កិច្ចការ 7
7
សេចក្ដីអធិប្បាយរបស់ស្ទេផាន
1ពេលនោះ មហាបូជាចារ្យក៏សួរស្ទេផានថា៖ “តើដូច្នេះមែនឬ?”។
2ស្ទេផាននិយាយថា៖ “អស់លោកជាបងប្អូន និងជាឪពុកអើយ សូមស្ដាប់ខ្ញុំ! ព្រះនៃសិរីរុងរឿងបានលេចមកដល់អ័ប្រាហាំដូនតារបស់យើង កាលលោកនៅមេសូប៉ូតាមា គឺមុនលោករស់នៅខារ៉ាន 3ហើយមានបន្ទូលនឹងលោកថា:
‘ចូរចាកចេញពីស្រុក និងសាច់ញាតិរបស់អ្នក
ហើយទៅស្រុកដែលយើងនឹងបង្ហាញដល់អ្នក’។ # 7:3 《លោកុប្បត្តិ》 12:1។
4“ដូច្នេះ អ័ប្រាហាំបានចាកចេញពីស្រុករបស់ជនជាតិខាល់ដេ ទៅរស់នៅខារ៉ាន។ ក្រោយពីឪពុករបស់លោកបានស្លាប់ទៅ ព្រះបានឲ្យលោកដូរលំនៅ ពីទីនោះមកស្រុកនេះដែលអ្នករាល់គ្នាកំពុងរស់នៅសព្វថ្ងៃ។ 5ព្រះមិនបានប្រទានមរតកដល់លោកនៅទីនេះទេ សូម្បីតែដីប៉ុនបាតជើង ប៉ុន្តែព្រះអង្គទ្រង់សន្យាថា នឹងប្រទានស្រុកនេះទុកជាកម្មសិទ្ធិដល់លោក និងពូជពង្សជំនាន់ក្រោយរបស់លោក ទោះបីជាលោកគ្មានកូនក៏ដោយ។ 6ព្រះបានមានបន្ទូលដូច្នេះថា:
‘ពូជពង្សរបស់គាត់នឹងជាជនរស់នៅបណ្ដោះអាសន្នក្នុងស្រុកបរទេស
ហើយអ្នកស្រុកនោះនឹងយកពួកគេធ្វើជាទាសករ ព្រមទាំងធ្វើបាបពួកគេបួនរយឆ្នាំ។
7 ប៉ុន្តែយើងនឹងដាក់ទោសប្រជាជាតិណាដែលពួកគេបម្រើជាទាសករ’។
ព្រះបានមានបន្ទូលទៀតថា:
‘បន្ទាប់ពីការទាំងនេះ ពួកគេនឹងចេញមក ហើយបម្រើយើងនៅកន្លែងនេះ’។#7:6-7 《លោកុប្បត្តិ》 15:13-14។
8ព្រះបានប្រទានសម្ពន្ធមេត្រីនៃពិធីកាត់ស្បែកដល់អ័ប្រាហាំ។ ដូច្នេះ អ័ប្រាហាំបានបង្កើតអ៊ីសាក ហើយធ្វើពិធីកាត់ស្បែកឲ្យគាត់នៅថ្ងៃទីប្រាំបី។ ក្រោយមក អ៊ីសាកបានបង្កើតយ៉ាកុប ហើយយ៉ាកុបបានបង្កើតបុព្វបុរសទាំងដប់ពីរនាក់។
បុព្វបុរសនៅអេហ្ស៊ីប
9“ពួកបុព្វបុរសបានច្រណែនយ៉ូសែប ហើយលក់លោកទៅអេហ្ស៊ីប ប៉ុន្តែព្រះគង់នៅជាមួយលោក 10ហើយបានសង្គ្រោះលោកពីអស់ទាំងទុក្ខវេទនារបស់លោក ព្រមទាំងប្រទានឲ្យលោកមានការរាប់អាន និងប្រាជ្ញានៅចំពោះផារ៉ោនស្ដេចអេហ្ស៊ីប។ ផារ៉ោនក៏តែងតាំងយ៉ូសែបឲ្យធ្វើជាអ្នកដឹកនាំលើអេហ្ស៊ីប និងលើព្រះរាជវាំងទាំងមូល។ 11ក្រោយមក មានទុរ្ភិក្ស និងទុក្ខវេទនាយ៉ាងខ្លាំងកើតមាននៅអេហ្ស៊ីប#7:11 អេហ្ស៊ីប―ឯកសារបុរាណខ្លះថា “ដែនដីអេហ្ស៊ីប”។ និងកាណានទាំងមូល ហើយដូនតារបស់យើងរកស្បៀងអាហារមិនបានឡើយ។ 12នៅពេលយ៉ាកុបឮថា មានស្រូវនៅអេហ្ស៊ីប លោកបានចាត់ដូនតារបស់យើងឲ្យទៅ ជាលើកទីមួយ។ 13នៅលើកទីពីរ យ៉ូសែបបានប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់លោក ដូច្នេះក្រុមគ្រួសាររបស់យ៉ូសែបក៏ត្រូវផារ៉ោនស្គាល់ច្បាស់។ 14បន្ទាប់មក យ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញយ៉ាកុបឪពុករបស់លោក និងសាច់ញាតិទាំងអស់របស់លោកទាំងចិតសិបប្រាំនាក់#7:14 ចិតសិបប្រាំនាក់―សូមមើល 《លោកុប្បត្តិ》 46:27; 《និក្ខមនំ》 1:5។ ឯកសារដើមភាសាហេព្រើរថា “ចិតសិបនាក់”។#7:14 នាក់―ន័យត្រង់គឺ “ព្រលឹង”។ឲ្យមក 15យ៉ាកុបក៏ចុះទៅអេហ្ស៊ីប។ បន្ទាប់មក លោកបានស្លាប់ ហើយដូនតារបស់យើងក៏ស្លាប់ដែរ។ 16ពួកគេបានយកសពអ្នកទាំងនោះមកស៊ីគែមវិញ ហើយបញ្ចុះក្នុងរូងផ្នូរដែលអ័ប្រាហាំបានទិញពីកូនចៅរបស់ហេម័រ នៅស៊ីគែម ដោយប្រាក់មួយចំនួន។
ម៉ូសេអ្នករំដោះត្រូវបានបដិសេធ
17“លុះជិតដល់ពេលកំណត់នៃសេចក្ដីសន្យាដែលព្រះបានសន្យាដល់អ័ប្រាហាំ ប្រជាជនអ៊ីស្រាអែលកើនចំនួនកាន់តែច្រើនឡើងនៅអេហ្ស៊ីប 18រហូតដល់មានស្ដេចមួយទៀតដែលមិនស្គាល់យ៉ូសែប បានសោយរាជ្យលើអេហ្ស៊ីប។ 19ស្ដេចនេះបានប្រព្រឹត្តនឹងជនជាតិរបស់យើងដោយឧបាយកល ហើយធ្វើបាបដូនតារបស់យើងដោយបង្ខំពួកគាត់ឲ្យបំបរបង់ចោលទារករបស់ខ្លួន ដើម្បីកុំឲ្យទារកទាំងនោះមានជីវិតរស់។ 20ម៉ូសេបានកើតមកក្នុងគ្រានោះឯង។ លោកជាកូនដ៏ស្អាតនៅចំពោះព្រះ#7:20 ឯកសារបុរាណខ្លះគ្មាន “នៅចំពោះព្រះ”។ ហើយត្រូវបានចិញ្ចឹមបីខែនៅក្នុងផ្ទះរបស់ឪពុកលោក។ 21ក្រោយមក លោកត្រូវបានបំបរបង់ចោល បុត្រីរបស់ផារ៉ោនបានរើសលោកមកចិញ្ចឹម ទុកជាបុត្ររបស់ខ្លួន។ 22ម៉ូសេបានទទួលការអប់រំក្នុងអស់ទាំងប្រាជ្ញារបស់ជនជាតិអេហ្ស៊ីប ហើយមានអំណាចក្នុងពាក្យសម្ដី និងការប្រព្រឹត្ត។
23“កាលលោកមានអាយុគ្រប់សែសិបឆ្នាំ លោកសម្រេចចិត្តទៅសួរសុខទុក្ខបងប្អូនរបស់លោក គឺកូនចៅអ៊ីស្រាអែល។ 24នៅពេលឃើញម្នាក់ត្រូវគេធ្វើបាប លោកបានការពារ ហើយសងសឹកឲ្យអ្នកដែលត្រូវគេជិះជាន់ ដោយប្រហារជនជាតិអេហ្ស៊ីបនោះ។ 25លោកនឹកស្មានថា បងប្អូនរួមជាតិរបស់លោកនឹងយល់ថា ព្រះកំពុងប្រទានការសង្គ្រោះដល់ពួកគេដោយដៃរបស់លោក ប៉ុន្តែពួកគេមិនយល់ឡើយ។ 26នៅថ្ងៃបន្ទាប់ លោកប្រទះឃើញពួកគេកំពុងឈ្លោះគ្នា ក៏សម្រុះសម្រួលពួកគេដោយនិយាយថា: ‘អ្នកអើយ! ពួកអ្នកជាបងប្អូនរួមជាតិ ហេតុអ្វីបានជាធ្វើបាបគ្នា?’។
27“ប៉ុន្តែម្នាក់ដែលកំពុងធ្វើបាបអ្នកជិតខាងរបស់ខ្លួន បានច្រានម៉ូសេចេញ ទាំងនិយាយថា:
‘តើនរណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រមលើពួកយើង? 28តើអ្នកចង់សម្លាប់ខ្ញុំ ដូចដែលអ្នកបានសម្លាប់ជនជាតិអេហ្ស៊ីបពីម្សិលមិញឬ?’។#7:27-28 《និក្ខមនំ》 2:14។
29“ម៉ូសេក៏រត់គេចដោយសារតែពាក្យនេះ ហើយបានជាជនរស់នៅបណ្ដោះអាសន្ននៅដែនដីម៉ាឌាន ជាកន្លែងដែលលោកបង្កើតបានកូនប្រុសពីរនាក់។ 30លុះសែសិបឆ្នាំក្រោយមក មានទូតសួគ៌មួយរូបលេចមកដល់លោកក្នុងអណ្ដាតភ្លើងនៃគុម្ពបន្លា នៅទីរហោស្ថាននៃភ្នំស៊ីណាយ។ 31ម៉ូសេបានឃើញទិដ្ឋភាពនេះ ក៏ភ្ញាក់ផ្អើល។ នៅពេលលោកកំពុងចូលទៅជិតដើម្បីពិនិត្យមើល ស្រាប់តែមានសំឡេងរបស់ព្រះអម្ចាស់ថា: 32‘យើងជាព្រះនៃដូនតារបស់អ្នក ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប#7:32 ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប―ឯកសារបុរាណខ្លះថា “ជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប”។’។#7:32 《និក្ខមនំ》 3:6, 15។ ម៉ូសេក៏ញ័ររន្ធត់ មិនហ៊ានពិនិត្យមើលទេ។
33“ព្រះអម្ចាស់មានបន្ទូលនឹងលោកថា:
‘ចូរដោះស្បែកជើងចេញពីជើងរបស់អ្នក ដ្បិតកន្លែងដែលអ្នកឈរនេះ ជាដីដ៏វិសុទ្ធ។ 34យើងបានឃើញជាប្រាកដនូវទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅអេហ្ស៊ីប និងបានឮសំឡេងថ្ងូររបស់ពួកគេហើយ ដូច្នេះយើងបានចុះមករំដោះពួកគេ។ ឥឡូវនេះ មក៍! យើងនឹងចាត់អ្នកឲ្យទៅអេហ្ស៊ីប’។#7:33-34 《និក្ខមនំ》 3:5, 7-8, 10។
35“ម៉ូសេនេះឯង ដែលគេបានបដិសេធថា:‘តើនរណាបានតែងតាំងអ្នកឲ្យធ្វើជាមេ និងជាចៅក្រម?’#7:35 《និក្ខមនំ》 2:14។ គឺម្នាក់នេះ ដែលព្រះបានចាត់ឲ្យមកធ្វើជាមេ និងជាអ្នករំដោះ តាមរយៈដៃរបស់ទូតសួគ៌ដែលបានលេចមកដល់លោកក្នុងគុម្ពបន្លា។ 36គឺម្នាក់នេះ ដែលនាំពួកគេចេញ ដោយបានធ្វើការអស្ចារ្យ និងទីសម្គាល់នានានៅដែនដីអេហ្ស៊ីប នៅសមុទ្រក្រហម និងនៅទីរហោស្ថានក្នុងរយៈពេលសែសិបឆ្នាំ។
អ៊ីស្រាអែលបះបោរនឹងព្រះ
37“ម៉ូសេនេះឯង ដែលប្រាប់កូនចៅអ៊ីស្រាអែលថា:‘ព្រះ#7:37 ព្រះ―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់ព្រះរបស់អ្នករាល់គ្នា”។នឹងតាំងព្យាការីម្នាក់ដូចខ្ញុំឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា#7:37 ឯកសារបុរាណខ្លះបន្ថែម “អ្នករាល់គ្នាត្រូវស្ដាប់តាមលោក”។’។#7:37 《ទុតិយកថា》 18:15។ 38គឺម្នាក់នេះ ដែលនៅជាមួយទូតសួគ៌ដែលនិយាយនឹងលោកនៅភ្នំស៊ីណាយ និងនៅជាមួយដូនតារបស់យើង ក្នុងសហគមន៍នៅទីរហោស្ថាន។ លោកបានទទួលព្រះបន្ទូលដ៏រស់ ដើម្បីប្រគល់មកយើង។ 39ដូនតារបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ ផ្ទុយទៅវិញ ពួកគេបានច្រានលោកចេញ ហើយនៅក្នុងចិត្ត ពួកគេបានបែរទៅរកអេហ្ស៊ីបវិញ 40ដោយនិយាយនឹងអើរ៉ុនថា:
‘ចូរធ្វើព្រះឲ្យយើង ដែលនឹងនាំមុខយើង ដ្បិតម៉ូសេម្នាក់នេះដែលនាំយើងចេញពីដែនដីអេហ្ស៊ីប យើងមិនដឹងថាមានអ្វីកើតឡើងដល់គាត់ទេ!’។ # 7:40 《និក្ខមនំ》 32:1, 23។
41នៅគ្រានោះ ពួកគេបានធ្វើរូបកូនគោមួយ ហើយថ្វាយយញ្ញបូជាដល់រូបបដិមាករនោះ ព្រមទាំងអបអរនឹងស្នាដៃរបស់ខ្លួនផង។ 42ដូច្នេះ ព្រះបានបែរចេញ ហើយប្រគល់ពួកគេឲ្យបម្រើពលបរិវារនៃមេឃ ដូចដែលមានសរសេរទុកមកក្នុងគម្ពីររបស់ព្យាការីថា:
‘ពូជពង្សអ៊ីស្រាអែលអើយ!
ក្នុងអំឡុងសែសិបឆ្នាំនៅទីរហោស្ថាន
អ្នករាល់គ្នាបានថ្វាយសត្វពិឃាត និងយញ្ញបូជា
មិនមែនដល់យើងទេ មែនទេ?
43 អ្នករាល់គ្នាបានសែងរោងរបស់ព្រះម៉ូឡុក និងផ្កាយនៃព្រះរេមផាន់របស់អ្នករាល់គ្នា
ជារូបសំណាកដែលអ្នករាល់គ្នាធ្វើឡើងដើម្បីថ្វាយបង្គំ។
ដូច្នេះ យើងនឹងជម្លៀសអ្នករាល់គ្នាទៅឯនាយបាប៊ីឡូន’។ # 7:42-43 《អេម៉ុស》 5:25-27។
ព្រះពន្លាពិតប្រាកដរបស់ព្រះ
44“ដូនតារបស់យើងមានព្រះពន្លានៃសេចក្ដីបន្ទាល់នៅទីរហោស្ថាន ស្របតាមព្រះអង្គដែលមានបន្ទូលនឹងម៉ូសេ បានបង្គាប់លោកឲ្យសង់ឡើងតាមគំរូដែលលោកបានឃើញ 45គឺព្រះពន្លាដែលដូនតារបស់យើងបានទទួលតៗមក ហើយនាំយកមកជាមួយយ៉ូស្វេ ចូលក្នុងទឹកដីកម្មសិទ្ធិរបស់សាសន៍ដទៃដែលព្រះបានបណ្ដេញចេញពីមុខដូនតារបស់យើង រហូតដល់សម័យដាវីឌ។ 46ដាវីឌបានទទួលព្រះគុណនៅចំពោះព្រះ ហើយលោកបានសុំរៀបចំ#7:46 រៀបចំ―ន័យត្រង់គឺ “រក”។ដំណាក់#7:46 ដំណាក់―ន័យត្រង់គឺ “រោង”។មួយសម្រាប់ព្រះរបស់យ៉ាកុប#7:46 ព្រះរបស់យ៉ាកុប―ឯកសារបុរាណខ្លះថា “ពូជពង្សរបស់យ៉ាកុប”។ 47ប៉ុន្តែគឺសាឡូម៉ូនវិញទេ ដែលបានសាងសង់ដំណាក់សម្រាប់ព្រះអង្គ។ 48យ៉ាងណាមិញ ព្រះដ៏ខ្ពស់បំផុតមិនគង់នៅក្នុងវិហារ#7:48 ឯកសារបុរាណខ្លះគ្មាន “វិហារ”។ដែលធ្វើដោយដៃមនុស្សទេ ដូចដែលព្យាការីបានថ្លែងថា:
49 ‘ព្រះអម្ចាស់ទ្រង់មានបន្ទូលថា: “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង
ផែនដីជាកំណល់ជើងរបស់យើង។
តើអ្នកនឹងសាងសង់ដំណាក់បែបណាសម្រាប់យើង?
តើកន្លែងនៃការសម្រាករបស់យើងនៅឯណា?
50 តើដៃរបស់យើងមិនបានបង្កើតរបស់សព្វសារពើទាំងនេះទេឬ?”’។ # 7:49-50 《អេសាយ》 66:1-2។
ប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធ
51“មនុស្សចចេសរឹងរូស ហើយគ្មានការកាត់ស្បែកនៃចិត្ត និងត្រចៀកអើយ! អ្នករាល់គ្នាតែងតែប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច! ដូចដែលដូនតារបស់អ្នករាល់គ្នាជាយ៉ាងណា អ្នករាល់គ្នាក៏ជាយ៉ាងនោះដែរ។ 52តើមានព្យាការីមួយណាដែលដូនតារបស់អ្នករាល់គ្នាមិនបានបៀតបៀន? ពួកគេបានសម្លាប់អ្នកដែលប្រកាសទុកមុនអំពីការយាងមករបស់ព្រះអង្គដ៏សុចរិតយុត្តិធម៌ ហើយឥឡូវនេះ អ្នករាល់គ្នាបានក្លាយជាអ្នកក្បត់ និងជាអ្នកសម្លាប់ព្រះអង្គនោះ។ 53អ្នករាល់គ្នាបានទទួលក្រឹត្យវិន័យតាមរយៈការចាត់ចែងរបស់បណ្ដាទូតសួគ៌ ប៉ុន្តែអ្នករាល់គ្នាមិនបានប្រតិបត្តិតាមសោះ”។
ទុក្ករបុគ្គលគ្រីស្ទានដំបូង
54នៅពេលឮសេចក្ដីទាំងនេះ ពួកគេក៏ក្រេវក្រោធយ៉ាងខ្លាំង#7:54 ក្រេវក្រោធយ៉ាងខ្លាំង―ន័យត្រង់គឺ “បានដូចជាត្រូវកាប់ក្នុងចិត្ត”។ ហើយសង្កៀតធ្មេញដាក់ស្ទេផាន។ 55រីឯស្ទេផានបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយសម្លឹងមើលទៅមេឃ ឃើញសិរីរុងរឿងរបស់ព្រះ និងឃើញព្រះយេស៊ូវទ្រង់ឈរនៅខាងស្ដាំព្រះ 56ក៏ពោលថា៖ “មើល៍! ខ្ញុំឃើញផ្ទៃមេឃត្រូវបានបើកចំហ ហើយកូនមនុស្សឈរនៅខាងស្ដាំព្រះ”។
57ប៉ុន្តែពួកគេក៏ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំង ទាំងចុកត្រចៀក ហើយសម្រុកមកឯគាត់ព្រមៗគ្នា 58រួចអូសគាត់ចេញទៅខាងក្រៅទីក្រុង គប់ដុំថ្មសម្លាប់គាត់។ ពួកសាក្សីទាំងនោះដាក់អាវវែងរបស់ខ្លួននៅទៀបជើងរបស់យុវជនម្នាក់ឈ្មោះសូល។ 59ខណៈដែលពួកគេកំពុងគប់ដុំថ្មសម្លាប់ស្ទេផាន គាត់ហៅរកព្រះអម្ចាស់#7:59 ព្រះអម្ចាស់―ជាពាក្យជំនួយ។ថា៖ “ព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណរបស់ទូលបង្គំផង!”។ 60បន្ទាប់មក គាត់លុតជង្គង់ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់អើយ! សូមកុំប្រកាន់បាបនេះនឹងពួកគេឡើយ!”។ កាលទូលដូច្នេះហើយ គាត់ក៏ដេកលក់ទៅ៕
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 7: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative