កិច្ចការ 6
6
ជ្រើសរើសអ្នកជំនួយប្រាំពីរនាក់
1នៅគ្រានោះ កាលចំនួនសិស្សកំពុងកើនឡើង មានការរអ៊ូរទាំពីជនជាតិយូដាដែលនិយាយក្រិក ទាស់នឹងជនជាតិយូដាដែលនិយាយហេព្រើរ ពីព្រោះពួកស្ត្រីមេម៉ាយរបស់ពួកគេមិនត្រូវបានអើពើអំពីចំណែកប្រចាំថ្ងៃ។ 2ដូច្នេះ សាវ័ក#6:2 សាវ័ក―ជាពាក្យជំនួយ។ទាំងដប់ពីរនាក់ក៏ហៅសិស្សទាំងអស់មកនិយាយថា៖ “ការដែលយើងទុកចោលព្រះបន្ទូលរបស់ព្រះទៅបម្រើអាហារ មិនគប្បីទេ។ 3ដូច្នេះ បងប្អូនអើយ! សូមជ្រើសរើសបុរសប្រាំពីរនាក់ដែលមានកេរ្តិ៍ឈ្មោះល្អ ហើយពេញដោយព្រះវិញ្ញាណនិងប្រាជ្ញា ពីចំណោមអ្នករាល់គ្នា ជាអ្នកដែលយើងនឹងតែងតាំងឲ្យត្រួតលើតួនាទីនេះ។ 4រីឯយើងវិញ យើងនឹងផ្ចង់ស្មារតីក្នុងការអធិស្ឋាន និងក្នុងការបម្រើខាងព្រះបន្ទូល”។ 5ពាក្យនេះបានបំពេញចិត្តអង្គប្រជុំទាំងមូល ដូច្នេះពួកគេក៏ជ្រើសរើសស្ទេផាន ជាបុរសដែលពេញដោយជំនឿនិងព្រះវិញ្ញាណដ៏វិសុទ្ធ ភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណា និងនីកូឡាសអ្នកចូលសាសនាយូដាពីអាន់ទីយ៉ូក។ 6ពួកគេឲ្យអ្នកទាំងនោះឈរនៅមុខពួកសាវ័ក ហើយពួកសាវ័កក៏អធិស្ឋាន ទាំងដាក់ដៃលើពួកគេ។
7ដូច្នេះ ព្រះបន្ទូលរបស់ព្រះបានចម្រើនឡើង ហើយចំនួនសិស្សនៅយេរូសាឡិមក៏កាន់តែកើនឡើងយ៉ាងច្រើន ថែមទាំងមានបូជាចារ្យជាច្រើនបានប្រតិបត្តិតាមជំនឿនេះដែរ។
ស្ទេផានត្រូវបានចាប់ខ្លួន
8រីឯស្ទេផានបានពេញដោយព្រះគុណ#6:8 ព្រះគុណ―ឯកសារបុរាណខ្លះថា “ជំនឿ”។ និងព្រះចេស្ដា ក៏ធ្វើការអស្ចារ្យ និងទីសម្គាល់ដ៏ធំជាច្រើនក្នុងចំណោមប្រជាជន។ 9ពេលនោះ មានអ្នកខ្លះពីសាលាប្រជុំមួយដែលគេហៅថា “ជនសេរី” មានអ្នកគីរេន អ្នកអ័លេក្សានទ្រា និងអ្នកដែលមកពីគីលីគា និងអាស៊ីបានក្រោកឡើង ប្រកែកនឹងស្ទេផាន 10ប៉ុន្តែពួកគេមិនអាចតតាំងចំពោះសេចក្ដីដែលគាត់និយាយដោយប្រាជ្ញា និងព្រះវិញ្ញាណបានឡើយ។
11ដូច្នេះ ពួកគេក៏លួចញុះញង់គេឲ្យនិយាយថា៖ “យើងបានឮអ្នកនេះនិយាយពាក្យប្រមាថទាស់នឹងម៉ូសេ និងព្រះ!”។ 12ពួកគេបានញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកគ្រូវិន័យដែរ គេក៏ចូលមកចាប់ស្ទេផាន ហើយនាំគាត់ទៅក្រុមប្រឹក្សា។ 13ពួកគេបានតាំងសាក្សីភូតភរឲ្យនិយាយថា៖ “ជននេះនិយាយពាក្យប្រមាថ#6:13 ឯកសារបុរាណខ្លះគ្មាន “ប្រមាថ”។ទាស់នឹងទីវិសុទ្ធនេះ ព្រមទាំងនិយាយទាស់នឹងក្រឹត្យវិន័យឥតឈប់ឈរ។ 14យើងខ្ញុំធ្លាប់ឮវានិយាយថា យេស៊ូវអ្នកណាសារ៉ែតនេះ នឹងកម្ទេចកន្លែងនេះ#6:14 កន្លែងនេះ―គឺ “ព្រះវិហារ”។ ហើយផ្លាស់ប្ដូរទំនៀមទម្លាប់ដែលម៉ូសេបានប្រគល់ដល់យើង”។ 15អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាសម្លឹងមើលស្ទេផាន ក៏ឃើញមុខគាត់ដូចជាមុខទូតសួគ៌៕
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative