លោកុប្បត្តិ 17

17
ការកាត់ស្បែកជាសញ្ញានៃសម្ពន្ធមេត្រី
1លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។ 2យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​រវាង​យើង និង​អ្នក ហើយ​បង្កើនចំនួន​អ្នក​ឡើង​យ៉ាងច្រើនក្រៃលែង”។
3អាប់រ៉ាម​ក៏​ក្រាប​មុខ​ដល់ដី នោះ​ព្រះ​មានបន្ទូល​នឹង​គាត់​ទៀត​ថា​៖ 4“ចំពោះ​យើង មើល៍! នេះជា​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ្នក គឺ​អ្នក​នឹង​ទៅជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន​! 5ឈ្មោះ​របស់អ្នក​មិន​ត្រូវ​ហៅថា​អាប់រ៉ាម​ទៀត​ឡើយ គឺ​ឈ្មោះ​របស់អ្នក​ត្រូវ​ហៅថា​អ័ប្រាហាំ​វិញ ដ្បិត​យើង​បាន​តែងតាំង​អ្នក​ជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន​។ 6យើង​នឹង​ធ្វើឲ្យ​អ្នក​បង្កើតកូន​យ៉ាងច្រើនក្រៃលែង ហើយ​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ជាច្រើន រីឯ​ស្ដេច​ទាំងឡាយ​ក៏​ចេញមក​ពី​អ្នក​ដែរ​។ 7យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​រវាង​យើង និង​អ្នក ព្រមទាំង​រវាង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​រហូតដល់​គ្រប់ជំនាន់ ទុកជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច ដើម្បី​ធ្វើជា​ព្រះ​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​។ 8យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​ស្នាក់នៅបណ្ដោះអាសន្ន គឺ​ដែនដី​កាណាន​ទាំងមូល​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក ទុកជា​កម្មសិទ្ធិ​ដ៏អស់កល្បជានិច្ច ហើយ​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ”។
9ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ទៀត​ថា​៖ “រីឯ​អ្នក​វិញ អ្នក​ត្រូវ​រក្សា​សម្ពន្ធមេត្រី​របស់យើង គឺ​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក រហូតដល់​គ្រប់ជំនាន់​របស់ពួកគេ​ផង​។ 10នេះ​ជា​សម្ពន្ធមេត្រី​របស់យើង ដែល​អ្នក​ត្រូវ​រក្សា​រវាង​យើង និង​អ្នក ព្រមទាំង​រវាង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក គឺ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​អ្នករាល់គ្នា​ត្រូវ​ទទួលពិធីកាត់ស្បែក​។ 11អ្នករាល់គ្នា​ត្រូវ​កាត់ស្បែក គឺ​ស្បែកចុងស្វាស​នៃ​រូបសាច់​របស់អ្នករាល់គ្នា ហើយ​វា​នឹង​ក្លាយជា​សញ្ញា​នៃ​សម្ពន្ធមេត្រី​រវាង​យើង និង​អ្នក​។ 12ក្មេងប្រុសដែលមាន​អាយុ​ប្រាំបី​ថ្ងៃ​ក្នុងចំណោម​អ្នករាល់គ្នា ត្រូវតែ​ទទួលពិធីកាត់ស្បែក គឺ​គ្រប់ទាំង​មនុស្សប្រុស​គ្រប់ជំនាន់​របស់អ្នករាល់គ្នា ទាំង​អ្នកដែលកើត​ក្នុង​ផ្ទះ ទាំង​អ្នកដែលទិញ​ដោយ​ប្រាក់​ពី​ជនបរទេស​ណាក៏ដោយ​ដែល​មិនមែន​ជា​ពូជពង្ស​របស់អ្នក​។ 13ទោះបីជា​អ្នកដែលកើត​ក្នុង​ផ្ទះ​របស់អ្នក ឬ​អ្នកដែលទិញ​ដោយ​ប្រាក់​ក៏ដោយ ក៏​ត្រូវតែ​ទទួលពិធីកាត់ស្បែកជាដាច់ខាត​។ ធ្វើដូច្នេះ សម្ពន្ធមេត្រី​របស់យើង​នឹង​ជាប់​ក្នុង​រូបសាច់​របស់អ្នករាល់គ្នា ទុកជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​។ 14រីឯ​មនុស្សប្រុស​ដែលមិនទទួលពិធីកាត់ស្បែក ជា​អ្នកដែល​មិន​បាន​កាត់ស្បែក គឺ​ស្បែកចុងស្វាស​នៃ​រូបសាច់​របស់ខ្លួន អ្នក​នោះ​នឹង​ត្រូវ​កាត់ចេញ​ពី​ប្រជាជន​របស់ខ្លួន ពីព្រោះ​គេ​បាន​ផ្ដាច់​សម្ពន្ធមេត្រី​របស់យើង”។
15ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “ចំណែកឯ​សារ៉ាយ​ប្រពន្ធ​របស់អ្នក អ្នក​មិន​ត្រូវ​ហៅ​ឈ្មោះ​នាង​ថា​សារ៉ាយ​ទៀតឡើយ គឺ​ត្រូវ​ហៅ​ឈ្មោះ​នាង​ថា​សារ៉ា​វិញ​។ 16យើង​នឹង​ឲ្យពរ​នាង ហើយ​ឲ្យ​កូនប្រុស​ម្នាក់​ដល់​អ្នក​តាមរយៈ​នាង​។ យើង​នឹង​ឲ្យពរ​នាង ហើយ​នាង​នឹង​បានជា​ម្ដាយ#17:16 ម្ដាយ―ជាពាក្យជំនួយ។​នៃ​ប្រជាជាតិ​នានា​; អស់ទាំង​ស្ដេច​នៃ​បណ្ដាជន​នឹង​ចេញមក​ពី​នាង”។
17អ័ប្រាហាំ​ក៏​ក្រាប​មុខ​ដល់ដី​ទាំង​សើច​។ គាត់​និយាយ​ក្នុងចិត្ត​ថា​៖ “តើ​នឹង​មានកូន​កើត​ដល់​មនុស្ស​អាយុ​មួយរយ​ឆ្នាំ​ឬ​? រីឯ​សារ៉ា​វិញ ជា​ស្ត្រី​មានអាយុ​កៅសិប​ឆ្នាំ​ហើយ តើ​អាច​បង្កើត​កូន​បាន​ឬ​?”។ 18រួច​អ័ប្រាហាំ​ទូល​ព្រះ​ថា​៖ “ឱបើ​អ៊ីសម៉ាអែល​អាច​រស់នៅ​ចំពោះ​ព្រះអង្គ​ទៅអេះ!”។
19ព្រះ​មានបន្ទូលថា​៖ “ទេ​! សារ៉ា​ប្រពន្ធ​របស់អ្នក​នឹង​បង្កើត​កូនប្រុស​ម្នាក់​ឲ្យ​អ្នក ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​វា​ថា​អ៊ីសាក​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​វា ជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​សម្រាប់​ពូជពង្ស​ជំនាន់ក្រោយ​របស់វា​។ 20ចំណែកឯ​អ៊ីសម៉ាអែល​វិញ យើង​បាន​ឮ​អ្នក​ហើយ មើល៍! យើង​បាន​ឲ្យពរ​វា ហើយ​ធ្វើឲ្យ​វា​បង្កើតកូន ក៏​នឹង​បង្កើនចំនួន​វា​យ៉ាងច្រើនក្រៃលែង​ផង​! វា​នឹង​ផ្ដល់កំណើត​មេដឹកនាំ​ដប់ពីរ​នាក់ ហើយ​យើង​នឹង​ធ្វើឲ្យ​វា​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ​។ 21ប៉ុន្តែ​យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​អ៊ីសាក​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នា​ពេល​នេះ​នៅ​ឆ្នាំ​ក្រោយ”។ 22នៅពេល​មានបន្ទូល​នឹង​គាត់​ចប់​ហើយ ព្រះ​ក៏​យាង​ឡើងទៅ​ចេញពី​អ័ប្រាហាំ​។
23រួច​អ័ប្រាហាំ​យក​អ៊ីសម៉ាអែល​កូនប្រុស​របស់គាត់ និង​អស់​អ្នកដែលកើត​ក្នុង​ផ្ទះ​របស់គាត់​មក ព្រមទាំង​អស់​អ្នកដែលទិញ​ដោយ​ប្រាក់ គឺ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​អ្នកផ្ទះ​របស់​អ័ប្រាហាំ ហើយ​កាត់ស្បែក គឺ​ស្បែកចុងស្វាស​នៃ​រូបសាច់​របស់ពួកគេ​នៅ​ថ្ងៃ​ដដែល​នោះ ដូចដែល​ព្រះ​បាន​មានបន្ទូល​នឹង​គាត់​។ 24អ័ប្រាហាំ​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ពេល​គាត់​កាត់ស្បែក គឺ​ស្បែកចុងស្វាស​នៃ​រូបសាច់​របស់គាត់ 25រីឯ​អ៊ីសម៉ាអែល​កូនប្រុស​របស់គាត់​មាន​អាយុ​ដប់បី​ឆ្នាំ ពេល​គាត់​កាត់ស្បែក គឺ​ស្បែកចុងស្វាស​នៃ​រូបសាច់​របស់គាត់​។ 26នៅ​ថ្ងៃ​ដដែល​នោះ អ័ប្រាហាំ និង​អ៊ីសម៉ាអែល​កូនប្រុស​របស់គាត់ បាន​ទទួលពិធីកាត់ស្បែក​។ 27មនុស្សប្រុស​ទាំងអស់​ក្នុង​ផ្ទះ​របស់គាត់ ទាំង​អ្នកដែលកើត​ក្នុង​ផ្ទះ ទាំង​អ្នកដែលទិញ​ដោយ​ប្រាក់​ពី​ជនបរទេស ក៏​បាន​ទទួលពិធីកាត់ស្បែក​ជាមួយ​គាត់​ដែរ​៕

Sorotan

Berbagi

Salin

None

Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk