លោកុប្បត្តិ 18
18
ភ្ញៀវទាំងបី
1បន្ទាប់មក ព្រះយេហូវ៉ាលេចមកដល់អ័ប្រាហាំនៅក្បែរដើមអូករបស់ម៉ាមរេ ពេលគាត់កំពុងអង្គុយនៅមាត់ទ្វាររោងក្រោមកម្ដៅថ្ងៃ។ 2គាត់ងើបភ្នែកឡើងក៏ឃើញ នោះមើល៍! មានបុរសបីនាក់ឈរនៅចំពោះមុខគាត់! នៅពេលឃើញដូច្នោះ គាត់ក៏រត់ពីមាត់ទ្វាររោងទៅជួបពួកគេ ហើយក្រាបមុខដល់ដី 3រួចនិយាយថា៖ “លោកម្ចាស់នៃខ្ញុំអើយ ប្រសិនបើខ្ញុំរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់លោក សូមកុំទៅហួសបាវបម្រើរបស់លោកឡើយ។ 4សូមឲ្យគេយកទឹកបន្តិចមកលាងជើងពួកលោក ហើយសូមពួកលោកសម្រាកនៅក្រោមដើមឈើនេះសិនចុះ។ 5សូមឲ្យខ្ញុំយកនំប៉័ងបន្តិចបន្តួចមក ដើម្បីធ្វើឲ្យពួកលោកស្រស់ស្រាយឡើងវិញ រួចសឹមអញ្ជើញទៅចុះ ដ្បិតពួកលោកមកដល់បាវបម្រើរបស់ពួកលោកហើយ”។
ពួកគេតបថា៖ “ចូរធ្វើយ៉ាងនោះដូចដែលអ្នកបាននិយាយចុះ”។
6អ័ប្រាហាំក៏ប្រញាប់ចូលទៅក្នុងរោង ហើយប្រាប់សារ៉ាថា៖ “ចូរប្រញាប់ច្របាច់ម្សៅម៉ដ្ដបីរង្វាល់ ធ្វើនំប៉័ងទៅ”។ 7រួចអ័ប្រាហាំក៏រត់ទៅឯហ្វូងគោ ហើយយកកូនគោមួយសាច់ទន់ល្អ ប្រគល់ទៅយុវជនម្នាក់ ឲ្យគេប្រញាប់រៀបចំវា។ 8បន្ទាប់មក គាត់យកប៊័រ និងទឹកដោះ ព្រមទាំងកូនគោដែលបានរៀបចំ មកដាក់នៅមុខពួកគេ រួចគាត់ឈរចាំបម្រើពួកគេនៅក្រោមដើមឈើ ខណៈដែលពួកគេកំពុងហូប។ 9ពួកគេសួរគាត់ថា៖ “តើសារ៉ាប្រពន្ធរបស់អ្នកនៅឯណា?”។
គាត់ក៏ឆ្លើយថា៖ “មើល៍! នាងនៅក្នុងរោង”។
10នោះម្នាក់ក្នុងពួកគេនិយាយថា៖ “ឆ្នាំក្រោយយើងនឹងត្រឡប់មកឯអ្នកវិញជាមិនខានក្នុងពេលដដែលនេះ ហើយមើល៍! សារ៉ាប្រពន្ធរបស់អ្នកនឹងមានកូនប្រុសម្នាក់”។ ពេលនោះ សារ៉ាបានលួចស្ដាប់នៅមាត់ទ្វាររោងដែលនៅខាងក្រោយអ័ប្រាហាំ។
11អ័ប្រាហាំ និងសារ៉ាចាស់ហើយ អាយុក៏ច្រើនដែរ ហើយសារ៉ាលែងមានរដូវរបស់មនុស្សស្រីហើយ។ 12ដូច្នេះ សារ៉ាសើចនឹងខ្លួនឯងថា៖ “ខ្ញុំចាស់ជរាហើយ ហើយលោកម្ចាស់របស់ខ្ញុំក៏ចាស់ជរាដែរ តើខ្ញុំនៅតែមានតម្រេកទៀតឬ?”។
13ព្រះយេហូវ៉ាមានបន្ទូលនឹងអ័ប្រាហាំថា៖ “ហេតុអ្វីបានជាសារ៉ាសើចដូច្នេះ ហើយពោលថា: ‘ខ្ញុំចាស់ហើយ តើខ្ញុំពិតជានឹងបង្កើតកូនមែនឬ?’ 14តើមានអ្វីដែលពិបាកពេកសម្រាប់ព្រះយេហូវ៉ាឬ? ដល់ពេលកំណត់ យើងនឹងត្រឡប់មកឯអ្នកវិញ ហើយឆ្នាំក្រោយក្នុងពេលដដែលនេះ សារ៉ានឹងមានកូនប្រុសម្នាក់”។
15សារ៉ាក៏បដិសេធ#18:15 បដិសេធ―ឬ “កុហក”។ថា៖ “ខ្ញុំមិនបានសើចទេ” ពីព្រោះនាងខ្លាច ប៉ុន្តែព្រះអង្គមានបន្ទូលថា៖ “ទេ! អ្នកបានសើចពិតមែន”។
ទូលអង្វរសម្រាប់សូដុម
16បន្ទាប់មក បុរសទាំងបីក៏ក្រោកឡើងចេញពីទីនោះ ហើយអើតមើលសូដុម រីឯអ័ប្រាហាំក៏ទៅជាមួយពួកគេ ដើម្បីជូនដំណើរពួកគេ។ 17ពេលនោះ ព្រះយេហូវ៉ាមានបន្ទូលថា៖ “តើយើងត្រូវលាក់នឹងអ័ប្រាហាំនូវអ្វីដែលយើងនឹងធ្វើឬ? 18ដ្បិតអ័ប្រាហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែជាប្រាកដ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈគាត់។ 19យើងបានជ្រើសរើស#18:19 ជ្រើសរើស―ន័យត្រង់គឺ “ស្គាល់”។គាត់ ដើម្បីឲ្យបង្គាប់កូនចៅរបស់គាត់ និងអ្នកផ្ទះជំនាន់ក្រោយរបស់គាត់ ឲ្យកាន់តាមមាគ៌ារបស់យើងជា#18:19 យើងជា―ជាពាក្យជំនួយ។យេហូវ៉ា ដោយអនុវត្តសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌។ នេះគឺដើម្បីឲ្យយើងជាយេហូវ៉ាបានបំពេញឲ្យសម្រេចដល់អ័ប្រាហាំនូវអ្វីដែលយើងបានសន្យានឹងគាត់”។ 20រួចព្រះយេហូវ៉ាមានបន្ទូលថា៖ “សម្រែករបស់សូដុម និងកូម៉ូរ៉ាឮខ្លាំងណាស់ ហើយបាបរបស់ពួកគេធ្ងន់ណាស់។ 21យើងនឹងចុះទៅមើល ថាតើការទាំងអស់ដែលពួកគេប្រព្រឹត្ត ដូចសម្រែកដែលមកដល់យើងឬយ៉ាងណា។ ប្រសិនបើមិនមែនទេ នោះយើងនឹងដឹង”។
22ដូច្នេះ បុរសទាំងនោះក៏បែរចេញពីទីនោះ ហើយទៅឯសូដុម រីឯអ័ប្រាហាំនៅតែឈរនៅចំពោះព្រះយេហូវ៉ានៅឡើយ។ 23អ័ប្រាហាំក៏ចូលទៅជិត ទូលសួរថា៖ “តើព្រះអង្គនឹងបំផ្លាញមនុស្សសុចរិតជាមួយមនុស្សអាក្រក់មែនឬ? 24ប្រហែលជាមានមនុស្សសុចរិតហាសិបនាក់នៅក្នុងទីក្រុងនោះ តើព្រះអង្គនឹងបំផ្លាញ ហើយមិនលើកលែងទោសឲ្យកន្លែងនោះដោយយល់ដល់មនុស្សសុចរិតហាសិបនាក់ដែលនៅក្នុងទីក្រុងនោះទេឬ? 25សូមឲ្យការនេះនៅឆ្ងាយពីព្រះអង្គ ដែលព្រះអង្គប្រព្រឹត្តដូច្នោះដើម្បីសម្លាប់មនុស្សសុចរិតជាមួយមនុស្សអាក្រក់! បើធ្វើដូច្នោះ មនុស្សសុចរិតក៏បានដូចជាមនុស្សអាក្រក់ដែរ! សូមឲ្យការនេះនៅឆ្ងាយពីព្រះអង្គ! តើព្រះអង្គដែលជំនុំជម្រះផែនដីទាំងមូលនឹងមិនអនុវត្តសេចក្ដីយុត្តិធម៌ទេឬ?”។
26ព្រះយេហូវ៉ាមានបន្ទូលថា៖ “ប្រសិនបើនៅក្នុងសូដុម យើងរកឃើញមនុស្សសុចរិតហាសិបនាក់ក្នុងទីក្រុងនោះ យើងនឹងលើកលែងទោសឲ្យកន្លែងនោះទាំងមូល ដោយយល់ដល់ពួកគេ”។
27អ័ប្រាហាំទូលតបថា៖ “មើល៍! ទូលបង្គំហ៊ានទូលព្រះអម្ចាស់នៃទូលបង្គំ ទោះបីទូលបង្គំជាធូលីដី និងជាផេះក៏ដោយ។ 28ប្រហែលជាមនុស្សសុចរិតហាសិបនាក់នោះខ្វះប្រាំនាក់ តើព្រះអង្គនឹងបំផ្លាញទីក្រុងទាំងមូលដោយព្រោះខ្វះប្រាំនាក់នោះឬ?”។
ព្រះអង្គមានបន្ទូលថា៖ “យើងនឹងមិនបំផ្លាញឡើយ ប្រសិនបើយើងរកឃើញសែសិបប្រាំនាក់នៅទីនោះ”។
29គាត់បន្តទូលព្រះអង្គទៀតថា៖ “ប្រហែលជាព្រះអង្គរកឃើញសែសិបនាក់នៅទីនោះ”។
ព្រះអង្គមានបន្ទូលថា៖ “យើងនឹងមិនធ្វើឡើយ ដោយយល់ដល់សែសិបនាក់នោះ”។
30គាត់ទូលទៀតថា៖ “សូមព្រះអម្ចាស់នៃទូលបង្គំកុំព្រះពិរោធឡើយ នោះទូលបង្គំនឹងទូលទៀត។ ប្រហែលជាព្រះអង្គរកឃើញសាមសិបនាក់នៅទីនោះ”។
ព្រះអង្គមានបន្ទូលថា៖ “យើងនឹងមិនធ្វើឡើយ ប្រសិនបើយើងរកឃើញសាមសិបនាក់នៅទីនោះ”។
31គាត់ទូលទៀតថា៖ “មើល៍! ទូលបង្គំហ៊ានទូលព្រះអម្ចាស់នៃទូលបង្គំ។ ប្រហែលជាព្រះអង្គរកឃើញម្ភៃនាក់នៅទីនោះ”។
ព្រះអង្គមានបន្ទូលថា៖ “យើងនឹងមិនបំផ្លាញឡើយ ដោយយល់ដល់ម្ភៃនាក់នោះ”។
32គាត់ទូលទៀតថា៖ “សូមព្រះអម្ចាស់នៃទូលបង្គំកុំព្រះពិរោធឡើយ នោះទូលបង្គំនឹងទូលតែម្ដងទៀតទេ។ ប្រហែលជាព្រះអង្គរកឃើញដប់នាក់នៅទីនោះ”។
ព្រះអង្គមានបន្ទូលថា៖ “យើងនឹងមិនបំផ្លាញឡើយ ដោយយល់ដល់ដប់នាក់នោះ”។
33កាលព្រះយេហូវ៉ាមានបន្ទូលជាមួយអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចាកចេញទៅ ហើយអ័ប្រាហាំត្រឡប់មកកន្លែងគាត់វិញ៕
Pilihan Saat Ini:
លោកុប្បត្តិ 18: GKHB
Sorotan
Berbagi
Salin
Ingin menyimpan sorotan di semua perangkat Anda? Daftar atau masuk
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative