លោកុប្បត្តិ 40
40
យ៉ូសែបកាត់ស្រាយយល់សប្តិឲ្យអ្នកទោសពីរនាក់
1ក្រោយពីការទាំងនេះ មេអ្នកថ្វាយពែង និងមេអ្នកដុតនំប៉័ងរបស់ស្ដេចអេហ្ស៊ីប បានប្រព្រឹត្តខុសទាស់នឹងចៅហ្វាយរបស់ខ្លួនជាស្ដេចអេហ្ស៊ីប។ 2ផារ៉ោនទ្រង់ខ្ញាល់នឹងមន្ត្រីទាំងពីររបស់ទ្រង់ គឺមេអ្នកថ្វាយពែង និងមេអ្នកដុតនំប៉័ង 3ក៏ដាក់ពួកគេក្នុងទីឃុំឃាំង នៅក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាអង្គ ជាគុកដែលយ៉ូសែបជាប់ឃុំឃាំងនៅទីនោះ។ 4មេបញ្ជាការកងរក្សាអង្គបង្គាប់យ៉ូសែបឲ្យនៅជាមួយពួកគេ ដូច្នេះគាត់ក៏បម្រើពួកគេ ហើយពួកគេនៅជាប់ក្នុងទីឃុំឃាំងជាច្រើនថ្ងៃ។
5បន្ទាប់មក មេអ្នកថ្វាយពែង និងមេអ្នកដុតនំប៉័ងរបស់ស្ដេចអេហ្ស៊ីបដែលជាប់ឃុំឃាំងនៅក្នុងគុក ពួកគេទាំងពីរបានយល់សប្តិឃើញយល់សប្តិ គឺម្នាក់ៗបានយល់សប្តិនៅក្នុងយប់តែមួយ ដែលយល់សប្តិរបស់ពួកគេមានអត្ថន័យរៀងៗខ្លួន។ 6លុះព្រឹកឡើង យ៉ូសែបមករកពួកគេ ហើយឃើញពួកគេ នោះមើល៍! ពួកគេមានទឹកមុខព្រួយ។ 7គាត់ក៏សួរពួកមន្ត្រីរបស់ផារ៉ោនដែលនៅជាមួយគាត់ក្នុងទីឃុំឃាំង គឺនៅក្នុងផ្ទះរបស់ម្ចាស់គាត់ថា៖ “ថ្ងៃនេះ ហេតុអ្វីបានជាទឹកមុខពួកលោកស្រងូតស្រងាត់ដូច្នេះ?”។
8ពួកគេឆ្លើយថា៖ “យើងបានយល់សប្តិឃើញយល់សប្តិ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយវាបានឡើយ”។
យ៉ូសែបនិយាយនឹងពួកគេថា៖ “តើការកាត់ស្រាយមិនមែនមកពីព្រះទេឬ? សូមប្រាប់ខ្ញុំមក”។
9ដូច្នេះ មេអ្នកថ្វាយពែងក៏រៀបរាប់អំពីយល់សប្តិរបស់ខ្លួនដល់យ៉ូសែបថា៖ “នៅក្នុងយល់សប្តិរបស់ខ្ញុំ មើល៍! មានដើមទំពាំងបាយជូរមួយដើមនៅមុខខ្ញុំ។ 10នៅលើដើមទំពាំងបាយជូរនោះមានមែកបី; ពេលវាចេញពន្លក ផ្កាវាក៏ចេញមក ហើយចង្កោមវាបានទុំជាផ្លែទំពាំងបាយជូរ។ 11ពេលនោះ ពែងរបស់ផារ៉ោននៅក្នុងដៃខ្ញុំ ដូច្នេះខ្ញុំក៏បេះផ្លែទំពាំងបាយជូរទាំងនោះ ហើយច្របាច់វាទៅក្នុងពែងរបស់ផារ៉ោន រួចថ្វាយពែងនោះទៅព្រះហស្តរបស់ផារ៉ោន”។
12យ៉ូសែបនិយាយនឹងគាត់ថា៖ “នេះជាការកាត់ស្រាយនៃយល់សប្តិនេះ: មែកបី គឺបីថ្ងៃ។ 13នៅបីថ្ងៃទៀត ផារ៉ោននឹងលើកក្បាលរបស់លោកឡើង ហើយស្ដារតំណែងរបស់លោកឡើងវិញ រួចលោកនឹងថ្វាយពែងរបស់ផារ៉ោនទៅព្រះហស្តទ្រង់ ដូចទម្លាប់ពីមុន កាលលោកជាមេអ្នកថ្វាយពែងរបស់ទ្រង់។ 14គ្រាន់តែថា កាលណាលោកបានសុខស្រួល សូមនឹកចាំថាខ្ញុំបាននៅជាមួយលោក ហើយសូមសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់ខ្ញុំ ដោយលើកឡើងអំពីខ្ញុំនៅចំពោះផារ៉ោនផង ដើម្បីឲ្យខ្ញុំបានចេញពីគុកនេះ។ 15ដ្បិតខ្ញុំពិតជាត្រូវគេចាប់ពីដែនដីរបស់ជនជាតិហេព្រើរមកមែន ហើយនៅទីនេះ ខ្ញុំក៏មិនបានធ្វើអ្វីដែលសមតែត្រូវគេដាក់ក្នុងគុកងងឹតនេះដែរ”។
16នៅពេលមេអ្នកដុតនំប៉័ងឃើញថាយ៉ូសែបកាត់ស្រាយល្អ គាត់ក៏និយាយថា៖ “ខ្ញុំក៏បានយល់សប្តិដែរ មើល៍! មាននំប៉័ងបីកន្ត្រកនៅលើក្បាលរបស់ខ្ញុំ។ 17នៅក្នុងកន្ត្រកខាងលើមាននំដុតគ្រប់មុខដែលធ្វើសម្រាប់ផារ៉ោន ប៉ុន្តែបក្សាបក្សីមកស៊ីនំក្នុងកន្ត្រកនៅលើក្បាលខ្ញុំនោះអស់”។
18យ៉ូសែបតបថា៖ “នេះជាការកាត់ស្រាយនៃយល់សប្តិនេះ: កន្ត្រកបី គឺបីថ្ងៃ។ 19នៅបីថ្ងៃទៀត ផារ៉ោននឹងលើកក្បាលរបស់លោកចេញពីលោក ហើយព្យួរលោកនៅលើឈើ នោះបក្សាបក្សីនឹងស៊ីសាច់របស់លោក”។
20បន្ទាប់មកមានកើតឡើងដូច្នេះ: នៅថ្ងៃទីបី ជាថ្ងៃចម្រើនព្រះជន្មរបស់ផារ៉ោន ទ្រង់ក៏រៀបចំពិធីជប់លៀងសម្រាប់រាជបម្រើទាំងអស់របស់ទ្រង់ ព្រមទាំងលើកក្បាលរបស់មេអ្នកថ្វាយពែង និងក្បាលរបស់មេអ្នកដុតនំប៉័ងឡើង នៅកណ្ដាលចំណោមរាជបម្រើរបស់ទ្រង់។ 21ទ្រង់ស្ដារឲ្យមេអ្នកថ្វាយពែងនូវតំណែងរបស់គាត់ឡើងវិញ នោះគាត់ក៏ថ្វាយពែងទៅព្រះហស្តរបស់ផារ៉ោន 22ប៉ុន្តែទ្រង់ព្យួរមេអ្នកដុតនំប៉័ង ដូចដែលយ៉ូសែបបានកាត់ស្រាយឲ្យពួកគេ។ 23យ៉ាងណាមិញ មេអ្នកថ្វាយពែងមិនបាននឹកចាំអំពីយ៉ូសែបទេ គឺភ្លេចគាត់ឈឹង៕
Pilihan Saat Ini:
លោកុប្បត្តិ 40: GKHB
Sorotan
Berbagi
Salin

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative