លោកុប្បត្តិ 40

40
យ៉ូសែបកាត់ស្រាយយល់សប្តិឲ្យអ្នកទោសពីរនាក់
1ក្រោយពី​ការ​ទាំងនេះ មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង​របស់​ស្ដេច​អេហ្ស៊ីប បាន​ប្រព្រឹត្តខុស​ទាស់នឹង​ចៅហ្វាយ​របស់ខ្លួន​ជា​ស្ដេច​អេហ្ស៊ីប​។ 2ផារ៉ោន​ទ្រង់​ខ្ញាល់​នឹង​មន្ត្រី​ទាំង​ពីរ​របស់ទ្រង់ គឺ​មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង 3ក៏​ដាក់​ពួកគេ​ក្នុង​ទីឃុំឃាំង នៅក្នុង​ផ្ទះ​របស់​មេបញ្ជាការ​កងរក្សាអង្គ ជា​គុក​ដែល​យ៉ូសែប​ជាប់ឃុំឃាំង​នៅ​ទីនោះ​។ 4មេបញ្ជាការ​កងរក្សាអង្គ​បង្គាប់​យ៉ូសែប​ឲ្យ​នៅជាមួយ​ពួកគេ ដូច្នេះ​គាត់​ក៏​បម្រើ​ពួកគេ ហើយ​ពួកគេ​នៅជាប់​ក្នុង​ទីឃុំឃាំង​ជាច្រើន​ថ្ងៃ​។
5បន្ទាប់មក មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង​របស់​ស្ដេច​អេហ្ស៊ីប​ដែល​ជាប់ឃុំឃាំង​នៅក្នុង​គុក ពួកគេ​ទាំង​ពីរ​បាន​យល់សប្តិឃើញ​យល់សប្តិ គឺ​ម្នាក់ៗ​បាន​យល់សប្តិ​នៅក្នុង​យប់​តែមួយ ដែល​យល់សប្តិ​របស់ពួកគេ​មាន​អត្ថន័យ​រៀងៗខ្លួន​។ 6លុះ​ព្រឹកឡើង យ៉ូសែប​មករក​ពួកគេ ហើយ​ឃើញ​ពួកគេ នោះ​មើល៍! ពួកគេ​មានទឹកមុខព្រួយ​។ 7គាត់​ក៏​សួរ​ពួក​មន្ត្រី​របស់​ផារ៉ោន​ដែល​នៅជាមួយ​គាត់​ក្នុង​ទីឃុំឃាំង គឺនៅក្នុង​ផ្ទះ​របស់​ម្ចាស់​គាត់​ថា​៖ “ថ្ងៃនេះ ហេតុអ្វីបានជា​ទឹកមុខ​ពួកលោក​ស្រងូតស្រងាត់​ដូច្នេះ​?”។
8ពួកគេ​ឆ្លើយថា​៖ “យើង​បាន​យល់សប្តិឃើញ​យល់សប្តិ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​វា​បាន​ឡើយ”។
យ៉ូសែប​និយាយ​នឹង​ពួកគេ​ថា​៖ “តើ​ការកាត់ស្រាយ​មិនមែន​មកពី​ព្រះ​ទេ​ឬ​? សូម​ប្រាប់​ខ្ញុំ​មក”។
9ដូច្នេះ មេអ្នកថ្វាយពែង​ក៏​រៀបរាប់​អំពី​យល់សប្តិ​របស់ខ្លួន​ដល់​យ៉ូសែប​ថា​៖ “នៅក្នុង​យល់សប្តិ​របស់ខ្ញុំ មើល៍! មាន​ដើមទំពាំងបាយជូរ​មួយ​ដើម​នៅមុខ​ខ្ញុំ​។ 10នៅលើ​ដើមទំពាំងបាយជូរ​នោះ​មាន​មែក​បី​; ពេល​វា​ចេញពន្លក ផ្កា​វា​ក៏​ចេញមក ហើយ​ចង្កោម​វា​បាន​ទុំ​ជា​ផ្លែទំពាំងបាយជូរ​។ 11ពេលនោះ ពែង​របស់​ផារ៉ោន​នៅក្នុង​ដៃ​ខ្ញុំ ដូច្នេះ​ខ្ញុំ​ក៏​បេះ​ផ្លែទំពាំងបាយជូរ​ទាំងនោះ ហើយ​ច្របាច់​វា​ទៅក្នុង​ពែង​របស់​ផារ៉ោន រួច​ថ្វាយ​ពែង​នោះ​ទៅ​ព្រះហស្ត​របស់​ផារ៉ោន”។
12យ៉ូសែប​និយាយ​នឹង​គាត់​ថា​៖ “នេះ​ជា​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ​: មែក​បី គឺ​បី​ថ្ងៃ​។ 13នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​ក្បាល​របស់លោក​ឡើង ហើយ​ស្ដារ​តំណែង​របស់លោក​ឡើងវិញ រួច​លោក​នឹង​ថ្វាយ​ពែង​របស់​ផារ៉ោន​ទៅ​ព្រះហស្ត​ទ្រង់ ដូច​ទម្លាប់​ពីមុន កាល​លោក​ជា​មេអ្នកថ្វាយពែង​របស់ទ្រង់​។ 14គ្រាន់តែថា កាលណា​លោក​បាន​សុខស្រួល សូម​នឹកចាំ​ថា​ខ្ញុំ​បាន​នៅជាមួយ​លោក ហើយ​សូម​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​ខ្ញុំ ដោយ​លើកឡើង​អំពី​ខ្ញុំ​នៅចំពោះ​ផារ៉ោន​ផង ដើម្បីឲ្យ​ខ្ញុំ​បាន​ចេញ​ពី​គុក​នេះ​។ 15ដ្បិត​ខ្ញុំ​ពិតជា​ត្រូវគេ​ចាប់​ពី​ដែនដី​របស់​ជនជាតិហេព្រើរ​មកមែន ហើយ​នៅ​ទីនេះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី​ដែល​សមតែ​ត្រូវគេ​ដាក់​ក្នុង​គុកងងឹត​នេះ​ដែរ”។
16នៅពេល​មេអ្នកដុតនំប៉័ង​ឃើញ​ថា​យ៉ូសែប​កាត់ស្រាយ​ល្អ គាត់​ក៏​និយាយថា​៖ “ខ្ញុំ​ក៏​បាន​យល់សប្តិ​ដែរ មើល៍! មាន​នំប៉័ង​បី​កន្ត្រក​នៅលើ​ក្បាល​របស់ខ្ញុំ​។ 17នៅក្នុង​កន្ត្រក​ខាងលើ​មាន​នំ​ដុត​គ្រប់មុខ​ដែល​ធ្វើ​សម្រាប់​ផារ៉ោន ប៉ុន្តែ​បក្សាបក្សី​មក​ស៊ី​នំ​ក្នុង​កន្ត្រក​នៅលើ​ក្បាល​ខ្ញុំ​នោះ​អស់”។
18យ៉ូសែប​តប​ថា​៖ “នេះ​ជា​ការកាត់ស្រាយ​នៃ​យល់សប្តិនេះ​: កន្ត្រក​បី គឺ​បី​ថ្ងៃ​។ 19នៅ​បី​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​ក្បាល​របស់លោក​ចេញពី​លោក ហើយ​ព្យួរ​លោក​នៅលើ​ឈើ នោះ​បក្សាបក្សី​នឹង​ស៊ី​សាច់​របស់លោក”។
20បន្ទាប់មក​មានកើតឡើងដូច្នេះ​: នៅ​ថ្ងៃ​ទីបី ជា​ថ្ងៃចម្រើនព្រះជន្ម​របស់​ផារ៉ោន ទ្រង់​ក៏​រៀបចំ​ពិធីជប់លៀង​សម្រាប់​រាជបម្រើ​ទាំងអស់​របស់ទ្រង់ ព្រមទាំង​លើក​ក្បាល​របស់​មេអ្នកថ្វាយពែង និង​ក្បាល​របស់​មេអ្នកដុតនំប៉័ង​ឡើង នៅកណ្ដាលចំណោម​រាជបម្រើ​របស់ទ្រង់​។ 21ទ្រង់​ស្ដារ​ឲ្យ​មេអ្នកថ្វាយពែង​នូវ​តំណែង​របស់គាត់​ឡើងវិញ នោះ​គាត់​ក៏​ថ្វាយ​ពែង​ទៅ​ព្រះហស្ត​របស់​ផារ៉ោន 22ប៉ុន្តែ​ទ្រង់​ព្យួរ​មេអ្នកដុតនំប៉័ង ដូចដែល​យ៉ូសែប​បាន​កាត់ស្រាយ​ឲ្យ​ពួកគេ​។ 23យ៉ាងណាមិញ មេអ្នកថ្វាយពែង​មិន​បាន​នឹកចាំ​អំពី​យ៉ូសែប​ទេ គឺ​ភ្លេច​គាត់​ឈឹង​៕

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk