លោកុប្បត្តិ 39

39
យ៉ូសែបនៅផ្ទះប៉ូទីផារ
1យ៉ូសែប​ត្រូវគេ​នាំចុះ​ទៅ​អេហ្ស៊ីប ហើយ​ជនជាតិអេហ្ស៊ីប​ម្នាក់​ឈ្មោះ​ប៉ូទីផារ​ជា​មន្ត្រី​របស់​ផារ៉ោន និងជា​មេបញ្ជាការ​កងរក្សាអង្គ បាន​ទិញ​គាត់​ពី​ដៃ​របស់​ពួក​ជនជាតិអ៊ីសម៉ាអែល​ដែល​បាន​នាំ​គាត់​ចុះ​មក​ទីនោះ​។ 2ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​យ៉ូសែប ហើយ​គាត់​បានជា​មនុស្ស​ជោគជ័យ​។ គាត់​នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់​គាត់​ដែលជា​ជនជាតិអេហ្ស៊ីប​។ 3ម្ចាស់​របស់គាត់​ឃើញ​ថា​ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​គាត់ ហើយ​ឃើញថា​ព្រះយេហូវ៉ា​ប្រទានឲ្យ​អ្វីៗ​ទាំងអស់​ដែល​គាត់​ធ្វើ បាន​ជោគជ័យ​ក្នុង​ដៃ​របស់គាត់ 4ដូច្នេះ យ៉ូសែប​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក ហើយ​បាន​បម្រើ​លោក​។ លោក​ក៏​តែងតាំង​យ៉ូសែប​ឲ្យត្រួត​លើ​ផ្ទះ​របស់លោក ហើយ​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន ទៅក្នុង​ដៃ​របស់គាត់​។ 5តាំងពី​ពេល​លោក​តែងតាំង​យ៉ូសែប​ឲ្យត្រួត​លើ​ផ្ទះ​របស់លោក និង​លើ​អ្វីៗ​ទាំងអស់​ដែល​លោក​មាន ព្រះយេហូវ៉ា​ក៏​ប្រទានពរ​ផ្ទះ​របស់​ជនជាតិអេហ្ស៊ីប​នោះ​ដោយសារតែ​យ៉ូសែប ហើយ​ព្រះពរ​របស់​ព្រះយេហូវ៉ា​ក៏​ស្ថិត​នៅលើ​អ្វីៗ​ទាំងអស់​ដែល​លោក​មាន ទាំង​នៅ​ផ្ទះ និង​នៅ​ទីវាល​។ 6លោក​បាន​ទុក​អ្វីៗ​ទាំងអស់​ដែល​លោក​មាន​ក្នុង​ដៃ​របស់​យ៉ូសែប ហើយ​លោក​មិន​បាន​ខ្វល់ខ្វាយ​អំពី​អ្វីមួយ​ឡើយ លើកលែងតែ​អាហារ​ដែល​លោក​ហូប​ប៉ុណ្ណោះ​។
រីឯ​យ៉ូសែប​មាន​រូបរាង​សង្ហា និង​រូបឆោម​ស្រស់ស្អាត​។
យ៉ូសែប និងប្រពន្ធរបស់ប៉ូទីផារ
7ក្រោយពី​ការ​ទាំងនេះ​មានកើតឡើងដូច្នេះ​: ប្រពន្ធ​របស់​ម្ចាស់​យ៉ូសែប ចេះតែដៀងភ្នែកមើល​យ៉ូសែប ហើយ​និយាយថា​៖ “ចូរ​រួមដំណេក​ជាមួយ​ខ្ញុំ​!”។
8ប៉ុន្តែ​គាត់​បដិសេធ ហើយ​និយាយ​នឹង​ប្រពន្ធ​របស់​ម្ចាស់​គាត់​ថា​៖ “មើល៍! លោកម្ចាស់​របស់ខ្ញុំ​មិន​ខ្វល់ខ្វាយ​អំពី​អ្វីមួយ​ក្នុង​ផ្ទះ​ទេ ហើយ​លោក​បាន​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន មក​ក្នុង​ដៃ​របស់ខ្ញុំ​។ 9ក្នុង​ផ្ទះ​នេះ គ្មាន​អ្នកណា​ធំ​ជាង​ខ្ញុំ​ឡើយ​។ លោក​មិន​បាន​សំចៃទុក​អ្វីមួយ​ពី​ខ្ញុំ​ឡើយ លើកលែងតែ​លោកស្រី​ប៉ុណ្ណោះ ពីព្រោះ​លោកស្រី​ជា​ប្រពន្ធ​របស់លោក​។ ដូច្នេះ តើ​ខ្ញុំ​នឹង​ធ្វើ​អំពើអាក្រក់​ដ៏ធំ​នេះ ព្រមទាំង​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះ​ដូចម្ដេចកើត​?”។
10ទោះបីជា​នាង​និយាយ​នឹង​យ៉ូសែប​ជា​រៀងរាល់ថ្ងៃ​ក៏ដោយ ក៏​គាត់​មិន​ព្រម​ស្ដាប់តាម​នាង ដើម្បី​រួមដំណេក​ជាមួយ​នាង ឬ​នៅ​ជាមួយ​នាង​ឡើយ​។ 11ថ្ងៃមួយ​មានកើតឡើងដូច្នេះ​: នៅពេល​យ៉ូសែប​ចូលទៅ​ក្នុង​ផ្ទះ​ដើម្បី​ធ្វើ​ការងារ​របស់គាត់ គ្មាន​មនុស្ស​ណាម្នាក់​ក្នុង​ពួក​អ្នកផ្ទះ​នៅក្នុង​ផ្ទះ​ឡើយ 12នោះ​ប្រពន្ធរបស់ម្ចាស់គាត់ ក៏​ចាប់​អាវ​គាត់​ជាប់ ហើយ​និយាយថា​៖ “ចូរ​រួមដំណេក​ជាមួយ​ខ្ញុំ​!”។ ប៉ុន្តែ​យ៉ូសែប​ទុក​អាវ​របស់គាត់​ចោល​នៅក្នុង​ដៃ​នាង ហើយ​រត់​ចេញទៅ​ខាងក្រៅ​។ 13កាល​នាង​ឃើញ​ថា​គាត់​ទុក​អាវ​របស់គាត់​ចោល​ក្នុង​ដៃ​នាង ហើយ​រត់គេច​ទៅ​ខាងក្រៅ​ដូច្នេះ 14នាង​ក៏​ហៅ​អ្នកផ្ទះ​មក ប្រាប់​ពួកគេ​ថា​៖ “មើល៍! ប្ដីរបស់ខ្ញុំ​បាន​នាំ​អា​ប្រុស​ជនជាតិហេព្រើរ​មក​ឲ្យ​ពួកយើង ដើម្បី​លេងសើច​នឹង​ពួកយើង​ហើយ​! វា​បាន​ចូលមកឯ​ខ្ញុំ​ដើម្បី​ដេក​ជាមួយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​។ 15នៅពេល​វា​ឮ​ថា​ខ្ញុំ​បន្លឺ​សំឡេង​ស្រែកឡើង វា​ក៏​ទុក​អាវ​របស់វា​ចោល​នៅក្បែរ​ខ្ញុំ ហើយ​រត់​ចេញទៅ​ខាងក្រៅ”។
16នាង​ទុក​អាវ​របស់យ៉ូសែប​នៅក្បែរ​ខ្លួន រហូតដល់​ម្ចាស់​របស់យ៉ូសែប​មកដល់​ផ្ទះ​វិញ 17រួច​នាង​ប្រាប់​រឿង​ដដែល​នោះ​ដល់​ប្ដី​ថា​៖ “ទាសករ​ជនជាតិហេព្រើរ​ដែល​បង​បាន​នាំមក​ឲ្យ​យើង បាន​ចូលមក​ចង់មើលងាយ​ខ្ញុំ 18ប៉ុន្តែ​នៅ​ពេល​ខ្ញុំ​បន្លឺ​សំឡេង​ស្រែកឡើង វា​ក៏​ទុក​អាវ​របស់វា​ចោល​នៅក្បែរ​ខ្ញុំ ហើយ​រត់គេច​ទៅ​ខាងក្រៅ”។
19នៅ​ពេល​ម្ចាស់​របស់យ៉ូសែប​បាន​ឮ​ពាក្យ​របស់​ប្រពន្ធ​ដែល​និយាយ​នឹង​លោក​ថា​៖ “ទាសករ​របស់បង​បាន​ធ្វើ​រឿង​ទាំងនេះ​ចំពោះ​ខ្ញុំ” នោះ​កំហឹង​របស់លោក​ក៏​ឆេះឡើង​។ 20ម្ចាស់​របស់​យ៉ូសែប​ក៏​យក​គាត់​ទៅ​ដាក់​គុក នៅ​កន្លែង​ដែល​គេ​ឃុំឃាំង​ពួក​អ្នកទោស​របស់​ស្ដេច ដូច្នេះ​យ៉ូសែប​ក៏​ជាប់​នៅក្នុង​គុក​នោះ​។
យ៉ូសែបនៅក្នុងគុក
21យ៉ាងណាមិញ ព្រះយេហូវ៉ា​បាន​គង់នៅ​ជាមួយ​យ៉ូសែប ហើយ​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​គាត់ គឺ​ព្រះអង្គ​ប្រទានឲ្យ​យ៉ូសែប​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​មេគុក​។ 22មេគុក​ក៏​ប្រគល់​អ្នកទោស​ទាំងអស់​ដែល​នៅក្នុង​គុក​ទៅក្នុង​ដៃ​របស់​យ៉ូសែប ដូច្នេះ​គាត់​បានជា​អ្នក​ចាត់ចែង​លើអ្វីៗ​ទាំងអស់​ដែល​គេ​ធ្វើ​នៅក្នុងគុក​។ 23មេគុក​មិន​បាន​ត្រួតពិនិត្យ​អ្វីៗ​ដែល​នៅក្នុង​ដៃ​របស់យ៉ូសែប​ឡើយ ពីព្រោះ​ព្រះយេហូវ៉ា​គង់នៅ​ជាមួយ​គាត់ ហើយ​អ្វីក៏ដោយដែល​គាត់​ធ្វើ ព្រះយេហូវ៉ា​ក៏​ប្រទានឲ្យ​បាន​ជោគជ័យ​៕

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk