឃ​វិញ​ភ្លាម​។
ពេត្រុសទៅជួបកូនេលាស
17ខណៈដែល​ពេត្រុស​កំពុង​វល់គំនិត​ក្នុងចិត្ត​ថា និមិត្ត​ដែល​គាត់​ឃើញ​នេះ​មានន័យ​ដូចម្ដេច មើល៍! ពួក​អ្នក​ដែល​ត្រូវបាន​ចាត់​ពី​កូនេលាស​បាន​មក​សួររក​ផ្ទះ​របស់​ស៊ីម៉ូន ហើយ​ឈរ​នៅ​មាត់ទ្វារ 18ស្រែក​សួរថា​៖ “តើ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស ស្នាក់នៅ​ទីនេះ​ឬទេ​?”។
19នៅពេល​ពេត្រុស​នៅតែ​សញ្ជឹងគិត​អំពី​និមិត្តនោះ ព្រះវិញ្ញាណ​មានបន្ទូល​នឹង​គាត់​ថា​៖ “មើល៍! មាន​បុរស​បី​នាក់​កំពុង​តាមរក​អ្នក​! 20ចូរ​ក្រោកឡើង ចុះទៅក្រោម ហើយ​ចេញដំណើរ​ជាមួយ​ពួកគេ​ដោយ​ឥត​ស្ទាក់ស្ទើរ​ចុះ ដ្បិត​យើង​បាន​ចាត់​ពួកគេ​ឲ្យមក”។
21ពេត្រុស​ក៏​ចុះទៅ​ជួប​បុរស​ទាំងនោះ#10:21 ឯកសារបុរាណខ្លះបន្ថែម “ដែល​ត្រូវបាន​ចាត់​ពី​កូនេលាស”។ ហើយ​និយាយថា​៖ “មើល៍! គឺ​ខ្ញុំ​នេះ​ហើយ​ដែល​អ្នករាល់គ្នា​កំពុង​តាមរក​។ តើ​មាន​ការ​អ្វី​បានជា​អ្នករាល់គ្នា​មក​ទីនេះ​?”។
22ពួកគេ​តបថា​៖ “កូនេលាស​មេទាហានលើមួយរយនាក់ ជា​មនុស្ស​ដ៏សុចរិត និង​កោតខ្លាច​ព្រះ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុង​ប្រជាជន​យូដា​ទាំងមូល គាត់​បាន​ទទួលការបើកសម្ដែង​ពី​ទូតសួគ៌​ដ៏វិសុទ្ធ ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​សេចក្ដី​ពី​លោក”។ 23ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​ពួកគេ​ចូលក្នុង ហើយ​ឲ្យស្នាក់នៅ​ទីនោះ​។
នៅ​ថ្ងៃបន្ទាប់ គាត់​ក្រោកឡើង​ចេញទៅ​ជាមួយ​ពួកគេ ហើយ​មាន​បងប្អូន​ខ្លះ​ពី​យ៉ុបប៉េ​បាន​រួមដំណើរជាមួយ​គាត់​ដែរ​។ 24នៅ​ថ្ងៃបន្ទាប់​មកទៀត​ពួកគេ​បាន​ចូលទៅ​សេសារា​។ រីឯ​កូនេលាស​កំពុង​រង់ចាំ​ពួកគេ ដោយ​បាន​ហៅ​សាច់ញាតិ និង​មិត្តជិតស្និទ្ធ​របស់​លោក​មក​ដែរ​។ 25លុះ​នៅពេល​ពេត្រុស​ចូលទៅ កូនេលាស​ក៏​ទទួល​គាត់ ទាំង​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់​គាត់​។
26ប៉ុន្តែ​ពេត្រុស​លើក​លោក​ឡើង ទាំង​និយាយថា​៖ “សូម​ក្រោកឡើង ខ្លួនខ្ញុំ​ក៏​ជា​មនុស្ស​ដែរ”។ 27នៅពេល​ពេត្រុស​ចូលទៅ​ទាំង​សន្ទនាជាមួយ​កូនេលាស ហើយ​ឃើញ​មនុស្ស​ជាច្រើន​នៅ​ជួបជុំគ្នា 28គាត់​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “អ្នករាល់គ្នា​ដឹង​ថា ការ​ដែល​ជនជាតិយូដា​សេពគប់ ឬ​ចូលទៅជិត​ជនបរទេស​ជា​ការ​ខុសនឹងក្រឹត្យវិន័យ​។ ប៉ុន្តែ​ព្រះ​បាន​បង្ហាញ​ខ្ញុំ​ថា មិន​ត្រូវ​ហៅ​អ្នកណា​ម្នាក់​ថា​មិនបរិសុទ្ធ ឬ​សៅហ្មង​ឡើយ។ 29ហេតុនេះហើយបានជា​ខ្ញុំ​មក​ដោយ​ឥតប្រកែក​ឡើយ ពេល​ត្រូវបាន​អញ្ជើញមក​។ ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​អ្នករាល់គ្នា​បាន​អញ្ជើញ​ខ្ញុំ​មក​សម្រាប់​ការ​អ្វី​?”។
30កូនេលាស​និយាយថា​៖ “កាលពី​បួន​ថ្ងៃ​មុន នៅ​ម៉ោងថ្មើរ​នេះ គឺ​ម៉ោងបីរសៀល#10:30 ម៉ោង​បី​រសៀល―ន័យត្រង់គឺ “ម៉ោងទីប្រាំបួន”។ ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​ផ្ទះ​របស់ខ្ញុំ​។ ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ដ៏ភ្លឺចិញ្ចាច ឈរ​នៅពីមុខ​ខ្ញុំ 31និយាយថា​៖ ‘កូនេលាស​អើយ សេចក្ដីអធិស្ឋាន​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ រីឯ​ការចែកទាន​របស់អ្នក​ក៏​ត្រូវបាន​នឹកចាំ​នៅចំពោះ​ព្រះ​ដែរ​។ 32ដូច្នេះ ចូរ​ចាត់​គេ​ឲ្យទៅ​យ៉ុបប៉េ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស​មក​ចុះ​។ គាត់​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន​ជាងសម្លាប់ស្បែក នៅក្បែរ​សមុទ្រ#10:32 ឯកសារបុរាណខ្លះបន្ថែម “កាលណាគាត់មកដល់ គាត់នឹងប្រាប់​អ្នក”។’។ 33ដូច្នេះ ខ្ញុំ​ក៏​ចាត់​គេ​ឲ្យទៅ​ឯ​លោក​ភ្លាម ហើយ​ជា​ការ​ល្អ​ណាស់​ដែល​លោក​បាន​អញ្ជើញ​មក។ ឥឡូវនេះ យើងខ្ញុំ​ទាំងអស់គ្នា​បាន​មកដល់ទីនេះ​នៅចំពោះ​ព្រះ ដើម្បី​ស្ដាប់​គ្រប់ទាំង​សេចក្ដី​ដែល​ព្រះអម្ចាស់#10:33 ព្រះអម្ចាស់―ឯកសារបុរាណខ្លះថា “ព្រះ”។​បាន​បង្គាប់​មក​លោក”។
ប្រកាសដំណឹងល្អដល់សាសន៍ដទៃ
34ពេត្រុស​ក៏​បើក​មាត់​និយាយថា​៖ “ខ្ញុំ​យល់​ជាក់​ថា ព្រះ​មិនមែន​ជា​អ្នកលំអៀង​ឡើយ 35គឺ​ក្នុងចំណោម​ប្រជាជាតិ​នីមួយៗ អ្នកណា​ដែល​កោតខ្លាច​ព្រះ និង​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ព្រះអង្គ​ទទួល​អ្នកនោះ​។ 36អ្នករាល់គ្នា​ដឹង​ហើយ​នូវ​ព្រះបន្ទូល​ដែល​ព្រះ​បាន​បញ្ជូនទៅ​កូនចៅ​អ៊ីស្រាអែល ដោយ​ប្រកាសដំណឹងល្អ​នៃ​សេចក្ដីសុខសាន្ត​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ (​ព្រះអង្គនេះ​ជា​ព្រះអម្ចាស់​លើ​ទាំងអស់​) 37និង​ការ​ដែល​បាន​កើតឡើង​ក្នុង​យូឌា​ទាំងមូល ដោយ​ចាប់ផ្ដើម​ពី​កាលីឡេ ក្រោយពី​ពិធីជ្រមុជទឹក​ដែល​យ៉ូហាន​បាន​ប្រកាស 38គឺ​របៀបដែល​ព្រះ​បាន​ចាក់ប្រេងអភិសេក​លើ​ព្រះយេស៊ូវ​អ្នកណាសារ៉ែត ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ដោយ​ព្រះចេស្ដា ព្រមទាំង​របៀបដែល​ព្រះអង្គ​បាន​យាងចុះឡើង​ប្រព្រឹត្តការល្អ និង​ប្រោស​អស់អ្នក​ដែល​ត្រូវ​មារ​សង្កត់សង្កិន​ឲ្យជា ដោយសារ​ព្រះ​គង់នៅ​ជាមួយ​ព្រះអង្គ​។ 39យើង​ជា​សាក្សី​អំពី​ការ​ទាំងអស់​ដែល​ព្រះអង្គ​បាន​ធ្វើ​ទាំង​នៅ​តំបន់​របស់​ជនជាតិយូដា និង​នៅ​យេរូសាឡិម​ផង​។ គេ​បាន​ធ្វើគុត​ព្រះអង្គ​ដោយ​ព្យួរ​នៅលើ​ឈើ​។ 40ព្រះ​បាន​លើក​ព្រះអង្គនេះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃ​ទីបី ព្រមទាំង​ប្រទានឲ្យ​ព្រះអង្គ​លេចមក 41មិនមែន​ដល់​មនុស្ស​ទាំងអស់​ទេ តែ​ដល់​ពួក​សាក្សី​ដែល​ជ្រើសរើសទុកមុន​ដោយ​ព្រះ​វិញ គឺ​យើង​ដែល​ហូបជាមួយ​ព្រះអង្គ និង​ផឹកជាមួយ​ព្រះអង្គ ក្រោយពី​ព្រះអង្គ​មានព្រះជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ 42ព្រះយេស៊ូវ​ទ្រង់​បង្គាប់​យើង​ឲ្យ​ប្រកាស​ដល់​មនុស្ស ហើយ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​ថា​ព្រះអង្គនេះ​ជា​អ្នក​ដែល​ព្រះ​បាន​តែងតាំង​ជា​ចៅក្រម​របស់​មនុស្ស​រស់ និង​មនុស្សស្លាប់​។ 43ព្យាការី​ទាំងអស់​បាន​ធ្វើបន្ទាល់​អំពី​ព្រះអង្គនេះ​ថា​: ‘អស់អ្នក​ដែល​ជឿលើ​ព្រះអង្គ ទទួលបាន​ការលើកលែងទោស​បាប​តាមរយៈ​ព្រះនាម​របស់​ព្រះអង្គ’”។
សាសន៍ដទៃបានជឿ និងទទួលពិធីជ្រមុជទឹក
44ខណៈដែល​ពេត្រុស​កំពុង​និយាយ​ព្រះបន្ទូល​ទាំងនេះ​នៅឡើយ ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​យាងចុះមក​លើ​អស់អ្នក​ដែល​កំពុង​ស្ដាប់​ព្រះបន្ទូល​។ 45ពួក​អ្នកជឿ​ពី​ពួកកាត់ស្បែក​ដែល​មកជាមួយ​ពេត្រុស​ក៏​ភ្ញាក់ផ្អើល ដោយ​ឃើញ​អំណោយទាន​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ត្រូវបាន​ចាក់បង្ហូរ​លើ​សាសន៍ដទៃ​ដែរ 46ដ្បិត​ពួកគេ​បាន​ឮ​សាសន៍ដទៃទាំងនោះ​និយាយ​ភាសាដទៃ#10:46 ភាសាដទៃ―ន័យត្រង់គឺ “អណ្ដាត”។ និង​លើកតម្កើង​ព្រះ។
ពេលនោះ ពេត្រុស​និយាយថា​៖ 47“អ្នកទាំងនេះ​បាន​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដូច​យើង​ដែរ​ហើយ តើ​នរណា​អាច​ឃាត់​ពួកគេ​មិន​ឲ្យ​ទទួលពិធីជ្រមុជ​ដោយ​ទឹក​បាន​?”។ 48ដូច្នេះ គាត់​ក៏​បង្គាប់​ឲ្យ​ពួកគេ​ទទួលពិធីជ្រមុជទឹក​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ#10:48 ព្រះ​យេស៊ូវ​គ្រីស្ទ​―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់”។​។ បន្ទាប់មក ពួកគេ​សុំ​ពេត្រុស​ឲ្យ​ស្នាក់នៅ​ប៉ុន្មានថ្ងៃ​ទៀត៕

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 10: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល